ក្រុមអ្នក​ប្រជាធិប​តេយ្យ​ប្រតិកម្ម​ព្រម​គ្នា​ទៅ​នឹង​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

ក្រុម​អ្នក​មាន​និន្នាការ​ប្រជាធិប​តេយ្យ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បាន​បញ្ចេញ​ប្រតិ​កម្ម​ព្រមៗ​គ្នា ប្រឆាំង​ទៅ​នឹង​បំណង​ លោក​ ហ៊ុន​ សែន ដែល​បញ្ជា​ឱុ្យ​រុះ​រើ​មាត្រា​៣៣​នៃ​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ ដោ​យ​ចាត់​ទុក​វិធាន​នេះ គ្រោះ​ថ្នាក់​ជាតិ​ធ្ងន់​ធ្ងរ ក្រោយ​មេដឹក​នាំ​មួយ​នេះ​ លែង​ហ៊ាន​ប្រកួត​អំណាច​តាម​គន្ល​​​ង​ប្រជា​ធិប​តេយ្យ​ជិត​១០ឆ្នាំ​​​ទៅ​នេះ ។

ប្រតិកម្ម​ចម្រុះ​នេះ ក្រោយ​ពី​ លោក ហ៊ុន ​សែន ដែល​គេ​ដឹង​ថា​មាន​អំណាច​កំពូល ចង្អុល​ឱ្យ​រុះ​រើ​រដ្ឋ​ធម្ម​នុញ្ញ​មា​ត្រា​៣៣​​នៃ​​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ក្រោម​ហេតុ​ផល​ថា ដើម្បី​ទប់​ស្កាត់​អ្នក​គប់​គិត​នឹង​បរទេស​បំផ្លាញ​ខ្មែរ។

ក្តីបារម្ភនេះ ខណៈ​បន្ទាត់​នយោ​បាយ លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា បាន​ដើរ​លើ​ផ្លូវ​ខុស​ជិ​ត​១០ឆ្នាំ​ទៅ​នេះ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ចុង​ឆ្នាំ​២០១៧​មក និង​ជាប់​ចំណង​វៀត​ណាម​ ហើយ នៅ​បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍ ក្រោម​យុទ្ធ​សាសន៍​ងើប​១​វ៉ៃ​១ មិន​ព្រម​ផ្សះ​ផ្សា​ជាតិ​នោះ។

តំណាង​រាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ឱ្យVOD​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ​ថា លោក​​មិន​គាំទ្រ​ដាច់​ខាត​ចំពោះ​ការ​ធ្វើ​វិសោធន​កម្ម​រុះ​រើ​ច្បាប់​មាត្រា​៣៣​នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​នេះ។ លោក​ថា ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ជា​​អំ​ពើ​ប្រល័យ​ពូជ​សាសន៍ ប្រហារ​​រដ្ឋ​​ធម្មនុញ្ញ​​កម្ពុជា និង​បំពាន​កតិកា​សញ្ញា​អន្តរ​ជាតិ។

លើសពីនេះ លោកថា កា​រធ្វើវិសោធន​កម្ម​នេះ ជា​បំណង​លោក ហ៊ុន សែន ចង់​កម្ទេច​ឬ​បំផ្លាញ​ពូជ​សាសន៍​ខ្មែរ ដើម្បី​ផ្គាប់​ចិត្ត​ចៅ​ហ្វាយ​នាយវៀ​ត​ណាម តាម​មហិច្ចតា​ លោក ហូ ជីមិញ ដើម្បី​គ្រប់​គ្រង​ឥណ្ឌូ​ចិន​ទាំង​មូល។

លោកថា៖ «បង្ហាញថា ត្រកូល​ហ៊ុន​ គឺ​ដឹក​នាំតា​ម​របៀប​ផ្ដាច់​ការ អមនុស្ស​ធម៌​សូម្បី​តែ​ពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង​ក៏ដក​សញ្ជាតិ​កំណើត​ពី​គាត់ អាហ្នឹង​ដូច​ដក​ជីវិត​គាត់​ដក​ឈាម​គាត់​ អ៊ីចឹង​កាល​ណា​ដក​សញ្ជាតិ​គាត់ គាត់​មាន​ទៅ​បោះ​ឆ្នោត​អី​បាន លែង​បាន​ឈរ​ឈ្មោះ​បោះ​ឲ្យ​គេ​បោះ​ឆ្នោត អត់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ អត់​មាន​សៀវ​ភៅ​គ្រួសារ​ អត់​មាន​លិខិត​ឆ្លង​ដែន​ឱ្យ​គាត់​រស់​នៅ​ក្នុង​សង្គម​យ៉ាង​ម៉េច​ អត់​ទទួល​បាន​សេវា​កម្ម​សង្គម​ ​ប​ណ្ណ​ក្រីក្រ ឬ​ក៏​អត់​បាន​ទទួល​នូវ​សេវា​សុខាភិ​បាល​អី​ផ្សេងៗ​ អ៊ីចឹង​ដូច​សម្លាប់​គាត់​ទាំង​រស់​អ៊ីចឹង»។

