នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលរងការរិះគន់ថា ឡើងកាន់អំណាចតាមការរៀបចំពីឳពុកនោះ បានការពារបទបញ្ជាឱ្យរុះរើមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីកំណើត ដោយអះអាងថា អ្នកគ្មានចេតនាក្បត់ជាតិ មិនបាច់ព្រួយបារម្ភនោះទេ ខណៈប្រព័ន្ធតុលាការ ត្រូវគេមើលឃើញថា ជាឧបករណ៍ផ្តាច់មុខរបស់បក្សកាន់អំណាចនោះ។
លោក ហ៊ុន ម៉ាណែត ថ្លែងពីខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកក្កដានេះ ដោយលើកឡើងថា ប៉ុន្មានថ្ងៃទៅនេះ មានគេរិះគន់ព្រោងព្រាតរឿងស្នើឱ្យកែរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីកំណើត ខណៈ លោក ហ៊ុន សែន អះអាងថា ដើម្បីប្រឆាំងនឹងអ្នកបំផ្លាញខ្មែរ។
លោកថា៖ «ឥឡូវអ្នកខំភ័យធ្វើអី! បើអ្នកឯងស្នេហាជាតិ ប្ដេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយមិនធ្វើប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ។ អ៊ីចឹងកុំភ័យព្រួយពេក បើសិនជាអ្នកមានផែនការបំផ្លាញគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ។ ប៉ុន្តែបើអ្នកបែបហ្នឹងមិនគួរជាខ្មែរទេ! និយាយឱ្យច្បាស់តែម្តងទៅ។ យើងកំពុងតែប៉ះទង្គិចការពារទឹកដី! នៅមិននៅទៅរត់ស្រែក វាយបំបាក់ជាតិយើង អាហ្នឹងរឿងតែមួយ ខ្ញុំមិននិយាយទេរឿងច្បាប់គេធ្វើក្រោយចុះ»។
លើសពីនេះ លោកថា មិនមែនមានតែកម្ពុជាទេ ដែលមានច្បាប់ដកសញ្ជាតិ តែក៏មានប្រទេសចំនួន១៥០ប្រទេស ក្នុងនោះមានទាំងសហរដ្ឋអាមេរិកដែលជាប្រទេសប្រជាធិបតេយ្យផងដែរ ។
លោកថា៖ «អាមេរិកឥលូវ! ច្បាប់ថ្មីរបស់អាមេរិក គឺមានរហូតទៅដល់ដកសញ្ជាតិ បើអ្នកហ្នឹងអ្នកឯងប្រព្រឹត្តអំពើភេរវកម្មឬមួយក៏អំពើខ្វះសីលធម៌។ ប្រទេសមហាអំណាចលេខមួយណាស់! ហើយនៅក្នុងចំណោម១៥០ប្រទេសនេះ មាន១៣៤ប្រទេស ដែលមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិប្រឆាំងផលប្រយោជន៍ជាតិ អ៊ីចឹងវាមែនតែកម្ពុជាទេ»។
ផ្ទុយពីនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បាននិយាយថា តុលាការនៅកម្ពុជា ជាឧបករណ៍ផ្តាច់មុខរបស់គ្រួសារហ៊ុន ដែលបានចោទប្រកាន់ពលរដ្ឋ និងអ្នកនយោបាយដែលមិនចំណុះឱ្យខ្លួន តាមទំនើងចិត្តតាមបញ្ជាបក្សកាន់អំណាចច្រើនឆ្នាំទៅនេះ ដែលលោកហៅថាជាតុលាការតេឡេ។
លោកគូសបញ្ជាក់ថា បញ្ហាចម្បងនេះ ដែលគណបក្សប្រឆាំង ជំរុញឱ្យពលរដ្ឋចូលរួមទប់ស្កាត់ កុំឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន បន្តយករដ្ឋធម្មនុញ្ញធ្វើជាឧបករណ៍ បម្រើជាផលប្រយោជន៍គ្រួសារខ្លួន បង្កគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។
មួយវិញទៀត លោកថា អ្នកដែលក្បត់ជាតិពិតប្រាកដ គឺឳពុកលោក ហ៊ុន ម៉ាណែត ដែលលោកចោទថា បានកាត់ទឹកដីខ្មែរឱ្យទៅបរទេស ក្នុងពេលឡើងកាន់អំណាចជាង៤ទសវត្សរ៍ទៅនេះ។
