ប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែន ស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ពិចារណាបើកច្រកទ្វារព្រំដែន ដើម្បីឱ្យពួកគាត់បានប្រកបរបររកស៊ីបានដូចកាលពីមុនឡើងវិញ។
ការទាមទាររបស់ពលរដ្ឋខ្មែរនេះ ធ្វើឡើងដំណាលគ្នានឹងក្រុមអាជីវករថៃ នៅក្រុងប៉ោយប៉ែត បានចេញមកតវ៉ាឱ្យទាហានថៃ បើកច្រកព្រំដែនជាមួយនឹងកម្ពុជាឡើងវិញ បន្ទាប់ពីទាហានថៃ បានបិទច្រកជាឯកតោភាគី ក្នុងគោលបំណងដាក់សម្ពាធលើកម្ពុជា ក្នុងជម្លោះរឿងព្រំដែន។
អស់រយៈពេល១ខែមកហើយ ដែលកម្ពុជា និងថៃ បានរឹតបន្តឹងការចេញចូលព្រំដែន និងបញ្ឈប់ការនាំចូលប្រភពថាមពល និងទំនិញយុទ្ធសាស្រ្តសំខាន់ៗ មួយចំនួន បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះរឿងព្រំដែន។ ក៏ប៉ុន្តែ យុទ្ធសាស្ត្រសាច់កម្មនេះ បានធ្វើឱ្យពលរដ្ឋនៃប្រទេសទាំងពីរ ដែលធ្លាប់អាស្រ័យរកស៊ី និងជួញដូរជាមួយគ្នា ដូចជាតិសាសន៍តែមួយនោះ ជួបការខ្វះខាតស្ទើរតែដាច់បាយ។
អាជីវករលក់ទំនិញតាមអនឡាញម្នាក់ នៅក្រុងប៉ោយប៉ែត លោក រឿន សំបូរ ប្រាប់ វីអូឌី នៅថ្ងៃទី៧ ខែកក្កដាថា មកដល់ពេលនេះ អ្នករស់នៅក្រុងបោយប៉ែត ជួបការលំបាកកាន់តែខ្លាំងហើយ ដោយសារតែមុខរបរភាគច្រើនត្រូវបានផ្អាក ខណៈទំនិញនៅលើទីផ្សារបានឡើងថ្លៃ មិនថាតែរបស់របរផលិតនៅក្នុងស្រុក គឺសូម្បីតែទឹកសុទ្ធក៏ឡើងថ្លៃដែរ។ លោកបន្តថា មកដល់ពេលនេះ ពលរដ្ឋដែលប្រកបរបររកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃនោះ គ្មានជម្រើសអ្វីនោះទេ ក្រៅតែពីអង្គុយនៅពីមុខច្រកទ្វារ រង់ចាំឱ្យអាជ្ញាធរកម្ពុជា និងថៃបើកច្រកវិញទាំងភាពជូរចត់ប៉ុណ្ណោះ។
លោក រឿន សំបូរ និយាយថា៖ «អាជីវករថៃគេតវ៉ាឱ្យបើកច្រកព្រំដែនវិញ ដោយសាររកអត់បាន។ អាខ្លះខ្ចីលុយគេ ខ្ចីបុលគេមករកស៊ីលក់ដូរនៅផ្សាររុងក្លឿហ្នឹង អាស្រ័យខ្មែរយើងទិញហ្នឹងហើយ ដល់ពេលបិទច្រកអ៊ីចឹង មានណាគេទិញ ណាគេលក់ តែគុយទាវឆាគ្មានអ្នកលក់ឱ្យស៊ីផង គេតវ៉ាយូរដែរហើយតើបញ្ហាហ្នឹងហ្អ»។
មិនខុសពីពលរដ្ឋខ្មែរនោះទេ នៅខាងមាត់ច្រកទ្វារព្រំដែនខាងទឹកដីថៃ ក្នុងភូមិខ្លងលឹកឯនេះវិញ ក្រុមពលរដ្ឋថៃ រួមមាន អាជីវករលក់ដូរនៅផ្សាររុងក្លឿ និងម្ចាស់សហគ្រាស ប្រមាណជាង ៥០នាក់ បានចេញមកតវ៉ា ទាមទារឱ្យទាហានរបស់ខ្លួនបើកច្រកទ្វារព្រំដែនឡើងវិញ។
បាតុករថៃ បានស្រែកតវ៉ាថា ការបិទច្រកព្រំដែននេះ មិនមែនដោយសារកម្ពុជាទេ គឺមកពីកងទ័ពថៃភូមិភាគ២ របស់ថៃខ្លួនឯង។
