មួយថ្ងៃបន្ទាប់ពីបានស្នើឱ្យមានការសិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិពលរដ្ឋខ្មែរដែល «គប់គិតជាមួយបរទេសបំផ្លាញខ្មែរ» លោក ហ៊ុន សែន បានប្រកាសពីការបន្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយខ្មែរ ខណៈដែលលោកហាក់មិនអើពើចំពោះការជំរុញឱ្យដោះលែងអ្នកទោសនយោបាយ ហើយគណបក្សប្រជាជនកម្ពុជានៅតែបន្តយុទ្ធសាស្ត្រងើបមួយវ៉ៃមួយ។
អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលសង្គម គាំទ្រឱ្យអ្នកនយោបាយខ្មែរ បន្តវប្បធម៌សន្ទនា ប៉ុន្តែបានជំទាស់ការស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិពីពលរដ្ឋខ្មែរ។
ផ្តើមចេញពីបញ្ហានេះ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សដែលកាន់អំណាចជាង៤ទសវត្សរ៍មកនេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស លើកកម្ពស់មនសិកាស្នេហាជាតិ និងការពង្រឹងពង្រីកទំនាក់ទំនងក្រៅប្រទេស ដើម្បីធានាការដាក់ចេញនូវកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានាលើរាល់បញ្ហាឱ្យបានត្រឹមត្រូវ។
លោកថា៖ «សាមគ្គីភាពជាតិជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាពទើបជាតិរស់ បើបែកបាក់សាមគ្គីជាតិនឹងត្រូវស្លាប់។ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់គ្រប់គ្រាន់ហើយនូវហេតុផលនេះ។ គណបក្សប្រជាជនកម្ពុជា ដែលបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិនៅគ្រប់ដំណាក់កាល និងបន្តអនុវត្តកាតព្វកិច្ចនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តវប្បធម៌សន្ទនាប្រកបដោយភាពប្រាកដជាក់ស្តែង ជាមួយបណ្តាគណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គមដើម្បីបង្កើតភាពសុខដុម ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ»។
លោក ហ៊ុន សែន ដែលត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ចាត់ទុកថា ជាមេដឹកនាំដែលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការប្រើប្រព័ន្ធតុលាការឱ្យរំលាយគណបក្សសង្គ្រោះជាតិ បានលើកឡើងទៀតថា លទ្ធិប្រជាធិបតេយ្យដែលគោរពដល់ភាពចម្រុះនៃទស្សននិមតិ បានផ្តល់មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសង្គម និងនយោបាយ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងការផ្សះផ្សាជាតិ។ ក្នុងទិសដៅនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន២៨ ដោយគោរពឯករាជ្យ និងស្វយភាពរបស់គណបក្សនីមួយៗ ស្មើភាព ស្មើសិទ្ធិ ដើម្បីប្រមូលកម្លាំងស្នេហាជាតិថែរក្សាសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍ។
ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលើកបន្តុបដោយវៀតណាមរូបនេះ បានលើកឡើងទៀតថា សុខសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯករាជភាព និងឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេសវិសាលដែលកម្ពុជាសម្រេចបានយ៉ាងលំបាក តាមរយៈនយោបាយឈ្នះឈ្នះ ដោយឆ្លងកាត់ការតស៊ូការអត់ធ្មត់ និងការទប់ទល់នឹងកក្តាអវិជ្ជមានច្រើនណាស់។
ប៉ុន្តែលោកថា សន្តិភាពនៅមានការគំរាមកំហែងនៅឡើយ ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ពោរពេញដោយកំហឹង ការភ័ន្តច្រឡំ និងភាពសម្អប់ សំដៅទៅផ្តួលរំលំរាជរដ្ឋាភិបាល តាមមធ្យោបាយហិង្សាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោក ហ៊ុន សែន មិនភ្លេចក្នុងការព្រមានអ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង ដែលមានមតិមិនស្របនឹងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាឡើយ ដោយថ្លែងថា នឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។
