បទវិភាគ៖ ហេតុអ្វី​លោក ហ៊ុន សែន ចង់​ដក​សញ្ជាតិ​ពលរដ្ឋ​​ខ្មែរ​​​​ក្រោម​កម្តៅ​ព្រំដែន?

នៅ​ពេល​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ​បាន​​ឡើង​កម្តៅ​ហើយ​​រដ្ឋាភិបាល​​កម្ពុជា​​បាន​​ប្រកាស​​ដាក់​ពាក្យ​​ប្តឹង​ថៃ​​ទៅ​​តុលាការ​ ICJ គេ​ឃើញ​​ចរន្ត​​​នៃ​​គំនិត​​ជាតិ​និយម​ និង​​ការ​រួប​រួម​ជាតិ​ខ្មែរ​ហាក់​​ដូច​ជាផុល​ផុសឡើងគាំទ្រ​​​រដ្ឋាភិបាល​ក្នុងការ​ការពារបូរណភាពទឹកដី។​

ប៉ុន្តែ​មិន​​ទាំង​បាន​ប៉ុន្មាន​​ផង ​ស្នាម​ប្រេះ​នៃការ​បែកបាក់​ជាតិ ក៏លេច​ចេញមក​វិញនៅ​ពេល ​លោក​ ហ៊ុន សែន​បាន​លើកពីសំណើរ​ធ្វើ​វិសោធនម្មរដ្ឋធម្មនុញ្ញ ដើម្បី​ដក​សញ្ជាតិ​ពីពល​រដ្ឋ​ខ្មែរ​ណា ​ដែលត្រូវ​ចោទ​​ថា​ក្បត់​ជាតិ​ ​ចូល​ដៃជាមួយ​បរទេសបំផ្លាញ​ជាតិខ្មែរ។ ថា​តើមាន​អ្វីនៅពីក្រោយ​ការស្នើឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើ​ម្បី​​ដកសញ្ជាតិពីពលរដ្ឋខ្មែរ​​នេះ​ ?

ផ្តើមចេញពីភាពម្រូងចម្រាសនេះ លោក ​ហ៊ុន ម៉ាណែត​ បាន​ថ្លែងការពារ​ពីខេត្ត​កំពង់ធំ​ កាលពី​ថ្ងៃទី៣ ខែ​កក្កដា ​ឆ្នាំ២០២៥ បញ្ជាក់​ដូច​នេះ​​ថា៖ «ឃើញ​មួយ​រយៈ​នេះ គេភ័យ​ដែលរដ្ឋាភិបាល​គ្រោង​រៀបចំវិសោធនកម្ម​​ច្បាប់​ ដក​សញ្ជាតិ​សំ​ដៅ​​​ទៅ​​​លើ​ជន​ជាតិ​ខ្មែរ​ណា ប្រឆាំង​នឹងផល​ប្រយោជន៍​របស់​ខ្មែរ​។ ឥឡូវអ្នក​ខំភ័យ​ធ្វើអ្វីបើ​​អ្ន​ក​ឯង​​ស្នេហា​ជាតិ​ ប្តេជ្ញាចិត្ត​ទោះបីជាដង្ហើម​ចុងក្រោយ ក៏​មិន​ធ្វើអ្វី​ប្រឆាំង​នឹងផល​ប្រយោជន៍​ជាតិ​ខ្មែរ​ អ៊ីចឹង​កុំភ័យព្រួយពេក»។

ការថ្លែង​របស់​ លោក ​ហ៊ុន ម៉ាណែត​ នេះ​បាន​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ​​ហ៊ី សោភា​ ប្រធាន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កាលពីថ្ងៃទី​២ ​ខែកក្កដា​ បាន​ដឹកនាំសមាជិក​ស្ថា​ប័ន​ជាតិ​ជាន់ខ្ពស់​មួយ​នេះទាំង​៩នាក់ ​​បើកកិច្ច​ប្រជុំហើយ​បាន​សម្រេច​​ទូលថ្វាយ​ព្រះមហាក្ស​ត្រ​ ព្រះបាទ​ បរមនាថ នរោត្តម សីហមុនី ថា​ចំពោះសេចក្តីស្នើ​សុំ​​ធ្វើ​វិសោធន​កម្មមាត្រា​៣៣​​នៃ​​រដ្ឋ​ធម្ម​នុញ្ញ​​ដើម្បី​​ដកសញ្ជាតិ​ពីពលរដ្ឋ​ខ្មែរដែល​គប់គិត​ជាមួយ​បរទេស​បំផ្លាញខ្មែរ​ គឺ​អាច​ធ្វើបាន។

ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះធ្វើឡើង​ បន្ទាប់​ពីលោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា ​​បាន​​ថ្លែង​​នៅ​​ខេត្ត​ព្រះវិហារ​ កាល​​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ថា ដើម្បី​​​​​ធានា​កម្ពុជា​ពី​ការ​ជ្រៀត​ជ្រែក និងប្រើប្រាស់ដោយបរទេស តាមរយៈជាតិសាសន៍​ឯង លោកត្រូវបង្ខំចិត្តស្នើរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់​ស្តីពីសញ្ជាតិ ដើម្បីដកហូតសញ្ជាតិ​ពី​ពលរដ្ឋខ្មែរណា ដែលគប់គិតជាមួយបរទេសមក​​បំផ្លាញខ្មែរ។

មាត្រា៣៣​នៃរដ្ឋធម្មនុញ្ញ ​ចែងថា ប្រជាពល​រដ្ឋខ្មែរមិន​អាចត្រូវ​ដកសញ្ជាតិ និរទេស​ ឬចាប់​បញ្ជូនទៅប្រទេសក្រៅ​​ណា​មួយ​ឡើយ​ លើកលែងតែមានកិច្ច​ព្រមព្រៀង​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក​។

ចំណែក​មាត្រា១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ចែង​ថា «មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មាននរណាម្នាក់ត្រូវដកហូតសញ្ជាតិ​តាម​អំពើចិត្ត ឬបដិសេធសិទ្ធិផ្លាស់ប្តូរសញ្ជាតិបានឡើយ»។

ដូច្នេះបើផ្អែក​ទៅ​លើ​ស្មារតី​នៃ​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​​កំពូល​ទាំងពីរនេះ បង្ហាញ​ថា ​លោក​ ហ៊ុន សែន និង​បក្ខពួក​ ​បាន​​និង​កំពុង​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​​ ​ទៅលើ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ប្រសិន​​បើ​សេចក្តីស្នើ​ធ្វើវិសោធនកម្មច្បាប់​ដ៏ចម្រូង​ចម្រាស់នេះ​ ត្រូវបាន​អនុម័ត​ដោយ​ស្ថាប័នដែល​ជា​ក្រុមបក្ខពួក លោក ហ៊ុន សែន។

លោក Kang Rithkiry ជាមេធាវីនៃសាលាក្តីខ្មែរក្រហម សរសេរលើបណ្តាញ​សង្គម​របស់​លោក​ថា៖ «ការដកសញ្ជាតិ​ពលរដ្ឋ​​ពី​កំណើតជាអំពើប្រល័យពូជសាសន៍។ ការដកសញ្ជាតិ​ពលរដ្ឋ​ពីកំណើត ​គឺប្រឆាំងទៅនឹង​គោលការណ៍ជាសកលស្តីពីសញ្ជាតិពីកំណើត និង​រំលោភ​បំពានធ្ងន់ធ្ងរអំពីសេចក្ដីប្រកាស​ជាសកលស្តីពី​សិទ្ធិមនុស្សនិងសិទ្ធិនយោបាយ»។

សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ក៏​ដូច​ជាស្ថាប័ន​រដ្ឋកំពូលៗ​ដទៃទៀត ដែល​តាម​ច្បាប់​ត្រូវឯករាជ​ មាន​ដូច​ជា ព្រឹទ្ធសភា​ រដ្ឋសភា និង​រដ្ឋាភិបាល ​រួម​ទាំង​ស្ថាប័ន​តុលាការ​គ្រប់​​​ជាន់​ថ្នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ស្ថិត​នៅ​ក្រោម​​កណ្តាប់​​ដៃ​របស់​លោក ​ហ៊ុន សែន ពីព្រោះ​ស្ថាប័ន​ជាតិ​ទាំង​នេះ ​តែង​តែធ្វើអ្វី​ៗ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ​ហ៊ុន សែន​ ដោយ​ឥតងាករេ។​