លោកថា៖ «ពួកយើងជាប្រជាពលរដ្ឋខ្មែរ ទៅប្រព្រឹត្តអំពើក្បត់ជាតិជាមួយបរទេសយ៉ាងម៉េចកើត។ ប្រជាពលរដ្ឋខ្មែរហ្នឹងអាចទៅកាន់ទឹកដីយើងទៅឲ្យថៃឲ្យវៀតណាមបានដែរ! ដែលអាចផ្ដល់លិខិតឆ្លងដែនឲ្យបច្ចាមិត្តរបស់យើងដូចអ្នកស្រី យីងឡាក់ បានដែរហី! អត់ទេ! មានតែមេដឹកនាំប្រទេសទេ ដែលអាចធ្វើទង្វើក្បត់ជាតិហ្នឹង។ ដូចគាត់ចោទប្រកាន់លោក កឹម សុខា ថាក្បត់ជាតិគប់គិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល អាហ្នឹងគឺជាការចោទប្រកាន់ដោយគ្មានភ័ស្តុតាង ដូច្នេះអ្វីដែលគាត់និយាយការពារតុលាការតេឡេរបស់គាត់ហ្នឹងហើយ»។
លើសពីនេះ លោកថា លោក ហ៊ុន សែន ជាគ្រោះថា្នក់សម្រាប់កម្ពុជា ព្រោះគាត់ត្រូវបានវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាច ចាប់ពីឆ្នាំ១៩៧៩មក។
លោកថា ការណ៍នេះ លោក ហ៊ុន សែន មិនហ៊ានជំទាស់នឹងបំណងវៀតណាមទេ សូម្បីតែធ្វើសន្ធិសញ្ញាព្រំដែនខុសច្បាប់ឱ្យរស់ឡើងវិញ នៅឆ្នាំ២០០៥ ដើម្បីសម្រេចមហិច្ឆតាវៀតណាម លេបទឹកដីខ្មែរ ក៏មេដឹកនាំរូបនោះហ៊ានធ្វើដែរ ឱ្យតែបានកាន់អំណាចតពូជ។
លោកថា៖ «នៅឆ្នាំ១៩៨៣ (និង)១៩៨៥ គាត់បានធ្វើសន្ធិសញ្ញាស្តីពីព្រំដែនគោក បានកាត់ដែនដីគោករបស់ខ្មែរយើង ទៅឱ្យឲ្យវៀតណាម ហើយដល់ឆ្នាំ២០០៥នេះ គាត់បានធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាដោយគាត់គំរាមស្ដេច ចង់ដូររបបពីរបបរាជានិយមទៅជារបបសាធារណរដ្ឋហ្នឹង! សន្ធិសញ្ញាហ្នឹងគឺបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរយើងយ៉ាងច្រើន តាមព្រំដែនទៅឱ្យប្រទេសវៀតណាម។ អ៊ីចឹងហើយបានបោះបង្គោលកន្លងមកហ្នឹង ធ្វើឲ្យប្រជាពលរដ្ឋស្រែកយំបាត់ដីស្រែចម្ការរបស់គាត់ នៅតាមព្រំដែន! កាលណាបាត់ដីស្រែចម្ការរបស់ពលរដ្ឋខ្មែរ នឹងបាត់ដីខ្មែរហើយ»។
មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា បទប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត។
លោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ អំឡុងខែសីហា ឆ្នាំ២០២៣ ក្រោមការរៀបចំពីឳពុករបស់លោក គឺលោក ហ៊ុន សែន។
លោក វិធិត មុនថាប៊ន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវកាលពីអំឡុងខែតុលា ឆ្នាំ២០២៤ បានរិះគន់ចំៗថា៖ «ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងរង្វង់ក្រុមគ្រួសារ ដែលជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាព»។
ការស្នើឱ្យរុះរើមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីកំណើតនេះ ក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី នៅឯក្រៅប្រទេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២ ខែកក្កដាថា វិធាននេះ «ជាអំពើប្រហាររដ្ឋធម្មនុញ្ញ និងជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ» ។
បញ្ហានេះ ពួកគេអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្រោកឈរក្នុងនាមជាម្ចាស់ប្រទេស ប្រឆាំងនឹងវិធានចង់ដកសញ្ជាតិខ្មែរនេះ។
មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា “ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក”។
ជាការកត់សម្គាល់ ការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យពលរដ្ឋក្រោកឈរប្រឆាំងនឹងវិធានដកសញ្ជាតិខ្មែរតពីកំណើតនេះ បានធ្វើឡើងថ្ងៃតែមួយចំពេលក្រុមប្រឹក្សាធម្មនុញ្ញ ដាក់លិខិតទូលថ្វាយព្រះមហាក្សត្រថា សេចក្តីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ ដោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត «អាចធ្វើទៅបាន» ។
សម្រាប់ លោក សម រង្ស៊ី ទង្វើនេះបញ្ជាក់ច្បាស់ណាស់ថា ស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ធានាការពារនូវបុព្វសិទ្ធិ និងអំណាចរបស់ជនជាតិខ្មែរ ដែលជាម្ចាស់ទឹកដីជាតិកម្ពុជា នៅខ្ពស់ជាងអំណាចនៃស្ថាប័នគ្រប់គ្រងរដ្ឋទាំងឡាយ។
ការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរ គឺជាការដកហូតសិទ្ធិជាម្ចាស់ព្រលឹងជាតិខ្មែរ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីជនជាតិខ្មែរ ជាពិសេស ជានិន្នាការបំផ្លាញពូជសាសន៍ខ្មែរ ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ប្រសូត្រឡើងដោយការមើលឃើញរបស់មហាអំណាចទាំងអស់នៅលើពិភពលោក ដើម្បីការពារកុំឲ្យបាត់បង់ពូជសាសន៍ខ្មែរ ដោយការផ្តល់សិទ្ធិអំណាចនៃសេចក្តីសម្រេចជោគវាសនាជាតិកម្ពុជា ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាម្ចាស់។
ជុំវិញបញ្ហានេះ របាយការណ៍នានា បង្ហាញថា មេដឹកនាំគណបក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការ ដើម្បីការពារអំណាចជាចំហ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយពលរដ្ឋជាងពាក់កណ្តាលប្រទេស បោះឆ្នោតដកសេចក្តីទុកចិត្ត ហើយងាកទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងវិញ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម ឆ្នាំ២០២៤ថា ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់មានការរៀបចំច្បាស់លាស់លក្ខណៈជាប្រព័ន្ធ។
បរិបទនេះ ធ្វើឱ្យសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ នៅក្នុងប្រទេសកម្ពុជា រងការយាយី និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ បំពានសិទ្ធិសេរីភាពបញ្ចេញមតិ ផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
យ៉ាងនេះក្តី លោក ហ៊ុន បញ្ជាក់នៅថ្ងៃទី៣ ខែកក្កដានេះថា លោកមិនខ្វល់នឹងការរិះគន់ពីក្រុមអ្នកនយោបាយប្រឆាំងទេ តែថា បទបញ្ជានេះ នឹងមិនថយក្រោយទេ។
លោកគូសបញ្ជាក់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំបន្ទាន់ នៅថ្ងៃទី១១ខែកក្កដានេះ ដើម្បីពន្លឿនបទបញ្ជារបស់លោក ជុំវិញការបើកផ្លូវឱ្យរុះរើមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីកំណើតតាមដែលលោកចង់បាននេះ៕









