ប្រធានក្រុមហ៊ុនពិភពដីមាស អតីតឧកញ៉ា ហ៊ី គឹមហុង ដែលរងការចោទពីបទឆបោក បានទម្លាយរូបថតស្និទ្ធនឹងអ្នកមានអំណាចថ្មីទៀត នាប៉ុន្មានថ្ងៃទៅនេះ ខណៈប្រព័ន្ធតុលាការកប់ចោលយុត្តិធម៌ជនរងគ្រោះ ៨ពាន់គ្រួសារ ជាង២ឆ្នាំទៅនេះ ទុកឱ្យពួកគេរស់ក្រោមសម្ពាធបំណុលធ្ងន់ធ្ងរ។
ការណ៍នេះ ពួកគេទាមទារឱ្យមេដឹកនាំកម្ពុជា ពន្លឿនយន្តការដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ កុំឱ្យរងការចោទថា រដ្ឋាភិបាលនិងក្រុមឧក្រិដ្ឋឆបោក ជាក្រុមតែមួយ។
ជនរងគ្រោះម្នាក់ លោក ញឹម បឿន ប្រាប់ VOD នៅថ្ងៃទី១ ខែកក្កដានេះថា តាមរយៈរូបភាពបង្ហាញភាពស្និទ្ធស្នាល រវាងលោក ហ៊ី គឹមហុង និងថ្នាក់ដឹកនាំនេះ គាត់មានក្ដីបារម្ភជាខ្លាំង ចំពោះរឿងក្ដីរបស់ពួកគាត់ ដែលថា អាចនឹងត្រូវតុលាការកប់ចោលជារៀងរហូត ខណៈការតវ៉ាបានអូសបន្លាយជាង២ឆ្នាំហើយ តែមិនទាន់ទទួលបានយុត្តិធម៌។
លោកបន្តថា បច្ចុប្បន្ន លោកកំពុងធ្លាក់ខ្លួនមានជំងឺគ្មានប្រាក់ព្យាបាល ហើយកូនៗត្រូវបង្ខំចិត្តឈប់រៀន ជួយធ្វើការ ដើម្បីរកប្រាក់សងបំណុល និងផ្គត់ផ្គង់គ្រួសារ។
លោកថា៖ «ប្ដឹងគេដែរ តែអត់ទាន់ដោះស្រាយឱ្យ ២ឆ្នាំជាងហើយ ខ្ញុំទើបងើបពីឈឺដែរមិនទាន់ជាស្រួលបួលផង កូនអត់បានរៀនឈប់រៀនទាំងអស់មកជួយរកលុយឪពុក ឪពុកក៏ឈឺនៅវេទនានៅផ្ទះហ្នឹងវេទនាជំពាក់លុយរាប់ពាន់ ពេលឈឺអត់លុយអង្គការ អត់មានអីបង់ពិបាកណាស់យើងឈឺរហូតចឹង»។
បន្ថែមពីនេះ លោកស្នើឱ្យថ្នាក់ដឹកនាំកំពូល ចាត់វិធានការលើអតីតឧកញ៉ា ហ៊ី គឹមហុង ឱ្យបានឆាប់បំផុត ដើម្បីផ្ដល់សំណងជូនពួកគាត់ជាជនរងគ្រោះវិញជាង ៨ពាន់គ្រួសារ ។
សម្រាប់ ជនរងគ្រោះម្នាក់ទៀត អ្នកស្រី នូច មុំ បានជំរុញដល់រដ្ឋាភិបាលពន្លឿននីតិវិធី ដោយផ្ដន្ទាទោសលើ លោក ហ៊ី គឹមហុង ទៅតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនពួកគាត់ដែលជាជនរងគ្រោះដែលជាប់គាំងច្រើនឆ្នាំមកនេះ។
អ្នកស្រីបន្តថា គាត់បានចាញ់បោកក្រុមហ៊ុនពិភពដីមាស របស់ លោក ហ៊ី គឹមហុង ជិត២ម៉ឺនដុល្លារ ខណៈបច្ចុប្បន្នកំពុងរួមរិតដោយវិបត្តិបំណុលវណ្ឌក។
អ្នកស្រីថា៖ «ចង់ឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឲ្យផង ចាប់លោក ហ៊ី គឹមហុង យកមកដោះស្រាយសងលុយឲ្យប្រជាពលរដ្ឋវិញ ជនរងគ្រោះទាំងអស់ឲ្យរួចទុក្ខទោសដោះស្រាយឲ្យឆាប់ៗ បានលុយយកមកឲ្យខាងធនាគារគេវិញ គេមកទារវេទនាចង់ដាច់ខ្យល់ អត់អីហូបអង្ករក៏ទិញគេដែរ លូវធ្វើស្រែបានមកបានតិចតួចមកអស់»។
ជាមួយគ្នានេះ លោក សេង ហាន់ ជាជនរងគ្រោះម្នាក់ផងនោះ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកក្នុងសម្ដីដើមថា លោក ហ៊ី គឹមហុង និងបក្ខពួក បានបោកប្រាស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះជាប់បំណុលវ័ណ្ឌកគ្រប់គ្នា។
លោកថា បញ្ហានេះ បង្កឱ្យមានអ្នកស្លាប់ជិត៣០នាក់ហើយ តែបុគ្គលឈ្មោះ ហ៊ី គឹមហុង នៅដើរថតរូបជាមួយមេដឹកនាំ ពាក់អាវធំ ញញឹមឡើងស្រស់បំព្រង ធ្វើដូចអត់មានរឿងអីកើតឡើង។ លោកបញ្ជាក់ថា ពួកគេស្ទើរដាច់បាយក្រហាយទឹក បំណុលវ័ណ្ឌក ខ្លះចងក ខ្លះឈឺមិនមានលុយមើលខ្លួនក៍មានអ្នកស្លាប់បន្ថែមទៀតបណ្តើរៗហើយដែរ។