អ្នក​ឃ្លាំមើល​សង្គម​ បាន​កត់ចំណាំថា ចាប់​តាំង​ពីលោក ​ហ៊ុន សែន​ បាន​ប្រើ​​តុលាការ​កំពូល ​រំលាយគណបក្ស​សង្គ្រោះ​​​ជាតិ ​និង​ចាប់​​ឃុំខ្លួន ​លោក ​កឹម សុខា​ មេដឹកនាំគណបក្ស​ដែល​​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ស្ទើ​កន្លះ​ប្រទេស ទាំង​ដែល​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា​ កាលពីចុង​ឆ្នាំ​២០១៧មក​ ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​តាម​​បែប​​ប្រជាធិប​តេយ្យ ​​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ​ ត្រូវបាន​បំផ្លាញ​ចោល​ហើយ​​ លោក​ ហ៊ុន សែន បាន​ជិះសេះ​លែងដៃ​ធ្វើអ្វី​ៗ​តាម​​តែ​​អំពើ​​​​ចិត្ត​តាម​កម្ចាត់​តាម​កម្ទេច​អ្នក​នយោបាយ​ប្រឆាំង​ទាំងបំពាន។

បើ​យើងពិនិត្យមើល​ទៅលើ​ពាក្យថា«សញ្ជាតិ» គឺសំដៅដល់ការកើតឯង, ការដុះឯង, ការ​កើត​តាមធម្មតា ឫសគល់​កំណើត ដើមកំណើត​ជាដើម។ នេះ​បើយោងតាមវច្ចនានុក្រម​សម្តេចព្រះសង្ឃរាជជួន ណាត។

ដូច្នេះ​បើផ្អែក​ទៅលើការ​ពន្យល់​ន័យ​នៃពាក្យនេះ វាច្បាស់​ណាស់ថា ស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បាន​ធានាការពារ នូវបុព្វ​សិទ្ធិ និង អំណាច របស់​ជន​ជាតិខ្មែរដែលជាម្ចាស់ទឹកដីជាតិកម្ពុជា នៅខ្ពស់ជាងអំណាចនៃស្ថាប័ន​គ្រប់គ្រង​រដ្ឋ​ទាំង​ឡាយ។

បើ​ដូច្នេះរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា និងព្រឹទ្ធសភា ក្រោមការ​ដឹក​​នាំ​ផ្ដាច់មុខរបស់គ្រួសារ​ហ៊ុន​នៃ​គណបក្ស​ប្រជាជនកម្ពុជា ដែលបាន​និងកំពុង​​កែរដ្ឋធម្ម​នុញ្ញមា​ត្រា​៣៣ បើកឲ្យមានការដកសញ្ជាតិខ្មែរពីជនជាតិខ្មែរនោះ កំពុងប្រហាររដ្ឋធម្មនុញ្ញ ដោយ​តាំងខ្លួន​ពួកគេជាម្ចាស់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ​ខណៈពួកគេប្រើឈ្មោះ​ប្រជាពល​រដ្ឋ​ដើម្បី​ទៅ​កាន់អំណាច។

ជា​ធម្មជាតិ មនុស្សត្រូវតែមានជាតិ ដើមកំណើត ពូជសាសន៍របស់ខ្លួន ដែលគ្មានអ្នក​ណា និងស្ថាប័នណា ដកហូតបានឡើយ ទោះផ្អែកលើស្មារតីច្បាប់ជាតិ គោលការណ៍​ច្បាប់​អន្តរ​ជាតិ និងកត្តាសត្យានុម័តអ្វីក៏ដោយ។ ជាតិសាសន៍ខ្មែរ​មានន័យថា ជាជនជាតិមាន​ឈាម​ជ័រ​ខ្មែរព្រមទាំងមានប្រវត្តិសាស្ត្រ ភាសា វប្បធម៌ សាសនាប្រពៃណីទំនៀមទម្លាប់​និង​​ការ​រស់នៅរបស់ខ្លួនដែលមិន​អាចក្រុមណាមួយ​ទៅ​បង្កើតច្បាប់​អ្វីដើម្បី​ដក​ហូត​បានទេ​។

ថា​តើមាន​អ្វីនៅពីក្រោយ​ការស្នើឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពីពលរដ្ឋខ្មែរ​​នេះ​ ?

