ស្តី្រម្នាក់​រងគ្រោះ​ពី​ការ​បណ្តេញចេញ​​ពី​តំបន់​​អន្ទង់​អាំង​ព្រមាន​​ដុត​​ខ្លួនបើ​​រដ្ឋាភិបាល​​មិ​ន​រក​យុត្តិ​ធម៌

ស្ត្រី​ដែលមានបញ្ហាដីធ្លី​​នៅ​​តំបន់​អន្ទង់​អាំង ឬ​ភ្នំ​១៥០០ ខេត្ត​​ពោធិ៍​​សាត់ ព្រមាន​ពី​ការ​​​ធ្វើ​​អត្ត​ឃាត​​​​ដោយ​​ចាក់​​សាំង​​ដុត​​ខ្លួន​ឯង​​​​ជាមួយ​​ចៅ នៅ​​មុខ​​ក្រសួ​​ង​មហាផ្ទៃ ប្រសិន​​បើ​ក្រសួ​ង​ស្ថាប័ន​ពាក់​​ព័ន្ធ​​មិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ទេដោយ​យុត្តិធម៌ទេនោះ។​

កាលពីអំឡុង​ពាក់កណ្តាល​មីនា ឆ្នាំ​២០២៥ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បានដាក់កម្លាំងចុះ​​​​រុះ​រើ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​​ជាង ២០គ្រួសារ ឱ្យ​រាបដល់ដី នៅចំណុច​តំបន់​អន្ទង់អាំង ឬភ្នំ១៥០០ ក្នុង​​ឃុំ​អន្លង់រាប ក្នុង​ស្រុកវាលវែង ដោយ​​​អាជ្ញាធរ​ចោទថាពលរដ្ឋ​ទាំងនោះ​រស់នៅ​ខុស​ច្បាប់​​​លើ​ដី​តំបន់​ការ​ពារ​បៃតង។ មកដល់ពេលនេះ ប្រជាពលរដ្ឋ​ដែលរ​ង​ការ​បណ្តេញ​ចេញ មានអ្នកខ្លះបាន​រត់​ភៀស​​​ខ្លួន​ទៅកាន់តំបន់ផ្សេង និងខ្លះទៀត​កំពុង​ប្រឈមមុខនឹង​ការ​ចោទប្រកាន់​​តាម​​​ប្រព័ន្ធ​តុលាការ។​

ស្របពេលមានបញ្ហាដីធ្លីនេះ ប្រជាពលរដ្ឋ និង​អ្នកស្រី សែម សុខគា ដែលអះអាង​ថា​មាន​ដីស្រប​ច្បាប់​នៅតំបន់​នោះ ​ក៏បានដាក់ញត្តិទៅ​ក្រសួង​​មហាផ្ទៃ និង​ក្រសួង​ពាក់​ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ និង​ទម្លាក់​បទចោទជូន​ប្រជាពលរដ្ឋ​ផងដែរ

អ្នកស្រី ​សែម សុខគា ដែលជា​​ពលរដ្ឋ​រង​គ្រោះ​ម្នាក់ក្នុង​បញ្ហាដីធ្លី ក្នុងចំណោម​ពលរដ្ឋ​ទាំងជាង ២០គ្រួសារនោះ បាន​លើក​ឡើង​ក្នុង​ហ្វេសប៊ុក​​របស់អ្នកស្រីនៅថ្ងៃទី០៣ ខែ​កក្កដានេះ​​ថា ដីរបស់​គ្រួសារអ្នកស្រីនៅតំបន់​​អន្ទង់អាំងនោះ មានប្លង់កម្មសិទ្ធិ​ស្របច្បាប់ ដោយមានការ​វាស់​វែង​ពីក្រុម​និស្សិត​ស្ម័គ្រ​ចិត្តត្រឹម​ត្រូវ​ ប៉ុន្តែ​​បែរជា​អាជ្ញាធរមិនដោះស្រាយ​ជូន​គាត់ទៅវិញ។

អ្នកស្រីថា បើសិនជា​មិនមាន​មន្ត្រីនៃក្រសួង​ស្ថាប័នពាក់ព័ន្ធ​ណា​អាចជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែលអ្នកស្រី និង​កូន​ កំពុង​ដាក់បញ្ចាំ​នៅធនាគារ​នោះទេ អ្នកស្រីអាចនឹង​ធ្វើ​អត្តឃាត​ចាក់សាំង​ដុត​សម្លាប់ខ្លួនពីរនាក់ចៅ នៅមុខ​ក្រសួ​ងមហាផ្ទៃ។

