បន្ទាប់ពីឡើងកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំ និង ២ជំនាន់ ពេលនេះប្រធានព្រឹទ្ធសភារបស់បក្សកាន់អំណាច ដែលប្រៀបដូចជាម្ចាស់រោងចក្រផលិត និងកែប្រែច្បាប់ គឺលោក ហ៊ុន សែន ហាក់នៅមិនទាន់អស់ចិត្តនឹងបង្កើតច្បាប់ ដែលគេមើលឃើញថា ដើម្បីធ្វើជាខែលការពារអំណាចខ្លួនឯងនោះឡើយ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វីអូឌីនៅថ្ងៃទី២ ខែកក្កដានេះថា ការធ្វើវិសោធនកម្មច្បាប់ ដកហូតសញ្ជាតិខ្មែរ ពីជនទាំងឡាយណា ដែលត្រូវគេចោទថាក្បត់ជាតិ ដែលស្នើឡើងដោយលោក ហ៊ុន សែន បើមើលពីសម្បកក្រៅ ច្បាប់នេះហាក់កែប្រែឡើងដើម្បីការពារប្រយោជន៍ជាតិ ប៉ុន្តែប្រឡេកមើលពីសាវតានយោបាយរបស់បក្សកាន់អំណាចវិញ ការធ្វើវិសោធនកម្មនេះ គឺជាការកែច្នៃរដ្ឋធម្មនុញ្ញជាតិ ដើម្បីធ្វើជាអាវុធរារាំងបក្សប្រឆាំងមិនឱ្យចូលសង្វៀននយោបាយ។
លោក អ៊ុំ សំអាន និយាយថា៖ «រឿងមួយទៀត នៅពេលដែលមានច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើតហ្នឹង យកសញ្ជាតិខ្មែរហ្នឹងទៅឱ្យជនជាតិវៀតណាម ដែលរស់នៅកម្ពុជារាប់ពាន់នាក់នោះ ដល់អ៊ីចឹងទៅវាគ្រោះថ្នាក់ដល់បូរណភាពទឹកដីរបស់កម្ពុជា នៅពេលក្រោយអាចនឹងបាត់បង់កម្ពុជាយើងដូចបាត់បង់ទឹកដីប្រទេសចម្ប៉ា ឬទឹកដីកម្ពុជាក្រោមអ៊ីចឹងឯង»។
ការថ្លែងរបស់មន្រ្តីបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមិថុនា បញ្ជាឱ្យក្រសួងយុត្តិធម៌ពិចារណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអាចដកសញ្ជាតិពលរដ្ឋខ្មែរចំពោះអ្នកទាំងឡាយណាដែលគេចោទថា បានបំផ្លាញខ្មែរ។
តែយ៉ាងណា នៅក្នុងការថ្លែងរបស់លោក ហ៊ុន សែន នេះ លោកមិនបានបញ្ជាក់ថា ច្បាប់នេះនឹងអនុវត្តសម្រាប់ជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ ឬបូករួមទាំងជនជាតិខ្មែរដើម ឬយ៉ាងណានោះទេ ព្រោះកន្លងមក រដ្ឋាភិបាលថៃ បានចាប់ខ្លួនឧក្រិដ្ឋជនឆបោកតាមអនឡាញ ជួញដូរមនុស្ស និងលាងលុយកខ្វក់បានជាច្រើននាក់ ក្នុងនោះពួកគេមួយចំនួន ជាជនបរទេស ដែលកាន់លិខិតឆ្លងដែនខ្មែរ។
លើសពីនេះ ជនជាតិចិនម្នាក់ គឺលោក ចេន ហ្ស៊ី (Chen Zhi) ដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ហើយត្រូវតុលាការឧក្រិដ្ឋកម្មចិនស្វែងរកចាប់ខ្លួន ជុំវិញឧក្រិដ្ឋកម្មល្បែងអនឡាញ និងការលាងលុយកខ្វក់ខ្នាតយក្សនោះ ត្រូវលោក ហ៊ុន សែន ស្នើសញ្ជាតិកម្ពុជាឱ្យ កាលពីឆ្នាំ២០១៤ និងតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក មានឋានៈស្មើរដ្ឋមន្ត្រី។
