លោក ហ៊ុន​ សែន បដិសេធ​ពី​ការ​ចោទប្រកាន់​ដែលថាកម្ពុជា​ជាជង្រុក​នៃឧក្រិដ្ឋកម្ម​អនឡាញ

ប្រធាន​ព្រឹទ្ធសភា បដិសេធ​ទៅលើរបាយការណ៍នានា ដែលរក​ឃើញថាកម្ពុជា​គឺជាសំបុកនៃ​​ឧ​ក្រិដ្ឋ​​ក​ម្ម​​អនឡាញ ដែល​ធំជាងគេនៅ​ក្នុងតំបន់​អាស៊ី និងពិភពលោក ខណៈ​ភាគី​ថៃបាន​បន្ត​ចោទ​ប្រកាន់​​ប​ញ្ហា​​​នេះ ដោយ​ចាត់​ទុកថាខ្លួន​បានប្រឹងប្រែង​ទប់ស្កាត់ណាស់ដែរ ប៉ុន្តែបញ្ហា​ចម្បង គឺកម្ពុជា​​ដែល​​ជា​ប្រ​​​ទេសជិតខាង​ថៃ​ជាមជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​អនឡាញដ៏ធំ នៅក្នុងតំបន់ដែលជាមូលហេតុរាំង​ស្ទះដ​ល់​​​​ដំណើរការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួយដូរឆ្លងដែននេះ។

ថ្លែងពីខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ហ៊ុន សែន បានបញ្ជាក់ជំហរថា តាមពិតទៅកម្ពុជា មិនមែនជាប្រភព នៃអំពើជួញដូរមនុស្ស តាមរយៈរូបភាពល្បែងអនឡាញ ដូចកា​រ​​​​ចោទ​ប្រកាន់នោះឡើយ។ លោកបន្ត​ថា បញ្ហាចម្បង នៃល្បែង​អនឡាញ​នេះ គឺប្រភព​កើតចេញ​​ពី​ប្រទេស​ថៃទេ។ ដោយសារតែឥទ្ធិពល​នេះហើយបាន​រុញឱ្យកម្ពុជា ក្លាយទៅជា​គោលដៅ នៃឧក្រិដ្ឋអន​​ឡា​ញ​​នេះ។ បើតាម​អតីតនាយករដ្ឋន្រ្តី នៅចំពោះមុខនេះ ភាគីថៃបានព្យាយាម​​បន្លប់ស្ថានការណ៍​​នយោ​បា​​យ ដែលយក​លេស​ករណីបិទព្រំដែន​ដោយសារជម្លោះ ទៅជាការ​បិទ​ព្រំដែន ព្រោះតែប្រយុទ្ធ​ប្រឆាំ​ង​ នឹងអំពើ​ឧ​ក្រិ​​ដ្ឋ​កម្ម​អនឡាញទៅវិញ។ ក្នុងន័យ​នេះ​លោក ហ៊ុន សែន ចាត់​ទុក​ថា នេះគឺជាល្បិច​​ដ៏​គ្រោធ​គ្រាត​បំផុត​របស់ភាគីថៃ។

លោកថា៖ «ម្សិលម្ងៃនេះ លោកជំទាវបែរ​​មកនិយាយថាបិទ​ព្រំដែន ដើម្បីប្រឆាំងអនឡាញ ក្នុងពេលដែលព្រំដែនបិទតាំងពីថ្ងៃទី៧ មិថុនា ហេតុម៉េចបាន​លោកជំទាវទើប​នឹងមកប្រកាស​នៅថ្ងៃទី២៤ ខែមិថុនា ដើម្បី​ប្រឆាំងអនឡាញលោកជំទាវ តើ​លើលោក​នេះគេល្ងង់​ដូចលោក​ជំទាវដែរ? កម្ពុជា​គ្រាន់តែជាជន​រងគ្រោះនៃប្រព័ន្ធ​អនឡាញ របស់ថៃ​តែប៉ុណ្ណោះ។ ហេតុអី? មានតែប្រទេស​ថៃមួយ​គត់ដែល​មានជើងអាកាស តភ្ជាប់​ពីខាងក្រៅ​ចូលមក​ក្នុង​ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា គ្មានជើង​អាកាស​ហោះ​ត្រង់ចូលមកទេ។ អីចឹង​អ្នកឆបោកអនឡាញ​ទាំងប៉ុន្មាន ត្រូវបាន​សម្រួល​ដោយអាជ្ញាធរថៃ»