មួយវិញទៀត លោកថា បន្ទាត់នយោបាយ​នេះ គឺ​ដើរ​ចូល​អន្ទាក់​វៀត​ណាម ដើម្បី​សម្រេច​បំណង ហូ ជីមិញ ដើម្បី​បង្កើត​ជា​សហពន្ធ័​ឥណ្ឌូចិន និង​លេប​ទឹ​ក​ដី​ខ្មែរ។

ប្រហែលគ្នានេះ​ដែរ អគ្គលេខាធិការ និងជាសមាជិកព្រឹទ្ធ​សភា ពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មូនីកា ឱ្យ​VOD​ដឹង​ថា ប្រទេស​លើ​ពិភព​លោក គេ​មិន​ដក​សញ្ជាតិ​កំណើត​របស់​ជន​ជាតិ​គេ​ទេ ​គឺគេ​​អាច​ដក​សញ្ជាតិ​តែ​បុគ្គល​ដែល​ទទួល​បាន​សញ្ជា​តូបនិ​កម្ម​​ប៉ុណ្ណោះ ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្តិ​ខុស​ច្បាប់​ជាដើម។

លោកថា៖ «ខ្ញុំយល់ថា ការ​ដក​សញ្ជាតិ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ណា​មួយ ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ គឺ​ជា​រឿង​មួយ​ដែល​​វា​ផ្ទុយ​ពី​ស្មារតី​ដើម​នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ក៏​ដូច​ជា​ច្បាប់​ជាតិ​អន្តរ​ជាតិ​ផ្សេងៗ​ដែល​ធានា​ថា​បុគ្គល​គ្រប់​រូប​មិន​ត្រូវ​បាន​ដក​សញ្ជាតិ​ដោយ​អំពើ​ចិត្ត ហើយ​ចំណុច​នេះ​ដែរ គឺ​ថា​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា វា​នឹង​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​ តាម​គោល​ការ​ណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​»។

ចំណែក អតីតនាយកឧទ្ទ​ការ​ល័យ លោក កឹម​ សុខា ប្រធាន​​គណប​​ក្ស​សង្គ្រោះ​​ជាតិ លោក មុត ចន្ថា បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ ដោយ​និយាយ​ថា ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​លើ​«កតិកាសញ្ញា​អន្តរ​ជាតិ​ ស្តីពី​សិ​ទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោ​បាយ​ ១៦​ ធ្នូ​ ១៩៦៦​ នៅ​ឆ្នាំ​១៩៩២។

លោកបន្តថា ការធ្វើវិសោធនកម្មមាត្រា​៣៣​ នៃ​រដ្ឋ​ធម្មនុញ្ញ​ គឺ​ជា​​«ការ​រំលោភ​បំពាន​លើ​មាត្រា​១២​ នៃកតិកា​សញ្ញា​អន្តរ​ជាតិ​ ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោ​បាយ​ ឆ្នាំ​១៩៦៦​» ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​​ ​នៅ​ឆ្នាំ​១៩៩២​។

លោកបន្ត​ថា មាត្រា​​១២​ វាក្យ​ខ័ណ្ឌ​ទី៤​ ចែង​ថា​ «គ្មាន​ជន​ណាម្នា​ក់​ត្រូ​វបាន​ដក​ហូត​សិទ្ធិ​ចេញ​ចូល​ប្រទេស​កំណើត​ខ្លួន​តាម​ទំនើង​ចិត្ត​ឡើយ»

ដោយឡែក ពលករខ្មែរនៅប្រទេសកូរ៉េខាង​ត្បូង អ្នកស្រី ឡែង ចន្តា វិធាន​ដក​សញ្ជាតិ​នេះ នឹង​បំផ្លាញ​ពូជ​សាសន៍​ខ្លួន​ឯង។

