ទំនាក់ទំនងជាង ៣០ឆ្នាំ របស់គ្រួសារមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាមួយគ្រួសារមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានរាប់អានគ្នាតាំងពីជំនាន់ឪពុក រហូតដល់ជំនាន់កូននោះ ពេលនេះបានផ្ដាច់និស្ស័យនឹងគ្នាត្រឹមមួយប៉ប្រិចភ្នែក រហូតដល់លោក ហ៊ុន សែន បានហែកកេរ្តិ៍រឿងអាស្រូវគ្រួសារថាក់ស៊ីន មិនសំចៃមាត់ឡើយ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា នៅខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងឯកសណ្ឋានកងទ័ពដែលមានតួនាទីជាអគ្គមេបញ្ជាការផុតលេខផ្កាយមាស៥ បានចោទថា មូលហេតុនៃភាពប្រេះឆានេះ ដោយសារតែកូនស្រីលោក ថាក់ស៊ីន គឺ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាមនុស្សរមិលគុណ និងដឹកនាំខ្វះគុណធម៌ ដោយបានមើលងាយលោក និងកូនប្រុសថា ដឹកនាំគ្មានវិជ្ជាជីវៈ។
លោក ហ៊ុន សែន បានទម្លាយថា ការរាប់អានជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មិនដែលចំណេញទេ គឺមានតែខាត ដោយលោកបានអះអាងថា បានជួយសង្គ្រោះគ្រួសារលោក ថាក់ស៊ីន ជាច្រើនលើក ទាំងការផ្ដល់គំនិតយោបល់ ការជួយសង្គ្រោះប្អូនស្រីលោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ ដោយផ្ដល់ទីតាំងឱ្យលោកស្រីធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសទី៣ ដើម្បីគេចខ្លួនពីការតាមចាប់របស់ក្រុមយោធា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់តំណែង កាលពីឆ្នាំ២០១៤ ទៀតផង។
ទោះជាបែបនេះក្ដី ការបែកបាក់នៃគ្រួសារមេដឹកនាំប្រទេសទាំងពីរ ហាក់មិនទំនងកើតឡើងដោយសារតែពាក្យសម្ដីរបស់លោកស្រី ផែថងថាន មួយម៉ាត់នោះឡើយ។
ភាពប្រេះស្រាំនេះ អាចកើតចេញពីទំនាស់ផលប្រយោជន៍គ្រួសារ និងនយោបាយ ដែលកើតចេញពីការប៉ះទង្គិចណាមួយ ក្នុងការដឹកនាំរបស់គ្រួសារអ្នកទាំងពីរ។
និស្សិតផ្នែកវិទ្យាសាស្រ្តនយោបាយបញ្ចប់ការសិក្សាពីប្រទេសថៃ លោក ជុំ ឧទិត្យ ប្រាប់ វីអូឌី នៅថ្ងៃទី២៩ ខែមិថុនាថា ដើមហេតុនៃភាពប្រេះឆារបស់គ្រួសារហ៊ុន និងគ្រួសារស៊ីណាវ៉ាត់ កើតចេញពីការមិនទុកមុខឱ្យគ្នា ក្នុងរឿងទំនាស់រឿងព្រំដែន និងការលាតត្រដាងពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅលើទឹកដីកម្ពុជា របស់លោក ថាក់ស៊ីន និងទំនាស់ផលប្រយោជន៍ ពាក់ព័ន្ធនឹងគម្រោងអនុម័តច្បាប់បង្កើតកាស៊ីណូនៅលើទឹកដីថៃ ដោយដណ្ដើមទីផ្សារកម្ពុជា។
