លោក ហ៊ុន សែន រង​​ការ​​រិះ​គន់​​​ថា​បំរើ​មហិច្ឆតា​​ហូ ជីមិញ​ ក្រោម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ

ក្រុមអ្នកឃ្លាំមើល ​និយាយ​ថា ការ​ដែល​លោក ហ៊ុន សែន ឱ្យ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ចំពោះ​អ្នក​មិន​គាំទ្រ​ខ្លួន​នោះ ជា​នយោបាយ​បំរើ​មហិច្ឆតា​លោក ហូ ជីមិញ ក្នុង​ការ​លេប​យក​ទឹក​ដី​ខ្មែរ។

ពួកគេបារម្ភថា បន្ទាត់​នយោបាយ​ដើម្បីតែ​រ​ក្សាអំ​ណាច​ត្រកូល​នេះ ឆ្លុះ​បញ្ជាំង​ពី​បំណង​ចង់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯ​ង បើក​ផ្លូវ​ឱ្យ​វៀត​ណាម​មក​ចាក់​ឬស​ជ្រៅ​គ្រប់​គ្រង​ស្ថាប័ន​កំពូលៗ​របស់​ខ្មែរ ដែល​ជា​សញ្ញា​ហានិភ័យ​ដល់​បូរណភាព​ទឹក​ដី​ក្នុង​ពេល​ដ៏​ខ្លី។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ថ្លែងនៅ​ថ្ងៃទី​២ ខែ​កក្កដា​នេះ​ថា ការ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត គឺ​ជា​កា​រចូ​ល​រួម​បង្កើត​របប​វាល​ពិឃាត​ថ្មី ​ប្រឆាំង​ជាតិ​សាសន៍​ខ្លួន​ឯង ចង់​រំលាយ​ពូជ​សាសន៍​ខ្មែរ។

ក្នុងន័យនេះ លោកថា លោក ហ៊ុន សែន បាន​ផ្តល់​សញ្ជាតិ​ដល់​វៀត​ណាម​តាម​ទំនើង​ចិត្ត បំពាន​រដ្ឋ​ធម្ម​នុញ្ញ ប៉ុន្តែ​រក​គ្រប់​វិធី​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ពី​ជន​ជាតិ​ខ្មែរ​ទៅ​វិញ។

លោកថា៖ «គាត់ដកសញ្ជាតិពីខ្មែរ គាត់​ដេញ​ខ្មែរ​ចេញ​ ខាង​គណបក្ស​ប្រឆាំង​គាត់​ដេញ​ឱ្យ​ចេញ​អស់ បើ​វៀតណាម​ឲ្យ​ចូល។ គាត់​ទៅ​ជួប​នាយករដ្ឋ​មន្ត្រី​វៀត​ណាម មក​អី! គេ​មក​សុំ​ឲ្យ​ជួយ​មើល​កូន​ចៅ​គេ​ ជួយ​ថែ​រក្សា​គាត់​អូខេ​រហូត ហើយ​បើគា​ត់​ទៅ​ខា​ង​វៀត​ណាម​វិញ គាត់​មិន​ដែល​និយាយ​ឱ្យ​ខាង​រដ្ឋ​មន្ត្រី​អី​ ជួយ​មើល​ខ្មែរ​កម្ពុជា​ក្រោម អត់​ដែល​និយាយ​សោះ។ អនាគត​ទៅ​ដឹក​នាំ​ដោយ​ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង​គឺ​ប្រទេស​កម្ពុជា​គឺ​រលាយ បើ​សិន​ជា​គាត់​អត់​មាន​ការ​ពារ​ប្រជា​ពលរដ្ឋ ទឹក​ដី​ទេ គឺ​បទ​ក្បត់​ជាតិ​ទាំង​ស្រុង​ហើយ»

ដោយឡែក អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ រិះ​គន់​លើ​ហ្វេសបុក​លោក​ថា​ ព្រោះ​តែ​ចង់​កម្ចាត់ លោក សម រង្ស៊ី និង​សហការី​ឆ្នើមៗ លោក ហ៊ុន សែន ចង់​ក្បត់​ដូន​តា​បុព្វ​បុរស​ខ្មែរ​ដោយ​ប្រថុយ​កែ​ច្បាប់ «ដ​កសញ្ជាតិ​ខ្មែរ​ពី​ជន​ជាតិ​កំណើត​ខ្មែរ» បន្ទាប់​ពី​លោក ហ៊ុន សែន បរាជ័យ​រក​លេស​មិន​បាន​រឿង​ធ្វើ​ច្បាប់ «ដាក់​មនុស្ស​១ក្រុម ជា​ក្រុម​ភេរវកម្ម»។