អ្នកស្រីថា៖ «ប្រឆាំង​ដាច់​ខាត​ក្នុង​ការ​ដក​សញ្ជាតិ​ខ្មែរ​យើង​នេះ នេះជា​​រូប​ភាព​ដែល​បញ្ជាក់​ថា​ រដ្ឋាភិ​បាល​ខ្មែរ​កំពុង​តែ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ មិន​មែន​ដូច​ជា​សម័យ​ប៉ុល​ពត សម័យ ក៥ ក៏​ប៉ុន្តែវា​ជា​រូបភាព​ដែល​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​នៅ​ក្នុង​ផ្លូវ​ច្បាប់​ដ៏​សែន​ត្រជាក់​មួយ»។

ពលករខ្មែរនៅប្រទេសជប៉ុនម្នាក់ទៀតគឺ អ្នកស្រី វ៉ាន់ លក្ខិណា ហាក់​ស្តី​បន្ទោស​ថា លោក ហ៊ុន សែន ហាក់​កំពុង​សម្លាប់​ខ្មែរ​ទាំង​រស់ ព្រោះកា​រ​ដក​សញ្ជាតិ​ខ្មែរ​នេះ គឺ​ជា​ការ​ដក​ព្រលឹង​ជាតិ​កំណើត​របស់​គាត់​។

អ្នក​ស្រីបា​រម្ភ​ថា ប្រទេស​ជាតិ​កាន់​តែធ្លា​ក់​ក្នុង​គ្រោះ​មហន្ត​រាយ​នៃ​របប​ដឹក​នាំ​ផ្តាច់​ការ​​គ្រួសារ​និយម គឺ​ពលរដ្ឋ​ខ្មែរ​លែង​ហ៊ាន​និយាយ​ការ​ពិត​ពី​ទិដ្ឋ​ភាព​សង្គម រស់​ទាំង​ភាពភ័យ​ខ្លាច និង​រង​ទុក្ខ​គ្មាន​ទី​បញ្ចប់។

អ្នកស្រី​ថា៖​ «វាប៉ះពាល់កាន់តែខ្លាំងនោះ គឺ​ថា​នៅ​ពេល​ដែល​យើង​ដក​សញ្ជាតិ​ជន​ជាតិ​របស់​យើង ហើយយើង​ទុក​សញ្ជាតិ​ទាំង​អស់​ហ្នឹង​ ឲ្យ​ទៅ​ជន​បរទេស​វិញ ហើយ​រាល់​ជន​បរទេស ដូច​ជា វៀតណាម​អី តែង​តែទទួល​បាន​សញ្ជាតិ​ខ្មែរ​​ហើយ ក៏​ប៉ុន្តែ​ខ្មែរ​ខ្លួន​ឯង​នេះ បែរ​ជា​បង្កើត​ច្បាប់​សម្រាប់​ដក​សញ្ជាតិ​ជន​ជាតិ​ដើម​ខ្លួន​ឯង​ទៅ​វិញ​ចា៎ អ៊ីចឹ​ង​អាហ្នឹង​គឺ​ជា​សេច​ក្ដី​ព្រួយ​បារម្ភ​ធំ​ ចំពោះ​ផ្នែក​នយោបាយ​ និង​សុខ​សុវត្ថិ​ភាពប្រទេស​យើង​ទាំង​មូល​តែ​ម្ដង»។

ចំណែក គណបក្សកម្ពុជានិយមរបស់ លោក យ៉ែម បុញ្ញប្ញទ្ធិ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​នៅថ្ងៃ​ទី៧ ខែ​កក្កដា​នេះ បដិ​សេធ មិន​គាំ​ទ្រ​ចំពោះ​ការ​ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម មាត្រា​៣៣ នៃ​រដ្ឋ​ធម្ម​នុញ្ញ​នេះ​ផង​ដែរ។

ប្រភពបន្តថា ការដកសញ្ជាតិខ្មែរពីកំណើត នឹងធ្វើឱ្យប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​ជាតិ ប្រជា​រាស្ត្រ​ខ្មែរ និង​នាំឱ្យ​មាន​ការ​បែក​បាក់​ជាតិ​កាន់​តែ​ធ្ងន់​ធ្ងរ ខណៈ​ប្រព័ន្ធ​យុត្តិ​ធម៌​ពុំទាន់​ពេញ​លេញ​នៅ​ឡើយ។