លោក ជុំ ឧទិត្យ និយាយថា៖ «បើសិនជាលោកស្រី ផែថងថាន មិនបាននិយាយប៉ះពាល់ដល់លោក ហ៊ុន សែន ទេនោះ តើភាពប្រេះឆានេះ នឹងកើតឡើងអត់? លោក ហ៊ុន សែន បានទម្លាយកិច្ចសន្ទនាជាមួយ លោកស្រី ផែថងថាន គឺក្នុងកាលៈទេសៈដែលអំណោយផលល្អ គឺទទួលបានទាំងការគាំទ្រពីពលរដ្ឋដែលកំពុងផ្ទុះគំនិតជាតិនិយមរឿងព្រំដែនផង និងបំផ្លាញលោក ថាក់ស៊ីន ផង។ ស្ដាប់ការនិយាយរបស់លោក ហ៊ុន សែន មើលទៅមិនមែនហែកកេរ្ដិ៍ ដើម្បីតែកេងចំណេញនយោបាយនោះទេ ប៉ុន្តែគាត់ចង់ផ្ដាច់ផ្ដិលឱ្យគ្រួសារលោក ថាក់ស៊ីន ឱ្យបាត់បង់អំណាច និងជាប់ទោសតាមរយៈការរំលេចនូវសម្ដីរបស់លោកស្រី ផែថងថាន ដែលលោក ហ៊ុន សែន ចោទថា ជាទង្វើក្បត់ជាតិ និងប្រមាថរាជានិយមថៃ»។
ជុំវិញអនុស្សាវរីយ៍នៃទំនាក់ទំនងរវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន បានចាប់ផ្ដើមឡើងដោយវិធីណាមួយនោះ មិនទាន់មានប្រភពណាមួយអាចបញ្ជាក់ឱ្យបានច្បាស់នោះទេ។
កន្លងមក លោក ហ៊ុន សែន បានបង្ហើបថា លោកបានរាប់អានគ្នាជាបងប្អូនធម៌ ជាមួយ លោក ថាក់ស៊ីន តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ដែលកាលនោះ លោក ថាក់ស៊ីន មិនទាន់ក្លាយជានាយករដ្ឋមន្ត្រីថៃ នៅឡើយ ដោយលោក ថាក់ស៊ីន បានមកវិនិយោគនៅកម្ពុជា ខាងផ្នែកបណ្ដាញទូរគមនាគមន៍នៃក្រុមហ៊ុន Shin Corp, Cam Shin, អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ ក្រោមឈ្មោះក្រុមហ៊ុន IBC Cambodia។
យ៉ាងណាក៏ដោយ ទំនាក់ទំនងបងប្អូនធម៌ទាំងពីរ ធ្លាប់បានប្រឈមមុខដាក់គ្នាដំបូង នៅពេលដែល លោក ថាក់ស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយស្ថានទូតថៃប្រចាំនៅកម្ពុជា និងវាយប្រហារអាជីវកម្មថៃ ត្រូវបានអ្នកជាតិនិយមខ្មែរដុតបំផ្លាញចោលកាលពីឆ្នាំ២០០៣។
ដោយសារតែមានការផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ដែលថា តារាថៃឈ្មោះ កុប សុវ៉ាន់ណាន់ខុងយីង ដែលពលរដ្ឋខ្មែរហៅថានាងផ្កាយព្រឹកនោះ បាននិយាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍របស់ថៃ ដោយបានមាក់ងាយពលរដ្ឋខ្មែរ និងថាប្រាសាទអង្គរវត្តគឺជារបស់ថៃ។
ភាពតានតឹងកាលនោះ បានធ្វើឱ្យលោក ថាក់ស៊ីន កាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបិទព្រំដែន និងបញ្ជូននាវាចម្បាំង និងនាវាល្បាត ជាច្រើនគ្រឿង មកឈរជើងគៀកដែនទឹកកម្ពុជា និងបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតាមច្រកព្រំដែន កម្ពុជា-ថៃ អស់រយៈពេលជាច្រើនថ្ងៃ។
