គណបក្សកម្លាំងជាតិ​ឱ្យ​ស្តារ​សិទ្ធិ​មនុ​ស្ស​ដើម្បី​​ចរចា​​របាំង​ពន្ធ​​អាមេរិក

គណបក្សនយោបាយ​ក្រៅរដ្ឋាភិបាល​ ជំរុញ​ឱ្យ​​កម្ពុជា​មាន​វិធាន​ការ​​ច្បាស់​​លាស់​​បន្ថែម​​ទៀត ក្នុង​​ការ​ចរចា​​រឿង​ពន្ធ​​គយ​​បដិកា​​​ជាមួយ​សហរដ្ឋ​អាមេរិក​​ តាម​​រយៈ​​ការ​​ស្តារ​​ឡើង​វិញ​នូវ​​លទ្ធិ​​ប្រជា​​ធិប​​តេយ្យ ការ​គោរព​សិទ្ធិ​​មនុស្ស និង​​ធានា​​​យុត្តិធម៌​​សង្គម ខណៈ​​ការចរចា​រឿងនេះ​នៅមិនទាន់ទទួលបានជោគជ័យ និង​កៀកដល់​ថ្ងៃ​កំណត់។

កាលពីដើម​​​ខែមេសា ឆ្នាំ​២០២៥​ លោក ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីអាមេរិក បាន​ប្រកាស​​ដាក់ចេញ​ការអនុវត្ត​ពន្ធគយ​បដិការ​ទៅលើ​ជាង​១៨០ប្រទេសទូទាំង​ពិភពលោក ក្នុងនោះមានទាំង​​​កម្ពុជា​ផងដែរ ដែលអាមេរិកគ្រោង​នឹង​ដំឡើង​ពន្ធ​ដល់ ៤៩%​ បើ​ការ​ចរចា​រយៈពេល ៩០ថ្ងៃ មិន​ទទួល​បានលទ្ធផលផ្លែផ្កាទេនោះ។​

ក្រោយការ​ប្រកាស​របស់រដ្ឋបាលលោក ត្រាំ រាជរដ្ឋាភិបាលកម្ពុជា បាន​​បង្កើត​ក្រុមការ​ងារ​ដើម្បី​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​នេះ ប៉ុន្តែ​ការ​ចរចា​ដែលបានធ្វើ​ឡើង​ច្រើន​លើក​ច្រើនសារ​មក​ហើយ​នោះ​ នៅមិនទាន់មានលទ្ធផល​​នៅឡើយ។​

យោង​តាម​​សេចក្តីថ្លែងការណ៍មួយ​​ ចុះថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២៥នេះ គណបក្ស​កម្លាំង​ជាតិ ដែលជាគណបក្ស​​ក្រៅ​រដ្ឋាភិបាលមួយ បាន​លើកឡើង​ពីក្តីបារម្ភ​យ៉ាងខ្លាំង​ ​ក្រោយ​ការ​ចរចារវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​​អាមេរិក ចំពោះវិធានការ​ប្រកាសបន្ថែម​ពន្ធ​លើ​មុខ​ទំនិញ​របស់​កម្ពុជា ទៅកាន់​ទីផ្សា​រ​អាមេរិក​ជា​ច្រើន​​លើក មិន​ទាន់​ទទួល​បាន​ជោគជ័យ ដែល​អាច​ប្រឈម​នឹង​កា​រ​បាត់​បង់​ការ​ងារ​​ធ្វើ និងប្រាក់ចំណូល​​របស់​​កម្មករ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ដែលបណ្តាល​មកពីការ​បិទ​រោង​ចក្រ​ផលិត​ទំនិញ​នាំ​ចេញ​ទៅសហរដ្ឋអាមេរិក។​

គណបក្ស​នេះ យល់ថា កម្ពុជា​ត្រូវ​តែ​មាន​វិធាន​ការ​ច្បាស់​លាស់​បន្ថែមទៀត គឺ​ការ​បង្ហាញ​នូវ​ជំ​ហរ​ស្មោះ​ត្រង់​​ ក្នុង​ការ​ចរចា​បើក​ចំហរ​ជាមួយ​អាមេរិក តាមរយៈ​ការ​ស្តារ​ឡើងវិញ​​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ ព្រមទាំង​ការ​ធានា​យុត្តិ​ធម៌​សង្គម​ ដែល​សហរដ្ឋ​អាមេរិក តែ​ងតែសម្តែង​ការ​ព្រួយ​បារម្ភ​ និង​ចង់ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។​

