តុលាការក្រុងភ្នំពេញរងការស្តីបន្ទោសលើចំណាត់ការឱ្យ​បន្ត​ឃុំ​ខ្លួនសកម្ម​ជន​​​២៣តុលា

អ្នក​តាមដាន​សង្គម ហៅ​ការ​​ដែល​​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​បន្ត​ឃុំ​ខ្លួន​ក្រុម លោក ស្រ៊ុន ស្រ៊ន ដែល​សកម្ម​​ផ្សព្វ​​ផ្សាយ​​ពី​​​សារ​​សំខាន់​​កិច្ច​ព្រ​ម​​ព្រៀង​​សន្តិភា​ព​​ទីក្រុង​​ប៉ារី​​ស​នោះថា មិន​បានលើក​មុខ​មាត់​រដ្ឋាភិបាល​ទេ តែ​ផ្ទុយ​ទៅ​វិញ​ វា​បង្ហាញ​កាន់​តែច្បា​ស់​ពី​ការ​រំលោភ​បំពាន​រដ្ឋ​ធម្ម​នុញ្ញ ដែល​បាន​ធានា​ការ​ពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស។

អ្នកតាម​ដាន​សវនាការ បា​ន​អះ​អាង​ថា នៅ​ព្រឹ​ក​ថ្ងៃ​ទី​៤​ ខែ​កក្កដា​នេះ តុលាការ​ក្រុង​ភ្នំពេ​ញ បាន​កាត់​សេច​ក្តី​ឱ្យ​បន្ត​ឃុំខ្លួន​ក្រុម​សកម្មជន​ផ្សព្វផ្សាយ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាពទីក្រុង​បារីស​​២៣​តុលា ឱ្យ​ជាប់​​ពន្ធនា​គារ​​ដដែល ដោយ​មិន​បាន​បញ្ជាក់​ហេតុ​ផល​ច្បាស់​លាស់​នោះ​ទេ ដោយ​គ្រាន់​តែ​សំអាង​ថា​ មិន​មាន​ពេល​គ្រាប់​គ្រាន់​ពន្យល់​លើ​មូល​ហេតុ ខណៈ​ពួក​គេ​ទាំង​៣នាក់ បាន​​ជាប់​ឃុំ​អស់​ជាង​១ឆ្នាំ។

ការសម្រេចនេះ ក្រោយតុលាការមួយ​នេះ បើក​សវនា​ការ​មុន​អង្គ​សេចក្តី​លើ​សកម្មជន​ទាំង​នោះ​​ រួម​មាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ កាលពី​ថ្ងៃ​ទី​​០៣ ខែកក្កដា ម្សិល​​មិញ។ អ្នកទាំ​ង​៣រូប​នោះ រង​ការ​ចោទ​ពី​បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ដោយ​សារ​តែ​ភាព​សកម្ម​ផ្សព្វ​ផ្សាយ​ពី​សារ​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បាន​លាត​ត្រដាង​ពី​ប្រវត្តិ​វៀត​ណាម​លេប​ទឹក​ដី​ខ្មែរ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក យី សុខ​សាន្ត មាន​ប្រសាសន៍​​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន ក្រោយ​ដើរ​ចេញ​ពី​បន្ទប់​សវនា​ការ​នៅ​ថ្ងៃ​ទី​៤​ ខែ​​កក្កដា​នេះ​ថា លោកមានការ​សោក​ស្តាយ​ដែល​តុលាការ​នៅបន្តឃុំខ្លួនសកម្មជន​ទាំង​៣រូបនោះ ខណៈដែលពួកគេ​ពុំ​បាន​​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដូចអ្វីដែល​តុលាការ​ចោទ​ប្រកាន់ ហើយ​​ការ​​បន្តឃុំ​​ខ្លួន​​ពួក​គេ​ ក៏​​ពុំ​មាន​​​អ្វី​​ចំណេញ​សម្រាប់​រដ្ឋាភិបាល​​ដែរ។

