ខណៈដែលប្រជាពលរដ្ឋ អ្នកនយោបាយ និងសកម្មជនសង្គម ហាក់ស៊ាំទៅនឹងបទចោទ «ញុះញង់បង្កឱ្យមានអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម» ដែលជាបទចោទដ៏ទំនើប និងពេញនិយម ប្រចាំរដ្ឋាភិបាលរបស់ម្ចាស់ស្ថាបនិកម្ចាស់ពាក្យស្លោក «អរគុណសន្តិភាព» ទៅហើយនោះ ពេលនេះ លោក ហ៊ុន សែន បានច្នៃច្បាប់ថ្មីដ៏ចម្លែកមួយទៀតហើយ នោះគឺច្បាប់ដកហូតសញ្ជាតិ ពីពលរដ្ឋខ្មែរទាំងឡាយណា ដែលលោកចោទថា បានរួមដៃជាមួយបរទេសមកបំផ្លាញខ្មែរ។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន កញ្ញា លីម គីមស័រ ប្រាប់ វីអូឌី នៅថ្ងៃទី០៧ ខែកក្កដានេះថា ច្បាប់ដកហូតសញ្ជាតិនេះ នឹងត្រូវ លោក ហ៊ុន សែន យកទៅប្រើប្រាស់ក្នុងការចោទប្រកាន់អ្នកនយោបាយបក្សប្រឆាំង ដើម្បីដកហូតសញ្ជាតិ និងសិទ្ធិរបស់ពួកគេ ក្នុងការឈរឈ្មោះឱ្យពលរដ្ឋបោះឆ្នោតឱ្យ។
កញ្ញាបន្តថា ច្បាប់នេះ ក៏នឹងត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន យកមកកម្ចាត់អង្គការសង្គមស៊ីវិល និងស្ថាប័នឯករាជ្យមួយចំនួនដែរ តាមរយៈការប្រឌិតអង្គហេតុ ដោយចោទថា ទទួលហិរញ្ញប្បទានពីបរទេស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលខ្មែរជាដើម។
ទោះជាយ៉ាងនេះក្ដី សកម្មជនសង្គមឯករាជ្យរូបនេះ យល់ឃើញថា ច្បាប់ដកហូតសញ្ជាតិនេះ សក្តិសមសម្រាប់យកទៅអនុវត្តចំពោះមេដឹកនាំកម្ពុជាច្រើនជាង។
កញ្ញា លីម គីមស័រ និយាយថា៖ «ហើយបើច្បាប់ហ្នឹងចេញហើយ យើងក៏អត់មានអីត្រូវតវ៉ាដែរ ប៉ុន្តែគ្រាន់តែឱ្យលោក ហ៊ុន សែន ប្រយ័ត្នប្រយែង ប្រយ័ត្នថ្ងៃណាមួយ ច្បាប់ដែលលោក ហ៊ុន សែន ចែងទាំងអស់ហ្នឹង ចងទៅលើលោក ហ៊ុន សែន វិញ ព្រោះអំពើដែលលោក ហ៊ុន សែន បានធ្វើ គឺដូចទៅនឹងច្បាប់ដែលគាត់បានចែង។ ទីមួយ គាត់បង្កើតច្បាប់ ដើម្បីការពារខ្លួនពេលនេះ ទីពីរ ដើម្បីចាប់អ្នកប្រឆាំង និងអ្នករិះគន់។ ប៉ុន្តែថ្ងៃណាមួយ បើសិនជា លោក ហ៊ុន សែន អស់អំណាច ច្បាប់ទាំងអស់ហ្នឹង នឹងចងទៅលោក ហ៊ុន សែន វិញ»។
ការថ្លែងរបស់សកម្មជនរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានចង្អុលបង្ហាញឱ្យក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពីកំណើតពីជនជាតិខ្មែរណា ដែលលោកហៅថា បានរួមគំនិតជាមួយបរទេស មកបំផ្លាញប្រយោជន៍ជាតិខ្មែរ។
គ្រាន់តែលោក ហ៊ុន សែន ប្រកាសពីបំណងកែច្បាប់ភ្លាម មន្រ្តីនៅតាមស្ថាប័នរដ្ឋ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលបានដាក់តាំងរូប Profile នៅលើហ្វេសប៊ុករបស់ពួកគេថា គាំទ្រពាក្យបណ្ដឹង ICJ មិនទាន់បានដល់មួយខែផងនោះ បាននាំគ្នាប្ដូររូបតាំងនៅលើហ្វេសប៊ុកខ្លួនថា គាំទ្រវិសោធនកម្មដកសញ្ជាតិខ្មែរវិញភ្លាមៗ។
