អ្នកគាំទ្រយកថ្ងៃខួបកំណើតដែល លោក កឹម សុខា ឈានចូល ៧៣ឆ្នាំ រំឭកពីការឈឺចាប់ ដែលមេដឹកនាំរូបនោះ បានលះបង់ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមតាមស្មារតីរដ្ឋធម្មនុញ្ញ តែត្រូវបានតុលាការផ្តន្ទាទោស ២៧ឆ្នាំ ទាំងអយុត្តិធម៌ តាមបណ្តឹងមេដឹកនំាបក្សកាន់អំណាច។
អ្នកគាំទ្រ លោក កឹម សុខា ខ្លះបានបង្ហោះសារលើបណ្តាញសង្គម បញ្ចេញយោបល់រិះគន់ ឥរិយាបទមេដឹកនាំបក្សកាន់អំណាច គឺលោក ហ៊ុន សែន ដែលថា ជាមេគំនិតប្តឹងចោទ លោក កឹម សុខា ទំាងមិនបានធ្វើអ្វីខុស។
រីឯអ្នកខ្លះទៀត ជូនពរឱ្យ លោក កឹម សុខា មានសុខភាពល្អ ដើម្បីបន្តបុព្វហេតុប្រជាធិបតេយ្យ និងការលើកកម្ពុស់សិទ្ធិមនុស្ស ខណៈស្ថានការណ៍នយោបាយនៅពេលនេះត្រូវបានគេមើលឃើញថា បានរំលោភបំពានសិទ្ធិមនុស្ស គំរាមកំហែងជាប្រព័ន្ធទៅលើសំឡេងជំទាស់ ដែលធ្វើកម្ពុជាក្លាយជាជម្រកឧក្រិដ្ឋជនឆ្លងដែន ពលរដ្ឋរួមរឹតដោយវិបត្តិបំណុល និងរងគ្រោះពីប្រព័ន្ធយុត្តិធម៌ជាដើម។
ការរំឭករបស់អ្នកគាំទ្រនេះ ក៏ចំពេល លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជិត ៩ឆ្នាំទៅនេះ ក្រោយលោក ហ៊ុន សែន អះអាងថាបានបញ្ជាឱ្យគេចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថាគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។
ការចោទនេះ ចំពេលគណបក្សសង្គ្រោះជាតិ របស់លោក កឹម សុខា ទទួលបានសំឡេងឆ្នោតគាំទ្រ នៅឆ្នាំ២០១៧ ប្រហាក់ប្រហែលនឹងគណបក្សប្រជាជន ដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្នដែរ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សួន សួរីដា និយាយលើហ្វេសប៊ុករបស់លោកក្នុងថ្ងៃខួបកំណើត លោក កឹម សុខា ចូល៧៣ឆ្នាំ នាថ្ងៃទី២៧ ខែមិថុនានេះ បែបឌឺដងឱ្យទៅ លោក ហ៊ុន សែន ដែលបានប្រតិកម្មទៅនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ក្នុងជម្លោះព្រំដែនពេលនេះថា ជាការប្រមាថ ខណៈអ្នកស្រី ផែថងថាន រិះគន់ថាការទម្លាយសារសន្ទនារវាងលោកស្រី និងលោក ហ៊ុន កាលពីថ្ងៃទី១៥មិថុនានោះ ថាជាមេដឹកនាំខ្វះវិជ្ជាជីវៈ។
លោក សួន សូរីដា និយាយក្នុងសម្តីដើមថា «បើខ្លួនចេះឈឺចាប់ដោយគ្រាន់តែពាក្យប្រមាថ “ដឹកនាំគ្មានវិជ្ជាជីវៈ” ចុះទំរាំខ្លួនចោទលោក កឹម សុខាថា “ក្បត់ជាតិ” និងដាក់គុក ២៧ឆ្នាំ ដោយគាត់មិនបានធ្វើអ្វីខុសឡើយ តើលោក កឹម សុខា ឈឺចាប់យ៉ាងណា?»។
មួយវិញទៀតលោកថា បើខ្លួនចោទ ចាប់ អ្នកនយោបាយដែលមាននិន្នាការខុសគ្នាដាក់គុក ហើយខ្លួនអំពាវនាវឱ្យខ្មែររួបរួមជាតិ ឯកភាពជាតិតែមួយក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន តើការអំពាវនាវនេះមានន័យម្តេចបាន?
