លោក ហ៊ុន សែន ចុះជួបកងទ័ពនៅខេត្តជាប់​ព្រំដែន​ចំ​ពេល​ស្ថាន​ភាព​តាន​តឹង​ជាមួយ​យោធា​ថៃ

អតី​តនាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ចុះ​ជួប​មេទ័ព​មួយ​ចំនួន ចំ​ពេល​ស្ថាន​ភាព​កង​ទ័ព​នៅ​ខ្សែ​ត្រៀម​​​ជួរ​មុខ កំ​ពុ​ង​​​តាន​តឹង​ជាមួយ​ទាហាន​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន ដែល​បាន​អូស​បន្លាយ​ជិ​ត​១ខែ​ទៅ​នេះ​ ក្រោ​យ​ទាហាន​ថៃ​បើក​ការ​បាញ់​ប្រហារ​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់ នៅ​តំប​ន់​មុំ៣​ ខេត្ត​ព្រះ​វិហារ។

បើតាម លោក ជា ធីរិទ្ធ មន្ត្រីអ្នកនាំពាក្យ ដែល​គេ​ដក​ស្រង់​សម្តី​យក​មក​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម រួម​ទាំង​ហ្វេស​ប៊ុក​ លោក ហ៊ុន សែន ផង​នោះ បាន​ឱ្យ​ដឹង​​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​មិថុនា​នេះ លោក ហ៊ុន សែន ដែល​នៅ​កាន់​តំណែង ជា​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ផង​នោះ បាន​បង្ហាញ​វត្តមា​ន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ជា​ខេត្ត​ជាប់​ព្រំដែន​ថៃ ជួប​មេទ័ព​មួយ​ចំនួន និង​ម​​ន្ត្រី​ពាក់​ព័ន្ធ។

សារសំខាន់​របស់​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​រូប​នេះ ដែល​គេ​ទម្លាយ​ចេញ គឺ​បាន​រំឭក​កង​ទ័ព​ថា «កុំ​ខ្លាច​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ជាមួយ​សត្រូវ​ដែល​ឈ្លាន​ពាន​ទឹក​ដី»។

លើសពីនេះ សារនៅលើហ្វេស​ប៊ុក លោក ហ៊ុន សែន ក៏បា​ន​ទាញ​ការ​ចាប់​អារម្មណ៍ ពី​ការ​ត្រៀម​ជើង​ការដើម្បី​ឆ្លើយ​តប​ទៅនឹ​ងទ​ង្វើ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ថៃ​នេះ​ផង​ដែរ។

បើតាមប្រភពនោះ កងទ័ព និងសព្វាវុធដ៏ទំនើបៗ​របស់​កម្ពុជា ត្រូវ​បាន​ចល័ត​ចេញ​ពី​បន្ទាយ​ឆ្ពោះ​មក​កាន់​ខេត្ត​ជាប់​ព្រំដែន​ថៃ ទិស​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ព្រះ​វិហារ បន្ទាប់​​ពីទា​ហាន​ថៃ លប​លួច​បាញ់​ប្រហារ​ទាហាន​ខ្មែរ​លើ​ដី​ខ្មែរ កាល​ពី​ថ្ងៃទី​២​៨ ខែ​ឧសភា ឆ្នាំ​២០២៥ ហើយ​ថា មក​ដល់​ពេល​នេះ ទាំង​ទាហាន​ និង​សព្វាវុ​ធ​របស់​កម្ពុជា ត្រូវ​បាន​ត្រៀម​បម្រុង​ជាប់​ប្រចាំ ដើម្បី​ការ​ពារ​ទឹក​ដី​ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន​ណាមួ​យ​ពី​កង​ទ័ព​ថៃ។

យ៉ាងណា ក្រុម​អ្នក​នយោបា​យ​ប្រឆាំ​ង ធ្លាប់​អះ​អាង​ថា ក្រោម​ការ​ដឹក​នាំ​របស់​ លោក ហ៊ុន សែន ធ្វើ​ឱ្យ​របូត​ទឹក​ដី​ទៅ​ប្រទេស​ជាតិ​ខាង​ទាំង​វៀតណាម​និង​ថៃ។

ដូចករណីផ្ទះអាវុធជាមួយថៃ​នៅ​ឆ្នាំ​២០០៨ និង​២០១១ តែ​ទីបំផុ​ត​ថៃ បាន​ដណ្តើម​​កា​រ​គ្រប់​គ្រង​តំបន់វាល​ឥន្ធ្រីយ៍ និង​ភ្នំ​ទ្រព្យ​ជិត​ប្រាសាទ​ព្រះ​វិហារ និ​ង​គ្រប់​គ្រង​ប្រាសាទ​តាមាន់​តូច​ទាំង​ស្រុង និង​មួយ​ផ្នែក ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី។

យ៉ាងណា ជម្លោះ​ព្រំដែន ដែល​បាន​កើត​ឡើង​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា ដែល​ទាហាន​ថៃ​បើ​ក​ការ​បាញ់​ប្រហារ​ ទៅ​លើ​មូ​លដ្ឋាន​កង​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ៣ រហូត​ស្លាប់​ទាហាន​ខ្មែរ​ម្នាក់​នោះ កម្ពជា​បាន​ប្រកាស​ថា បានជូន​ដំណឹង​រួច​ហើយ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ) ​ពីបំណង​ប្តឹង​ថៃ លើ​ទីតាំង​៤ចំនុច។

បើតាមរ​ដ្ឋាភិបាល ទីតាំង​ដែល​កម្ពុជា​ប្រកាស​ប្តឹង​ថៃ​នោះ គឺ​ចំនុ​ចទី​តាំង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្របី និង​តំប​ន់មុំ៣។

ប៉ុន្តែវាលឥន្ទ្រីយ៍ និង​តំប​ន់​ភ្នំ​ទ្រព្យ រួម​ទាំង​ដែន​សមុទ្រ​ រួម​ទាំង​កោះ​គុត ស្ថិត​ក្នុង​ខេត្ត​កោះកុង ដែល​ថៃកំពុង​គ្រប់​គ្រង​ដែរ​នោះ រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​បំណង​ប្តឹង​ថៃ​ទៅ(ICJ) នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