ក្នុងនោះ ក្រសួង និងស្ថាប័នរដ្ឋ បានចេញញត្តិ និងលិខិតគាំទ្រព្រោងព្រាត ដោយពួកគេហាក់ដឹងខ្លួនយ៉ាងច្បាស់ពីតួនាទីរបស់ខ្លួន ក្រោយពីលោក ហ៊ុន សែន បានប្រកាសពីបំណងធ្វើអ្វីមួយហើយនោះ។
ភ្លាមៗនេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមាន លោក ហ៊ី សោភា ជាប្រធានថ្មីទើបតែឡើងកាន់តំណែងបានមួយសប្ដាហ៍នោះ បានសម្រេចបានបើកកិច្ចប្រជុំពេញអង្គក្រាបបង្គំទូលថ្វាយអង្គព្រះមហាក្សត្រ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ ដោយទូលថ្វាយថា ច្បាប់នេះ «អាចធ្វើទៅបាន»។
នៅថ្ងៃចន្ទ ទី៧ ខែកក្កដានេះទៀតសោធ គណៈកម្មាធិការអចិន្រ្តយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំបិទទ្វារ ដើម្បីពិនិត្យសេចក្តីស្នើច្បាប់ធម្មនុញ្ញ ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ក្នុងការបើកផ្លូវឱ្យធ្វើច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើត។
មុនកិច្ចប្រជុំបិទទ្វាររបស់គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសរបស់ថៅកែនិពន្ធច្បាប់វិញ ក៏មិនឱ្យចាញ់ក្រុមមន្រ្តីនោះដែរ ដោយលោកបាននិយាយកាលពីថ្ងៃទី០៣ ខែកក្កដាថា សកម្មជនបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស កំពុងដេកភ័យ ក្រោយឪពុករបស់លោក រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិ។
លោក ហ៊ុន ម៉ាណែត និយាយការពារច្បាប់របស់ឪពុកលោកទៀតថា មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ មានច្បាប់ដកសញ្ជាតិ ក្នុងនោះក៏មានផងដែរ នៅក្នុងចំណោមប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «អ្នកឯងភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្ដេជ្ញាធ្វើដល់ដង្ហើមចុងក្រោយ មិនធ្វើ ប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ អ៊ីចឹងកុំភ័យព្រួយពេក។ បើសិនអ្នកមានផែនការបំផ្លាញខ្មែរ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ។ ប៉ុន្តែអ្នកបែបហ្នឹង មិនសមជាខ្មែរទេ និយាយឱ្យច្បាស់តែម្ដងទៅ»។
ទោះជាបែបនេះក្ដី ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត នេះគឺជាការកុហក ដោយបំភ្លៃសាច់រឿង ដើម្បីបិទបាំងពីក្ដីបារម្ភរបស់ឪពុកលោក។
ជាក់ស្ដែង បើគេក្រឡកមើលពីសាវតានយោបាយរបស់ លោក ហ៊ុន សែន ដែលជាមេដឹកនាំឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ កាលពីឆ្នាំ១៩៩៧នោះ បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីរំដោះគ្រោះភ័យ និងរក្សាអំណាចរបស់ខ្លួន ដែលទទួលរងការវាយប្រហារពីខាងក្រៅផង និងផ្ទៃក្នុងបក្សផង។