ក្នុងវិវាទកុបកម្មដុតស្ថានទូតថៃនេះ រដ្ឋាភិបាលថៃបានទាមទារសំណងការខូតខាតរបស់ក្រុមហ៊ុនថៃ និងអាគារស្ថានទូតថៃ សរុបជាទឹកប្រាក់ប្រហែល ៥៤លានដុល្លារ ប៉ុន្តែកម្ពុជាសងតែជាង ៥លានដុល្លារ ចំពោះស្ថានទូតថៃប៉ុណ្ណោះ។
ការផ្ដល់សំណងមិនគ្រប់បែបនេះ ត្រូវបានកាសែតថៃកាលនោះ ចុះផ្សាយថា គឺដោយសារមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន។
នៅត្រង់ចំណុចនេះហើយ ដែលគេសង្ស័យថា គឺជាការចាប់ផ្តើមទំនាក់ទំនងរវាងលោក ថាក់ស៊ីន និងលោក ហ៊ុន សែន លើសពីអ្នកជិតខាងធម្មតា។
ទោះជាបែបនេះក្ដី និស្ស័យបងប្អូនធម៌របស់លោក ហ៊ុន សែន និងលោក ថាក់ស៊ីន ហាក់ជ្រាលជ្រៅកាន់តែខ្លាំង ក្រោយរដ្ឋាភិបាល លោក ថាក់ស៊ីន ត្រូវរបបយោធាថៃធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០០៦ ហើយត្រូវបានលោក ហ៊ុន សែន ជួយក្នុងពេលនិរទេសខ្លួន និងបានតែងតាំងលោកជាទីប្រឹក្សាផ្ទាល់ខ្លួន និងទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ថែមទៀតផង។
លើសពីនេះ នៅគ្រាដែលលោក ថាក់ស៊ីន កំពុងស្នាក់នៅកម្ពុជា កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលថៃរបស់លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានផ្ញើលិខិតជាផ្លូវការ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើបត្យាប័នបញ្ជូនខ្លួនលោក ថាក់ស៊ីន ទៅឱ្យរដ្ឋាភិបាលក្រុងបាងកកវិញ ទៅតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ប៉ុន្តែត្រូវបានលោក ហ៊ុន សែន ទាត់ចោល នៅចំពោះមុខលោក ថាក់ស៊ីន។
ការលះបង់ដើម្បីការពារបងធម៌របស់ លោក ហ៊ុន សែន នេះ បានធ្វើឱ្យមានភាពតានតឹងរវាងកម្ពុជា និងថៃ រហូតរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានហៅទូតរបស់ខ្លួនចេញពីរាជធានីរបស់គ្នាទៅវិញទៅមក។
ក្រៅតែពីជួយរំដោះគ្រោះឱ្យបងធម៌ហើយនោះ លោក ហ៊ុន សែន ថែមទាំងបានជួយអតីតនាយករដ្ឋមន្ត្រីថៃ នៃត្រកូល ស៊ីណាវ៉ាត់ មួយរូបទៀតនោះ គឺលោកស្រី យីងឡាក់ ដែលត្រូវជាប្អូនស្រីរបស់លោក ថាក់ស៊ីន នៅពេលលោកស្រីត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង កាលពីឆ្នាំ២០១៤។
ដោយសារគុណស្រ័យមកលើបងប្អូនលោក ថាក់ស៊ីន ទាំងពីររូបនេះហើយ ទើបលោក ហ៊ុន សែន បានហៅលោកស្រី ផែថងថាន ថាជាមេដឹកនាំរមិលគុណ។
