ក្រុមអង្គការសង្គមស៊ីវិល បានផ្ញើសារជាថ្មីទៀត ទៅរដ្ឋាភិបាលពីភាពចាំបាច់ត្រូវដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥រូប ឱ្យមានសេរីភាពឡើងវិញ ដោយសំអាងថា តាមស្មារតីរដ្ឋធម្មនុញ្ញ ពួកគេទាំង៥រូបនោះ ត្រូវបានលើកទឹកចិត្ត មិនគួរជាប់ពន្ធនាគាររហូត១ឆ្នាំ ទាំងអយុត្តិធម៌ដូចពេលនេះទេ។
ការថ្លែងនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(សង់ត្រាល់) ក្នុងរាជធានីភ្នំពេញ ដែលជាកម្មវិធីជួបជុំនេះ ដើម្បីរំឭកពីវីរភាពរបស់យុវជនទាំងនោះ ដែលថាជាគំរូដល់យុវជនផ្សេងទៀត ដើម្បីបុព្វហេតុការពារបរិស្ថាន។
ក្នុងពិធីនោះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ជំរុញឱ្យយុវជនរួមទាំងបញ្ញាវន្ត ត្រូវមានស្មារតីភ្ញាក់រឭក ចូលរួមជំរុញយុត្តិធម៌សង្គម តបតាមស្មារតីរដ្ឋធម្មនុញ្ញ។
លើសពីនេះ លោកជំរុញឱ្យដោះលែងយុវជនសកម្មបរិស្ថានចលនាមាតាធម្មជាតិ ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ ដើម្បីបញ្ជាក់ថាកម្ពុជាប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សត្រូវបានការពារ។
លោកថា៖ «ខួបមួយឆ្នាំនៃការបាត់បង់សេរីភាពពួកគាត់នេះ យើងសុំឱ្យរដ្ឋាភិបាល តុលាការពិនិត្យឡើងវិញត្រូវផ្ដល់ភាពយុត្តិធម៌ឱ្យគាត់ ពួកគាត់ការពារបរិស្ថានធនធានធម្មជាតិ ការពារជីវិតអស់លោកគ្រប់គ្នាមិនត្រូវចាប់គាត់ដាក់ពន្ធនាគារព្រាត់ប្រាស់ឳពុកកូន គ្រួសារ កូនតូច លោកត្រូវពិចារណាឡើងវិញត្រូវដោះលែងពួកគាត់ឱ្យមានសេរីភាព ទើបហៅថារស់នៅក្នុងម្លប់សន្តិភាព»។
លើសពីនេះ មន្ត្រីការពារសិទ្ធិមនុស្សនៅសមាគមអាដហុក លោក យី សុខសាន្ត និយាយថា ក្រុមអ្នកមានអំណាចអាចមើលឃើញពីភាពក្លាហានរបស់យុវជនមាតាធម្មជាតិក្នុងរូបភាពមិនល្អ។ ប៉ុន្តែថា សម្រាប់សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស មើលឃើញសកម្មភាព និងភាពក្លាហានរបស់យុវជនមាតាធម្មជាតិ ជាគំរូភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបុព្វហេតុជាង។
លោកថា៖ «បើយើងចាត់ទុកប្រទេសយើងប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស សេរីភាពមូលដ្ឋាន ជាពិសេសក្នុងការបញ្ចេញមតិរបស់ពួកគាត់ សំខាន់ណាស់សម្រាប់ការពារប្រទេសជាតិសន្តិភាពមិនមែនមានន័យថា ផ្សះផ្សាបង្រួបបង្រួមសម្រាប់តែអ្នកនយោបាយទេ តាំងពីអ្នកការពារបរិស្ថានឡើងទើបមានសន្តិភាព បើបរិស្ថានយើងមិនល្អ ប្រទេសជាតិ ពលរដ្ឋយើងក៏អត់ល្អដែរ ចឹងសារខ្ញុំសរសេរថ្ងៃនេះចង់ផ្ញើជូនរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថានស្មើនឹងការពារបរិស្ថាន បើចាប់សកម្មជនបរិស្ថានស្មើនឹងបំផ្លាញបរិស្ថាន»។
យុវជនចលនាមាតាធម្មជាតិ ដែលកំពុងជាប់ពន្ធនាគារទាំង៥នាក់នោះ រួមមាន លោក យីម លាងហ៊ី អាយុ ៣៦ឆ្នាំ កញ្ញា ឡុង គន្ធា អាយុ ២៧ឆ្នាំ កញ្ញា ភួន កែវរស្មី អាយុ ២៤ឆ្នាំ លោក លី ចាន់ដារ៉ាវុត អាយុ២៦ឆ្នាំ និងលោក ថុន រដ្ឋា អាយុ៣៣ឆ្នាំ។
ពួកគេត្រូវបានចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចោទពីបទញុះញង់ និងរួមគំនិតក្បត់ជាដើម និងផ្តន្ទាទោសចន្លោះពី៦ ទៅ៨ឆ្នាំ ជុំវិញភាពសកម្មការពារបរិស្ថាននិងចូលរួមជំរុញយុត្តិធម៌សង្គមផ្សេងទៀត។