លើសពីនេះ គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា​នេះ សម្តែង​ការ​ព្រួយ​បារម្ភ មិន​គាំទ្រ​ការ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣ នៃ​រដ្ឋ​ធម្មនុញ្ញ។

ប្រភព​បន្ត​ថា ទង្វើនេះ គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​ផ្ទុយ​ពី​ស្មារតី​ដើម​នៃ​រដ្ឋ​ធម្ម​នុញ្ញ ឆ្នាំ​១៩៩៣ និង​កាតព្វ​កិច្ច​ជា​អន្តរជាតិ​ដែល​កម្ពុជា​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​សិទ្ធិ​មនុស្ស​ជា​សកល កតិកាស​ញ្ញាស្តី​ពី​សិទ្ធិ​ស៊ីវិល សិទ្ធិ​នយោ​បាយ ដែល​ធានា​ថា គ្មាន​នរណា​ ម្នាក់​នឹង​ត្រូវ​ដក​ហូត​សញ្ជាតិ​តាម​អំពើ​ចិត្ត​ឡើយ។

ការណ៍នេះ គណបក្សទាំងពីរមានជំនឿយ៉ាង​មុត​មាំ​ថា គ្មាន​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​រូប​ណា នឹង​ត្រូវ​បាន​ដក​ហូត​សញ្ជាតិ​កំណើត​របស់​ខ្លួន ដោយ​គ្រាន់​តែ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។

យ៉ាងណា នៅនៅថ្ងៃទី៧ខែ​កក្កដា​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រ​ដ្ឋ​សភា បាន​បញ្ជាក់​ជំហរ​ដូច លោក ហ៊ុន សែន ដែរ ក្រោយ​បើ​ក​កិច្ច​ប្រជុំ​ថា ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣៣ ដើម្បី​បើក​ផ្លូ​​វ​ឱ្យ​ដ​ក​សញ្ជាតិ​ខ្មែ​រពី​កំណើត​នោះ គឺ​ជា​ឧត្តម​ប្រយោជន៍​ជាតិ ប្រឆាំង​នឹង​អំពើ​ក្បត់​ជាតិ។

ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត​និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា បញ្ហា​ដក​សញ្ជាតិ​ខ្មែរ​នេះ ថ្នាក់​ដឹក​នាំ​ប្រទេស​គួរ​តែ​ពិនិត្យ ពិចារណា​ឡើង​វិញ ខណៈ​មហាជន​មិន​គាំទ្រ។

លោកបន្តថា បញ្ហា​ដកសញ្ជាតិខ្មែរពីកំណើតនេះ អាច​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ខណៈ​ប្រទេស​ជាតិ​កំពុង​ត្រូវ​ការ​ធន​ធាន​មនុស្ស ដើម្បី​ប្រឆាំង​នឹង​សត្រូវ​បរទេស​ឈ្លាន​ពាន​ទឹក​ដី។

លោកថា៖« «ខ្ញុំមិនគាំទ្រចំពោះការដកសញ្ជាតិជនជាតិខ្មែរ ដែល​ទទួល​បានពី​កំណើត​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គាំ​ទ្រចំ​ពោះ​កា​រ​​ដក​ហូត​សញ្ជាតិ​ពី​ជន​បរទេស​ ដែល​ទទួល​បាន​សញ្ជាតិ​តូប​នីយ​កម្ម​ នៅ​ពេល​ដែល​រក​ឃើញ​ថា​ ពួក​គាត់​មាន​បញ្ហា​​ឬ​ក៏​បង្កើត​កំហុស​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​កិត្តិយស​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ និងមុខ​មាត់​របស់​សង្គម​និង​របស់​​ប្រទេស​របស់​យើង ប៉ុន្តែ​រឿង​រ៉ាវ​ទាំង​អស់​ហ្នឹង​ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ ដោយ​គិត​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយ ពីព្រោះ​ការ​ដក​ហូត​សញ្ជាតិ​ គឺ​ស្មើនឹ​ង​ការ​លុប​បំបាត់​ជាតិ​សាសន៍​ខ្លួន​ឯង​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​រដ្ឋ​ធម្ម​នុញ្ញ ទៅដ​ល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​មនុស្ស​យើង​ម្នាក់ៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