អ្នកឃ្លាំមើលព្រំដែន ដែលមិនចំណុះរដ្ឋាភិបាល បារម្ភថា ទឹកដីខ្មែរនឹងត្រូវវៀតណាម លេបត្របាក់បន្ថែមទៀត ប្រើមេដឹកនាំគ្រួសារហ៊ុន មិនប្រញាប់ដកខ្លួន វិលទៅគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីលុបចោលសន្ធិសញ្ញាព្រំដែនខុសច្បាប់ តាមការចង់បានរបស់វៀតណាមទេនោះ។
តំណាងរាស្រ្តបក្សប្រឆាំង មានបទពិសោធន៍កិច្ចការព្រំដែន លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៦ ខែមិថុនានេះថា ល្បិចនយោបាយ លោក ហ៊ុន សែន ការពារខាងលិច ដើម្បីបំភ្លេចខាងកើត គឺវៀតណាម។
លោកថា វៀតណាមជាសត្រូវឈ្លានពានទឹកដីកម្ពុជាច្រើនជាងថៃ ហើយជាប្រទេសដែលចិញ្ចឹមចិត្តខ្ពស់ក្នុងការលេបត្របាក់ទឹកដីកម្ពុជាទាំងមូល តបតាមគោលបំណងរបស់មេដឹកនាំគេ គឺលោក ហូ ជីមិញ។
លោកថា៖ «នៅពេលដែលគណបក្សប្រជាជន បង្កើតឡើងដោយវៀតណាម ហើយលោក ហ៊ុន សែន បានកាន់តំណែងដោយសារវៀតណាមលើកបន្តុប អីចឹងការបោះបង្គោលបន្ថែមទៀតដែលនៅសល់១៦%ហ្នឹង យកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាទៀតហ្នឹង នឹងធ្វើឲ្យបាត់បង់ទឹកដីរបស់យើងបន្ថែមទៀតនៅតាមព្រំដែនហ្នឹង យើងដឹងហើយការបោះបង្គោលកន្លងមកនេះ បាន៨៤%ក៏យកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥សម័យយួនត្រួតត្រា»។
សម្រាប់លោក អ៊ុំ សំអាន ក្តីបារម្ភនេះដោយមើលឃើញថា ច្រើនឆ្នាំទៅនេះ គ្រួសារហ៊ុន មិនបានងាកចេញពីចំណងដែលចងដោយវៀតណាមច្រើនទសវត្សរ៍ទៅនេះទេ។ តែផ្ទុយទៅវិញ មេដឹកនាំកម្ពុជាដែលវៀតណាមលើកបន្តុបមួយនេះ បានអនុវត្តយុទ្ធសាស្ត្រវៀមណាមលេបទឹកដីខ្មែរយ៉ាងទៀតទាត់។
លោកទាញឧទាហរណ៍ថា នៅថ្ងៃទី២៨ ខែមិថុនា មេដឹកនាំកម្ពុជា នឹងប្រារព្ធខួបបក្សប្រជាជនកម្ពុជា ដែលជាបក្សបង្កើតឡើងដោយវៀតណាម គឺលោក ស៊ឺង ង៉ុកមិញ ដែលថា បក្សនេះដំបូងឡើយឈ្មោះថាបក្សប្រជាជនបដិវត្តកម្ពុជា។
លោក ស៊ឺង ង៉ុកមិញ ហៅអាចារ្យមៀន ដែលមានឈ្មោះដើមថា ហ្វាំ វ៉ាន់ហួរ ជាជនជាតិយួន គឺជាបិតាស្ថានិកបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយគ្រូធំរបស់គាត់ គឺ លោក ហូ ជីមិញ។
សម្រាប់លោក អ៊ុំ សំអាន បក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយវៀតណាម ជាចៅហ្វាយរបស់លោក ហ៊ុន សែន គឺជាអ្នកមានគុណជួយលើកបន្តុប លោក ហ៊ុន សែន ឱ្យកាន់អំណាចតាំងពីទសវត្សរ៍ទី៨០។ ការណ៍នេះហើយ ទើបលោក ហ៊ុន សែន បំផុសគំនិតជាតិនិយមតែជាមួយថៃ មិនហ៊ានបំផុសគំនិតជាតិនិយមជាមួយវៀតណាម ជាសត្រូវឈ្លានពានទឹកដីប៉ែកខាងកើត។
ចំណែក អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមិថុនានេះ និយាយថា ពេលមានទំនាស់ជាមួយថៃ គ្រួសារហ៊ុនទាំងអស់ ចេញមុខប្រឆាំងនឹងថៃឈ្លានពាន។