លោកថា៖ «​ប្រជាពលរដ្ឋ​ដែល​ជាប់​ពន្ធ​នាគារ ជា​ពិសេសក្រុម​២៣​តុលា​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែលគាត់មាន​ការ​ប្រើ​សិទ្ធិ​របស់​គាត់​ក្នុង​ការ​បញ្ចេញ​មតិ ត្រូវ​បាន​បសមត្ថកិច្ច​ចាប់គាត់ ត្រូវ​បាន​តុលាការ​​​ឃុំខ្លួន​គាត់​​ ដោយ​មិន​មាន​កំហុស​​ធ្ងន់​ធ្ងរ​​ ដែល​ធ្វើឱ្យ​វឹក​វរ​ដូច​ការ​​ចោទ​​ប្រកាន់​ ហើយ​​អ្វីដែល​យើង​ស្នើ​សុំ​ដោយ​ទទូច ខ្ញុំ​ស្នើសុំ​ឱ្យ​រដ្ឋា​ភិបាលមេត្តា ជាពិសេស​តុលាការ​​​​មេត្តា​​ដោះ​​​លែង​​​ឱ្យ​​ពួក​គាត់​​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឱ្យ​គាត់​ជួប​ជុំ​គ្រួសារ​ ហើយ​​​អ្វីដែល​យើង​ឃុំ​ខ្លួនពួកគាត់​ទុក​នេះ វា​អត់​ចំណេញ​ទេ​ វាធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​ស្ថានភា​ពគ្រួសារ​របស់​គាត់ វា​ធ្វើ​ឱ្យ​​​​ប៉ះ​ពាល់​ដល់​​សុខ​​ភាព​​របស់​គាត់ វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​រដ្ឋាភិបាល​ ដែល​​មាន​ឈ្មោះ​​មិន​​​ល្អ​​លើ​ឆាក​​អន្តរ​​ជាតិ»។  

កញ្ញា ភឹង សោភ័ណ ដែលជា​​​បងស្រីរបស់កញ្ញា ភឹង សោភា បានលើកឡើងថា បើទោះការ​ស្នើ​​សុំ​​នៅ​​ក្រៅ​ឃុំ​​របស់​សកម្មជន​ទាំង​៣រូប​​ ត្រូវ​បាន​តុលាការ​បដិសេធ​ ប៉ុន្តែកញ្ញា​​​​​មិន​អស់សង្ឃឹម​នោះទេ ដោយថា មេធាវី និង​សកម្មជន​២៣តុលាដែលកំពុង​ជាប់ឃុំ​ ​​​នឹ​ង​​​បន្តនីតិវីធី​ប្តឹង​ជំទាស់សាលក្រម​នេះ ​​ទៅសាលា​ឧទ្ធរណ៍​បន្តទៀត។​

កញ្ញា​​​បន្តថា សកម្មភាពរបស់​ក្រុម លោក ស៊្រុន ស្រ៊ន ដែលបានធ្វើកន្លងមក មានដូចជា ការ​លើក​​យក​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ រដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀង​សន្តិ​ភាពទីក្រុង​ប៉ារីស សិទ្ធិមនុស្ស​ និង​ការលើក​យក​កសិកម្ម​មកធ្វើ​ជាមុខរបរ ដើម្បីកុំ​ឱ្យមានការ​ធ្វើចំណាកស្រុក​ជា​ដើម​នោះ ទៅផ្សព្វផ្សាយ​​និង​​ពន្យល់​​ប្រាប់​​ប្រជា​ពលរដ្ឋ​នោះ គឺ​​សុទ្ធ​សឹង​​​តែ​ធ្វើ​ឡើង​​​​ដើ​ម្បី​​ប្រយោជន៍​សហគមន៍ និងប្រជា​ពលរដ្ឋ ដែលមិនគួរណាមានការ​ចាប់ខ្លួន និងចោទប្រកាន់​តាមផ្លូវ​តុលាការ​​នោះ​ទេ។​