ពួកគេបានលើកបដារ ដោយសរសេរថា៖ «កិត្តយសរបស់ពួកអ្នក យើងយល់ និងឱ្យតម្លៃ ប៉ុន្តែពួកយើង ដែលជាអ្នករស់នៅជាយដែនកំពុងអត់ឃ្លានជិតស្លាប់ តើយល់ពីពួកយើងខ្លះទេ? ហេតុការណ៍កើតនៅត្រង់ណា ហេតុអ្វីមិនដោះស្រាយនៅត្រង់នោះ? ពួកយើងរកស៊ីជាមួយវៀតណាម និងកម្ពុជា តើនឹងបណ្ដោយឱ្យរឿងនេះ បំផ្លាញធុរកិច្ចពួកយើងមែនទេ?»។
បន្ថែមពីលើអត្ថន័យនៅលើបដានេះ ពលរដ្ឋថៃបានស្រែកតវ៉ាដាក់មេក្រូទៀតថា ពួកគេក៏ជាអ្នកស្នេហាជាតិ និងបូរណភាពទឹកដីដែរ ប៉ុន្តែការបិទច្រកទ្វារព្រំដែនរបស់ទាហានថៃនេះ នឹងគ្មានប្រយោជន៍អ្វីទាល់តែសោះ នៅក្នុងដំណោះស្រាយរឿងព្រំដែនជាមួយកម្ពុជា ក្រៅតែពីបំផ្លាញឆ្នាំងបាយពលរដ្ឋខ្លួនឯង ខណៈកម្ពុជា គឺជាអតិថិជនធំរបស់ថៃ។
ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។ របាយការណ៍ បង្ហាញថា នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣ ៥០០តូប។
យ៉ាងណាក៏ដោយចុះ នៅក្នុងការតវ៉ានេះ គេឃើញមានសមាជិកសភាម្នាក់ មកពីកូតាគណបក្សប្រជាជន គឺលោក រ៉ាំងសិម៉ាន់ រ៉ូម (Rangsiman Rome) បានមកទទួលញត្តិពីអ្នកតវ៉ា។ ទោះយ៉ាងនេះក្ដី សមាជិកសភាកូនកាត់ថៃ អាមេរិកាំង រូបនេះ បានថ្លែងថា លោកមិនមានលទ្ធភាព និងតួនាទីដើម្បីធ្វើការសម្រេចលើបញ្ហានេះដោយផ្ទាល់បានទេ ប៉ុន្តែលោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលរឿងរ៉ាវទាំងនោះ ដើម្បីបង្ហាញទៅកាន់រដ្ឋាភិបាល។ លោកបញ្ជាក់ថា គោលដៅសំខាន់នៃការចុះសួរសុខទុក្ខរបស់លោកពេលនេះ គឺមកពិនិត្យមើលទីតាំងដែលគេសង្ស័យថា ជាកន្លែងឆបោកតាមអនឡាញនៅលើទឹកដីកម្ពុជានោះទេ។
ងាកមកបញ្ហារបស់ពលរដ្ឋខ្មែរវិញ គ្រូបង្រៀនម្នាក់នៅស្រុកសំពៅលូន ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថ្លែងថា វិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលឈានដល់ការបិទច្រកព្រំដែននេះ ប្រៀបបានទៅនឹងជម្លោះកូនក្មេង ដែលភាគីនីមួយៗ បានរកវិធីដាក់គំនាបគ្នាទៅវិញទៅមក ដោយមិនបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែននោះឡើយ។ លោកបន្តថា បើកម្ពុជាចង់លែងល្បែងបិទព្រំដែនជាមួយថៃ លុះត្រាតែកម្ពុជា ត្រៀមអ្វីៗគ្រប់យ៉ាងជាមុនសិន។
គ្រូបង្រៀនរូបនោះ និយាយថា៖ «បិទច្រកព្រំដែនហើយ បិទការនាំចូលទំនិញពីថៃមកកម្ពុជា ហើយពឹងផ្អែកលើផលិតផលក្នុងស្រុក ខ្មែរជួយខ្មែរ។ ធ្វើអ៊ីចឹងបានទាល់តែយើងត្រៀមខ្លួនដប់ម្ភៃឆ្នាំមុនសិន មិនមែនសម្រេចចិត្តបិទៗភ្លាមអ៊ីចឹងទេ។ ឥឡូវបិទហើយមានអី ទំនិញឡើងថ្លៃគ្រប់មុខ ហើយផលិតផលខ្លះយើងខ្វះអត់បានទៀត»។