លោក សួន សូរីដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បាននិយាយថា៖ «បើអ្នកនយោបាយជាខ្មែរ ច្បាស់ជាគ្មានបំណងចង់ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរណាម្នាក់នោះទេ»។
លើសពីនេះ អតីតមេធាវីការពារក្តីឲ្យមេដឹកនាំខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរលើហ្វេសបុកលោកថា ការដកសញ្ជាតិពលរដ្ឋពីកំណើត ជាអំពើប្រល័យពូជសាសន៍ និងប្រឆាំងទៅនឹងគោលការណ៍ជាសកលស្តីពីសញ្ជាតិពីកំណើត និងរំលោភបំពានធ្ងន់ធ្ងរអំពីសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
លោកថា គ្រប់ករណីណាក៏ដោយ ក៏រដ្ឋមួយមិនអាចយករដ្ឋធម្មនុញ្ញរបស់ខ្លួនមកប្រឆាំងនឹងធម្មនុញ្ញសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ជាពិសេសគោលការណ៍ជាសកលនៃច្បាប់អន្តរជាតិបានឡើយ។
លោកសង្កត់ធ្ងន់ថា អ្នកប្រព្រឹត្តិដោយបង្កើតច្បាប់ដកសញ្ជាតិពលរដ្ឋខ្លួនឯង ក៏មិនអាចយកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ ព្រឹទ្ធសភា ប្រមុខរដ្ឋ ឫប្រមុខរដ្ឋាភិបាលមកការពារខ្លួនឱ្យរួចផុតពីបទចោទ ស្ដីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបានឡើយ។
មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
សម្រាប់ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បារម្ភថា បើច្បាប់ដកសញ្ជាតិត្រូវបង្កើតឡើងមែន នោះអ្នករងគ្រោះគឺអ្នកនយោបាយជំទាស់ ដែលនឹងជំរុញឱ្យជាតិកាន់តែប្រេះឆាគ្មានទីបញ្ចប់ ក្រោមការចោទប្រកាន់ថាជាជនក្បត់ជាតិ។
ទោះជាបែបនេះក្ដី ខុសពីការតាក់តែង និងកែប្រែច្បាប់កាលពីលើកមុន ដែលគណបក្សប្រជាជនកម្ពុជាបានធ្លាក់កូដ ឬបាត់ការគាំទ្រពីប្រជាពលរដ្ឋនោះ គម្រោងកែច្បាប់របស់ លោក ហ៊ុន សែន នៅពេលនេះ គឺចំពេលដែលលោកកំពុងមានប្រជាប្រិយភាពក្នុងរឿងវិវាទព្រំដែនជាមួយថៃ ដែលបានបញ្ជាឱ្យបិទព្រំដែន និងប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រោយពេលមានករណីប៉ះទង្គិចគ្នា នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងការបិទច្រកទ្វារព្រំដែន ជាឯកតោភាគីពីសំណាក់ទាហានថៃ។
កាលពីដំបូងឡើយ សំណើវិសោធនកម្មនេះ ត្រូវបានមតិទូទៅសង្ស័យថា ធ្វើឡើងដើម្បីដកសញ្ជាតិអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលធ្លាប់ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ ដើម្បីភៀសខ្លួនទៅប្រទេសទីបី ក្រោមការជួយជ្រោមជ្រែងពី លោក ហ៊ុន សែន បន្ទាប់ពីលោកស្រីត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង កាលពីឆ្នាំ២០១៤។
