មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បាននិយាយនៅថ្ងៃទី៣០ខែមិថុនានេះថា ខ្លួនមានការព្រួយបារម្ភពីផលប៉ះពាល់រយៈពេលវែង លើកម្មករជាង១លាននាក់ ក្នុងវិស័យកាត់ដេរ ប្រសិនបើការចរចាជាមួយតំណាងពាណិជ្ជកម្មអាមេរិក(USTR)គ្មានលទ្ធផលជាវិជ្ជមានទេនោះ។
នេះបើតាមអង្គការសង់ត្រាល់ ដែលបានដកស្រង់សម្តី មន្ត្រីគ្រប់គ្រងកម្មវិធីការងាររបស់ខ្លួនគឺ លោក ឃុន ថារ៉ូ មកចុះផ្សាយលើគេហទំព័រ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោក ឃុន ថារ៉ូ បាននិយាយថា លោកមានការព្រួយបារម្ភរយៈពេលវែង អំពីការនាំចេញក្នុងវិស័យកាត់ដេរ ជាពិសេសស្ថិរភាពការងាររបស់កម្មករជាងមួយលាននាក់ ប្រសិនបើមិនមានលទ្ធផលវិជ្ជមានពីការចរចាជាមួយតំណាងពាណិជ្ជកម្មអាមេរិក(USTR)ទេនោះ។
លោកថា បញ្ហានេះ វានឹងប៉ះពាល់ដល់ការនាំចេញ និងកំណើនសេដ្ឋកិច្ច។ មួយវិញទៀត ការពន្យាពេលក្នុងការចរចាអាចកើតឡើង នៅដំណាក់កាលនេះ គ្មានប្រទេសណា ដែលផលិតក្នុងវិស័យនេះ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅឡើយទេ តែវៀតណាមអាចនឹងមានលក្ខខណ្ឌល្អប្រសើរជាងកម្ពុជា។
សម្រាប់សង់ត្រាល់ ក្នុងស្ថានភាពនេះ អ្នកទិញរបស់សហរដ្ឋអាមេរិកកំពុងរង់ចាំលទ្ធផលនៃការចរចា ដើម្បីពិចារណាលើការបញ្ជាទិញ។ ជាឧទាហរណ៍ ក្រុមហ៊ុនអាមេរិក Nike បានសម្រេចចិត្តកាត់បន្ថយការបញ្ជាទិញពីប្រទេសចិន។
សង់ត្រាល់ បានរំឭកថា កាលពីថ្ងៃទី២៥ ខែមិថុនា មន្ត្រីកម្ពុជាបានបើកកិច្ចប្រជុំតាមអនឡាញជាមួយអង្គភាព USTR ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងពន្ធ។
ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពពីការចរចាមុនៗ ស្នើជំហានបន្ថែមទៀត និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធសម្រាប់ភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគដែលមានផលប្រយោជន៍ទៅវិញទៅមក។
កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដែលមានផលប្រយោជន៍ទៅវិញទៅមក។
យ៉ាងណា សង់ត្រល់ បញ្ជាក់ថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
បើតាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ គិតត្រឹមខែមេសា ឆ្នាំ២០២៥ វិស័យកាត់ដេរនៅកម្ពុជា មានសហគ្រាស គ្រឹះស្ថាន សរុបចំនួន ១ ៦៥៧ មានកម្មករនិយោជិត ប្រមាណ ជា៩៧ម៉ឺននាក់៕









