អង្គការសិទ្ធិមនុស្សនៅប្រទេសកូរ៉េ បានបង្ហាញការស្រាវជា្រវមួយ ដោយរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន ២ស្ថាប័ន ដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិកូរ៉េ បានផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចដល់ប្រជាពលរដ្ឋកម្ពុជា បណ្តាលឱ្យកើតមាននូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រ និងជាសហគមន៍ជនជាតិដើមភាគតិច។
យោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់អង្គការសិទ្ធមនុស្សលីកាដូ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា របាយការណ៍ស្តីពី “ការទាញប្រយោជន៍ពីភាពក្រីក្រ” ត្រូវបានចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានបង្ហាញពីព័ត៌មានលម្អិតទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយធនាគារ ខេប៊ី ប្រាសាក់ និងធនាគារអ៊ូរីប៊ែង ដែលធនាគារទាំងពីរនេះ ជាអតីតស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយក្រោយមកត្រូវបានទិញយកដោយធនាគារកូរ៉េធំៗមួយចំនួន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រភពដដែល បន្តថា អ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ បានមកទស្សនកិច្ចសិក្សានៅកម្ពុជា និងបានសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកជាប់កម្ចីមីក្រូហិរញ្ញវត្ថុមួយចំនួន ជាជនជាតិខ្មែរ និងជាជនជាតិដើមភាគតិច ដែលអ្នកទាំងនោះបានយកកម្ចីពីធនាគារទាំងពីរនេះ។
របាយការណ៍នោះបានរកឃើញថា បុគ្គលិកជួរមុខរបស់ធនាគារទាំងពីរ បានចូលរួមក្នុងដំណើរការបង្ខំឱ្យអតិថិជនលក់ទ្រព្យសម្បត្តិ និងបានឱ្យអតិថិជនខ្ចីប្រាក់យ៉ាងច្រើនលើសលប់លើសពីសមត្ថភាព ដែលភាគច្រើនតែងយកដីធ្លីធ្វើជាទ្រព្យធានា ហើយមិនបានវាយតម្លៃច្បាស់លាស់ អំពីកម្រិតប្រាក់ចំណូលជាក់ស្តែងរបស់អតិថិជននោះទេ។
របាយការណ៍ដដែលបន្តថា នៅខណៈដែលទំហំបំណុលកាន់តែច្រើន ជាមួយនឹងអាត្រាការប្រាក់ និងថ្លៃសេវាខ្ពស់ ហើយអ្នកខ្ចីប្រាក់ពុំមានលទ្ធភាពបង់សងព្រោះតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយបញ្ហាកូវីដ-១៩ និងផលដំណាំខូចខាតដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុនោះ មន្រ្តីឥណទានក៏ចាប់ផ្តើមប្រើអាកប្បកិរិយាបង្ខំឱ្យកូនបំណុលទាំងនោះសងប្រាក់ រួមទាំងការគំរាមកំហែងមួយចំនួនទៀត។
ករណីសិក្សាមួយចំនួននៅក្នុងរបាយការណ៍ ក៏បានលើកឡើងលម្អិតអំពីរបៀបដែលមន្ត្រីឥណទាន បានដាក់សម្ពាធលើកូនបំណុលដែលមិនចេះអក្សរ ឱ្យខ្ចីប្រាក់ពីគ្រឹះស្ថានខ្លួនក្នុងចំនួនដ៏ច្រើន ដែលពួកគេគ្មានសង្ឃឹមថានឹងអាចបង់សងរួច ការណ៍ដែលកូនបំណុលយកកម្ចីឯកជនដើម្បីយកទៅបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យកូនៗរបស់ពួកគេ ត្រូវបង្ខំឱ្យឈប់រៀន និងទៅធ្វើការរកប្រាក់បង់សងកម្ចីមីក្រូហិរញ្ញវត្ថុ និងជួបផលលំបាក និងការរំលោភបំពានផ្សេងៗទៀត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងនៅថ្ងៃទី០១ ខែកក្កដានេះថា របាយការណ៍ថ្មីនេះ ជាភស្តុតាងមួយបន្ថែមទៀត ដែលបង្ហាញថាមានពលរដ្ឋជាច្រើនបានរងគ្រោះដោយសារការកម្ចី ពីធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលមិនគោរពគោលការណ៍សិទ្ធិមនុស្ស។
លោកថា៖ «បញ្ហានៃរបាយការ៍នេះ ក៏វាបង្ហាញឱ្យឃើញថែមទៀតអំពីការមានការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារហ្នឹងបន្ថែមទៀត ដោយសារគេលើកឡើងអំពីផលប៉ះពាល់ក៏ដូចជាការរំលោភសិទ្ធិសម្រាប់អ្នកខ្ចីមួយចំនួន ជាពិសេសជនជាតិដើមភាគតិចហ្នឹង»។