ប៉ុន្តែយ៉ាងណាក្តី លោក ហ៊ុន សែន និងរដ្ឋាភិបាលគ្រួសារហ៊ុនត្រូវបានគណបក្សប្រឆាំង និងសហគមន៍អន្តរជាតិ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិផងដែរ ថ្កោលទោសយ៉ាងខ្លាំងថា បានសម្លាប់ប្រជាធិបតេយ្យ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ចាប់តាំងពី លោក ហ៊ុន សែន បានប្រើតុលាការដែលជាឧបករណ៍នយោបាយរបស់ខ្លួន ឱ្យរំលាយគណបក្សសង្រ្គោះជាតិ និងចាប់ឃុំខ្លួនប្រធានគណបក្សនេះ គឺលោក កឹម សុខា ដែលជាគូប្រជែងនយោបាយយ៉ាងស្រួចស្រាវរបស់ខ្លួនកាលពីចុងឆ្នាំ២០១៧ ធ្វើឱ្យសហរដ្ឋអាមេរិកផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធGSP និងសហភាពអឺរ៉ុបកាត់EBA២០ភាគរយ កាលពីឆ្នាំ២០២០។
រហូតមកដល់ពេលនេះ មានអ្នកនយោបាយ និងសកម្មជនសង្គមចំនួន៦៧នាក់ កំពុងជាប់ឃុំនៅឡើយទាក់ទងនឹងបទចោទពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា វប្បធម៌សន្ទនាត្រូវតែចាប់ផ្តើមឡើងពីការដោះលែងអ្នកទោសនយោបាយទាំងអស់។
នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានអំពាវនាវដល់ប្រជាជាតិខ្មែរទាំងអស់ ឱ្យឈប់និយាយពីរឿងបក្ស តែត្រូវនិយាយពីរឿងជាតិ ដើម្បីរួមកម្លាំងគ្នាទប់ទល់ទៅនឹងការឈ្លានពានរបស់ថៃ។
លោកថា៖ «អត់មាននិយាយរឿងគណបក្សទេ ឥឡូវនេះ គឺត្រូវនិយាយរឿងជាតិ សូមដោះអាវបក្សពាក់អាវជាតិ។ នេះយើងសំដៅទៅខ្មែរទាំងអស់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកស្នេហាជាតិដែរ ក៏មានអ្នកឈឺចាប់ដែរ ក៏មានអ្នកព្រួយបារម្ភពីវាសនាប្រទេសជាតិដែរ គ្រាន់តែគេមិនហ៊ាននិយាយ។ ដូច្នេះអ្នកឈឺចាប់ច្រើនណាស់ អ៊ីចឹងហើយបានរួបរួមគ្នាកុំនិយាយពីរឿងបក្ស និយាយពីរឿងជាតិ ធ្វើឱ្យយើងអាចរួបរួមគ្នាគ្រប់គណបក្សទាំងអស់អាចរួបរួមគ្នា»។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានគាំទ្រឱ្យមានការបន្តវប្បធម៌សន្ទនាដោយលោកយល់ថា វប្បធម៌សន្ទនា គឺជារឿងចាំបាច់ និងល្អបំផុត សម្រាប់សង្គមប្រជាធិបតេយ្យ។
លោកថា៖ «ពីព្រោះវប្បធម៌សន្ទនានេះ យើងអាចឈានទៅរកឯកភាពជាតិ ការរួបរួមផ្ទៃក្នុងជាតិរបស់យើង ធ្វើឱ្យជាតិយើងរឹងមាំ វាជារឿងត្រឹមត្រូវ ព្រោះក្នុងកាលៈទេសៈណាក៏ដោយ ការឯកភាពជាតិ គឺជារឿងចាំបាច់។ ប្រទេសមួយកាលណាមិនមានឯកភាពជាតិទេ វាហាក់ដូចអត់មានខែលសម្រាប់បាំងសម្រាប់ការពារខ្លួនអ៊ីចឹង តែងតែមានការជ្រៀងជ្រកពីអ្នកជិតខាងឬក៏អ្នកដទៃហើយ»។
យ៉ាងណាក្តី នៅក្នុងដំណើរទៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា លោក ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បើកការសិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យដកសញ្ជាតិពលរដ្ឋខ្មែរណាដែលលោកថា «គប់គិតជាមួយបរទេសបំផ្លាញខ្មែរ»។
លោកថ្លែងថា៖ «កម្ពុជាមិនអាចត្រូវបានជ្រៀតជ្រែកដោយការប្រើប្រាស់របស់បរទេស ទៅលើជនជាតិខ្មែរណាម្នាក់ ដើម្បីផលប្រយោជន៍របស់ខ្លួនបានទេ»។
អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលសង្គម បានជំទាស់ទៅនឹងគំនិតចង់ដកសញ្ជាតិពីពលរដ្ឋខ្មែររបស់លោក ហ៊ុន សែន នេះថាជារឿងមិនសមរម្យ និងមិនមានប្រទេសណាធ្វើដូច្នេះឡើយ។