ក៏ប៉ុន្តែមហាជនហាក់ផ្លាស់ប្ដូរពីរទស្សនៈនេះ ក្រោយលោក ហ៊ុន សែន បានប្រកាសពីគោលជំហរបន្តតាមកំចាត់អ្នកប្រឆាំង ដែលលោកហៅថា ជាអ្នកជាតិនិយមជ្រុល។
យ៉ាងណាមិញ បើក្រឡេកមើលពីស្ថានភាពទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន ការកែប្រែច្បាប់របស់ លោក ហ៊ុន សែន នៅពេលនេះ ទំនងជាការរៀបជើងព្រួល ដើម្បីត្រៀមការពារចលនាប្រឆាំងរបស់ពលរដ្ឋខ្មែរ នៅលើទឹកដីថៃ ដែលរដ្ឋាភិបាលថៃថ្មីនេះ អាចនឹងមិនធ្វើទុក្ខបុកម្នេញ ឬបញ្ជូនពួកគេទៅឱ្យអាជ្ញាធរខ្មែរកាត់ទោស ដូចរដ្ឋាភិបាលចាស់ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ឡើយ។
យ៉ាងណាក៏ដោយចុះ ងាកមកមើលក្រុមមន្រ្តីស្រុកខ្មែរវិញ មិនខុសពីប្រពៃណីចាស់នោះឡើយ ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិរបស់ប្រធានបក្សកាន់អំណាចលើកនេះ ត្រូវបានមន្រ្តីគ្រាក់ៗ នៅតាមស្ថាប័ន ក្រសួងនានា និងក្រុមឧកញ៉ាជាដើម ចេញញត្តិ និងលិខិតគាំទ្រជាហូរហែ។
ទោះជាយ៉ាងនេះក្ដី ការប្រកាសគាំទ្ររបស់ក្រុមមន្រ្តី និងឈ្មួញអ្នករកស៊ី ដែលជ្រកក្រោមម្លប់បក្សរូបទង់ទេវតានេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីផ្គាប់ចិត្តមេដឹកនាំពួកគេតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ការបន្ទរតាមមេកើយ ដែលជាកេរដំណែលសល់ពីរបបខ្មែរក្រហមនេះ គឺជាវិធីមួយដែលគណបក្សប្រជាជនកម្ពុជា តែងតែប្រើប្រាស់ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញថា រាល់ការសម្រេចចិត្តរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែមានអ្នកសាទរជានិច្ច។
ទោះយ៉ាងណា បណ្ឌិតអ្នកច្បាប់មួយចំនួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក៏មានអ្នកមិនគាំទ្រនឹងគម្រោងវិសោធនកម្មនេះដែរ ដូចជា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លោកបណ្ឌិត គិន ភា ដែលបានបង្ហោះសារលើគណនីបណ្ដាញសង្គមរបស់លោកថា ការដកហូតសញ្ជាតិខ្មែរពីកំណើតមិនគួរធ្វើនោះទេ។ លោកបន្តថា បើបុគ្គលណាក្បត់ជាតិ នោះទុកឱ្យពលរដ្ឋថ្កោលទោស និងប្រវត្តិសាស្ត្រកត់ត្រាចុះ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា វិសោធនកម្មច្បាប់នេះ ជាការដើរផ្ទុយនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់កំពូលក្នុងរដ្ឋធម្មនុញ្ញ ដែលបានចែងពីការទទួលបានសញ្ជាតិ។