ប៉ុន្តែជាមួយវៀតណាម សមាជិកគ្រួសារហ៊ុនគ្រប់គ្នា សំងំក្នុងផ្ទះ ហើយនិយាយការពារវៀតណាម ពេលកងទ័ពវៀតណាម ចូលបោះតង់ជាង ៣០០កន្លែងលើទឹកដីកម្ពុជា មានទាំងសំណង់រឹង។
លើសពីនេះ លោកថា អ្នកប្រឆាំងនឹងការឈ្លានពានពីភាគីថៃ គ្រួសារហ៊ុនបានការលើកទឹកចិត្ត និងរង្វាន់ ដែលរឿងនេះមិនខុសឡើយ។ ប៉ុន្តែថា ប្រជាពលរដ្ឋខ្មែរ ដែលប្រឆាំងនឹងការឈ្លានពានពីភាគីវៀតណាម ត្រូវគេចាប់ដាក់គុក និងសម្លាប់។
ការណ៍នេះ លោក គឹម សុខ យល់ថា បើពិតជាដើម្បីជាតិកម្ពុជា ត្រូវហ៊ានប្រឆាំងអ្នកឈ្លានពាន ដោយមិនរើសមុខ ពីព្រោះពួកគេសុទ្ធតែប្រាថ្នាលេបយកទឹកដីកម្ពុជាដូចគ្នា។
ជុំវិញក្តីបារម្ភនេះ VOD មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ ប៉ុន្តែលោកធ្លាប់អះអាងថា រដ្ឋាភិបាលមិនដែនឱបដៃមើលប្រទេសជិតខាងឈ្លានទឹកដីទេ។
លោកថា៖ «ប្រទេសណាក៏ដោយ ឲ្យតែគឃ្លើនឈ្លានពានចំពោះទឹកដី បូរណភាពទឹកដីរបស់យើង គឺប្រជាពលរដ្ឋខ្មែរទាំងអស់ តែងតែក្រោកឈរឡើង ឈរជាមួយរដ្ឋាភិបាល ឈរជាមួយនឹងមេដឹកនាំរបស់យើង ការពារបូរណភាពទឹកដីរបស់យើង មិនឲ្យបរទេសណាឈ្លានពានទឹកដីរបស់យើងទេ នេះជាគំនិតជាតិនិយមរបស់ប្រជាជនរបស់យើងដែលស្រឡាញ់ ព្រោះប្រជាពលដ្ឋខ្មែរណាក៏ស្រឡាញ់ទឹកដីស្រឡាញ់ប្រទេសជាតិរបស់យើងដែរ»។
លើសពីនេះ លោក ហ៊ុន សែន ដែលពេលនៅកំពុងមានអំណាចកំពូលនៅកម្ពុជា ក្រោយវៀតណាមលើកបន្ទុបនោះ ក៏ធ្លាប់បញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់លោក មិនឱ្យបាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត្រ។
ផ្ទុយពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើមិនចង់ឱ្យប្រវត្តិសាស្ត្រស្តីបន្ទោស លោក ហ៊ុន សែន ត្រូវប្រញាប់ដកខ្លួនពីអន្ទាក់វៀតណាម ហើយមោឃៈភាពសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥ជាដើម តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្សះផ្សាជាតិឡើងវិញ។
លោកថា៖ «ទី១ ត្រូវធ្វើនិរាករណ៍ចោលសន្ធិសញ្ញាកិច្ចព្រមព្រៀងខុសច្បាប់ ជាមួយវៀតណាមទាំងឡាយទី២ ត្រូវបង្ខំឲ្យវៀតណាមគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស តាមរយៈកម្មវិធីតែជូនដំណឹងរឿងប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីស ឲ្យវៀតណាមនឹងទៅឆ្លើយបំភ្លឺជាមួយនឹងគេ ទី៣ គឺត្រូវប្ដឹងប្រទេសវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ»។
លើសពីនេះ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា និយាយថា មេដឹកនាំគួរតែលើកទឹកចិត្តពលរដ្ឋដែលឈឺឆ្អាល ពីបញ្ហាទឹកដី និងឈប់ប្រើបទព្រហ្មទណ្ឌដាក់កំហុសលើអ្នកដែលចង់ទៅមើលបង្គោលព្រំដែន ជាមួយវៀតណាម ដោយលោកលើកឡើងថា បញ្ហាបូរណភាពទឹក ជាកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា មិនមែនជារបស់បក្សណាមួយទេ។
