សមាជិកសភាវៀតណាមថ្មីៗនេះ បានអនុម័តផ្លាស់ប្តូរច្បាប់សញ្ជាតិ ដើម្បីឱ្យពលរដ្ឋខ្លួនអាចកាន់សញ្ជាតិបានពីរ រួមទាំងបរទេសចូលមកធ្វើការនៅប្រទេសខ្លួន ខណៈមេដឹកនាំព្យាយាមទាក់ទាញការវិនិយោគ និងកម្មករ ដែលមានជំនាញចូលក្នុងប្រទេសខ្លួន។ នេះបើយោងតាមនីគីអាស៊ី(Nikkei Asia)។
បើតាមប្រភពនីគីអាស៊ី បានឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះថា ការផ្លាស់ប្តូរច្បាប់កាលពីសប្តាហ៍មុន បានដកចេញនូវតម្រូវការសម្រាប់មនុស្សដែលស្វែងរកការទទួលបានសញ្ជាតិវៀតណាម ដោយមិនបោះបង់ជាតិបរទេសរបស់ពួកគេ។ ច្បាប់ត្រូវបានលុបចោល រួមមាន ជំនាញភាសា និងតម្រូវការស្នាក់នៅអប្បបរមា។
ប្រភពបន្តថា មេដឹកនាំវៀតណាម មើលឃើញថា បច្ចេកវិទ្យា គឺជាគន្លឹះនៃការខំប្រឹងប្រែងនេះ ប៉ុន្តែប្រទេសនេះខ្វះមនុស្សដែលមានបទពិសោធន៍ធ្វើការលើព្រំដែននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ប្រភពបន្ថែមថា ការផ្លាស់ប្តូរច្បាប់សញ្ជាតិ គឺជាជំហានដំបូងនៃជំហានជាច្រើន ដែលវៀតណាមរំពឹងថាលើកទឹកចិត្តអ្នកជំនាញឱ្យមកប្រទេសនេះ ដើម្បីរស់នៅនិងធ្វើការ។ រដ្ឋាភិបាលវៀតណាម ជឿជាក់ថា ខ្លួនអាចលោតផ្លោះគូរប្រជែងរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត និងឧបករណ៍អេឡិចត្រូនិកនៅឆ្នាំ២០៣០។
ប្រភពបញ្ជាក់ថា ប្រទេសក្នុងអាស៊ីមួយនេះ កំពុងដំណើរការកំណែទម្រង់យ៉ាងធំ ក្នុងរយៈពេលជិតបួនទសវត្ស ក្នុងការប្តូរច្បាប់ ហើយរចនាសម្ព័ន្ធរដ្ឋបាល និងការបន្ធូរបន្ថយលើការវិនិយោគ ខណៈខ្លួនព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ វាមានគោលដៅសម្រាប់៨ភាគរយនៃកំណើនផលិតផលក្នុងស្រុកសរុបឆ្នាំនេះ ហើយតួរលេខនឹងកើនពីរខ្ទង់នៅឆ្នាំខាងមុខ ដែលមានបំណងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥៕









