តុលាការខេត្តកំពង់ស្ពឺ កោះហៅមេធាវីការពារសិទ្ធិឱ្យ លោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា ឱ្យចូលទៅបំភ្លឺនៅដើមសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងសំណុំរឿង «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» របស់កូនក្តីលោក ខណៈបទចោទនេះត្រូវបានអ្នកនយោបាយនៅក្រៅប្រទេសប្រតិកម្មជាហូរហែរថា ការចាប់ខ្លួនលោក ណារ៉េត ជាយុទ្ធសាស្ត្រថ្មីរបស់ត្រកូលហ៊ុនបំបិទមាត់សំឡេងរិះគន់។
ដីការបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក រ៉ែន នរិទ្ធ ចុះថ្ងៃទី៥ ខែមិថុនា ដែលវីអូឌី ទទួលបាននៅថ្ងៃចន្ទនេះ បានកោះអញ្ជើញលោកមេធាវី អ៊ឹម ផានណា ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ សុខ ស៊ុនណារ៉េត ឱ្យចូលរួមបំភ្លឺនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លើសំណុំរឿង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងពេលមេបញ្ជាការភូមិភាគ៣ បានហៅលោកឱ្យទៅជួប ហើយលោកត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ប៉ុន្តែ លោក សុខ ស៊ុនណារ៉េត បដិសេធការចោទប្រកាន់ ដោយអះអាងថា លោកមិនបានដឹងរឿងនេះ តាំងពីដំបូងរហូតដល់ចាប់ខ្លួន និងមិនពាក់ព័ន្ធអង្គហេតុចោទប្រកាន់នោះទេ ស្របពេលលោកអះអាងថា លោកជាអតីតយោធិន ចូលបម្រើការងារជូនជាតិដោយភក្ដីភាព ស្ទើរពេញមួយជីវិត។
ការចាប់ខ្លួន លោក សុខ ស៊ុនណារ៉េត នេះត្រូវបានអ្នកនយោបាយនៅក្រៅប្រទេស មានប្រតិកម្មជាហូរហែ ដោយសារតែ លោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃពីសកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត គឺជារឿងនយោបាយសុទ្ធសាទ។ ក៏ប៉ុន្តែបក្សកាន់អំណាច បានបញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងដោយផ្អែកលើបទល្មើសជាក់ស្តែង ដែលនៅក្នុងនោះ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថា មានរក្សាទុកសារធាតុញៀន។
ក្រោយពីចាប់ខ្លួន លោក ស៊ន តារា ដែលជាកូន និងកំពុងរស់នៅប្រទេសបារាំង បានបង្ហោះសារនៅលើហ្វេកប៊ុកដោយអះអាងថា អាជ្ញាធរចាប់ខ្លួនឪពុករបស់លោក យកទៅធ្វើជាចំណាប់ខ្មាំងនយោបាយ នៅពេលដែលគ្រួសារហ៊ុន មិនអាចធ្វើអ្វីលើរូបលោក ដែលកំពុងរស់នៅប្រទេសបារាំង។ លោកក៏ធ្លាប់បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងឪពុករបស់លោកវិញផងដែរ ដោយបញ្ជាក់ថា ឪពុករបស់លោកជាមនុស្សស្អាតស្អំ។
ចំណែក ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ថា CAT បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥នោះដែរ ដោយចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាល និងប្រធានរដ្ឋសភាថាជាការបំបិតសំឡេងអ្នកដែលហ៊ានរិះគន់ចំពោះការ់ដឹកនាំរបស់ខ្លួន។ ករណីនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បានអំពាវនាវឱ្យមានការដោះលែងឪពុកលោក ស៊ន តារា ឱ្យមានសេរីភាពវិញ៕