លោកថា៖ «កុំឲ្យដែលអ្នកទៅមើលព្រំដែនវៀតណាមហ្នឹង រករឿងគ្នាចេះតែញុះញង់ ចឹងម្នាក់ៗរួញហើយប៉ុន្តែឈឺចិត្ត។ ប៉ុន្តែមិនដឹងធ្វើម៉េច ក្នុងនាមយើងជាពលរដ្ឋ មិនអាចចេះឈឺឆ្អាលរឿងទឹកដីជាតិរបស់ខ្លួនឯងបានហ្នឹង គឺវាបាត់ភាពស្មោះត្រង់ចំពោះជាតិ បាត់ភាពស្មោះត្រង់ចំពោះមាតុភូមិខ្លួនឯង»។
ជាការកត់សម្ភាល់ លោក ហ៊ុន សែន បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជា ក្រោយមានការចាប់ខ្លួនលោក ប៉ែន សុវណ្ណ។ ខណៈ លោក ប៉ែន សុវណ្ណ ប្រឆាំងនឹងវៀតណាម រឿងចង់លេបទឹកដីកម្ពុជាតាមព្រំដែន។ នេះតាមការអះអាងរបស់ លោក ប៉ែន វណ្ណា អំឡុងពេលលោកនៅមានជីវិត។
លោក ប៉ែន សុវណ្ណ កាន់តំណែងជានាយករដ្ឋមន្ដ្រីបានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨១។
លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨១ និងបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំនិង៥២ថ្ងៃ។
ប្រភពនោះ បញ្ជាក់ថា ក្នុងសៀវភៅ សុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានសរសេរថា ការដកហូតតំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយទីក្រុងមូស្គូ រំលងទីក្រុងហាណូយ។
មួយទៀត បណ្ដាលមកពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ងរំដោះកម្ពុជា ពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។
ប៉ុន្តែ សំខាន់ជាងនេះ លោក ប៉ែន សុវណ្ណ របូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោក ដែលជាអតីតខ្មែរវៀតមិញ ដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហម ភូមិភាគបូព៌ាប្រឆាំងនឹងប៉ុលពត ដែលគេស្គាល់ថា ជាក្រុមលោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន គឺទំនាស់ប្រជែងអំណាច រវាងចរន្តទាំងពីរនេះហើយ ដែលធ្វើឲ្យវៀតណាមបារម្ភ ហើយបង្ខំចិត្តកម្ចាត់ចោលមួយ។
លោក ហ៊ុន សែន ធ្លាប់អះអាងនៅឆ្នាំ២០២២ថា លោកជាអ្នកចាប់ខ្លួន លោក ប៉ែន សុវណ្ណ ដោយសំអាងថា ព្រោះលោក ប៉ែន ចង់ក្តោបអំណាចក្នុងបក្ស និងស្អប់វៀតណាម ទោះគាត់បានទៅរស់នៅវៀតណាមតាំងពីអាយុ១៥ឆ្នាំ និងមានប្រពន្ធវៀតណាម។
លើសពីនេះ លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ដែលគណបក្សប្រឆាំងចោទថា សន្ធិសញ្ញានេះរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដី ដែលធ្វើឱ្យទឹកដីកម្ពុជា រួមទាំងប្រជុំកោះជាច្រើនធ្លាក់ក្នុងដៃវៀតណាមរហូតបច្ចុប្បន្ន៕