តុលាការធម្មនុញ្ញរបស់ថៃ បានព្យួរនាយករដ្ឋមន្ត្រី ផែថងថាន ពីតំណែងដែលរង់ចាំការស៊ើបអង្កេតដោយក្រមសីលធម៌លើការបែកធ្លាយតាមទូរស័ព្ទជាមួយមេដឹកនាំជាន់ខ្ពស់កម្ពុជាម្នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន អេភី(AP)។
អេភី(AP) បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដានេះ ចៅក្រមបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីយកញត្តិចោទប្រកាន់លោកស្រី ផែថងថាន ពីបទបំពានក្រមសីលធម៌ ហើយបានបោះឆ្នោត ៧ ទល់នឹង ២ ដើម្បីព្យួរលោកស្រីពីតួនាទីជានាយករដ្ឋមន្ត្រី។ តុលាការទុករយៈពេល ១៥ថ្ងៃ ដើម្បីគាំពារផ្តល់ភស្តុតាងទ្រករណីរបស់លោកស្រី។
ប្រភពបន្តថា លោកស្រី ផែថងថាន បានប្រឈមនឹងការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង ចំពោះការដោះស្រាយជម្លោះចុងក្រោយបង្អស់ជាមួយប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ កាលពីថ្ងៃទី២៨ ខែមីនា ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បានស្លាប់។
ការបែកធ្លាយសំឡេងការតាមទូរស័ព្ទ ខណៈលោកស្រីធ្វើការទូតជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានផ្ទុះឡើងការត្អូញត្អែរ និងការតវ៉ាជាសាធារណៈ។
ប្រភពថា លោកស្រី ផែថងថាន បាននិយាយបន្ទាប់ពីមានដីកាថា លោកស្រីនឹងទទួលយកសំណើរមួយនេះ ហើយនឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារខ្លួន ព្រោះថាលោកស្រីមិនមានចេតនាអ្វីផ្សេងក្រៅពីការពារប្រទេស និងការពារសន្តិភាព។
ប្រភពបន្ថែមទៀតថា លោកស្រី ផែថងថាន (Paetongtarn) បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមពីលើនាយករដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីថ្មី ទោះបីជាវានៅតែមិនច្បាស់ថាតើលោកស្រីអាចស្បថដើម្បីបន្តតួនាទីឬយ៉ាងណា៕