យ៉ាងណាក៏ដោយចុះ ភាពផ្អែមល្ហែមនៃគ្រួសារមេដឹកនាំត្រកូលហ៊ុន និងត្រកូល ស៊ីណាវ៉ាត់ ត្រូវបានគេសង្កេតឃើញថា នៅមិនទាន់ដាច់ឆ្ងាយពីគ្នានោះទេ ក្រោយការវិលត្រឡប់មកកាន់ទឹកដីថៃ របស់លោក ថាក់ស៊ីន កាលពីឆ្នាំ២០២៣ និងការឡើងកាន់តំណែងរបស់លោកស្រី ផែថងថាន នៅមួយឆ្នាំបន្ទាប់។
គ្រាន់តែបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃភ្លាម លោកស្រី ផែថងថាន បានធ្វើរឿងផ្គាប់ចិត្ត លោក ហ៊ុន សែន ភ្លាម មានដូចជា ការគំរាមកំហែងធ្វើទុក្ខបុកម្នេញ និងចាប់បញ្ជូនខ្លួនសកម្មជនបក្សប្រឆាំងរបស់កម្ពុជា ដែលកំពុងរស់នៅក្នុងទឹកដីថៃ ត្រឡប់ទៅកម្ពុជា ដែលធ្វើឱ្យពួកគេត្រូវអាជ្ញាធរកម្ពុជា កាត់ទោស និងឃុំខ្លួនដោយអយុត្តិធម៌។
ក្នុងនោះ ករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃ៧ ខែមករានោះ ត្រូវបានគេមើលឃើញថា គឺជាការធ្វើសម្បទាននយោបាយរវាងមេដឹកនាំថៃ និងមេដឹកនាំកម្ពុជា។
ករណីឃាតកម្មឆ្លងដែននេះ ត្រូវបានអាជ្ញាធរថៃ បើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង និងអ្នកដឹកជញ្ជូនឃាតករ ដែលជាជនជាតិថៃ និងការកំណត់ពីអត្តសញ្ញាណអ្នកបញ្ជាម្នាក់ និងអ្នករួមគំ និតម្នាក់ ដែលពួកគេជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែ នៅទីបញ្ចប់ អាជ្ញាធរថៃបានផ្អិបទុកសំណុំរឿងក្ដីនេះ រហូតមកដល់សព្វថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា មិនបញ្ជូនជនសង្ស័យទៅឱ្យអាជ្ញាធរថៃ។
យ៉ាងណាមិញ ការសម្បទាននយោបាយរវាងគ្រួសារមេដឹកនាំប្រទេសទាំងពីរនេះ បានចាប់ផ្ដើមចង្អៀតជាងមុន បន្ទាប់ពីលោក ថាក់ស៊ីន កាលពីចុងឆ្នាំ២០២៤ បានទម្លាយថា មានក្រុមឆបោកតាមអនឡាញ (Call Center) ស្ថិតនៅអគារ២៥ជាន់ ក្នុងក្រុងប៉ោយប៉ែត គឺជាទីតាំងឆបោកតាមអ៊ីនធឺណិតខុសច្បាប់ និងបានឆបោកពលរដ្ឋថៃ អស់ជាច្រើននាក់។
លោក ថាក់ស៊ីន បានបញ្ជាក់ថា លោកបានរាយការណ៍ពីទីតាំងអាគារឆបោកនេះ ទៅកាន់រដ្ឋាភិបាលកម្ពុជាហើយ។ ប៉ុន្តែប្រសិនបើកម្ពុជា មិនអាចបង្ក្រាបបាននោះទេ នោះលោកនឹងដាក់សំណើ ដើម្បីបញ្ជូនកម្លាំងសមត្ថកិច្ចថៃឱ្យទៅចាត់វិធានការដោយខ្លួនឯង។
ការលើកឡើងរបស់លោក ថាក់ស៊ីន នេះហាក់ជាការទុកមុខផង និងហែកកេរ្តិ៍មេដឹកនាំកម្ពុជាផង។ ត្រង់ចំណុចដែលថា ទុកមុខរាប់គ្នានោះ គឺលោក ថាក់ស៊ីន បានព្យាយាមមិនបញ្ចេញឈ្មោះម្ចាស់អាគារឆបោក២៥ជាន់ នៅក្រុងប៉ោយប៉ែត នោះគឺស្ថិតក្នុងទីតាំងកាស៊ីណូក្រោន របស់លោក កុក អាន ដែលជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកជំនួញស្និទ្ធនឹងលោក ហ៊ុន សែន នោះឡើយ។
