ការចរចាពន្ធគយ​បដិការ​កម្ពុជា​-អាមេរិក​ជុំទី៣​នៅ​តែ​មិន​មាន​លទ្ធផល

ការ​ប្រជុំ​​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​បដិការ​​រវាង​​​កម្ពុជា និង​​​សហ​រដ្ឋ​អាមេរិក ​​ជុំ​ទី៣​នេះ​ នៅ​​​​តែ​​​មិន​​​​ទាន់​​​​​​ទទួល​​​​​បាន​​​​លទ្ធ​ផល​ជា​​​​​ផ្លែផ្កា​​​​​​​​​​​​នៅ​ឡើយ​ទេ ដោយ​​ភាគី​​ទាំង​​ពីរ ​​​នឹង​​បន្ត​កិច្ច​​ប្រជុំ​​​ចរចា​​​​​​នៅ​​​ជុំ​​បន្ទាប់​​ទៀត។

តាមសេចក្តីប្រកាសព័ត៌មាន​របស់អង្គភាព​អ្នក​នាំ​​ពាក្យ​​​រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៦​ ខែមិថុនានេះ ឱ្យ​ដឹងថា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​និង​​លោក​ស្រី ចម និម្មល ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពីល្ងាច​ថ្ងៃ​ពុធ បាន​ជួបប្រជុំ​តាម​ប្រព័ន្ធ​វីដេ​អូ ​​ជា​​មួយ​​​លោកស្រី Sarah Ellerman អនុប្រធាន​​តំណាង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​​តំបន់​អា​ស៊ី​អាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក ពាក់​ព័ន្ធនឹង​បញ្ហាពន្ធ​គយ​បដិការ។​

ប្រភព​ដដែល​ បន្តថា ក្នុងកិច្ចប្រជុំ​នោះ ភាគីទាំង​ពីរ​​វាយ​តម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ជា​វិជ្ជ​មាន នៃ​ការ​ចរចា​កន្លងមក និង​បាន​​ឯកភាព​ដាក់ចេញនូវ​សំណើរ​រៀង​ៗខ្លួន​បន្ថែម​ទៀត។

ភាគីទាំង២ ក៏បានត្រៀម​ខ្លួន​រួចរាល់សម្រាប់កិច្ច​ប្រ​ជុំ​ចរចា​ជុំ​បន្ទាប់ និង​បានប្តេជ្ញា​ចិត្ត​បន្តធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​រួម ដែល​បម្រើ​​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ។

តែយ៉ាងណា អង្គភាព​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​បញ្ជាក់ពីកាលបរិច្ឆេត​ថ្មី នៃកិច្ច​ចរចា​ជុំបន្ទាប់នោះ​ទេ។

គួរបញ្ជាក់ថា​ ចាប់តាំងពី​ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បាន​ប្រកាស​ដាក់ចេញ​ការអនុវត្ត​ពន្ធ​គយ​​បដិការ​ទៅលើ​ជាង​១៨០ប្រទេសទូទាំង​ពិភពលោក កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៥ ក្នុងនោះ​មានទាំង​កម្ពុជា​ផងនោះ ភាគី​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​ចរចា​គ្នា​ទាំង​ផ្ទាល់​នៅ​សហរដ្ឋអាមេរិក​​ និង​តាមប្រព័ន្ធ​វីដេអូជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។

សម្រាប់​​កម្ពុជា​​​​ គឺ​​សហរដ្ឋ​​​អាមេរិក គ្រោង​នឹង​​​​​​ដំឡើង​​ពន្ធគយ​​​រហូត​​​​ដល់​ ៤៩​​ភាគ​រយ។ ការ​ដំឡើង​​​​​​ពន្ធ​ដល់​ ៤៩ភាគ​រយ​​​លើ​ទំនិញកម្ពុជា នាំទៅកាន់សហរដ្ឋ​អាមេរិក​នេះ ជា​កម្រិត​​​ខ្ពស់​​បំផុត បើ​ប្រៀប​​ធៀប​​​ទៅ​នឹង​​បណ្តា​ប្រទេស​នា​នា​​​នៅ​លើ​ពិភព​លោក​ ក្នុងនោះប្រទេស​វៀតណាម ៤៦​ភាគរយ, ថៃ៣៦​ភាគ​រយ ឡាវ​៤៨​ភាគ​​រយ ចិន ៣៤​ភាគរយ និងសិង្ហបុរី​១០​ភាគរយ​ជាដើម​។

