អ្នកនយោបាយ​ប្រឆាំង​ចាត់​ទុក លោក ហ៊ុន សែន ​ជា​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

ក្រុមអ្នកប្រឆាំង ចាត់ទុកមេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ជា​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា ដោយ​សំអាង​ថា មេដឹក​នាំ​ដែល​មាន​អំណាច​កំពូល​នៅ​កម្ពុជា​មួយ​នេះ កំពុង​ជាប់​អន្ទាក់​វៀត​ណាម ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ឱ្យ​តែ​អាច​ការ​ពារ​អំណាច​បាន។

ការចោទប្រកាន់នេះ ក្រោយ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​ចង្អុល​បង្ហាញ​ឱ្យ​កែ​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ដក​សញ្ជាតិ​ពី​កំណើត​ពី​ជន​ជាតិ​ខ្មែរ​ណា​ដែល​លោក​មិន​ពេញ​ចេញ ខណៈ​ក្រុម​ប្រ​ឆាំង​តែង​តែ​ទម្លាយ​ពី​អាថ៌​កំបាំង នៅ​ពី​ក្រោយ​ការ​ដែល​កម្ពុជា​បាត់​បង់​ទឹក​ដី ទៅ​ប្រទេស​ជិត​ខាង មាន​វៀត​ណាម និងប្រទេស​ថៃ ជាដើម អំឡុង​ពេល​គ្រប់​គ្រង​អំណាច​ជាង​៤ទសវត្សរ៍​ទៅ​នេះ។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី គឺ លោក​ គឹម សុខ និយាយ​កា​ល​ពី​ថ្ងៃ​ទី៣​០ ខែ​មិថុនា​ថា «គោល​ដៅ​លោក ហ៊ុន សែន មិន​មែន​ធ្វើ​សង្គ្រាម​តទល់​បរទេស​ឈ្លាន​ពាន​ទេ ប៉ុន្តែ​ធ្វើ​សង្គ្រាម​កម្ចាត់​ខ្មែរ»។

លើសពីនេះ លោក​ថា លោក ហ៊ុន សែន ជាគ្រោះរបស់​ប្រទេស​កម្ពុជា និង​ជន​ជាតិ​ខ្មែរ​ស្លូត​ត្រង់។ ក្នុងន័យនេះ លោក​ពន្យល់​ថា គ្រប់​គ្រា​អាសន្ន​របស់​ជាតិ លោក ហ៊ុន សែន តែង​តែ​ឆ្លៀត​កម្ចាត់​ខ្មែរ ដើម្បី​តែ​ការ​ពារ​អំណាច​គ្រួសារ​ហ៊ុន។

សម្រាប់លោក គឹម សុខ៖ «ផែន​ការ​កែ​ច្បាប់​ដក​ហូត​សញ្ជាតិ​ខ្មែរ ពី​ជន​ជាតិ​ខ្មែរ» ដោយ​ការ​ចោទ​ប្រកាន់​តាម​មាត់ លោក ហ៊ុន សែន គឺ​ជា​សង្គ្រាម​កម្ទេច​ពលរដ្ឋ​ខ្មែរ។

លោកបន្តទៀតថា សូម្បីតែសម័យកូវីដ លោក ហ៊ុន សែន បញ្ជា​ឲ្យ​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ត្រៀម​បញ្ជា​កម្លាំង​បំផ្លាញ​ខ្មែរ អ្នក​ប្រជាធិប​តេយ្យ និង​ពលរដ្ឋ​ខ្មែរ​រ​ង​គ្រោះ។

លើសពីនេះ លោក អ៊ុំ សំអាន តំណាង​រាស្រ្តគ​ណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​បាន​រំលាយ ​ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា​នេះ ដោយ​ចោទ​ថា លោក ហ៊ុន សែន ជា​បុគ្គល​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា។