លោកបណ្ឌិត មាស នី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកមិនគាំទ្រឲ្យមានការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរឡើយ ដោយលោកថ្លែងថា កម្ពុជាមានច្បាប់ផ្សេងទៀតគ្រប់គ្រាន់ សម្រាប់ដាក់ទោសទណ្ឌលើបុគ្គលដែលគប់គិតជាមួយបរទេសរួចហើយ តែប្រសិនបើមានពេលគួរពិនិត្យទៅលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់សម្រាប់ចូលសញ្ជាតិ ដែលអាចនៅមានចន្លោះប្រហោងច្រើន។
ចំណែក លោក សេង វណ្ណលី អ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ និងជានាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរ(KDO) បានហៅក្រុមមន្ត្រីដែលគាំទ្រ លោក ហ៊ុន សែន ឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិពីពលរដ្ឋខ្មែរថា ជាពួកតែៗស្ករៗ ល្ងង់ និងមិនយល់ច្បាស់ពីច្បាប់ស្តីពី «សញ្ជាតិ» ចូលចិត្តជ្រោមជ្រែងនិងគាំទ្រតែគំនិតបំផ្លាញជាតិខ្លួនឯង។
លោកបានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា «នៅខាងក្នុងគំរាម សម្លុត ចាប់ដាក់គុក សម្លាប់ រត់ទៅក្រៅស្រុក នៅតាមគំរាម កម្ចាត់ សម្លាប់ និងចង់ដកសញ្ជាតិគ្នាទៀត។ យកផ្នែកណានៃរាងកាយគិត?»។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានជំទាស់ផងដែរ ដោយថ្លែងថា វាមិនចាំបាច់ឡើយ ព្រោះទោសក្បត់ជាតិត្រូវបានកំណត់រួចហើយក្នុងក្រមព្រហ្មទណ្ឌ។
លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ការដកហូតសញ្ជាតិខ្មែរពីកំណើត មិនគួរធ្វើទេ បើបុគ្គលណាក្បត់ជាតិ ទុកឱ្យពលរដ្ឋថ្កោលទោស និងប្រវត្តិសាស្ត្រកត់ត្រាចុះ»។
ដូចគ្នានេះដែរ លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញការព្រួយបារម្ភជុំវិញបញ្ហានីតិរដ្ឋដែលមានភាពផុយស្រួយនៅកម្ពុជា ជាពិសេសទាក់ទងនឹងតួនាទីរបស់អាជ្ញាធរតុលាការ។
លោកត្រូវបានសារព័ត៌មានខេមបូចាស្រង់សម្តីថា សំណើវិសោធនកម្ម ដើម្បីដកសញ្ជាតិខ្មែរ ពីអ្នកដែលគប់គិតជាមួយកម្លាំងបរទេសអាចនឹង «កំណត់គោលដៅលើក្រុមប្រឆាំង»។
លោកបន្ថែមថា៖ «យើងបារម្ភណាស់ ប្រសិនបើមានច្បាប់ហ្នឹង វាអាចធ្វើឱ្យមានការរងគ្រោះដល់ក្រុមអ្នកដែលទន់ខ្សោយ ព្រោះប្រព័ន្ធយុត្តិធម៌យើងនៅមិនទាន់មានភាពរឹងមាំ ស្របទៅតាមគោលការណ៍នីតិរដ្ឋនៅឡើយ»។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា វាជារឿងមិនត្រឹមត្រូវ ពីព្រោះមនុស្សដែលកើតមកពីឪពុកម្តាយដែលមានកំណើតជាខ្មែរទៅដកសញ្ជាតិខ្មែរ ថាតើឱ្យគ្នាទៅយកសញ្ជាតិអ្វី ខណៈបទល្មើសផ្សេងៗកម្ពុជាមានច្បាប់គ្រប់គ្រាន់ហើយ។
លោកមិនដែលឃើញប្រទេសណាគេដកសញ្ជាតិពីជនជាតិខ្លួនឯងឡើយ។ ប៉ុន្តែលោកថា គេអាចដកសញ្ជាតិពីជនជាតិផ្សេង ដែលមកសុំសញ្ជាតិខ្មែរនៅពេលជននោះប្រព្រឹត្តបទល្មើស។
សូមបញ្ជាក់ថា លោក ហ៊ុន សែន តែងតែចោទក្រុមគណបក្សប្រឆាំងរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា ថាជាក្រុមជ្រុលនិយមក្បត់ជាតិ គប់គិតជាមួយបរទេស។
ប៉ុន្តែលោក សម រង្ស៊ី និងសកម្មជនរបស់លោក តែងតែចោទត្រឡប់មកវិញថា គឺលោក ហ៊ុន សែន ដែលត្រូវបានលើកបន្តុបដោយវៀតណាម ឱ្យដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះទៅវិញទេ ដែលជាជនក្បត់ជាតិពិតប្រាកដ។
ក្នុងន័យនេះ លោកថា ពីព្រោះក្រោមការដឹកនាំរបស់ខ្លួន បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងកោះត្រល់រួមទាំងចង្កោមកោះក្រចកសេះ ព្រមទាំងផ្ទៃសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រទៅវៀតណាម និងក៏បានធ្វើឱ្យបាត់បង់ទឹកដីនិងកោះគជ់ ព្រមទាំងដែនសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រទៅថៃផងដែរ ដូច្នេះបើសិនមានច្បាប់ដកសញ្ជាតិខ្មែរ ដោយសារតែអំពើក្បត់ជាតិ បម្រើបរទេស គឺមេបក្សប្រជាជននៃគ្រួសារហ៊ុននេះឯង ដែលត្រូវដកមុនគេ៕