គណបក្ស​កម្លាំងជាតិ ក៏បានជំរុញឱ្យ​កម្ពុជា​មានការ​រួប​រួម​ ​កា​រផ្សះផ្សាជាតិ សាមគ្គីភាព និង​ឯកភាពផ្ទៃ​ក្នុង​ជាតិ តាមរយៈការ​បង្កើត​ឱ្យ​មាន​នូវ​វប្បធម៌សន្ទនា​ឡើងវិញ រវាង​ឥស្សរជន​នយោ​បាយ​​​កំពូល​ៗ ការ​ដោះលែង​​អ្នក​ជាប់ឃុំ​នយោបាយ​ និងអ្នកជាប់ឃុំ​មន​សិកា ព្រមទាំង​អ្នក​នយោ​​បាយ​​ដែលកំពុង​និរទេស​នៅក្រៅប្រទេស​ ឱ្យ​មានសេរីភាព​វិញ​ ដើម្បី​បានជួប​ជុំ​គ្រួសារ​ និង​​​បាន​ចូលរួម​ក្នុងការ​កសាង​ជាតិ​មាតុភូមិផងដែរ​​។ ​​

សម្រាប់​​កម្ពុជា​​​​ គឺ​​សហរដ្ឋ​​​អាមេរិក គ្រោង​នឹង​​​​​​ដំឡើង​​ពន្ធគយ​​​រហូត​​​​ដល់​ ៤៩​​ភាគ​រយ។ ការ​ដំឡើង​​​​​​​​ពន្ធ​ដល់​ ៤៩ភាគ​រយ​​​លើ​ទំនិញកម្ពុជា នាំទៅកាន់សហរដ្ឋ​អាមេរិក​នេះ ជា​កម្រិត​​​ខ្ពស់​​បំផុត បើ​ប្រៀប​​ធៀប​​​ទៅ​នឹង​​បណ្តា​ប្រទេស​នា​នា​​​នៅ​លើ​ពិភព​លោក​ ក្នុងនោះប្រទេស​វៀតណាម ៤៦​ភាគរយ, ថៃ៣៦​ភាគ​រយ ឡាវ​៤៨​ភាគ​​រយ ចិន ៣៤​ភាគរយ និងសិង្ហបុរី​១០​ភាគរយ​ជាដើម​។

តែយ៉ាង​ណា ក្រោយពីការ​ប្រកាសដ៏ភ្ញាក់ផ្អើលនេះ បានប្រមាណមួយ​សប្តាហ៍​ គឺនៅថ្ងៃទី​១០ ខែ​​​មេសា រដ្ឋបាល ​លោក​ ដូណាល់ ត្រាំ​​ បាន​ប្រកាស​ជាថ្មីទៀត ដោយពន្យាពេល​ដាក់ពន្ធគយទៅ​លើ​បណ្តាប្រទេស​ផ្សេង​ៗ រួម​ទាំងកម្ពុជាផង​ដែរ រយៈពេល ៩០ថ្ងៃ ដោយ​​កំណត់​បន្ទាត់​ពន្ធត្រឹម ១០​ភាគរយ​​ស្មើ​គ្នា។

កាលពីថ្ងៃទី៣០ ខែមិថុនា ថ្មីៗនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) ក៏បាន​បង្ហាញ​​​​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​រយៈ​ពេល​វែង លើ​កម្មករ​ជាង​​១លាន​នាក់ ក្នុង​វិស័យ​​​កាត់​ដេរ ហើយ​និ​ងប៉ះពាល់​ដល់​ការ​នាំ​ចេញ​ និងកំណើន​សេដ្ឋកិច្ច​​ ប្រសិ​​ន​​បើ​ការ​ចរចា​ជាមួយ​តំណា​​ង​​ពាណិជ្ជ​កម្ម​អាមេរិក​(USTR)​គ្មាន​លទ្ធផល​ជា​វិជ្ជមាន​ទេ​នោះ។

ចំណែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ក៏​ធ្លាប់ផ្តល់ជា​យោបល់​​ដែរថា ​ដើម្បី​បញ្ចៀស​​​​ពី​ការដំឡើង​​​ពន្ធ​​ខ្ពស់​​​ពី​​សហរដ្ឋ​​អា​មេរិក មេដឹកនាំ​គ្រួសារ​ហ៊ុន​​​​ត្រូវ​បន្ទន់​ឥរិយា​បទ​ស្តារ​ប្រជា​ធិប​តេយ្យ គោរព​​សិទ្ធិ​មនុស្ស ជាពិសេស​​​​លុប​បំបាត់​អំពើ​ពុក​រលួយ និង​បក្ខ​ពួក​និយម។

លោកបន្តថា បើមេដឹកនាំគ្រួសារហ៊ុន នៅតែប្រកាន់​ជំហរ​មិន​ព្រម​ស្តារប្រជាធិបតេយ្យ ហើយ​បន្ត​ដឹកនាំប្រ​ទេសតាម​​​​គោលនយោបាយ​ប្រជាភិថុត​របស់​ខ្លួន ​​ដូចឳពុក​របស់​លោក ដើម្បី​តែ​ចង់​ស​​​ម្រេច​មហិ​ច្ឆតា​ក្តោ​ប​អំ​ណា​ច នោះបញ្ជាក់​កាន់តែច្បាស់ថា គ្រួសារហ៊ុន​ជា​​អ្នក​​​ធ្វើ​ឱ្យ​​ព​លរ​ដ្ឋ​ ១​៧​លាន​​នាក់ ក្លា​យជា​អ្នក​រងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