ជាឧទាហរណ៍ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានធ្លាក់កូដខ្លាំង និងបាត់កៅអីអស់ច្រើនសន្ធឹកនៅក្នុងរដ្ឋសភា ទៅបក្សប្រឆាំង ដែលបណ្ដាលមកពីការដឹកនាំរដ្ឋាភិបាលរបស់លោក បង្កឱ្យមានអំពើពុករលួយ ការរំលោភសិទ្ធមនុស្សធ្ងន់ធ្ងរ វិបត្តិសង្គមច្រើនស្អេកស្កះ និងទំនងដោយសារយុទ្ធសាស្រ្តទីផ្សារទិញសំឡេងឆ្នោតតាមរយៈការចែកអង្ករ សារុង ប៊ីចេង ក្រមា និងលុយ របស់គណបក្សទេវតា លែងមានអ្នកចង់បានតទៅទៀត។
ដោយសារតែមើលឃើញពីក្រឡាអត់ស្រួលបែបនេះហើយ បានធ្វើឱ្យបុរសខ្លាំងរបស់កម្ពុជា លោក ហ៊ុន សែន ងាកមកដើរផ្លូវចាស់វិញ ដោយប្រើប្រាស់វិធីពង្រឹងអំណាច និងយកច្បាប់ជាអាវុធ ដើម្បីផ្ដួលគូប្រកួត ដែលជំនួសដោយការធ្វើរដ្ឋប្រហារដោយប្រើប្រាស់អាវុធ។
ជោគជ័យដ៏សំខាន់ ដែលជាជំហានដំបូងរបស់ លោក ហ៊ុន សែន គឺការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ និងចាប់ខ្លួន លោក កឹម សុខា ដែលជាប្រធានគណបក្សនេះ ឃុំនៅក្នុងផ្ទះ និងដកសិទ្ធិជាពលរដ្ឋជាស្ថាពរ គឺដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងដកសិទ្ធិធ្វើនយោបាយ ដោយចោទថា «គប់គិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល»។
បន្ទាប់ពីរំលាយបក្សប្រឆាំងធំជាងគេ ដែលមានសក្កានុពលអាចយកឈ្នះលើគណបក្សកាន់អំណាចហើយនោះ លោក ហ៊ុន សែន បានបោះមួយជំហានទៀត គឺការកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល ដែលជាស្ថាប័នតែងតែលាតត្រដាងពីការដឹកនាំបែបផ្ដាច់ការរបស់លោក។
ក្រោយការស្ដោះគ្រោះធំៗ ទាំងអស់នេះ លោក ហ៊ុន សែន ហាក់នៅមិនទាន់ឈប់ដេកភ័យនោះទេ ដោយលោកបានបន្តគិតគូរពីរឿងផ្ទេរអំណាចទៅកូន និងផ្ដួលគូប្រជែង ដែលជាសមមិត្តរួមជំនាន់ នៅក្នុងជួរបក្សខ្លួនឯងវិញម្ដង។
ក្នុងជំហានបន្ទាប់របស់លោក ហ៊ុន សែន បានបង្កើត និងធ្វើវិសោធនកម្មច្បាប់ ដើម្បីរៀបចំផ្ទេរអំណាចទៅឱ្យកូនប្រុស គឺលោក ហ៊ុន ម៉ាណែត និងបក្ខពួក ដែលជាការផ្ទេរអំណាច តជំនាន់មានលក្ខណៈឈុតធំ និងពោរពេញដោយការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ និងបណ្ដាអន្តរជាតិ។
វិសោធនកម្មច្បាប់ ដែលជាវណ្ណកម្មរបស់លោក ហ៊ុន សែន ទាំងនោះ រួមមាន ច្បាប់កំណត់ឱ្យបេក្ខជននាយករដ្ឋមន្រ្តីមានសញ្ជាតិតែមួយ វិសោធនកម្មលើកទី១០ ដែលមានការបន្ថយអំណាចរដ្ឋសភា ក្នុងការស្នើបេក្ខភាពនាយករដ្ឋមន្រ្តី និងប្រើច្បាប់បិទផ្លូវមិនឱ្យគណបក្សភ្លើងទៀន បានចូលរួមបោះឆ្នោត កាលពីឆ្នាំ២០២៣។