លោកសង្កត់ធ្ងន់ថា គ្រោះថ្នាក់ដោយថា ព្រោះមេដឹកនាំដ៏​មាន​អំណាច​រូប​នោះ បាន​កាត់​ទឹក​ដី​ឱ្យ​បរទេស​ រំលាយ​បក្ស​ប្រឆាំង គំរា​ម​ព្រះ​មហា​ក្សត្រ ដើម្បី​សម្រេច​មហិច្ឆ​តា​វៀត​ណាម​លេប​ទឹក​ដី តាម​រយៈ​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​រស់​​ឡើង​វិញ​នៅ​ឆ្នាំ​២០០៥។ ធ្វើ​បាប​ពលរដ្ឋ ចាប់​ចង​អ្នក​នយោបាយ​ដែល​មិន​ចំណុះ​ឱ្យ​ខ្លួន និង​អ្នក​ទម្លាយ​អាថ៌​កំបាំង​មហិច្ឆតា​វៀត​ណាម រួម​ទាំង​ការ​ចង់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ថែម​ទៀត។

លោក​ថា នេះជាគ្រោះថ្នាក់សម្រាប់បូរណភាពទឹកដីកម្ពុជា និង​ជា​គ្រោះថ្នាក់​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ ដែល​កម្ពុជា មាន​មេដឹកនាំ​គិត​​តែ​ប្រយោជន៍​បក្ខ​ពួក គ្រួសារ​និយម បំផ្លាញ​ពូជ​សាសន៍​ខ្លួន​ឯង​ដើម្បី​តែ​អំណាច។

សម្រាប់លោក អ៊ុំ សំអាន លោក ហ៊ុន សែន បាន​​កា​ត់​ដែន​​សមុទ្រ​​ខ្មែរ​​ឱ្យ​​វៀត​ណាម​​ចំនួន ៣ម៉ឺន​​គីឡូ​​ម៉ែត្រការ៉េ តាម​​សន្ធិ​​សញ្ញា​ស្តីពី​​តំបន់​ទឹក​​ប្រវតិ្ត​សាស្រ្ត​ឆ្នាំ​១៩៨២ ធ្វើ​​​ឱ្យ​​បាត់​​កោះ​​ត្រល់ ចង្កោម​​​កោះក្រច​​ក​​សេះ និង​ដា​​ក់​ដែន​​សមុទ្រ​ខ្មែរ​​រួម​ជាមួយ​​​វៀតណាម​ចំនួន ១ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ជាដើម។

លោកថា៖ «លោក ហ៊ុន សែន ជា​មេ​គ្រោះថ្នាក់​សម្រាប់​កម្ពុជា ព្រោះ​គាត់​ស្រឡាញ់​អំណាច​ជាង​ស្រឡាញ់​ការ​ពារ​ទឹក​ដី​ ហើយ​អ៊ីចឹង​គាត់​គិត​តែ​ការ​ពារ​អំណាច​ត្រកូល​ហ៊ុន​របស់​គាត់ ឱ្យ​តែ​បាន​ត្រកូល​ហ៊ុន​របស់​គាត់​ហ្នឹង​កាន់​អំណាច​តកូន​តចៅ​ទៅ​ទៀត គាត់​អត់​ខ្វល់​រឿង​ទឹក​ដី​ទេ ទោះ​បី​កាត់​ទឹក​ដី​ឲ្យ​ប្រទេស​ថៃ​ប្រទេស​វៀតណាម​ក៏​គាត់​អត់​ខ្វល់ អ៊ីចឹង​ហើយ​បាន​ជា​គាត់​គ្រោង​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ ដើម្បី​យក​សញ្ជាតិ​ឲ្យ​ជន​ជាតិ​វៀតណាម​ដែល​រ​ស់នៅ​​កម្ពុជា​ហ្នឹង បាន​ក្លាយ​ទៅ​ជាជ​នជា​តិ​ដែល​មាន​សិទ្ធិ​ជាង​គេនៅ​កម្ពុជា ដល់​បោះ​ឆ្នោត​ទៅ គឺ​ខ្មែរ​គេ​ដក​សញ្ជាតិ មិន​បាន​បោះ​ឆ្នោត​អី ឯ​ជនជាតិ​វៀត​ណាម​បោះ​ឆ្នោត​គាំទ្រ​គណបក្ស»។