ការបង្ហោះរូបភាពស្និទ្ធស្នាល រវាងលោក ហ៊ី គឹមហុង និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នេះ ត្រូវជនរងគ្រោះអះអាងថា បានធ្វើឡើងថ្មីៗនេះ ក្នុងឱកាសអបអរទិវាជាតិសហគ្រាសមីក្រូធុនតូច និងមធ្យម” កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា លោកមិនដឹងថារូបភាពនេះ ជារូបភាពចាស់ដែលត្រូវគេបង្ហោះឡើងវិញ ឬយ៉ាងណានោះទេ។ ប៉ុន្តែថា ប្រសិនបើរូបនេះ ជារូបភាពថ្មី វានឹងធ្វើឱ្យជនរងគ្រោះ ពីអំពើឆបោក មានការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល។ ខកចិត្តនៅត្រង់ថា ខណៈដែលតុលាការមិនទាន់ផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ តែមេឆបោកបែរជាបង្ហាញភាពស្និទ្ធជាមួយមេដឹកនាំ។
ការណ៍នេះ លោកថា វានឹងធ្វើឱ្យជនរងគ្រោះខកចិត្តខ្លាំង និងអស់ជំនឿលើរដ្ឋាភិបាល លើយន្តការ ការពារយុត្តិធម៌ និងការពារផលប្រយោជន៍ពួកគេ។
សម្រាប់ លោក អ៊ូ ច័ន្ធរ័ត្ន បញ្ហានេះ រដ្ឋាភិបាលត្រូវតែលាងជម្រះធ្វើយ៉ាងណាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលកំពុងរស់នៅវេទនាក្រោមសម្ពាធបំណុល នោះទើបអាចធ្វើឱ្យជនរងគ្រោះ មានជំនឿលើរដ្ឋាភិបាល។
លោកថា៖ «ខ្ញុំគិតថា បើសិនជានៅបន្តបែបនេះ ជនរងគ្រោះមានតែពិបាកវេទនាហើយនឹងរងគ្រោះបន្តទៀត បើសិនជាការនេះជាការពិតណាស់ ប៉ុន្តែខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលលោកគួរតែលាងខ្លួនឲ្យច្បាស់កុំឲ្យពាក់ព័ន្ធជាមួយជនឆបោក បញ្ជាក់ឲ្យច្បាស់ទៅ កុំឱ្យយករូបភាពថ្នាក់ដឹកនាំហ្នឹង ជាយ័ន្តខ្មែរយើងតែងតែយល់ថានឹងជាយ័ន្តការពារសម្រាប់ពួកគាត់ ឲ្យតែមានរូបភាពជាមួយថ្នាក់ដឹកនាំហ្នឹង យកមកបង្ហោះយកមកព្យួរនៅតាមកន្លែងរកស៊ីជាដើមជាទម្លាប់ បើដូច្នេះខ្ញុំគិតថា រាជរដ្ឋាភិបាលឬថ្នាក់ដឹកនាំកាន់អំណាចគួរតែបញ្ជាក់ឲ្យច្បាស់ ក្នុងជំហររបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋមានក្ដីសង្ឃឹម បើមិនអ៊ីចឹងទេ គឺជាការខកចិត្តណាស់»។
យ៉ាងណា វិបត្តិជនរងគ្រោះនេះអូសបន្លាយច្រើនឆ្នាំនេះ ត្រូវបានគេមើលឃើញថា កើតចេញពីការដែលរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលនឹងមិនសម្លាប់មេមាន់ទេ ដើម្បីទុកយកពងចែកជូនដល់ប្រជាពលរដ្ឋ។
លោកថា៖ «រដ្ឋាភិបាលពិតណាស់មិនងាកចាប់ៗនោះទេ! យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ យើងត្រូវធ្វើម៉េចឲ្យមេមាន់នៅរស់ ដើម្បីយកទៅនាំឲ្យបងប្អូនប្រជាពលរដ្ឋ នេះជាគោលដៅធំ»។
ការលើកឡើងរបស់មេដឹកនាំកម្ពុជា នាអាណត្តិថ្មីនេះ ក្រោយពីផ្ទុះរឿងក្រុមឧក្រិដ្ឋជនរកស៊ីខាងវិស័យអចនទ្រព្យ បោកពលរដ្ឋជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមេឧក្រិដ្ឋជនត្រូវបានគេស្គាល់ថាជាអ្នកមានទំនាក់ទំនងស្និទ្ធនឹងអ្នកមានអំណាចកំពូលនៅកម្ពុជា។
