«ថ្ងៃនេះយើងចងចាំនិងគោរពចំពោះវីរៈភាព និងភាពក្លាហានរបស់សកម្មជនជាប់គុកពីបទការពារធម្មជាតិ។ យើងជួបជុំគ្នាដើម្បីគោរពភាពក្លាហានរបស់ពួកគេ និងទាមទារយុត្តិធម៌។ សូមទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនយុវជនចលនាមាតាធម្មជាតិ!»។
នេះជាសំណេរនៅលើបណ្តាញសង្គមរបស់អង្គការអាដហុក លីកាដូ សង់ត្រាល់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការមួយចំនួនទៀត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ មានរយៈពេលពេញ១ឆ្នាំហើយដែលសកម្មជនយុវជនចលនាមាតាធម្មជាតិចំនួន៥នាក់ ក្នុងចំណោម ១០នាក់ ត្រូវបានតុលាការចាប់ឃុំខ្លួននិងផ្តន្ទាទោសដាក់ពន្ធនាគារក្រោមបទចោទ «ក្បត់ជាតិ» និង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ដោយគ្រាន់តែយុវជនទាំងនោះធ្វើការតស៊ូមតិអហិង្សា ដើម្បីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។
បើតាមអង្គការទាំងនេះ ការចេញមុខអំពាវនាវឱ្យដោះលែង និងទម្លាក់ចោលបទចោទលើសកម្មជនចលនាមាតាធម្មជាតិទាំង៥រូបនេះ គឺដោយសារតែសង្គមស៊ីវិលយល់ឃើញថា ពួកគេមិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ឡើយ និងថា សកម្មភាពដែលពួកគេបានធ្វើកន្លងមក គឺស្របច្បាប់សម្រាប់កិច្ចការការពារបរិស្ថាន និងសិទ្ធិមនុស្ស។
ដើម្បីរំលឹកអំពីវីរភាព ភាពអង់អាចក្លាហាន ឆន្ទៈមោះមុត និងការលះបង់ខ្ពស់ ក្នុងសកម្មភាពតស៊ូមតិ ដើម្បីបរិស្ថានស្អាត និងធនធានធម្មជាតិ របស់ក្រុមយុវជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយមិនត្រឹមត្រូវ ក្រុមសង្គមស៊ីវិលបានធ្វើយុទ្ធនាការ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ ថ្ងៃទី២ ខែកក្កដា។
នៅក្នុងយុទ្ធនាការនេះ ក្រុមអង្គការសង្គមស៊ីវិល បានបង្ហោះក្នុងបណ្តាញសង្គម នូវរឿងរ៉ាវនៃការតស៊ូរបស់យុវជនចលនាមាតាធម្មជាតិ នៅមុនពេលចាប់ខ្លួន វីដេអូខ្លីៗចំនួនពីរ និយាយអំពីទិដ្ឋភាពនៃការចាប់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ និងសកម្មភាពមួយចំនួនទៀត។ សម្រាប់ក្រុមអង្គការសង្គមស៊ីវិល «ការការពារបរិស្ថាន និងធនធានធម្មជាតិមិនមែនជាបទល្មើសទេ» និងទាមទារ «សូមដោះលែងអ្នកទាំង៥ដើម្បីឱ្យពួកគេបន្តសកម្មភាពកិច្ចការពារបរិស្ថានបន្តទៀត»។
សកម្មជនយុវជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងលោក យីម លាងហ៊ី។ ពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ក្នុងពន្ធនាគារចន្លោះពី៦ដល់៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ» កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ដែលធ្លាប់ជាប់ពន្ធនាគារដោយសារតែការងារការពារបរិស្ថាន និងធនធានធម្មជាតិផងដែរនោះ បានថ្លែងក្នុងពិធីជួបជុំរំលឹកខួបនៃការឃុំខ្លួនរយៈពេល១ឆ្នាំ ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់ នៅអង្គការសង់ត្រាល់ កាលពីថ្ងៃទី១ ខែកក្កដាថា បើរាប់ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០២៥ មានសកម្មជនបរិស្ថានសរុបចំនួន១១នាក់ ត្រូវបានគេចាប់ខ្លួន ក៏ប៉ុន្តែនៅតែមានយុវជនសកម្ម សិស្សនិស្សិតដែលជាឈាមថ្មី នៅតែបន្តចូលរួមក្នុងកិច្ចការពារបរិស្ថានជាហូរហែ។
លោកសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន នឹងចូលរួមការពារបិស្ថាននិងធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។
លោកថា៖ «សូមជូនពរឱ្យសកម្មជនបរិស្ថានទាំង៥រូប រួមមាន លោកថុន រដ្ឋា លោកយឹម លាងហ៊ី លី ចាន់ដារ៉ាវុទ្ធ ភួន កែវរស្មី និងកញ្ញាឡុង គន្ធា ទទួលបានសេរីភាព សូមតុលាការមេត្តាពិចារណាដោះលែងពួកគាត់ផ្តល់ភាពស្អាតស្អំដល់ពួកគាត់ឡើងវិញ»។
ឪពុកលោក យីម លាងហ៊ី បានឡើងថ្លែងនៅក្នុងពិធីរំឭកខួបនៃការឃុំខ្លួននេះថា យុវជនទាំង៥នាក់នេះ មានឧត្តមគតិ និងឆន្ទៈល្អណាស់ ដែលបានលះបង់សេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានចេញមុខការពារធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីទុកសម្រាប់ក្មេងជំនាន់ក្រោយ មិនគួរណាត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារនោះទេ។
លោកថា៖ «អ៊ីចឹងកូនៗទាំងអស់នេះ គឺពួកគាត់មានទឹកចិត្តដ៏ថ្លៃថ្លា ហើយលះបង់ទាំងអស់ដើម្បីការពារបរិស្ថាន ហេតុនេះខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល សូមលោកជួយពិនិត្យដល់កូនចៅទាំងអស់នេះផងគ្នាអត់មានទោសអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិទេ គឺអត់មានក្បត់ជាតិ ក្បត់ព្រះមហាក្សត្រទេ កូនទាំង៥នាក់នេះ គេមានឧត្តមគតិល្អណាស់ សូមលោកមេត្តាអនុញ្ញាត និងលើកលែងទោសឱ្យកូនៗបានទៅជួបជុំគ្រួសារឪពុកម្តាយ ដើម្បីកសាងសង្គមជាតិបស់យើងខ្មែរតែមួយរួបរួមជាតិ»។
បន្ថែមពីនេះ លោក អ៊ុល វ៉ាន់ ជាសកម្មជនបរិស្ថាន ថ្លែងថា យុវជនមាតាធម្មជាតិជាយុវជនសកម្មក្នុងការចូលរួមការពារធនធានធម្មជាតិរបស់កម្ពុជា។ យុវជនទាំងនេះ ជាពលរដ្ឋល្អ ជាពលរដ្ឋដែលមានស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សង្គម ចង់ឃើញធនធានធម្មជាតិនៅគង់វង្សស្ថិតស្ថេរជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅ សម្រាប់មនុស្សជំនាន់ក្រោយៗតទៅទៀត គួរមានការលើកទឹកចិត្ត មិនគួរណាត្រូវជាប់ឃុំក្នុងពន្ធនាគារនោះទេ។
លោកថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំសូមស្នើដល់រដ្ឋាភិបាល ជាពិសេសតុលាការសូមធ្វើការពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់តុលាការកន្លងមក ដោយបានចោទប្រកាន់ឃុំខ្លួនពួកគាត់ ដែលពួកយើងមើលឃើញថា វាជាការសម្រេចចិត្តដ៏អយុត្តិធម៌។ ហេតុអី? ពីព្រោះពួកយើងចង់ឃើញតុលាការផ្តល់យុត្តធម៌ដល់ពួកគាត់ ក្នុងនាមជាអ្នកធ្វើការងារដើម្បីប្រយោជន៍ជាតិ ដើម្បីប្រយោជន៍សង្គមបស់យើង ហើយពួកយើងនៅតែសង្ឃឹមថា ពួកគាត់នឹងទទួលបានយុត្តិធម៌ក្នុងថ្ងៃណាមួយ ដ៏រាបណាពួកគាត់នៅតែបន្តសកម្មភាពដើម្បីប្រយោជន៍រួមបស់យើង»។
យោងតាមសៀវភៅ«មនុស្សដែលគេយកទៅកែប្រែ» លោក យីម លាងហ៊ី អាយុ ៣៦ឆ្នាំ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកអប់រំ ត្រូវបានគេស្រង់សម្តីកាលពីលោកនៅក្រៅឃុំថា៖ «ខ្ញុំធ្វើការដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ ហើយហ៊ានប្រឈមនឹងអ្វីគ្រប់យ៉ាង។ ប៉ុន្តែមិនបានសេចក្ដីថា ខ្ញុំចង់ជាប់ពន្ធនាគារនោះទេ។ ទោះជាយ៉ាងណា ខ្ញុំយល់ថា បានជាប់ពន្ធនាគារក្នុងសម័យអរគុណសន្តិភាព ដោយសារការងារបរិស្ថានគឺជាមោទនភាព។ ខ្ញុំធ្វើដើម្បីលើកកម្ពស់ការពារបរិស្ថាន ដើម្បីកូនចៅខ្ញុំជំនាន់ក្រោយ»។