លើសពីនេះ​ លោក អ៊ុំ សំអាន ថា ពលរដ្ឋខ្មែរ គួរ​ជំរុ​ញឱ្យ​​មាន​​ច្បាប់ដក​សញ្ជាតិ​ខ្មែរ ពី​ជន​ជាតិ​វៀត​ណាម​ ដែល​កំពុង​រ​ស់នៅ​​លើ​ដី​ខ្មែរ រួម​ទាំង​ធ្វើកា​រ​ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់ ដែ​ល​លោក​ថា​នេះ ជា​ហានិភ័យ​ធំ​មួយ​ទៀត​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ដែល​កម្ពុជា​ត្រូវ​ធ្វើ​បន្ទាន់ ។

លោកអះអាងថា ឳពុកម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ ជា​ជន​ជាតិ​វៀត​ណាម ចូល​សញ្ជាតិ​ខ្មែរ​ឆ្នាំ២០២២ ប៉ុន្តែ​អ្នក​ស្រី​ កែវ សារី (ឈ្មោះ​ដើម ចិន ធីឡុក) មាន​ក្រប​ខ័ណ្ឌ​ជា​នាយ​ទាហាន​សក្តិ​បួន​កន្លះ​ នៃ​កង​យោធពល​ខេម​រភូមិន្ទ តាំង​ពី​ឆ្នាំ​២០១០ និង​មាន​តំណែង​ជា​ទីប្រឹក្សា​អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខា​ធិការ តាំង​ពី​ឆ្នាំ​២០១៣។

រីឯលោក ថោង ចំរើន (ឈ្មោះ​ដើម យឿង ថេគឿង) ជា​ឪពុក​លោក ថោង សារ៉ាត់ ក៏​មាន​ឋានៈ​ធំ​នៅ​កង​យោធពល​ខេមរភូមិន្ទ​ផង​ដែរ ព្រោះ​គាត់​ជា​ជំនាញ​ការ​យួន នា​ទសវត្ស​ទី​៨០ ដែល​មិន​បាន​ធ្វើ​មាតុ​ភូមិនិវត្តន៍​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នោះ​ទេ។

លោកបន្តថា បើតាមច្បាប់កម្ពុជា អ្នក​ស្រី​ កែវ សារី អាច​​ក្លាយ​ជា​នាយ​ទាហាន​កម្ពុជា​​បាន និង​អាច​មាន​តំណែង​ជា​ទីប្រឹក្សា​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​កម្ពុជា​បាន ទាល់​តែ​គាត់​មាន​សញ្ជាតិ​ខ្មែរ​ជា​មុន​សិន។

ការណ៍នេះ លោកចាត់ទុកថា ករណីនេះជាទង្វើខុស​ច្បាប់​កម្ពុជា ព្រោះអ្នកស្រី​ កែវ សារី គាត់​នៅ​ជា​ជនជាតិ​វៀត​ណាម​នៅ​ឡើយ មិន​អាច​មាន​តំណែង​ជា​ទីប្រឹក្សា​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​កម្ពុជា​បាន​ទេ។

ចំណែក អ្នក​អត្ថាធិប្បាយបញ្ហា​​នយោបាយ លោក ស៊ន តារា ក៏​និយាយ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនាថា «ការដក​សញ្ជាតិ​ជន​ជាតិ​ខ្មែរ​ពី​កំណើត ផ្តល់​សញ្ជាតិ​ឲ្យ​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ គឺ​ជា​ទង្វើក្ប​ត់ជាតិ និង​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ ហើយ​ជា​មេដឹកនាំ​បំបែក​ព្រលឹង​ជាតិ និង​បង្ហូរ​ឈាម​ខ្មែរ»។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ផ្ទុយ​ទៅ​វិញ​ លោក​បាន​វាយ​បក​វិញ​ថា ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​ជា​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កម្ពុជា ដោយ​ថា ពួក​គេ​បាន​គប់​គិត​ជាមួយ​បរទេស មាន​ចេតនា​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ។