កញ្ញា ភឹង សោភ័ណ បន្ថែម​​ថា៖ «ខ្ញុំស្នើសុំ​ឱ្យ​តុលាការ​ពិចារណា​​ទៅ​លើ​​​ចំណុច​ល្អ​ៗ​ដែល​ កញ្ញា ភឹង សោភា បង​ស៊្រុន ស្រ៊ន ហើយ​និង​​បង​សាន សិទ្ធ ដែលជា​មនុស្ស​ជួយ​សង្គម វិភាគ​ទាន​ទៅ​ដល់​ការ​​អភិវឌ្ឍ​សហគមន៍ គាត់​ចូលរួមចំណែក​នៅក្នុ​ង​ការ​បង្រៀន​​​ច្បាប់​​ ចែករំលែក​ច្បាប់​​ ហើយ​និ​ងជួយ​ទៅ​ដល់​​​​ជន​​ដែល​ងាយ​រង​គ្រោះ​ គឺ​សង្ឃឹមថា ​តុលាការ​​​​នឹង​​​​ពិចារណា​លើ​ចំណុច​​ទាំ​ង​អស់​ ​ល្អ​​ទាំង​អស់នេះ ដែល​គាត់​បាន​ខិត​ខំធ្វើ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​​ នៅ​ក្នុង​ការ​កសាង​​​​​​​ប្រយោជន៍​ជូន​សហគមន៍​​ និង​ប្រយោជន៍​​ជាតិ អញ្ចឹង​សង្ឃឹមថា​យុត្តិធម៌​នឹង​ត្រូវ​មាន​សម្រាប់​ពួកគាត់​ ដើម្បី​ឱ្យ​គាត់​អា​ចមាន​សិទ្ធិ​​សេរីភាព​ក្នុ​ងការ​បន្ត​ធ្វើការ​អភិវឌ្ឍ​ និ​ង​ចូលរួម​​​ជា​ចំណែក​ពលរដ្ឋ​នៅក្នុ​ងការ​អភិវឌ្ឍ​​​ប្រទេស​របស់​យើង​​»។ ​​

មិន​ខុសគ្នានេះដែរ អ្នកស្រី​ ដែលជា​​ភរិយា​លោក​ ស៊្រុន ស្រ៊ន បាននិយាយថា បើទោះជា​តុលាការ​​ក្រុងភ្នំពេញ ច្រាន​ចោល​​បណ្តឹង​​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​​កិច្ចព្រមព្រៀង​ទីក្រុង​បារីសទាំង​៣រូបនេះ ប៉ុន្តែ​អ្នកស្រី​​នៅតែ​ប​ន្តស្នើ​​យ៉ាង​ទទូច​ដល់​តុលាការ​​ពិចាណារ​​ដោះ​លែង​ពួកគេ​ឱ្យមានសេរីភាព និង​ជួបជុំគ្រួសារ​វិញ ដោយសារ​តែពេលស្វាមីអ្នកស្រីជាប់ពន្ធនាគារ​ទាំង​ដែលមិនបានប្រព្រឹត្តកំហុស​​​​បែបនេះ ធ្វើ​ឱ្យ​​​​បន្ទុកក្នុង​គ្រួសារ​ដែលត្រូវ​ចិញ្ចឹម​កូន​៥នាក់ក្នុង​បន្ទុក រួមទាំងការ​មើលថែឪពុកម្តាយ​ចាស់​ជរា ត្រូវបានធ្លាក់ទៅលើរូបគាត់។

អ្នកស្រីថា៖ «នៅតែ​សង្ឃឹម​ហើយសំណូមដល់​​តុលាការ​ឱ្យ​គាត់​ពិចារណា​ ព្រោះបំណង​ល្អ​​ដែល​​ពួក​គាត់​​ធ្វើ​ វា​ធំធេង ហើយ​មិន​មែនជា​ប្រយោជន៍​​ផ្ទាល់ខ្លួន​តែម្នាក់​គាត់​ទេ វា​​ប្រយោជន៍រួម»