លោក ថុន រដ្ឋា អាយុ៣៣ឆ្នាំ ដែលទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងការទូត ត្រូវបានគេស្រង់សម្តីថា៖ «ខ្ញុំហាក់បីដូចជាអយុត្តិធម៌ខ្លាំងណាស់ដែលនៅសុខៗខ្ញុំនៅក្នុងពន្ធនាគារ ហើយគេមកចោទខ្ញុំពីបទរួមគំនិតក្បត់ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារខ្ញុំ និងប្រព័ន្ធច្បាប់កម្ពុជាទៀត»។
បន្ថែមពីនេះ កញ្ញាឡុង គន្ធា មានអាយុ ២៧ឆ្នាំ ជាអតីតគ្រូបង្រៀននៅខេត្តកំពង់ចាម ត្រូវបានស្រង់សំដីថា៖ «សកម្មភាពខ្ញុំទាក់ទងតែរឿងបរិស្ថាននិងធនធានធម្មជាតិតែមួយគត់ ពុំមានទាក់ទងនឹងការប្រឆាំងរដ្ឋាភិបាលទេ»។
កញ្ញា ភួន កែវរស្មី អាយុ ២៤ឆ្នាំ ទទួលបានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ក៏ត្រូវបានគេស្រង់សម្តីផងដែរថា៖ «ខ្ញុំជឿជាក់ថា សច្ចភាពនៅតែជាសច្ចភាព។ នៅក្នុងសម័យខ្មែរក្រហម អ្នកដែលប្រឆាំងនឹងប៉ុល ពត គឺជាជនក្បត់ជាតិ ប៉ុន្តែខ្ញុំជឿជាក់ថា ប្រវត្តិសាស្ត្រនឹងចារឈ្មោះអ្នកដែលក្បត់ជាតិពិតប្រាកដ ថាជាអ្នកក្បត់ជាតិ»។
ចំណែកលោក លី ចាន់តារ៉ាវុត អាយុ២៦ឆ្នាំ បានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ក៏ត្រូវបានគេស្រង់សំដីផងដែរថា៖ «ខ្ញុំចូលរួមជាមួយមាតាធម្មជាតិ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានមួយសម្រាប់ប្រទេសជាតិ។ ខ្ញុំមានឱកាសរត់តែខ្ញុំអត់រត់ទេ ខ្ញុំឈរនៅទីនេះ ខ្ញុំនៅតែមានជំនឿជឿជាក់ខ្លះៗ ទៅលើប្រព័ន្ធច្បាប់»។ នេះបើយោងតាមសៀវភៅ«មនុស្សដែលគេយកទៅកែប្រែ»។
ដោយសារតែភាពសកម្មនិយមផ្នែកបរិស្ថានរបស់យុវជនចលនាមាតាធម្មជាតិទាំងនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការ Frontline Defenders ដែលមានមូលដ្ឋាននៅទីក្រុងDublin ប្រទេសអៀរឡង់ បានផ្តល់ពានរង្វាន់អ្នកការពារឈានមុខដល់ពួកគេ និងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ពួកគេក៏ទទួលបានពានរង្វាន់ Right Livelihood ពីទីក្រុងស្តុកហូម ប្រទេសស៊ុយអ៊ែត ចំពោះភាពក្លាហានក្នុងការពារធនធានធម្មជាតិនៅផងដែរ។
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងថា គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ។ លោកលើកឡើងថា សាមគ្គីភាពជាតិជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាពទើបជាតិរស់ បើបែកបាក់សាមគ្គីជាតិនឹងត្រូវស្លាប់។ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់គ្រប់គ្រាន់ហើយនូវហេតុផលនេះ។
ប៉ុន្តែទោះយ៉ាងណាក្តី លោក ហ៊ុន សែន ដែលត្រូវបានគេផ្តល់តួនាទីក្រៅផ្លូវការណ៍ថា ជាប្រធានតុលាការគ្រប់ជាន់ថ្នាក់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់មិនអើពើចំពោះការជំរុញឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំងនេះ និងអ្នកទោសនយោបាយចំនួន ៦១នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំដើម្បីបើកផ្លូវឱ្យមានការបង្រួបបង្រួម និងផ្សះផ្សាជាតិពិតប្រាក ដើម្បីឱ្យជាតិខ្មែរខ្លាំងទប់ទល់នឹងការឈ្លានពានរបស់ថៃនោះទេ ខណៈមេក្លោងបំផ្លាញព្រៃឈើ និងធនធានធម្មជាតិដូចជាលោកអ្នកឧកញ៉ាទ្រី ភាព និងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាដើម បែរជាកំពុងរស់នៅក្រៅសំណាញ់ច្បាប់ទៅវិញ៕