បញ្ហាបិទព្រំដែននេះ គឺក្រុមយោធាថៃ បានសម្រេចចិត្តដោយឯកតោភាគី ចាប់ពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ បន្ទាប់ពីក្រុមទាហានថៃ បានឈ្លានពាន និងបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ដែលធ្វើឱ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ តានតឹងដាក់គ្នា។
ក្រោយការសម្រេចចិត្តដោយឯកតោភាគី និងការគំរាមកំហែងពីសំណាក់យោធាថៃ កម្ពុជាបានឆ្លើយតបវិញ ដោយបិទខ្ទប់ព្រំដែនទាំងស្រុងជាមួយថៃ និងបិទការនាំទំនិញសំខាន់ៗ ចូលកម្ពុជា។ ក៏ប៉ុន្តែការបិទច្រកនេះ បានធ្វើឱ្យទំនិញ និងវត្ថុធាតុដើមមួយចំនួន ត្រូវឡើងថ្លៃ និងខ្វះខាត ខណៈខាងភាគីថៃ បានសល់ទំនិញ និងផលិតផលកសិកម្ម លក់មិនចេញ និងកកស្ទះ រហូតយកទៅចាក់ចោល។
ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី សង្កេតឃើញថា បញ្ហាការបិទច្រកព្រំដែននេះ គឺកើតចេញពីកំហុសការដឹកនាំរបស់យោធាថៃ ដែលមិនយល់ពីរឿងសេដ្ឋកិច្ច និងចេះតែប្រើកម្លាំងបាយ។
ទោះយ៉ាងណា លោក ឌិន ពុទ្ធី ស្នើឱ្យរដ្ឋាភិបាលទាំងពីរ គួរតែស្វែងរកហេតុផលដ៏តូចណាមួយ ដើម្បីចរចាបើកព្រំដែនឡើងវិញ។
លោកថា៖ «ទង្វើរបស់យោធាថៃ គឺជាទង្វើមួយគឃ្លើនដែលយើងនិយាយបានថា ជាការធ្វើឡើងដើម្បីបំពានលើអធិបតេយ្យភាពកម្ពុជាផង ក៏ដូចជាការរំលោភសិទ្ធិពលរដ្ឋថៃផង និងរំលោភសិទ្ធិប្រជាពលរដ្ឋកម្ពុជានៅតាមបន្ទាត់ព្រំដែនផង ព្រោះថាផលប៉ះពាល់នេះទាំងសងខាង ទាំងអស់គ្នាប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរកទទួលទាន ក៏ដូចជាការដោះដូរទំនិញផ្សេងៗ ព្រោះអាស្រ័យគ្នាទៅវិញទៅមក»។
ពាក់ព័ន្ធនឹងដំណោះស្រាយបើកច្រកព្រំដែននេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់អះអាងថា ប្រសិនបើភាគីថៃ បើកព្រំដែនឱ្យដំណើរការប្រក្រតីវិញ ដូចមុនថ្ងៃទី៧ ខែមិថុនានោះ យ៉ាងយូរត្រឹមរយៈពេល ៥ម៉ោងក្រោយ កម្ពុជានឹងបើកព្រំដែនវិញទាំងអស់។
យ៉ាងណាមិញ ពលរដ្ឋខ្មែរ និងពលរដ្ឋថៃ ដែលរស់នៅតំបន់ជាយដែន បានអះអាងស្រដៀងៗគ្នាថា រឿងបញ្ហាវិវាទព្រំដែននេះ គួរណាស់តែរដ្ឋាភិបាលទាំងពីរ ដោះស្រាយគ្នាដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ដោយមិនត្រូវធ្វើឱ្យរាលដាលដល់សេដ្ឋកិច្ចរបស់ពលរដ្ឋនោះឡើយ៕