តាម​ពិតទៅ​​បណ្តាប្រទេស​​ជាច្រើននៅលើ​ពិភពលោក ក៏​មាន​ច្បាប់​ដកសញ្ជាតិផងដែរ ​ប៉ុន្តែ​គេដកតែសញ្ជា​តិពីជន​​បរទេស​​​ដែល​ទទួល​បាន​សញ្ជាតិ​ប៉ុណ្ណោះ ដូចជា បច្ចុប្បន្ន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​របស់​ លោក​ ដូណាល់ ​​ត្រាំ ក៏កំពុង​​​រៀប​​ចំ​កែ​សម្រួល​ច្បាប់ ដើម្បី​ដកសញ្ជាតិ​អាមេរិក និង​បណ្តេញ​ឱ្យទៅ​កាន់​ប្រទេស​កំណើ​ត​រប​​ស់​​ខ្លួន​វិញ ​​ចំពោះ​ជន​បរទេស​ទាំង​ឡាយ​ណា ​ដែល​ធ្វើអំពើ​​ខុស​ច្បាប់ ​មិន​មែន​ដក​សញ្ជាតិ​ពីកំណើត​ពីពល​រដ្ឋ​អាមេរិក ​​ដូច​ដែល​មេដឹក​នាំកម្ពុជា​​កំពុង​រៀប​ចំ​ធ្វើ​នោះ​ទេ។

ចំណែកប្រទេស​វៀតណាម​ដែល​ជាបងធំកម្ពុជា ​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា ក្នុង​រយៈ​ពេល​ជាបន្តបន្ទាប់​ចុងក្រោយ​នេះ​ ក៏​បាន​ធ្វើវិសោធនកម្មច្បាប់​ និងបង្កើតច្បាប់​ជាច្រើន​ផង​ដែរ​ ក្នុង​គោល​បំណង​​​ដើម្បី​បង្កើន​សម្ទុះ​នៃការ​វិនិយោគ​​​ធ្វើឱ្យកាន់​តែមាន​កំណើន​សេដ្ឋកិច្ចជាតិ​។

 ក្នុង​ចំណោម​ច្បាប់​របស់​វៀត​ណាម ដែល​ត្រូវបានកែប្រែ ​និង​បង្កើតថ្មី​​ទាំងនោះ ​ក៏មាន​ច្បាប់​ស្តី​ពីការ​ទប់ស្កាត់បក្ខពួក ឬគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋ ច្បាប់​បង្រួមក្រសួងពី​១៨មក​នៅ​ត្រឹម​​១៤ក្រសួង​ បង្រួម​ខេត្ត​ពី​៦៣ឱ្យមក​នៅ​៣៤ និងលុប​រដ្ឋបាល​ថ្នាក់ស្រុក​ចោល​ទាំង​ស្រុង។

ច្បាប់ស្តីពីការលុប​ចោល​ទោស​ប្រហារជីវិត​ វិសោ​ធន​កម្ម​ច្បាប់​សញ្ជាតិ​ដើម្បី​អាច​ឱ្យ​ពល​រដ្ឋ​ខ្លួន​មាន​សញ្ជាតិ២​ ដើម្បី​ទាក់ទាញអ្នក​វិនិ​យោគ និងប្រមូល​ធនធាន​មនុស្សពីក្រៅ​ប្រទេស​ឱ្យមក​ចូលរួមអភិវឌ្ឍ​ប្រទេស​ជាដើម​។

ចំណែក​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​វិញ​ ក៏បាន​ធ្វើ​វិសោធនកម្ម​ច្បាប់ ​និងបាន​បង្កើតច្បាប់​ជាច្រើន​ផងដែរ ចាប់តាំងពីឆ្នាំ​១៩៩៣​មក ក្នុង​នោះ​បានធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញចំនួន​៩លើក​ ហើយច្បាប់​ជាច្រើនត្រូវបានកែ​សម្រួល។

តាមការអង្កេត​របស់​អ្នក​ច្បាប់ ​និងអ្នក​ឃ្លាំមើល​សង្គម​ ការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ និង​បង្កើត​​ច្បាប់​មួយ​ចំនួ​​​ន​​ធ្វើឡើងដើម្បីការ​ពារ​អំណាច​ផល​ប្រយោជន៍​នៃក្រុមបក្ខពួក​ គណ​បក្ស​កាន់អំណាចនៃ​គ្រួសារ​ហ៊ុន​និង​ដើ​ម្បី​ផ្តួលរំលំ​គូរប្រជែងនយោបាយ​របស់​ខ្លួន។