បើតាមលោក គឹម សុខ បើលោក ហ៊ុន សែន ចង់ឲ្យជាតិកម្ពុជា​រឹង​មាំ ត្រូវ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ កុំ​ឲ្យ​វឹកវ​រ​គ្មាន​សន្តិភាព ក្នុង​ផ្ទៃ​ក្នុង​ជាតិ ពុំ​មែន​កែ​ច្បាប់​និង​ធ្វើ​ច្បាប់​កំបែក​បំបាក់​ជា​តិ ដើម្បី​តែ​កម្ចាត់​​ខ្មែរ​ពូជ​សាសន៍​ឯង​នោះ​ទេ។

ប្រតិកម្មនេះ ក្រោយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃ​ទី​២​៧ ខែ​មិថុនា បាន​បញ្ជា​ឱ្យ​ក្រសួង​​យុត្តិធម៌​ពិចារណា​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​ ដើម្បី​អាច​ដក​សញ្ជាតិ​ពល​រដ្ឋ​ខ្មែរ​ចំពោះ​អ្នក​ទាំង​ឡាយ​ណាដែ​ល​លោក​ចោទ​ថា​បា​នបំ​ផ្លាញ​ខ្មែរ។

លោកថា៖ «ខ្ញុំសុំផ្ដាំផ្ញើទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កម្ពុជា សិក្សា​​អំ​ពី​​ការ​ធ្វើ​វិសោធន​​កម្ម​ច្បាប់​​រដ្ឋ​​ធម្ម​​នុញ្ញ ​ទាក់​ទង​​នឹង​​ការ​​ដ​ក​​សញ្ជាតិ​​ពលរដ្ឋ​កម្ពុជា​ណា​ ដែល​ឃុប​ឃិត​ជាមួយ​បរទេស​បំផ្លាញ​ខ្មែរ»

យ៉ាងណា អ្នក​អត្ថាធិប្បាយបញ្ហា​​នយោ​បាយ លោក ស៊ន តារា ​ថ្លែង​ថា ការ​ដក​​សញ្ជាតិ​​ជន​ជាតិ​​ខ្មែរ​​ពី​កំណើត ងាកទៅ​ផ្ត​ល់​​សញ្ជាតិ​​ឲ្យ​​ជន​អន្តោ​​ប្រវេសន៍​​ខុស​​ច្បាប់ ​​គឺ​ជាគ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​បូរណភាព​ទឹក​ដី​កម្ពុជា។

លោកថា៖ «សាហាវណាស់​បងប្អូន! យួនរា​ប់​លាន​នាក់​ចូល​សញ្ជាតិ​ខ្មែរ។ ខ្មែរ​យើង​មិន​ដឹង​ជា​អនាគត​ទៅ! ប្រទេស​យើង ដូច​ជា​លែង​កាន់​កាប់​ដោយខ្មែ​រ​ហើយ​ដឹង! ចុះ​(យួន)​ចូល​សញ្ជាតិ​អស់​ទៅ! ទៅ​កាន់​តំណែង​មេទ័ព ទៅ​កាន់​តំណែង​ប៉ូលីស ទៅកា​ន់​តំណែង​ប៉េអឹម បាត់​ម្តង​បន្តិចៗ យូរៗ​ទៅ ចេះ​តែ​អញ​កំទេច​ហែងៗ ហែង​ក្បត់​ជាតិៗ ចេះ​តែ​ខ្លាំង​សង្គ្រឺត​ធ្មេញ​ដាក់​ខ្មែរ​ ងាក​ទៅ​យួន​ជុំវិញ​ខ្មែរ​អស់​អាលីង។ សុទ្ធ​តែ​យួន​ឧត្តម​សេនីយ៍ យួន​រដ្ឋ​មន្ត្រី សុទ្ធ​តែ​យួន ចៅ​ហ្វាយខេត្ត»។

យ៉ាង​ណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ធ្លាប់​ប្រាប់​VOD​ថា ក្រុម​បក្ស​ប្រឆាំង​ទៅវិ​ញ​ទេ ដែល​បាន​គប់​គិត​ជាមួយ​បរទេស​មាន​ចេតនា​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ។