លោកថា៖ «ខ្ញុំគិតថា រឿងនេះ​បងប្អូ​ន​ប្រជាពល​រដ្ឋ​ខ្មែរ​វាយ​តម្លៃ​ទៅ​ នរណា​គេ​ជា​មេ​​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា​ពិត​ប្រាកដ ដែល​យើង​កំពុង​តែ​ប្រឈម​នឹង​សត្រូវ​ឈ្លាន​ពាន​ បែរ​ជា​បន្ទោរ​តាម​សំឡេង​សត្រូវ​ចង់​បាន​មក​បំផ្លាញ​ផល​ប្រយោជន៍​របស់​ជាតិ​ខ្លួន​នោះ តើ​នោះ​មិន​មែន​ជា​មេ​គ្រោះ​ថ្នាក់​ទេ ឬ​យ៉ាង​ណា អ៊ីចឹង​រឿង​នេះ​ ខ្ញុំ​គិត​ថា មហាជន​អាច​វាយ​តម្លៃ​បាន​ដោយ​ខ្លួន​ឯង តើ​នរណា​គេ​ស្រឡាញ់​ប្រទេស​ជាតិ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​ជា​មួយ​ប្រជាជន​ពិត​ប្រាកដ ហើយ​អ្នក​ណា​គេ​នៅ​ជាមួយ​បរទេស​មក​បំផ្លាញ»។

លើសពីនេះ នៅ​ថ្ងៃ​​​ទី​​២៧ ខែ​​​មិ​​ថុនា​​ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​​ឱ្យ​ក្រសួង​​យុត្តិធម៌​​ពិចារណា​ធ្វើ​​​វិ​សោធ​ន​កម្ម​​រដ្ឋ​ធ​ម្ម​​នុញ្ញ ​ដើម្បី​​​អា​ច​​ដក​​​សញ្ជាតិ​​ពលរដ្ឋ​​ខ្មែរ​​ចំ​ពោះ​អ្ន​ក​​ទាំ​ង​​​ឡាយ​ណាដែ​ល​​លោក​ចោទ​​​ថា ​​បាន​បំផ្លាញ​ខ្មែរ​។ ​

លោកថា៖ «ខ្ញុំសុំផ្ដាំផ្ញើទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា សិក្សា​អំពី​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ទាក់​ទង​នឹង​ការ​ដក​សញ្ជាតិ​ពលរដ្ឋ​កម្ពុជា​ណា​ ដែល​ឃុប​ឃិត​ជាមួយ​បរទេស​បំផ្លាញ​ខ្មែរ»។ 

បើតាម មាត្រា​​៣៣​ នៃ​រដ្ឋ​ធម្មនុញ្ញកម្ពុជា ចែង​​ថា ប្រជា​ពលរដ្ឋ​​​ខ្មែ​រ​មិន​​អាច​​ត្រូវ​​បាន​​ដក​​សញ្ជាតិ​ និរទេស​ ឬ​​​ចាប់​​​បញ្ជូន​​ខ្លួន​​ទៅ​​​ឱ្យ​​ប្រទេស​​​ក្រៅ​​ណា​​​មួយ​​ឡើយ​ លើក​​លែង​តែ​​មាន​​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រជាពលរដ្ឋ​​ខ្មែរ​ ដែល​កំពុង​រស់នៅ​ឯ​បរទេស​ ត្រូវ​​បាន​រដ្ឋ​គាំពារ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ​ ត្រូវ​កំណត់​​ក្នុង​ច្បាប់។

យ៉ាងណា បើតាមក្រុមអ្នកឃ្លាំមើល បន្ទាត់​នយោបា​យ​ លោក ហ៊ុន សែន បាន​ដើរ​លើ​ផ្លូវ​ខុស​ចាត់​តាំង​ពី​ឆ្នាំ​២០១៧​មក ខណៈ​មេ​បក្ស​នេះ​ដឹង​ខ្លួន​ថា ពលរដ្ឋ​បាន​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​យ៉ាង​គំហុក ចាប់​ពីឆ្នាំ​២០១៣ និង​២០១៧ ហើយ​ងាក​ទៅ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ។

បរិបទ​នេះ អង្គការ IRI និង NDI របស់អាមេរិក ដែល​ធ្វើកា​រ​ផ្តោត​លើ​ការ​ពង្រឹង​ប្រជាធិប​តេយ្យ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា លើស​ពី​នេះ​ក៏​មាន​លេច​ឡើង​ការ​ធ្វើ​យុទ្ធនា​ការ​កម្ចាត់​សារ​ព័ត៌មាន​ឯករាជ្យ និង​គំរាម​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​សហជីព​ឯករាជ្យ​ជាដើម។

