ខណៈមេដឹកនាំបក្សកាន់អំណាច បង្ហាញការតាំងចិត្តជាថ្មីទៀត ដើម្បីទប់ស្កាត់វិនាសកម្មគ្រឿងញៀនលើទឹកដីកម្ពុជានោះ មន្ត្រីបក្សប្រឆាំង និងពលរដ្ឋមួយចំនួន អះអាងថា ប្រព័ន្ធដឹកនាំបែបគ្រួសារនិយម ដែលរួមរឹតដោយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ នឹងមិននៅខាងជនរងគ្រោះទេ។
ការណ៍នេះ បង្កក្តីបារម្ភថា កម្ពុជានឹងធ្លាក់ជ្រៅក្នុងឧក្រិដ្ឋកម្មគ្រឿងញៀន ដែលជាគ្រោះថ្នាក់ដល់ជាតិ អសន្តិសុខសង្គម រួមទាំងបំផ្លាញធនធានមនុស្សជាដើម។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយក្នុងលិខិតចុះថ្ងៃទី២៦ ខែមិថុនានេះថា រាជរដ្ឋាភិបាល នឹងមានវិធានការម៉ឹងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន។
បើតាមលោក ហ៊ុន ម៉ាណែត ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលម្នាក់ៗ មានភារកិច្ចរៀងៗខ្លួន ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតពេញមួយជីវិត គឺមិនពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុវរិន្រ្ទ ចាត់ទុកសារមេដឹកនាំនៅពេលនេះ គ្រាន់តែជាសារប្រជាភិថុត ដែលថាកើតមានតាំងពីជំនាន់លោក ហ៊ុន សែន មកម្លេះ។
ក្នុងន័យនេះ លោកថា មេខ្លោងគ្រឿងញៀនជាអ្នករកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុនច្រើនទស្សវត្សរ៍មកហើយ រួមមាន ឧកញ៉ា ហ៊ុន តូ ជាដើម តែលោកថា គ្មានវិធានការច្បាប់ដាក់ទោសនោះទេ។
លោកថា៖ «និយាយឱ្យចំទៅដែលគេផ្សព្វផ្សាយមកទាំងអស់ មានអ្នកណាក្រៅពីក្រុមគ្រួសាររបស់គាត់! ក្នុងក្រុមគ្រួសាររបស់គាត់ បក្ខពួកគាត់ ប៉ុន្មាននាក់ហ្នឹងទេ ជាពិសេសនិយាយចំទៅគឺ លោក ហ៊ុន តូ ដែលជាមេខ្លោង! មិនមែនខ្ញុំជាអ្នកនិយាយទេ គឺចេញមក! គឺពួកហ្នឹងហើយ ដែលជាអ្នកចិញ្ចឹមរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹងឯង»។
លោកបារម្ភថា បើគ្រឿងញៀននៅតែកើតមាននោះ វានឹងបំផ្លាញធនធានមនុស្ស អសន្តិសុខសង្គម និងបាត់បង់ភ្ញៀវទេសចរជាដើម។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រឿងញៀន ដែលត្រូវបានរកឃើញ និងរឹបអូសកាលពីឆ្នាំ២០២៤ មានជិត១៥តោន ដែលកើនឡើងចំនួន៤ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។
ពលរដ្ឋម្នាក់រស់នៅ ខេត្តកំពងស្ពឺ អ្នកស្រី មុំ សុភី បារម្ភពីអសន្តិសុខក្នុងភូមិ ការបំផ្លាញធនធានមនុស្សធ្ងន់ធ្ងរ ដោយអះអាងថា គ្រឿងញៀនក្នុងសហគមន៍អ្នកស្រីមិនថយចុះទេ ទោះមានការប្តេជ្ញាបង្រ្កាបពីមេដឹកនាំច្រើនឆ្នាំទៅនេះក្តី។
លោកថា៖ «នៅមូលដ្ឋានបញ្ហាគ្រឿងញៀន វាមិនមានការថយចុះទេ។ ខ្ញុំបារម្ភដែរអំពីបញ្ហាហ្នឹង ព្រោះអីប្រជាពលរដ្ឋនៅមូលដ្ឋាន គាត់មិនមានយល់ដឹងអំពីគ្រឿងញៀន គាត់ចេះតែតាមគ្នា អ៊ីចឹងទៅក៏សេពជក់គ្រឿងញៀន។ សំណូមពរឲ្យរដ្ឋាភិបាលក៏ដូចជាមន្ត្រីដែលចាប់បានគ្រឿងញៀន ចាប់បានកន្លែងណាបំផ្លាញចោលកន្លែងហ្នឹងទៅ ដើម្បីឲ្យពលរដ្ឋមានការជឿទុកចិត្តដល់មន្ត្រីដែលគាត់អនុវត្តគ្រឿងញៀន»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជាជិត៤០ឆ្នាំទៅនេះកំណើនគ្រឿងញៀន នៅតែបន្តវាយលុកកាន់តែជ្រៅ ចាប់តាំងពីថ្នាក់មូលដ្ឋាន ដល់ជួរកងកម្លាំងថែមទៀត។