រដ្ឋ​ធម្មនុញ្ញ​កម្ពុជា មាត្រា៣៣ ចែង​​ថា ប្រជា​ពលរដ្ឋ​​​ខ្មែ​រ​​មិន​​អាច​​ត្រូវ​​​បាន​​ដក​​សញ្ជាតិ​ និរទេស​ ឬ​​​ចាប់​​​បញ្ជូន​​ខ្លួន​​ទៅ​​​ឱ្យ​​ប្រទេស​​​ក្រៅ​​ណា​​​មួយ​​ឡើយ​ លើក​​លែង​តែ​​មាន​​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ប្រជាពលរដ្ឋ​​ខ្មែរ​ ដែល​កំពុង​រស់នៅ​ឯ​បរទេស​ ត្រូវ​​បាន​រដ្ឋ​គាំពារ។ការ​ទទួល​សញ្ជាតិ​ខ្មែរ​ ត្រូវ​កំណត់​​ក្នុង​ច្បាប់។

អតីតនាយខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា និយាយ​លើ​ហ្វេស​បុក​លោក​ថា វៀត​ណាម​លួច​រំលោភ​ដី​និង​កោះ​ខ្មែរ ម្តេច​មិន​ប្រកាស​ឱ្យ​ខ្មែរ​រួប​រួម! ឱ្យ​តែ​និយាយ​រឿង​យួន​រំលោភ​បំពាន​យក​ដី​ខ្មែរ​ដឹង​តែ​ចាប់​ដាក់​គុក។
លោកថា៖ «យើង​ប្រឆាំងនឹងចោរឈ្លានពានគ្រប់ទិសទីទាំងអស់ដោយមិនរើសមុខ»។

រីឯអ្នកឃ្លាំមើលបញ្ហាព្រំដែន លោក អ៊ុំ សំអាន ពន្យល់​លើ​ហ្វេស​បុក​លោក​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត នឹង​លែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​​ឱ្យ​គេ​បោះ​ឆ្នោត លែង​មាន​សិទ្ធិ​បោះ​ឆ្នោត មិន​អាច​កាន់​អត្ត​សញ្ញាណ​និង​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ។ បន្ថែមលើនេះ មិន​អាច​ធ្វើដំ​ណើរ​ទៅ​ក្រៅ​ប្រទេស (បើ​មាន​សញ្ជាតិ​តែ​មួយ) គ្មាន​កម្ម​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ មិន​អាច​ទទួល​បាន​សេវា​គាំ​ពារ​សង្គម គ្មាន​សិទ្ធ​ធ្វើ​ជា​ប៉ូលីស ទាហាន និង​មន្រ្តី​រាជការ ហើយ​កូនៗកើត​មក​មិន​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ ជាដើម។

ផ្ទុយទៅវិញ លោកថា ជនជាតិវៀតណាមដែលទទួល​បាន​សញ្ជាតិ​ខ្មែរ នឹ​ង​ទទួល​បាន​សិទ្ធិ​ទាំង​នោះ​ដោយ​ស្រប​ច្បាប់។

លោកគូសបញ្ជាក់ថា៖ «ហេតុនេះ ជនជាតិវៀតណាមទទួល​បាន​សញ្ជាតិ​ខ្មែរ​ នឹង​សម្រេច​ជោគ​វាសនា​ជំនួស​ខ្មែរ​ ហើយ​ដំណើរ​ឆ្ពោះម​ក​ទិស​ខាង​លិច​របស់​ហូ​ជីមិញ ក្នុង​ការ​បង្កើត​សហពន្ធ័​ឥណ្ឌូ​ចិន នឹង​បាន​សម្រេច​នាពេល​អនាគត»។

លោកសង្កត់ធ្ងន់ថា គ្មានប្រទេសណាលើ​លោក​ដក​សញ្ជាតិ​ពលរដ្ឋ​ពី​កំណើត​នោះ​ទេ លើក​លែង​តែ​ជន​ល្មើស​នោះ​ មាន​សញ្ជាតិ​ពី​រ​ ហើយ​មិន​ទាក់​ទង​នឹង​រឿង​នយោបា​យ​នោះ​ទេ។ ការ​ចង់​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត​នេះ គឺ​ជា​រឿង​នយោបាយ​ដែល​ចង់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​គូរ​ប្រកួត​ប្រជែង​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