អ្នកស្រី សែន សុខគា បានសរសេរក្នុងសំណេរដើម​ទៀត​ថា៖ «សូមសំណូមពរ​ទៅ​ដល់​ឯកឧត្ដម និង​មន្រ្តី​​​រាជ​​ការ​ទូទាំង​ប្រទេស​កម្ពុជា គ្រប់​ក្រសួង​ពាក់​ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​​ដែល​មន្រ្តី​រាជការ​ធ្វើ​ធំ​មួយ​ចំនួន​ ដែល​ធ្វើ​បាប​ប្រជាជន​ទន់​ខ្សោយ​រឿង​វិវា​ទ​ដី​ធ្លី​ សូម​បញ្ឈប់​ការ​ប្លន់​ដី​ ធ្វើ​​បាប​ប្រជាជន​ដាក់​គុក​ដើម្បី​យក​ដី»

វីអូឌី មិនអា​ចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអ្នក​នាំពាក្យរង​​​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យក្រសួ​ងយុត្តិធម៌ លោក សេង ឌីណា បាន​ទេ​នៅថ្ងៃទី០៣ ខែ​កក្កដា​​នេះ។

យ៉ាងណា កាលពីថ្ងៃទី​៣០ ខែមិនា ក្រសួង​យុត្តិធម៌ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ​គូសបញ្ជាក់ថា ទី​តាំង​​​​ដី​​ដែល អ្នក​​ស្រី សែម សុខគា កំពុងកាន់កាប់ហើយ​​ដែលអះអាងថា មានប្លង់រឹងនោះ គឺជា​រឿងមិនពិត ព្រោះ​ថា​ដីនេះស្ថិតនៅក្នុងតំ​បន់​សហគមន៍​​នៃតំបន់ការ​ពារ​ធម្ម​ជាតិ (តំបន់អន្ទង់​​អាំង) ហើយនៅក្នុងតំបន់នេះ ពុំមាន​ដីណាមួយមានវិញ្ញាបន​បត្រ​​សម្គាល់​​ម្ចាស់អចលនវត្ថុ (ប្លង់រឹង)នោះទេ។

បើទោះជាមានការអះអាងបែបនេះក្តី ប៉ុន្តែ​​​ក្រុម​ប្រជាពលរដ្ឋ​ដែលរង​ការ​បណ្តេញ​ចេញ បាន​អះ​អាង​ថា ដីដែលពួកគាត់​បានរស់នៅជាង១០ឆ្នាំ​មកហើយ​នេះ ពុំ​ស្ថិត​នៅក្នុងតំបន់ការ​ពារ​បៃ​តងនោះទេ គឺ​ពួកគាត់បាន​​ទិ​​ញដីបន្តពី​ក្រុមកងទ័ព​ កាលពីអំឡុង​ឆ្នាំ​២០១០ ដល់ឆ្នាំ២០១៣​ ដើម្បីសាង​សង់ផ្ទះ​​រស់​នៅ និងអ្នកខ្លះបានសាង់សង់ជា​រីស៊ត ហើយ​កា​រទិញលក់នោះ ក៏​មានឯកសារ​​​ត្រឹម​​ត្រូវ​​​​ដែល​​ទទួលស្គាល់ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ តាំងពីក្រោមកា​រ​ដឹកនាំរបស់អភិបាល​ខេត្តចាស់ លោក ម៉ៅ ធនិន។

សម្រាប់មតិ​​សង្គមស៊ីវិលវិញ លោក យិន ម៉េងលី អនុប្រធាន​សមាគម​កា​រពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ធ្លាប់​​បានចុះអង្កេត​ករណីវិវាទដីធ្លីនេះ​ដោយ​ផ្ទាល់ មានប្រសាសន៍ថា បញ្ហាដែលពលរដ្ឋ​​ទាំង២៤គ្រួសារ បាន​​​តវ៉ា​​ទាមទារ​ដំណោះស្រាយមកដល់បច្ចុប្បន្ន​នេះ​ ​គឺ​ជា​ប្រជា​ពលរដ្ឋ​​ដែលរស់នៅ​​​​ក្រៅ​តំបន់ការ​​ពារ​​ ហើយ​​​កា​រ​​សំអាង​​​របស់ពលរដ្ឋទាំងនោះ​ គឺយោងទៅតាម សជណ ​របស់​​​​រដ្ឋាភិបាលលេខ ១១០១។

លោ​ក​បន្តថា ដើម្បីដោះស្រាយបញ្ហានេះឱ្យចំគោលដៅ ហើយកុំឱ្យពលរដ្ឋ​មានការ​តវ៉ា និង​​​​ការ​ដាក់ញត្តិ​នៅថ្នាក់ជាតិ​ទៀតនោះ រដ្ឋបាល​​ខេត្តគួរចេញមុខចរចា​ដោះស្រាយ​​​ជាមួយពលរដ្ឋ​ដែល​​​រង​គ្រោះទាំង​នោះ​ដោយ​ផ្ទាល់ និងមិនត្រូវប្រើប្រាស់ប្រព័ន្ធតុលាកា​រទៅដាក់សម្ពាធពលរដ្ឋ​បន្ថែមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