ចំណែក លោក កែង ជ្រុង អាយុ ៥៣​ឆ្នាំ ជាប្រជាពលរដ្ឋ​​មក​ពី​ខេត្ត​ព្រះ​សីហនុ ដែលគាំទ្រ​សកម្មជន​ផ្សព្វផ្សាយកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​បារីស បានថ្លែង​នៅមុខ​សាលាដំបូង​រាជ​ធានីភ្នំពេញថា សកម្មភាព​របស់​សកម្មជន​ទាំង​៣រូប ធ្វើឡើង​ស្របទៅ​តាម​រដ្ឋធម្មនុញ្ញ មាត្រា៣៥ មាត្រា​៤១ និង​មាត្រា​៥១នៃ​រដ្ឋធម្មនុញ្ញ ដែលចែងពីសិទ្ធិ​និង​ករណី​កិច្ច​របស់​​​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោ​បាយ​ សេដ្ឋកិច្ច សង្គម​ និង​វប្បធម៌របស់​ប្រទេ​ស​ជាតិ ព្រមទាំង​​​សេរីភាព​ខាងបញ្ចេញ​មតិ។ ការណ៍នេះ លោកថា តុលាការ​គួរ​តែ​ពិចារណា​ក្នុងការ​ដោះលែង​ពួកគេ​ឱ្យមានសេរីភាពវិញ។

លោកថា​៖ «នៅក្នុង​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ នៅ​​​ជំពូក​ទី​៣​នៃសិទ្ធិ​ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែ​រ​ទាំង​ពីរ​ភេទ ដូចជា​នៅ​មាត្រា​៣៥ មាត្រា៤១ និង​មាត្រា​​៥១ ដែលប្រជាពលរដ្ឋ​មានសិទ្ធិ​នោះ ​ចង់​ឱ្យ​បាន រាជរដ្ឋាភិបាល​​​ដោះលែង​ឱ្យ​​គាត់​​មាន​សេរី​ភាព ដែល​បានចែង​នៅក្នុង​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​»

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យអយ្យការ​អម​​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ លោក ប្លង់ សុផល បាន​ទេ។

សកម្មជនផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​ទីក្រុ​ងបារីស​២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង​ សោភា និង​​លោក សាន សិទ្ធ ត្រូវសមត្ថកិច្ច​​ចាប់​ខ្លួន​កាលពី​​ថ្ងៃ​​​ទី​​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ចោទ​​ពីបទ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពី​គុណសម្បត្តិ និង​គុណវិបត្តិនៃការបញ្ចូល​ខេត្តចំនួន៤ របស់កម្ពុជា ​ទៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​វៀត​ណាម​ និង​ឡាវ (CLV)។

សវនាការជាលើកដំបូងលើសំណុំរឿងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយ​​ពេលនោះតុលាការបានពុះញែកសំណុំរឿងលោកស្រ៊ុន ស្រ៊ន និងអ្នកដទៃទៀតទៅជា ៥សំណុំ​រឿងផ្សេងៗគ្នា។ ការសម្រេចនេះ បានធ្វើឲ្យក្រុមមេធាវីការពារសកម្មជន​២៣តុលា បង្ហាញការមិនពេញចិត្ត និងប្តឹងជំទាស់ការសម្រេចទៅសាលាឧទ្ធរណ៍។

រហូតដល់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សវនាការលើសកម្មជន២៣តុលាទាំង៣រូប បានបើកជាថ្មីម្តង​ទៀត ហើយក៏ត្រូវពន្យារពេលភ្លាមៗដែរ។ ការពន្យារនោះ គឺដោយសារតែបណ្តឹងជំទាស់របស់ក្រុមមេធាវីនៅឯសាលាឧទ្ធរណ៍នៅមិនទាន់មានការសម្រេច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