រីឯចំណុចដែលថា ហែកកេរ្តិ៍វិញ គឺនៅត្រង់ការទម្លាយរបស់លោក ថាក់ស៊ីន គឺចំពេលដែលកម្ពុជា ត្រូវបានអន្តរជាតិរកឃើញថា ជាទីតាំងប្រតិបត្តិការឆបោកតាមអនឡាញ និងចាប់ជំរិតដ៏ធំ ដែលមានជាប់ព័ន្ធនឹងមន្ត្រីថ្នាក់ដឹកនាំរដ្ឋ។
ក្រោយពីលោក ថាក់ស៊ីន បានប្រាប់ពីតម្រុយទីតាំងឆបោកហើយនោះ រដ្ឋាភិបាលរបស់កូនស្រីលោក បានបើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញយ៉ាងចាស់ដៃ ទាំងនៅព្រំដែនប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដោយការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត រឹតបន្តឹងច្រកព្រំដែន ការលើកឡើងពីគម្រោងសាងសង់ជញ្ជាំងរបងនៅតាមព្រំដែនកម្ពុជា និងគម្រោងអនុម័តច្បាប់បង្កើតកាស៊ីណូនៅលើទឹកដីថៃ ដើម្បីកុំឱ្យពលរដ្ឋថៃ ឆ្លងដែនទៅលេងកាស៊ីណូ នៅក្នុងទឹកដីកម្ពុជា។
ដោយឡែកចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត វិញ មិនបានប្រតិកម្មចំពោះរដ្ឋាភិបាលលោកស្រី ផែថងថាន នោះទេ ក៏ប៉ុន្តែគម្រោងអនុម័តច្បាប់បង្កើតកាស៊ីណូនៅលើទឹកដីថៃនេះ ទំនងធ្វើឱ្យប៉ះពាល់ដល់ឆ្នាំបាយរបស់បក្សកាន់អំណាចនៅកម្ពុជា ដែលគេមើលឃើញថា ជាអ្នកទទួលផល និងរកស៊ីក្នុងសាជីវកម្មមួយនេះ។
ស្នាមប្រេះស្រាំធំមួយទៀត ដែលទំនងធ្វើឱ្យលោក ហ៊ុន សែន និងលោក ថាក់ស៊ីន រឹតតែជិតអស់និស្ស័យជាបងប្អូនធម៌នឹងគ្នានោះ គឺរឿងវិវាទព្រំដែនសមុទ្រ នៅតំបន់ត្រួតស៊ីគ្នា រួមទាំងកោះគុត និងវិវាទព្រំដែនគោកនៅប្រាសាទតាមាន់ធំ និងតំបន់មុំបី។
ក្នុងវិវាទនេះ ដំបូងឡើយមេដឹកនាំកម្ពុជា ហាក់នៅបន្តធ្វើសម្បទាននយោបាយ ឱ្យគ្រួសារមេដឹកនាំថៃនៅឡើយ ដោយលោក ហ៊ុន សែន បានទាញយកបញ្ហានេះ មកដាក់បន្ទុកទៅអ្នកជាតិនិយមខ្មែរ និងថៃ ដោយចោទប្រកាន់ពួកគេថា ជាអ្នកញុះញង់ឱ្យមានសង្គ្រាមកើតឡើងដើម្បីកេងចំនេញនយោបាយ។
ទោះយ៉ាងណា ខុសពីលោក ហ៊ុន សែន លោកស្រី ផែថងថាន និងឪពុក បានអះអាងទៅកាន់អ្នកជាតិនិយមថៃថា កោះគុត និងប្រាសាទតាមាន់ធំ គឺជាកម្មសិទ្ធិរបស់ថៃផ្ដាច់មុខ និងចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន ដែលបានអះអាងការពារតំបន់ជម្លោះនេះ ថាជាព័ត៌មានក្លែងក្លាយ។