ក្នុង​នោះ​​​មានច្បាប់​ឯកព័ន្ធភាព ធ្វើឡើង​ដើម្បី​កម្ចាត់​ព្រះអង្គម្ចាស់នយោរោត្តម ​រណឫទ្ធិ​ប្រធាន​គណបក្ស​ហ្វ៊ិនស៊ិន​ប៉ិច​ពីឆាកនយោបាយ ច្បាប់​គណបក្ស​នយោបាយ​បង្កើតឡើង​ដើម្បី​រំលាយគណបក្ស​សង្គ្រោះជាតិ និង​កម្ចាត់លោក​សម រង្ស៊ីនិង​លោក​កឹម សុខា​ ពីឆាក​នយោ​បាយ ច្បាប់ហាមអ្នក​នយោបាយ​ជាន់ខ្ពស់​មាន​សញ្ជាតិ២ និង​ចុង​ក្រោយ​នេះ​គឺ​ច្បាប់​ដកហូត​សញ្ជាតិពីកំណើត​ពីពលរដ្ឋ​ខ្មែរ​ជាដើម ត្រូវបាន​គេមើល​ឃើ​ញថា ​ធ្វើឡើង​ដើម្បី​កម្ចាត់លោក ​សម រង្ស៊ី​ និង​អ្នក​នយោបាយ​ប្រឆាំង​ផ្សេង​ទៀត មិន​ឱ្យធ្វើនយោបាយតែ​ប៉ុណ្ណោះ​។

ជាភស្តុតាង​ដែលលោក ​ហ៊ុន សែន ​បានធ្វើកន្លងមក​ គេឃើញ​អតីត​មេដឹកនាំគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន​កាត់ទោស​ឱ្យជាប់ឃុំនៅ​ក្នុងផ្ទះ​រហូតដល់២៧​ឆ្នាំ និង​ដកសិទ្ធិធ្វើ​នយោបាយ​អស់មួយជីវិត​ក្រោម​ការ​ចោទ​ពីបទក្បត់ជាតិ ហើយ​លោក​សម រង្ស៊ីត្រូវកាត់ទោស​ឱ្យជាប់ពន្ធនាគារ​រហូតដល់ជិត២០០​ឆ្នាំ​ ពាក់ព័ន្ធ​នឹងសំណុំ​រឿង​ជាច្រើន ក្នុងនោះ​ក៏មាន​សំណុំរឿងក្បត់ជាតិ ​និង​​​អ្នក​នយោបាយ​ប្រឆាំង ​​រួម​ទាំង​សកម្មជន​សង្គម​ជាច្រើន​ទៀត ​ក៏​ត្រូវបាន​ប្តឹង​ដោយ​មេដឹកនាំនិង​បក្ខពួកគ្រួសារ​ហ៊ុន និង​ត្រូវបាន​កាត់​ទោស​ដោយ​តុលាការ​ដែល​ស្ថិតនៅក្រោមបង្គាប់គ្រួសារ​ហ៊ុន​ពីបទក្បត់ជាតិផងដែរ។

គេកត់សម្គាល់​ឃើញថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​និង​អ្នក​នយោបាយ​ប្រឆាំង​ តែង​តែចោទ​ប្រកាន់គ្នា​ទៅវិញ​ទៅ​មក​យ៉ាងអនាធិបតេយ្យ​ ពីបទក្បត់ជាតិ គ្រាន់​តែថា គ្រួសារ​ហ៊ុន​មាន​អំណាច​មាន​តុលាការ​នៅក្នុង​ដៃ​ រីឯអ្នក​នយោ​បាយ​​​ប្រឆាំង​គ្មាន​អំណាច​គ្មាន​តុលាការ​នៅ​ក្នុង​​ដៃតែប៉ុណ្ណោះ។