លោកថា៖ «កុំថាឡើយអ្នកមានអំណាចជាសមត្ថកិច្ច ឬថ្នាក់ដឹកនាំរដ្ឋ ឬក៏សែស្រឡាយបក្ខពួករបស់មេដឹកនាំ ត្រូវតែមានវិធានការចាប់ឲ្យបានមេខ្លោងដែលនៅពីក្រោយខ្នង។ ខ្ញុំនឹងជឿជាក់ថាវិធានការហ្នឹង នឹងអាចទប់ស្កាត់ឬក៏បង្ក្រាបបានការជួញដូរគ្រឿងញៀន។ ប៉ុន្ដែដោយឡែកបើសិនជាការបង្ក្រាបនៅតែធ្វើឡើង ទៅលើឈ្មួញជួញដូរគ្រឿងញៀនដែលជាអ្នករាយរង ឬក៏ជាអ្នកដែលមិនមែនជាមេខ្លោងធំ អ៊ីចឹងបញ្ហាគ្រឿងញៀននឹងនៅតែបង្ក្រាបមិនបាន»។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានព្រមានធ្ងន់ៗ ដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវដកខ្លួនថយ ដើម្បីបញ្ចៀសពីការប្រើវិធានវះកាត់។
លោកបានលើកឡើងត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួនទេ នោះបញ្ហានេះ មិនកើតឡើងធំដុំដូចបច្ចុប្បន្ននេះទេ។
លោកថា៖ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធទៅនឹងផ្ទៃក្នុងទេ អ្នកពាក់ព័ន្ធទេ បែបគ្រឿងញៀននេះវាមិនសូវធំដល់ប៉ុណ្ណេះទេ។ សម្រាប់កិច្ចការងារនេះ ខ្ញុំក៏សូមឱ្យមានការយកចិត្តទុកដាក់ និងពង្រឹង និងពន្លាតនៃការស្រាវជ្រាវ។ ហើយស្រាវជ្រាវមិនមែនតែត្រឹមស្រាវជ្រាវតែពួកអ្នកជួញដូរទេ ស្រាវជ្រាវពេលខ្លះពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់យើង។ ត្រូវស្រាវជ្រាវ ពន្លាត សមត្ថកិច្ចរបស់យើងដែរ។ ដល់ពេលចឹងទៅ ព័ត៌មានមួយចំនួនមិនទាន់ចុះបង្រ្កាបផង ដឹងអស់រលីង។ សំនួរសួរថា ព័ត៌មានវាមិនដែលបែកបើគ្មានការផ្តល់ជូនមុននោះទេ»។
ក្នុងឆ្នាំ២០២៤ នាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានជាង ២ម៉ឺន៧ពាន់នាក់ ក្នុងនោះមានជនបរទេសចំនួន ១ ០៤៥ នាក់ ដែលមាន១៦សញ្ជាតិ។ រីឯគ្រឿងញៀនដែលសមត្ថកិច្ចបានរឹបអូសវិញ គឺមានចំនួនសរុបជិត ១៥ តោន ដែលតួរលេខនេះមានការកើនឡើងជាងឆ្នាំ២០២៣ ដែលចាប់បានប្រមាណ ៤តោន។
យ៉ាងណា រដ្ឋាភិបាលចាស់ ធ្លាប់បានប្រកាសបើកយុទ្ធនាការបោសសម្អាតគ្រឿងញៀននេះ តាំងពីឆ្នាំ២០១៧មក ប៉ុន្តែត្រូវបានគេមើលឃើញថា វិធាននេះបានបរាជ័យ។ បរាជ័យដោយសារតែមិនអាចបោសសម្អាតអំពើពុករលួយជាប្រព័ន្ធបាន រីឯការអនុវត្តច្បាប់ត្រូវសុំគោលការណ៍ពីមេដឹកនាំជាមុន ទើបចុះធ្វើប្រតិបត្តិការបាន។
ចរន្តនេះ បានធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេសឆ្លងកាត់ទៅជាដែនឧក្រិដ្ឋជន និងបានរកឃើញទីតាំងច្រើនកន្លែងដែលក្រុមឧក្រិដ្ឋជនលួចលាក់ផលិតគ្រឿងញៀនទៀតផង។
ជុំវិញបញ្ហានេះ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់និយាយថា ការរីករាលដាលលំហូរគ្រឿងញៀននៅកម្ពុជា ស្ថិតក្នុងភាពប្រកាសអាសន្ន។
ការសំអាងរបស់ លោក ស ខេង ហាក់ស៊ីគ្នាទៅនឹងការរកឃើញបទលើ្មសគ្រឿងញៀននៅកម្ពុជា ប៉ុន្មានឆ្នាំជាប់គ្នានេះ កំណើនគ្រឿងញៀន បានហក់ឡើយយ៉ាងគំហុក រហូតមានការព្រមានជាថ្មីទៀតពីរដ្ឋាភិបាលបន្តវេនរបស់គណបក្សកាន់អំណាច៕