យ៉ាងណាសម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន វិញ អះអាងថា លោកមិនគាំទ្រសារនយោបាយនេះទេ ដោយថា ជាការសង្កេតរបស់លោក ក្រុមឧកញ៉ាខិលខូចទាំងនោះ មិនមែនជាមេមាន់បង្កើតពង សម្រាប់ពលរដ្ឋទេ តែជាមេមាន់ បំផ្លាញសេចក្តីសុខពលរដ្ឋ ដែលលោកនិយាយថា ជាមេមាន់ បំផ្លាញដំណាំអ្នកភូមិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ សុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយបង្វែរឱ្យសួរអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ដែល VOD ក៏មិនអាចទាក់ទងបាន។
លោកថា៖ «ខ្ញុំសុំអធ្យាស្រ័យមិនអាចឆ្លើយបាន សូមទាក់ទងទៅខាងតុលាការ»។
ដោយឡែក នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា បច្ចុប្បន្ន អ្នកដែលបានអះអាងថា បានចាញ់បោកក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង នៅបន្តតវ៉ា ដើម្បីទាមទារយុត្តិធម៌នៅឡើយ។
មួយវិញទៀត លោកថា ការជាប់គាំងនេះ ធ្វើឱ្យពួកគាត់មួយចំនួនបានធ្វើអត្តឃាត និងខ្លះកំពុងបាក់ទឹកចិត្តដោយវិបត្តិបំណុល ក្រោយពួកគេជឿក្រុមហ៊ុននេះតាមរយៈការបង្ហាញរូបថត ពីភាពស្និទ្ធជាមួយមេដឹកនាំ។
លើសពីនេះ លោកថា រូបភាពថ្មី ដែលបានបង្ហាញភាពស្និទ្ធនឹងមេដឹកនាំថ្មីទៀតនេះ វាចង់មិនចង់ធ្វើឱ្យជនរងគ្រោះកាន់តែសង្ស័យលើរដ្ឋាភិបាលពីភាពយឺតយ៉ាវ ផ្តល់យុត្តិធម៌ឱ្យពួកគេ ដែលការណ៍នេះលោកថា ថ្នាក់ដឹកនាំចាំបាច់ត្រូវជំរុញយុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោកនេះ។
លោកថា៖ «អញ្ចឹងបញ្ហាទាំងអស់ហ្នឹង ខ្ញុំយល់ថា គួរតែមានការស្វែងរកដំណោះស្រាយ ស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ហ្នឹង ឲ្យបានឆាប់កាន់តែល្អ ដើម្បីកុំឲ្យមានបញ្ហារិះគន់ទៅលើរឿងបញ្ជូនបន្តទៅទៀត ជាពិសេសសុំឲ្យកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយទៅលើរឿងហ្នឹងឲ្យបានឆាប់»។
អគ្គនាយកក្រុមហ៊ុនពិភពដីមាស គឺអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទ ឆបោកពលរដ្ឋ តែប្រមាណ ៤ខែក្រោយមក ពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការដោះលែងវិញ ក្រោយសន្យារកលុយសងជនរងគ្រោះវិញ តែពេលបាននៅក្រៅឃុំ លោកបានគេចវេសមិនគោរពសន្យានោះទេ។
ចំពេលយុត្តិធម៌ត្រូវជាប់គាំងជាង២ឆ្នាំទៅនេះ ជនរងគ្រោះក៏បានទម្លាយលិខិត២ច្បាប់ បង្ហាញថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាប្រធានបានបង្កើតសាខាបក្សនៅក្រុមហ៊ុនពិភពដីមាស ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣ ជ្រើសតាំង លោក ហ៊ី គឺមហុង ជាមេដឹកនាំ។
ឧបសគ្គរារាំងដល់ការស្វែងរកយុត្តិធម៌សម្រាប់ពួកគេ អាចជាប់ពាក់ព័ន្ធមន្ត្រីមានអំណាច នៅពីក្រោយក្រុមហ៊ុនឆបោកនេះ ដោយក្នុងនោះ ពួកគេបានរំលេចមុខអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន និងអតីតប្រធានរដ្ឋសភា លោក ហេង សំរិន ផងដែរ៕