ជុំវិញរឿងនេះ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ប្រសិនបើលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ពិតជាបែកបាក់គ្នាមែននោះ គឺជារឿងល្អសម្រាប់កម្ពុជា ក្នុងការដោះស្រាយវិវាទរឿងព្រំដែន និងបញ្ឈប់ការធ្វើនយោបាយសម្បទានឱ្យគ្នា ក្នុងចេតនាបំផ្លាញសំឡេងអ្នកប្រឆាំង ដែលរស់នៅលើទឹកដីថៃ។
លោក អ៊ុំ សំអាន ថ្លែងថា៖ «ល្អយ៉ាងម៉េច? គឺប្រាកដជាត្រកូលថាក់ស៊ីន ឈប់សហការជាមួយត្រកូលហ៊ុនហ្នឹង ដើម្បីបង្ក្រាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជានៅប្រទេសថៃហើយ។ ហើយមួយទៀតនៅពេលដែលត្រកូលហ៊ុន និងត្រកូលថាក់ស៊ីន អត់ត្រូវគ្នាចឹង លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អាចខឹងថៃ ប្ដឹងករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ»។
តែយ៉ាងណានោះ គេនៅមិនទាន់ដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អាចមានវាសនាល្អជាងឪពុក និងម្ដាយមីងរបស់លោកស្រី ដែលត្រូវក្រុមយោធាធ្វើរដ្ឋប្រហារ ក្រោយការធ្វើបាតុកម្មរបស់ក្រុមអ្នកជាតិនិយមថៃ ឬយ៉ាងណានោះទេ ខណៈពេលនេះ លោកស្រីត្រូវបានក្រុមអ្នកជាតិនិយមអាវលឿងធ្វើបាតុកម្មបណ្ដេញលោកស្រីចេញពីតំណែងទៅហើយ បន្ទាប់ពីលោក ហ៊ុន សែន បានធ្វើឱ្យបែកធ្លាយសំឡេងកិច្ចសន្ទនារបស់លោកស្រី ជាមួយលោក ហ៊ុន សែន រឿងការចរចាបើកច្រកទ្វារព្រំដែនឡើងវិញ។
ចំណែក លោក ហ៊ុន សែន មកដល់ដំណាក់កាលនេះ លោកហាក់មិនព្រមលែងត្រកូលស៊ីណាវ៉ាត់ ដោយងាយស្រួលឡើយ ដោយអ្នកនយោបាយជើងចាស់រូបនេះ បានគំរាមថានឹងធ្វើជាសាក្សីឱ្យភាគីថៃ ទាក់ទិននឹងការក្លែងធ្វើពុតជាឈឺ របស់លោក ថាក់ស៊ីន ព្រមទាំងការនិយាយប៉ះពាល់ដល់របបរាជានិយម។
ងាកមកខាង លោក ហ៊ុន សែន វិញ បន្ទាប់ពីធ្វើស៊ីបងធម៌ និងក្មួយស្រីត្រកូលស៊ីណាវ៉ាត់ ហើយនោះ លោកបានបែរទិសដៅទប់ស្កាត់ប្រឆាំងជ្រុលនិយមខ្មែរវិញម្ដង។
ដោយឡែក ចំពោះ លោក ថាក់ស៊ីន វិញ បន្ទាប់ពីត្រូវប្អូនធម៌ហែកកេរ្តិ៍សុះសាច់ហើយនោះ លោកបាននិយាយយ៉ាងខ្លីថា ទំនាក់ទំនងលោកជាមួយលោក ហ៊ុន សែន លែងដូចមុនហើយ។
ទោះជាយ៉ាងនេះក្ដី គេកំពុងរង់ចាំមើលថា ប្រសិនបើលោកស្រី ផែថងថាន ពិតជាអស់អំណាចដោយសារលោក ហ៊ុន សែន មែននោះ តើលោកស្រីនឹងសងសឹកវិញ ដោយទម្លាយរឿងឧក្រិដ្ឋកម្មឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅកណ្ដាលទីក្រុងបាងកក និងរឿងផ្ទៃក្នុងផ្សេងទៀត ដែរឬយ៉ាងណា៕









