មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃចន្ទនេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញមួយរូប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី៩ឆ្នាំមុន។
ស្របពេលដែលថ្ងៃប្រារព្ធខួប ៩ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ជិតមកដល់នោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរៀបចំនូវសកម្មភាពមួយចំនួនតាមអនឡាញ និងនៅការិយាល័យរបស់ខ្លួន ក្នុងនោះនៅថ្ងៃទី០៧ ខែកក្កដានេះ អង្គការសង្គមស៊ីវិលមួយនេះ បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានឧទ្ធិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត នៅការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ CCHR កាលពីថ្ងៃទី០១ខែកក្កដា។
CCHR បន្តថា ក្រៅពីការរៀបចំពិធីបុណ្យ អង្គការមួយនេះក៏បានរៀបចំនៅសកម្មភាពផ្សេងៗតាមអនឡាញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៧ ខែកក្កដាផងដែរ ក្នុងនោះមានដូចជា ការបង្ហោះសម្រង់សម្តីសំខាន់ៗរបស់លោកបណ្ឌិត កែម ឡី ការផ្សាយផ្ទាល់កម្មវិធីវិទ្យុក្រោមប្រធានបទ រយៈពេល៩ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី និងការចងចាំរូបលោក ការផ្សព្វផ្សាយវីដេអូស្តីពីវិភាគទានរបស់លោកបណ្ឌិត កែម ឡី ដើម្បីសង្គមប្រជាធិបតេយ្យកម្ពុជា និងវីដេអូស្តីពី ការចងចាំ ផងដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) រាជធានីភ្នំពេញ។
ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះ បានផ្ដល់ការអធិប្បាយដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារត្រកូល ហ៊ុន ដែលលាតត្រដាងនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូបល វីតណេស (Global Witness)។
សំណុំរឿងឃាតកម្មដ៏កក្រើកនេះ ត្រូវបានតុលាការផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ផ្អែកតាមចម្លើយសារភាពរបស់បុរសរូបនោះដែលថា គាត់ជាអ្នកបាញ់សម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី មិនព្រមសងប្រាក់ជំពាក់ចំនួន ៣.០០០ដុល្លារ។
តែយ៉ាងណា ក្រុមគ្រួសារ លោក កែម ឡី មិនជឿលើភស្តុតាងដែលថាលោក អឿត អាង ជាឃាតករពិតនោះទេ ដោយសារតែលោកបណ្ឌិត កែម ឡី និងបុគ្គលឈ្មោះ អឿត អាង ពុំមានទំនាក់ទំនង និងស្គាល់គ្នាឡើយ ហើយសំណុំរឿងនេះក៏មានការរិះគន់ ពីសំណាក់សាធារណជន អ្នកឃ្លាំមើលសង្គម ព្រមទាំងអង្គការជាតិ និងអន្តរជាតិផងដែរ។
ក្រោយមានការរិះគន់ខ្លាំងៗ ពីសាធារណជន តុលាការក្រុងភ្នំពេញ បានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ក៏ប៉ុន្តែតុលាការមិនបានផ្ដល់ព័ត៌មាន ស្ដីពី ការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ៕