បើតាមលោក អំ សំអាត កន្លងមក អង្គការសង្គមស៊ីវិលមួយចំនួន ក៏បានស្រាវជ្រាវរកឃើញករណីដូចគ្នានេះដែរ ដែលបានធ្វើឱ្យពលរដ្ឋជាអ្នកខ្ចីបុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ធ្លាក់ក្នុងបំណុលវណ្ឌក រហូតទៅដល់គ្រួសារខ្លះត្រូវបង្ខំចិត្តឱ្យកូនឈប់រៀន ហើយធ្វើការដើម្បីជួយដោះបំណុល ឬហៅថាពលកម្មលើកុមារ ខណៈគ្រួសារខ្លះត្រូវបង្ខំចិត្តលក់ដីដើម្បីសងបំណុល និងកាត់បន្ថយរបបអាហារជាដើម ដែលនេះជាទម្រង់នៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោកបន្ថែមថា៖ «ចឹងអ្វីដែលជាអនុសាសន៍របស់យើងគឺនៅតែដដែលទេ សម្រាប់អ្នកវិនិយោគគឺត្រូវធ្វើយ៉ាងម៉េចគោរពតាមការប្តេជ្ញាចិត្ត តាមគោលនយោបាយរបស់ IFC សាជីវកម្មមីក្រូហិរញ្ញវត្ថុអន្តរជាតិហ្នឹង ហើយនិងលក្ខខណ្ឌមួយចំនួន ដែលធ្វើយ៉ាងម៉េចកុំឱ្យមានការរំលោភសិទ្ធិមនុស្ស នៅក្នុងកម្ចីមីក្រូហិរញ្ញវត្ថុហ្នឹង ហើយនិងដំណោះស្រាយទៅលើជនដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារកម្ចីហ្នឹង ធ្វើម៉េចមានដំណោះស្រាយឱ្យបានសមរម្យ សំណងសមរម្យសម្រាប់ពួកគេ ហើយមួយទៀតគឺចំពោះធនាគារជាតិ គួរតែពិនិត្យបន្ថែមទៅលើមីក្រូហិរញ្ញវត្ថុឬក៏ធនាគារហ្នឹង ធ្វើម៉េចកុំឱ្យមានករណីរំលោភសិទ្ធិទៅលើអ្នកខ្ចី»។
អ្នកឃ្លាំមើលសាជីវកម្មអន្តរជាតិ (KTNC Watch) បានផ្តល់អនុសាសន៍មួយចំនួន ដូចជា ត្រូវផ្តល់នូវដំណោះស្រាយដល់កូនបំណុលដែលរងផលប៉ះពាល់ បង្កើតនូវយន្តការទទួលបណ្តឹងឯករាជ្យមួយ និងត្រូវធ្វើឱ្យប្រសើរឡើងការអនុវត្តវិធានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ផ្នែកសិទិ្ធមនុស្ស សម្រាប់អ្នកវិនិយោគបរទេស។
វីអូឌី មិនអាចសុំការបកស្រាយជុំវិញករណីនេះពីតំណាងធនាគារ ខេប៊ីប្រាសាក់ និងធនាគារអ៊ូរីប៊ែង បានទេនៅថ្ងៃអង្គារនេះ។
បើតាមគេហទំព័ររបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺធនាគារនេះ ជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ និងមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន ៥,៧ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ ២,៩ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន ៥ប៊ីលានដុល្លារអាមរិក។
ចំណែក ធនាគារ អ៊ូរីប៊ែង គឺជាធនាគារលំដាប់ពិភពលោកមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ១៨៩៩ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣៤៤ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២។ សម្រាប់នៅកម្ពុជា គិតត្រឹមចុងឆ្នាំ២០២៣ ធនាគារនេះ មានផលប័ត្រឥណទានចំនួន ១ ២១៦លានដុល្លារ សមតុល្យប្រាក់បញ្ញើនិងសន្សំចំនួន ៤៤៤លានដុល្លារ និងមានអតិថិជនជាង ៤៥ម៉ឺននាក់ (៤៥៥ ១០៥នាក់)។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់វីអូឌី តាមតេឡេក្រាមថា ធនាគារ ខេប៊ី ប្រាសាក់ និងធនាគារ អ៊ូរីប៊ែង មិនមែនជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានោះទេ ប៉ុន្តែសមាគមនៅតែបន្តយកចិត្តទុកដាក់ចំពោះបញ្ហាទាក់ទងនឹងការដោះស្រាយជាមួយអ្នកខ្ចីប្រាក់ និងជំរុញការផ្តល់ប្រាក់កម្ចីតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។
លោកបន្តថា សមាគមធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានសមាជិករបស់ខ្លួន ដើម្បីធានាថា អតិថិជនដែលងាយរងគ្រោះ ទទួលបានដំណោះស្រាយដោយការយកចិត្តទុកដាក់ និងភាពថ្លៃថ្នូរ ហើយការរៀបចំឥណទានឡើងវិញ រួមទាំងការគាំពារផ្សេងៗ ត្រូវបានផ្តល់ជូនប្រកបដោយក្តីមេត្តា និងវិជ្ជាជីវៈ។
លោកបន្ថែមថា គ្រឹះស្ថានសមាជិករបស់សមាគម អនុវត្តនូវក្រមប្រតិបត្តិវិជ្ជាជីវៈ ដែលផ្អែកស្តង់ដារអន្តរជាតិ និងសម្របតាមគុណតំលៃក្នុងបរិបទប្រទេសកម្ពុជា ដែលរួមមានលក្ខខណ្ឌខ្ចីប្រាក់ច្បាស់លាស់និងស្មើភាព អាកប្បកិរិយាប្រកបដោយការសីលធម៌ និងការមិនអត់ឱនដាច់ខាតចំពោះការបង្ខិតបង្ខំ ឬគំរាមកំហែងដល់អ្នកខ្ចីប្រាក់ ឬសមាជិកគ្រួសាររបស់ពួកគេឡើយ។
ការិយាល័យឥណទានកម្ពុជា ហៅកាត់ថាCBC ថ្មីៗនេះ បានចេញរបាយការណ៍មួយដោយកត់ត្រាថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ ពលរដ្ឋខ្មែរបានជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុជិត ៦០ពាន់លានដុល្លារ៕