ចាប់ពីពេលនោះមក គណបក្សកាន់អំណាច គ្មាន​ជម្រើស​ក្រៅ​ពី​ប្រើ​មន្ត្រី​តាម​គ្រប់​ក្រសួង ដើម្បី​បដិ​សេធ​រាល់​ការ​បំពាន​សិទ្ធិ​មនុស្ស​ដែល​បាន​កើត​ឡើង ដើម្បី​បិទ​បាំង​បន្ទាត់​នយោបាយ​ដើរ​លើ​ផ្លូវ​ខុស​នេះ រួម​ទាំង​បង្កើត​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​ជា​ទៀង​ទាត់។

សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ក្នុងកាលៈ​ទេសៈ​ដែ​ល​​​កម្ពុជា​កំពុង​មាន​ជម្លោះ​ជាមួយ​បរទេស​ឈ្លាន​ពាន និង​វិបត្តិ​សង្គម​ចាក់​ស្រេះ រដ្ឋាភិ​បាល​ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​គួរ​តែ​រួម​គ្នា តម្តល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ រួម​គ្នា​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន។

លោក​ថា រដ្ឋាភិបាលផ្ទាល់គួរតែបន្ទន់ឥរិយាប​ទ​ គិត​ផលប្រ​យោជន៍​ជាតិ​ប្រជា​រាស្រ្ត​ជាធំ បើក​ការ​ចរចា​ជាមួ​យប​ក្ស​ប្រឆាំង ដោះ​លែង​អ្នក​ទោស​នយោបាយ ស្តារ​ប្រជាធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

ម្យ៉ាងវិញ​ទៀត លោក សេក សុជាតិ បដិសេធ​មិនគាំទ្រ​ចំពោះ​ការ​ដក​សញ្ជាតិ​ខ្មែ​រ​នោះ​ទេ ព្រោះ​វា​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ដែល​ចែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​អាច​ត្រូវ​បាន​ដក​ហូត​សញ្ជាតិ​ពី​កំណើត​នោះ​ទេ។

លោកថា៖ «ពាក់ព័ន្ធជាមួយនឹងការដកសញ្ជាតិនេះ ខ្ញុំ​គិត​ថា គួរ​តែ​បដិសេធ​មិន​គួរ​កើត​មាន​ទេ ហើយ​បើសិន​ជា​បុគ្គល​ណាដែ​ល​មា​ន​ទោស​ធ្ងន់​ធ្ងរ រហូត​ត្រូវ​ចូល​ទៅ​ក្នុង​ការ​ក្បត់​ជាតិ គួរ​តែ​មាន​ការ​កាត់​ទោស​ត្រឹម​តែ​ប្រើ​ប្រាស់​នូវ​វិធាន​ដាក់​គុក​អស់​មួយ​ជីវិត ស្រប​ទៅ​តាម​អ្វី​ដែល​មាន​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ក៏​គ្មាន​ទោស​ណា​មួយ​ដែល​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​​ម្នាក់​បាត់ប​ង់​ជីវិត​ដែរ»។

ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​​នៃ​អង្គការ​​សហ​ប្រជា​ជាតិ​ បាន​និយាយ​​ក្នុង​សេច​​ក្តី​​ថ្លែង​ការ​ណ៍​​រួម​ឆ្នាំ​​​២០២៤​​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្រើ​ប្រាស់ ដើម្បី​បំបិទ​មាត់​អ្នករិះ​គន់​មាន​​កា​រ​រៀបចំ​​ច្បា​ស់​​​លាស់​លក្ខណៈ​​ជាប្រព័ន្ធ​។

បរិបទនេះ ធ្វើឱ្យសកម្មជនសិទ្ធិមនុស្ស និង​សកម្មជន​​យោ​បាយ នៅ​ក្នុង​ប្រទេស​កម្ពុជា រង​ការយាយី និង​ផ្តន្ទា​ទោស​ដោយ​មិន​ត្រឹម​ត្រូវ បំពាន​សិទ្ធិ​សេរីភាព​បញ្ចេ​ញ​​មតិ ផ្ទុយ​ពីកតិ​​​កា​​ស​ញ្ញាអន្តរ​ជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោ​បាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