លើសពីនេះលោកថា ក្នុងថ្ងៃខួបកំណើតគម្រប់ ៧២ឆ្នាំ ចូល ៧៣ឆ្នាំ សូមឱ្យលោក កឹម សុខា មានសុខភាពល្អ មានសេរីភាពបរិបូរណ៍ឡើងវិញ។
សាររិះគន់ របស់លោក សួន សូរីដា នេះ ហាក់ឆ្លើយតបទៅនឹងសារ លោក ហ៊ុន សែន ដែលបានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី២៧ មិថុនានេះ ក្នុងន័យដែលលោក ហ៊ុន សែន វាយបកទៅនាយករដ្ឋមន្ត្រីថៃ ជុំវិញការបង្កជម្លោះព្រំដែន ជាមួយកម្ពុជា និងក្រោយបែកធ្លាយសំឡេងសន្ទនា ពីភាគីកម្ពុជា។
បើតាមសារនៅលើហ្វេសប៊ុក លោក ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនានេះ បានអះអាងថា ក្នុងរយៈពេលជិត ១០ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះ ពុំមានរឿងអ្វីកើតឡើងជាមួយថៃឡើយ។ តែបញ្ហាវាបានកើតឡើងក្រោយមកនាយករដ្ឋមន្ដ្រីថៃ បានឡើងកាន់តំណែងប៉ុន្មានខែមុននេះ ក៏មានបញ្ហាកើតឡើង។
លោក ហ៊ុន សែន ជូនសាររំឭកថៃ កុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ។ លើសពីនេះលោក៖«ផ្ដាំទៅលោក ថាក់ស៊ីន ឱ្យប្រដៅកូនខ្លួនដែលជានាយករដ្ឋមន្ត្រីថៃ កុំប្រមាថអ្នកដទៃ»។
ក្រៅពីនេះសហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ផែង ហេង បានចែករំលែកថា ដែលបានលើកឡើងថា ក្នុងឱកាសខួបកំណើតគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនានេះ ពីការកោត សរសើរចំពោះលោក កឹម សុខា ដែលថា បានលះបង់ និងការអត់ធ្មត់តស៊ូ ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាព និងយុត្តិធម៌ ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ប្រសើរឡើងសម្រាប់កម្ពុជា។
លើសពីនេះ ហ្វេប៊ុកឈ្មោះ ប្រធិបតេយ្យ ខ្មែរ បានបង្ហោះវីដេអូ ចាស់រំឭកពីការដែលសមត្ថកិច្ចចូលចាប់ខ្លួនលោក កឹម សុខា នៅក្នុងការិយាល័យមជម្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អំឡុងឆ្នាំ២០០៥ ដែលលោក កឹម សុខា ពេលនោះធ្វើជាប្រធានអង្គការសិទ្ធិមនុស្សមួយនេះ។
ប្រជាធិបតេយ្យខ្មែរ បាននិយាយក្នុងសម្តីដើមថា៖ «លោក កឹម សុខា ជាអ្នកនយោបាយស្មោះត្រង់នឹងជាតិ គាត់បានប្តេជ្ញាចិត្តហើយថា លោកគ្មានអ្វីក្រៅតែពីការលះបង់អាយុជីវិតរបស់លោក ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។ បើយើងមិនខ្វល់ខ្វាយចំពោះអ្នកដែលលះបង់ដើម្បីប្រយោជន៍រួមទេ ថ្ងៃក្រោយនឹងលែងមានអ្នកណាធ្វើដើម្បីពួកយើងតទៅទៀតហើយ»។
យ៉ាងនេះក្តី ជុំវិញវិធានចាប់ខ្លួន និងការចោទប្រកាន់លើលោក កឹម សុខា ត្រូវបានសគមន៍ជាតិ និងអន្តរជាតិដែលធ្វើការសិទ្ធិមនុស្សចាត់ទុកថា ជាសំណុំរឿងនយោបាយ ដែលមេបក្សកាន់អំណាចប្រឌិតឡើង ដើម្បីកម្ចាត់សំឡេងប្រឆាំង ចេញពីឆាកនយោបាយ ខណៈពលរដ្ឋខ្មែរបានបោះឆ្នោតដកសេចក្តីទុកចិត្ត ពីបក្សកាន់អំណាចយ៉ាងគំហុក ចាប់ពីឆ្នាំ២០១៣មក ពោលគឺក្រោយពីមានការបង្រួបបង្រួមគ្នា រវាងគណបក្សប្រឆាំងពីរ គឺសិទ្ធិមនុស្ស របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោសដោយឃុំខ្លួនៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ក្រោយសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួន ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
យ៉ាងណា ភ្លាមៗ ក្រោយតុលាការប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា សហរដ្ឋអាមេរិកចាត់ទុកសាលក្រមកាត់ទោសនេះ ជាការរំខានចិត្តខ្លួនជាខ្លាំង ដោយថា លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការគោរព។
លើសពីនេះអាមេរិកថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសម្លេង លោក កឹម សុខា ដោយ ផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។ ហើយថា ការបដិសេធ សេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមកដើម្បីក្លាយជាសង្គមពហុបក្ស ប្រកបដោយបរិយាបន្នមួយ។ សម្រាប់អាមេរិក បានអំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធ ប្រជាធិបតេយ្យពិតប្រាកដមួយ។