តែយ៉ាង​ណា ក្រោយពីការ​ប្រកាសដ៏ភ្ញាក់ផ្អើលនេះ បានប្រមាណមួយ​សប្តាហ៍​ គឺនៅថ្ងៃទី​១០ ខែ​​​មេសា រដ្ឋបាល ​លោក​ ដូណាល់ ត្រាំ​​ បាន​ប្រកាស​ជាថ្មីទៀត ដោយពន្យាពេល​ដាក់ពន្ធគយទៅ​លើ​បណ្តាប្រទេស​ផ្សេង​ៗ រួម​ទាំងកម្ពុជាផង​ដែរ រយៈពេល ៩០ថ្ងៃ ដោយ​​កំណត់​បន្ទាត់​ពន្ធត្រឹម ១០​ភាគរយ​​ស្មើ​គ្នា។

ជុំវិញបញ្ហា​ពន្ធនេះ អ្នកជំនាញ​ និង​មជ្ឈដ្ឋាន​ជាច្រើន បាន​ព្រមាន​ថា កម្ពុជា​​នឹង​​ជួប​​វិបត្តិ​សេដ្ឋ​កិច្ច​​​​ធ្ងន់​ធ្ងរ ​​ពី​ព្រោះ​​​​​​​រោង​ចក្រ​​ជា​ច្រើន​​​​អាច​​​នឹង​បិទ​ទ្វារ ​​ដែល​​នឹង​​ធ្វើ​ឱ្យ​កម្ម​ក​រ​កាន់​​​តែ​ច្រើន​ ​​អត់​​ការ​​ងារ​​​ធ្វើ​ ប្រសិន​បើ​​រដ្ឋាភិបាល​​​មិន​ចាត់​វិធានការ​ឱ្យ​​បាន​ទាន់ពេល​វេលា​ ចំពោះ​ការ​ដំ​ឡើ​ងពន្ធ​លើ​ទំនិញកម្ពុ​ជា ​រហូ​ត​ដ​ល់​៤៩​ភាគ​រយ​របស់​​សហរដ្ឋ​អាមេរិក​​ទេនោះ។

ចំណែក​​ ក្រុមប្រឹក្សា​ជាតិ​​តស៊ូ កាលពីថ្ងៃទី៩ ខែមេសា ក៏បាន​​​ចេញ​​សេចក្តី​អំពាវ​នាវ​​មួយ​​ថា ស្ថាន​ភាព​​នៃ​​ការ​​​​​​យ​ក​​​​ពន្ធ​​​របស់​​អាមេរិក​ដល់ ​​៤៩​ភាគ​រយ នឹង​ធ្វើឲ្យសេដ្ឋកិច្ច​កម្ពុជា ធ្លាក់ក្នុង​វិបត្តិ​​ងើបមិនរួច ហើយកម្មករ​នឹ​ង​​​​បាត់បង់ការងាររាប់សែនកន្លែងថែមទៀត កសិផលរបស់​កសិករ​​កាន់តែគ្មានទីផ្សារ​​ អាជីវករនឹងលក់មិនដាច់​។

ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់ផ្តល់ជា​យោបល់​​ដែរថា ​ដើម្បី​បញ្ចៀស​​​ពី​ការដំឡើង​​​ពន្ធ​​ខ្ពស់​​​ពី​​សហរដ្ឋ​​អា​មេរិក មេដឹកនាំ​គ្រួសារ​ហ៊ុន​​​ត្រូវ​បន្ទន់​ឥរិយា​បទ​ស្តារ​ប្រជា​ធិប​តេយ្យ គោរព​​សិទ្ធិ​មនុស្ស ជាពិសេស​​​លុប​បំបាត់​អំពើ​ពុក​រលួយ និង​បក្ខ​ពួក​និយម។

លោកបន្តថា បើមេដឹកនាំគ្រួសារហ៊ុន នៅតែប្រកាន់​ជំហរ​មិន​ព្រម​ស្តារប្រជាធិបតេយ្យ ហើយ​បន្ត​ដឹកនាំប្រ​ទេសតាម​​​គោលនយោបាយ​ប្រជាភិថុត​របស់​ខ្លួន ​​ដូចឳពុក​របស់​លោក ដើម្បី​តែ​ចង់​ស​​​ម្រេច​មហិ​ច្ឆតា​ក្តោ​ប​អំ​ណា​ច នោះបញ្ជាក់​កាន់តែច្បាស់ថា គ្រួសារហ៊ុន​ជា​​អ្នក​​​ធ្វើ​ឱ្យ​​ព​លរ​ដ្ឋ​ ១​៧​លាន​​នាក់ ក្លា​យជា​អ្នក​រងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