លោកថា៖ «មិនថាតែច្បាប់កំពូល ឬរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសកម្ពុជាយើងនោះទេ រួមទាំងអង្គការសហប្រជាជាតិ ទាំងសេចក្ដីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្ស ក៏គេបានចែង និងការពារចំពោះបុគ្គលគ្រប់រូបដោយមិនមានការដកសញ្ជាតិនោះទេ ត្រូវតែទទួលបានសញ្ជាតិមួយ ហើយក្នុងហ្នឹង ក៏រដ្ឋធម្មនុញ្ញយើងបានការពារ មិនឱ្យមានការដកសញ្ជាតិ ឬក៏និរទេសជនជាតិរបស់ខ្លួនហ្នឹង ទៅឱ្យបរទេសណាមួយនោះទេ»។
នេះមិនមែនជាលើកទីមួយទេ ដែលអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន កែប្រែ និងបង្កើតច្បាប់ ដែលគេមើលឃើញថា ដើម្បីការពារអំណាចតាមអំពើចិត្ត ជាឧទាហរណ៍ កន្លងមក លោក ហ៊ុន សែន ធ្លាប់បានបង្កើតច្បាប់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់បេក្ខជននាយករដ្ឋមន្រ្តី និងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលមានការកាត់បន្ថយអំណាចរដ្ឋសភា ជាដើម។
ទន្ទឹមគ្នានេះ រាល់ការតាក់តែង ឬធ្វើវិសោធនកម្មច្បាប់នៅក្នុងរដ្ឋសភា ដែលមានតំណាងរាស្រ្តសុទ្ធសឹងតែជាសមាជិកក្រុមទេវតានេះ បានលើកដៃគាំទ្រស្រុះគ្នាភ្លាមៗ ដោយគ្មានការជជែក ឬសួរដេញដោលអ្វីឡើយ ហើយច្បាប់ដែលលោក ហ៊ុន សែន គ្រោងនឹងកែនេះ ក៏នឹងត្រូវបានតំណាងរាស្រ្តគាំទ្រលើសលុប ដោយគ្មានមន្ទិលឡើយ។
បើតាមក្រុមអ្នកឃ្លាំមើល បន្ទាត់នយោបាយ លោក ហ៊ុន សែន បានដើរលើផ្លូវខុសចាត់តាំងពីឆ្នាំ២០១៧មក ខណៈមេបក្សនេះដឹងខ្លួនថា ពលរដ្ឋបានបោះឆ្នោតដកសេចក្តីទុកចិត្តយ៉ាងគំហុក ចាប់ពីឆ្នាំ២០១៣ និង២០១៧ ហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ។
បរិបទនេះ អង្គការ IRI និង NDI របស់អាមេរិក ដែលធ្វើការផ្តោតលើការពង្រឹងប្រជាធិបតេយ្យ ត្រូវបានបណ្តេញចេញពីកម្ពុជា លើសពីនេះក៏មានលេចឡើងការធ្វើយុទ្ធនាការកម្ចាត់សារព័ត៌មានឯករាជ្យ និងគំរាមក្រុមអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យជាដើម។
ចាប់ពីពេលនោះមក គណបក្សកាន់អំណាច គ្មានជម្រើសក្រៅពីប្រើមន្ត្រីតាមគ្រប់ក្រសួង ដើម្បីបដិសេធរាល់ការបំពានសិទ្ធិមនុស្សដែលបានកើតឡើង ដើម្បីបិទបាំងបន្ទាត់នយោបាយដើរលើផ្លូវខុសនេះ រួមទាំងបង្កើតឱ្យមានការបោះឆ្នោតមិនត្រឹមត្រូវជាទៀងទាត់។
ជុំវិញភាពចម្រូងចម្រាសនេះ អ្នកឃ្លាំមើល ស្នើឱ្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គួរតែអនុម័តច្បាប់ដកហូតសញ្ជាតិនេះ ចំពោះតែជនបរទេសណា ដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរបានហើយ ព្រោះបើរដ្ឋាភិបាលអនុវត្តច្បាប់នេះ ចំពោះជនជាតិខ្មែរផងនោះ នឹងធ្វើឱ្យការប្រកួតប្រជែងនយោបាយបែបសេរីពហុបក្សនៅកម្ពុជា កាន់តែគ្មានតុល្យភាព ហើយកម្ពុជានឹងអាចទទួលរងទណ្ឌកម្មពីប្រទេសលោកសេរីបន្ថែមទៀត៕