ភរិយាលោក ថុន រដ្ឋា គឺស្រី ប៉ាត់ រស្មី បាននិយាយថា ក្រោយប្តីជាប់ពន្ធនាគារ អ្នកស្រីត្រូវរាប់រងបន្ទុកគ្រួសារ រួមទាំងឆ្លងទន្លេតែម្នាក់ឯង។
ប៉ុន្តែគាត់ថា ផលលំបាកទាំងនេះ មិនធ្វើឱ្យគាត់បាក់ទឹកចិត្តទេ តែផ្ទុយទៅវិញ ស្តី្ររូបនោះ បញ្ជាក់ថា គាត់នៅតែគាំទ្រនិងលើកទឹកចិត្តប្តី លើភាពអង់អាចការពារបរិស្ថាននេះ ដើម្បីប្រយោជន៍ជាតិ។
អ្នកស្រីថា៖ «រងផលប៉ះពាល់ខ្លាំងមែនទែន ត្រូវឆ្លងទន្លេតែម្នាក់ឯងដោយអត់មានប្ដីទេ តស៊ូគ្រប់បែបយ៉ាង ហើយខ្ញុំនៅតែគាំទ្រគាត់ក្នុងការលះបង់ នៅតែលើកទឹកចិត្ត ផ្ដល់ក្ដីសង្ឃឹមឱ្យគាត់ក្នុងការការពារបរិស្ថាន»។
យ៉ាងណា យុវជនមួយរូបដែលចូលរួមក្នុងពិធីនោះ បានអះអាងថា បញ្ហាចម្បងមួយដែលសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន រងការចោទ និងចាប់ដាក់គុក គឺមកពីប្រព័ន្ធយុត្តិធម៌ខ្សោយ ។
លោកថា៖« ក្នុងមេរៀនសន្តិភាពអ្នកប្រាជ្ញសន្តិភាពបែងចែកសន្តិភាពជាពីរថា ទីមួយគឺសន្តិភាពអវិជ្ជមាន ទីពីរសន្តិភាពវិជ្ជមាន។ សន្តិភាពអវិជ្ជមានវាគ្រាន់តែជាអវត្តមានរបស់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានៅបន្តកើតឡើង ដើម្បីអាចបង្កើតសន្តិភាពវិជ្ជមានបាន លុះត្រាតែមានយុត្តិធម៌សង្គម ចឹងសន្តិភាពមិនច្បាស់លាស់នេះហើយ ដែលអ្នកទាំងអស់គ្នាធ្វើការងារសង្គមត្រូវបានគេចាប់ខ្លួន »។
យ៉ាងណាសម្រាប់ អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក យី សុខសាន្ត ការចូលរួមខួប១ឆ្នាំ នៃការឃុំខ្លួនយុវជនមាតាធម្មជាតិ វាជាការគោរព និងកោតសរសើរចំពោះយុវជន និងក្រុមគ្រួសារ ដែលបានលះបង់ដើម្បីបុព្វហេតុជាតិ។
លើសពីនេះ គឺជាការគោរពនិងចងចាំទុក្ខនូវការឈឺចាប់ ដែលកើតចេញពីអ្នកមានអំណាច ធ្វើបាបជនស្លូតត្រង់ដែលគ្មានកំហុស និងមានឆន្ទៈការពារបរិស្ថាន និងសិទ្ធិមនុស្ស ដែលលោកថាសូម្បីតែលោកធ្វើការផ្នែកសិទ្ធិមនុស្ស ក៏ត្រូវគេចាប់ដាក់គុកអស់ពេលជាង១ឆ្នាំ ទាំងមិនបានធ្វើអ្វីខុសទាល់តែសោះ។
ការណ៍នេះ លោកទទូចឱ្យរដ្ឋាភិបាលដោះលែងយុវជនមាតាធម្មជាតិទាំង៥រូប ឱ្យមានសេរីភាពវិញ តបតាមសារនយោបាយថ្មីៗនេះ ដែលរដ្ឋាភិបាលអំពាវនាវឱ្យមានការផ្សះផ្សាជាតិ។
លោកថា៖ «ខ្ញុំស្នើសុំមិនមែនផ្សះផ្សាតែអ្នកនយោបាយទេ ខ្ញុំចង់ឱ្យមានការផ្សះផ្សារាប់តាំងពីសកម្មជនសិទ្ធមនុស្ស សកម្មជនបរិស្ថាន ទើបសង្គមយើងមានស្ថេរភាព និងមានសន្តិភាពបាន»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ជាការកត់សម្គាល់ ក្រោយចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិនេះ សហគមន៍អន្តរជាតិ ពិសេសប្រទេសប្រជាធិបតេយ្យជឿនលឿន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងទាមទារឱ្យដោះលែងពួកគេវិញ ដោយចាត់ទុកថាវិធាននេះបានរំលោភសិទ្ធិមនុស្សសកលដែលកម្ពុជាទទួលស្គាល់។
លើសពីនេះ ក្រោយការចាប់ខ្លួន អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកវិធានចាប់ខ្លួនយ៉ាងកម្រោល លើសកម្មជនមាតាធម្មជាតិមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពេលនោះថា កម្ពុជាបានរងភាពអាមាស ដោយសារតែប្រព័ន្ធយុត្តិធម៌៕