តើអ្វីទៅ​​ជាអំពើ​ក្បត់ជាតិ? យោង​តាម​ក្រមព្រហ្មទណ្ឌកម្ពុជា​មាត្រា ៤៤០ គឺសំដៅ​ទៅលើ​អំពើ​ប្រគល់​ឲ្យ​រដ្ឋ​​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​​ដែនដី​ជាតិ​ទាំងស្រុង ឬមួយ​ផ្នែក ដែល​បទ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។

ចំណែក​មាត្រា៤៤៣ ប​ទស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះត្រូវ​ជាប់ពន្ធនាគារ​ពី១៥ ដល់៣០ ឆ្នាំ​។​

អ្នក​នយោបាយ​ប្រឆាំង​និង​អ្នក​ដែល​មាននិន្នាការ​មិនស្របនឹងរដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ដែល​​​ចង់កែរដ្ឋធម្មនុញ្ញដើម្បី​​ដកសញ្ជាតិ​ពីកំណើត​ពី​ប្រជា​ពលរដ្ឋ​ខ្មែរនេះ ​ថាធ្វើ​ឡើង​ដើម្បី​បំបាត់​សំឡេង​ប្រឆាំង​និង​​ដើម្បី​​​បំពេញ​ចិត្ត​​​វៀតណាម ខណៈ​អ្នក​នយោ​បាយ​​ប្រឆាំង ​ជាពិសេស​លោក​ សម រង្ស៊ី បាន​បន្តជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ​ដែល​លើក​បន្តុបដោយ​វៀតណាម ត្រូវ​ដាក់​ពាក្យ​ប្តឹង​វៀតណាម​ទៅ​តុលាការ​អន្តរជាតិ​ ពីបទ​រំលោភ​ព្រំដែន​​​គោក ​​ដែន​សមុទ្រ កោះត្រល់ និង​ចង្កោមកោះក្រចក​សេះ​របស់​កម្ពុជា​ដូចប្តឹង​ថៃផង​ដែរ។

លើសពីនេះ​ អ្នក​នយោបាយ​ប្រឆាំង​ លើកឡើងថា បើទោសក្បត់ជាតិត្រូវដក​សញ្ជាតិ​ខ្មែ​រ​ គឺត្រូវដកសញ្ជាតិខ្មែពីលោក ហ៊ុន សែន មុនគេព្រោះ​លោក ហ៊ុន សែន ជាជន​ក្បត់ជាតិ ដែលបានកាត់ទឹកដីខ្មែរឱ្យទៅ​ថៃនិងវៀតណាម។

យ៉ាងណាក្តី សម្រាប់​អ្នក​ឃ្លាំមើល​ឯករាជ្យ​​ បាន​ចាត់​ទុកការ​ចោទប្រកាន់គ្នា​ទៅ​វិញទៅ​មក ពី​បទក្បត់​ជាតិ​​ រវាង​រដ្ឋាភិ​បាល​​គ្រួសារ​ហ៊ុន និង​អ្នក​នយោបាយ​ប្រឆាំង​​​របស់​លោក​ សម រង្ស៊ី ថា គ្រាន់​តែ​ជា​វោហាសព្ទ​នយោបាយ ​ដើម្បី​យក​​ប្រៀបលើគ្នា​តែប៉ុណ្ណោះ ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ​ឱ្យមាន​យុត្តិធម៌ និង​តម្លាភាព គឺត្រូវ​ទុក​ឱ្យប្រជាពលរដ្ឋខ្មែរ​​ជាអ្នកសម្រេច​ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​​ពិតប្រាកដ ដោយលោក​ ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត ​ត្រូវ​បើកផ្លូវឱ្យមាន​ការ​ដោះ​លែងលោក ​កឹម សុខា​ និងអ្នកទោស​មនសិការ​ទាំង​អស់​ ព្រម​ទាំង​បើក​ឱ្យ​អ្នក​នយោ​បាយ​ប្រឆាំង​ទាំង​អស់​នៅក្រៅ​ប្រទេស​​វិលត្រឡប់​ មក​​ចូលរួម​ប្រកួតក្នុង​ការ​បោះឆ្នោត​នាពេល​ខាងមុខ​ ពីព្រោះ​​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​មិនជឿថា លោក​ កឹម សុខា ​និងលោក​ សម រង្ស៊ី ​​ក្បត់​​ជាតិ​​​ដូច​ការ​ចោទ​ប្រកាន់​​របស់តុលាការគ្រួសារ​ហ៊ុននោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