ក្រសួងការពារជិតកម្ពុជា បានច្រានចោលការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃ ដោយថា គ្មានការចរចាថ្មីណាមួយត្រូវបានធ្វើឡើងដូចការលើកឡើងនោះទេ ចាប់ពីថ្ងៃទី៧ខែមិថុនា ដែលថៃប្រកាសបិទច្រកព្រំដែនជាឯកតោភាគីនោះ។
ការណ៍នេះក្រសួងថា ខ្លួនប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញភាពតានតឹងបញ្ហាជម្លោះព្រំដែន ជាមួយថៃនៅពេលនេះ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាឆ្លើយតបទៅនឹងក្រសួងការពារជាតិថៃ ដែលថា កម្ពុជាបានព្រមព្រៀងឱ្យមានកិច្ចប្រជុំ GBC និងកំពុងជជែកលើលក្ខខណ្ឌមួយចំនួនទៀត ដើម្បីឱ្យមានការឯកភាពគ្នាជាមុនសិន។
បើតាមលិខិតនោះ ក្រសួងការពារជាតិ បានច្រានចោលទាំងស្រុង ចំពោះការអះអាងខុសពីការពិតរបស់ភាគីថៃដែលថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា មានការពិភាក្សាក្រៅផ្លូវការជាមួយ លោក ណាត់ថាផុល ណាកផានិច្ច រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ហើយថា កិច្ចពិភក្សានោះ បានព្រមព្រៀងឱ្យមានកិច្ចប្រជុំ GBC ដោយពេលនេះ កំពុងជជែកលើលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យមានការឯកភាពគ្នាជាមុនសិន។
ក្រសួងគូសបញ្ជាក់ថា ចាប់តាំងពីជំនួបរវាង លោក ទៀ សីហា និងភាគីថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ នោះមក ពុំមានជំនួបផ្លូវការ ឬក្រៅផ្លូវការណាមួយរវាងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិទាំងពីរនោះឡើយ។
ក្នុងន័យនេះ ក្រសួងការពារជាតិសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ។
លើសពីនេះ ក្រសួងថា ស្ថានភាពកាន់តែអាក្រក់ និងតានតឹងឡើង ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ គឺបង្កឡើងដោយកងទ័ពថៃ ដែលបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ហើយថាការបើកច្រកព្រំដែន អាស្រ័យលើឆន្ទៈរបស់ភាគីថៃប៉ុណ្ណោះ ដោយធ្វើឱ្យស្ថានភាពច្រកព្រំដែនទាំងអស់ត្រឡប់ទៅមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ហើយភាគីកម្ពុជានឹងបើកគ្រប់ច្រកព្រំដែនឡើងវិញយ៉ាងយូររយៈពេលប្រាំម៉ោងក្រោយ៕