ការបដិសេធនេះ ធ្វើឡើង​មិនបានប៉ុន្មានថ្ងៃផង ក្រោយពីលោកស្រី ផេថងថាន នាយករដ្ឋមន្រ្តីថៃ បា​ន​ចោទប្រកាន់ថា កម្ពុជាគឺ​ជាជង្រុកនៃឧក្រិដ្ឋកម្ម​អនឡាញ ដ៏ធំ​នៅក្នុងតំបន់។ តាមរយៈ​ការចុះ​ផ្សា​យ​​​ដោយ​កាសែត​ក្នុងស្រុក​របស់ថៃ កាលពីថ្ងៃទី២៣ ខែមិថុនា លោកស្រីនាយករដ្ឋមន្រ្តីថៃ​ បានអំពាវ​នា​​​វ​​ដោ​​យ​បើកចំហរ​ទៅមេដឹកនាំ​ពិភពលោក អាចប្រើប្រាស់​ប្រទេសថៃ ដើម្បី​ធ្វើជា​វេទិកា​នៃកិច្ចប្រជុំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ក្នុងករណីនេះ។ ហើយ​ភាគីថៃសន្យា​នឹង​ធ្វើជាម្ចាស់ផ្ទះ ក្នុងការ​​សម្របស​ម្រួ​ល​​​កិច្ចការ​នេះ ដើម្បី​ធានា​ថា ឧក្រិដ្ឋកម្ម​​អនឡាញ ដែលកម្ពុជា​គឺជាប្រភព​ដ៏គ្រោះថ្នាក់​នៅក្នុង​តំបន់ នឹ​ង​​ត្រូវ​កាត់បន្ថយ។

លោក ហ៊ុន​ សែន បដិសេធ​ពី​ការ​ចោទប្រកាន់​ដែលថាកម្ពុជា​ជាជង្រុក​នៃឧក្រិដ្ឋកម្ម​អនឡាញ

ការចោទប្រកាន់​របស់លោកស្រី ផេថងថាន នាយករដ្ឋមន្រ្តីថៃ​នៅពេលនេះ គឺដូចគ្នា​នឹងការ​រក​ឃើ​ញ​​​​ដោយ​ក្រុម​អង្គការលើកលែង​ទោសអន្តរជាតិ​មួយដែល​មាន​មូលដ្ឋាន​នៅទីក្រុង​ឡុងដ៍​​ប្រទេស​អ​ង់គ្លេ​ស​ដែរ។ របាយការណ៍​របស់ Amnesty International ដែល​ត្រូវបាន​កាសែត Reuter ស្រង់​យកម​កចុះ​​ផ្សា​យ​ នៅ​​ចំ​​​ពេលដែលលោក ហ៊ុន សែន ប្រតិកម្ម​នៅថ្ងៃទី២៧ មិថុនា នេះ បង្ហាញ​ថាកម្ពុជា គឺជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋ​អនឡាញ ដ៏គ្រោះថ្នាក់​បំផុតនៅក្នុងពិភពលោក។

តាមរយៈ​របាយការណ៍​របស់ខ្លួន ក្រុមអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់ថា រដ្ឋាភិបា​ល​​ក​ម្ពុ​​ជា ពិតជា​គ្មានចេតនា​ក្នុង​ការ​ទប់ស្កាត់​ករណីនេះ​ទេ។ មិន​តែ​ប៉ុណ្ណោះ មាន​មជ្ឈមណ្ឌល​ឧក្រិដ្ឋ​​អនឡា​ញ​ មិន​តិច​ជាង​ ៥៣ទីតាំងទេ និង​មាន​ទីតាំងច្រើន​ទៀត​​កំពុង​តែមានសកម្មភាព​សព្វថ្ងៃនេះ។ ​ហើយ​​ក្រុម​ឧក្រិដ្ឋជន បានប្រើ​វិធី​សា​​ស្រ្ត​ឆបោកមនុស្សនៅជុំវិញពិភពលោក ក្នុងនោះមាន​តាំងពីកូន​ក្មេ​ង​ឡើ​​​​ង​ទៅ។ ពួកគេ ត្រូវឃុំ​​ឃាំ​​ង​​នៅក្នុង​អាគារបិទ​ជិត ​ដោយ​មានការយាម​កាម ក្រោមការ​ឃ្លាំមើល​​ពី​ស​ន្តិ​​សុ​​ខ​​ដ៏​តឹងតែង​បំផុត។ ជាពិសេស​នោះ អាគារ​ឃុំឃាំងមនុស្ស​នីមួយៗ ​ត្រូវ​ហ៊ុំព័ន្ធ​ទៅដោយ​ប​ន្លាលួស​ជុំ​វិញ​ថែម​ទៀតផង។ ក្រុមអ្នក​ជំនាញផ្នែកសិទ្ធិ​មនុស្ស យល់ឃើញថា ប្រសិនបើ​រដ្ឋាភិបាលចង់​លាងខ្លួនឱ្យបាន​ស្អាត​ស្អំ នៅ​​ក្នុង​រឿង​ក្តីជួញដូរ​មនុស្សនេះ ដរាបណា​រដ្ឋាភិបាលបង្កើត​គណៈកម្មការ​មួយ និងបើក​ការ​ស្រា​វជ្រា​​វ​​មុន​នឹង​ចេញ​របាយការណ៍​បកស្រាយ​ដោយ​លម្អិត។ មិនតែ​ប៉ុណ្ណោះ គណៈកម្មការ​នេះ ត្រូវ​ចូល​រួម​ពី​ក្រុ​ម​​​អ្នក​ជំនាញ​អន្តរជាតិ ក្រុមអង្គការ​មិនមែន​រដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធ​ដទៃ​ទៀត។ ហើ​យ​របាយការ​ណ៍​​ស្រាវ​ជ្រាវ​នេះ ត្រូវ​ប្រាកដថា ជា​ភស្តុតាង​ដែលសុក្រិត្យ ឯករាជ្យ និងជឿ​ទុក​ចិត្ត​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