ដូច្នេះ សរុបសេចក្ដីមក ការបង្កើត និងធ្វើវិសោធនកម្មច្បាប់ដកហូតសញ្ជាតិរបស់ លោក ហ៊ុន សែន នៅពេលនេះ មិនខុសពីលើកមុននោះទេ គឺមានមូលហេតុចម្បងអ្វីមួយ ដែលបញ្ហានេះទំនងកើតចេញពីក្ដីបារម្ភចំពោះក្រុមអ្នកប្រឆាំង ដែលអាចនឹងប្រើប្រាស់ទឹកដីថៃ សម្រាប់ជ្រកកោនដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក បន្ទាប់ពី លោក ហ៊ុន សែន បានបែកបាក់គ្នាជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាបុគ្គលមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាលថៃបច្ចុប្បន្ន។
ងាកមកបន្តពីការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត មួយចំណុចទៀត ដែលថា មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ មានច្បាប់ដកសញ្ជាតិនោះ គឺជាការនិយាយដោយច្បិចយកជ្រុងមួយ មកលុបពីលើសាច់រឿងទាំងមូល។
នៅក្នុងរបាយការណ៍ ស្តីពីភាពជាពលរដ្ឋសកលរបស់អង្គការឃ្លាំមើលសិទ្ធិពលរដ្ឋសកល (GLOBALCIT) នៅវិទ្យាស្ថានសាកលវិទ្យាល័យអ៊ឺរ៉ុប (EUI) នៅទីក្រុង Florence បានវិភាគអំពីច្បាប់ស្តីពីសញ្ជាតិនៅក្នុង ១៩១ប្រទេស ក្នុងឆ្នាំ២០២៤ រកឃើញថា ការកើនឡើងនៃជម្លោះប្រដាប់អាវុធ ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ និងអំពើភេរវកម្មនៅទូទាំងពិភពលោក គឺជាមូលហេតុដែលជំរុញឱ្យប្រទេសជាច្រើនបានដាក់ចេញនូវបទប្បញ្ញត្តិ ដើម្បីដកសញ្ជាតិរបស់បុគ្គល ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។
តែយ៉ាងណា របាយការណ៍បញ្ជាក់ថា ក្នុងប្រទេសចំនួនទាំង១៩១ មាន ៨៩ប្រទេស បានអនុវត្តច្បាប់នេះ តែទៅលើបុគ្គលទាំងឡាយណា ដែលទទួលបានសញ្ជាតិតាមរយៈការធ្វើតូបនីយកម្ម(សញ្ជាតិទី២) ឬការផ្ដល់ឱ្យពីរដ្ឋដទៃ ដោយមិនមែនអនុវត្តទៅលើបុគ្គល ដែលមានសញ្ជាតិពីកំណើតនោះឡើយ ក្នុងនោះ មានប្រទេសចំនួន៧០ បានកំណត់ថា ភាពជាពលរដ្ឋអាចត្រូវបានដកចេញ ប្រសិនបើនរណាម្នាក់ត្រូវបានគេរកឃើញថា បានបម្រើការក្នុងជួរកងទ័ពបរទេស។
យ៉ាងណាមិញ ប្រទេសឡាតវី ដែលបានអនុវត្តច្បាប់ដកហូតសញ្ជាតិ ដោយហេតុផលបែបនេះ បានធ្វើវិសោធនកម្មនៅឆ្នាំ២០២២ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន ធ្វើការជាមួយកងកម្លាំងយោធាអ៊ុយក្រែន ដែលកំពុងទទួលរងការឈ្លានពានពីប្រទេសរុស្សី។
យ៉ាងណាក៏ដោយចុះ ច្បាប់ដកហូតសញ្ជាតិរបស់លោក ហ៊ុន សែន ដែលនឹងប្រសូតក្នុងពេលឆាប់ៗនេះ នឹងមិនច្រឡំជាមួយប្រទេសដទៃនោះឡើយ ហើយច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាអាវុធបម្រើផលប្រយោជន៍នយោបាយរបស់បក្សកាន់អំណាច ដែលខុសពីប្រទេសដទៃ ច្បាប់នេះ ត្រូវបានគេអនុវត្តដោយប្រុងប្រយ័ត្ន តម្លាភាព និងយុត្តិធម៌។
ធ្ងន់ធ្ងរជាងនេះ កន្លងទៅ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចោទបរទេសមួយចំនួនថា បានគាំទ្រចលនាបដិវត្តន៍ពណ៌បំផ្លាញរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នបរទេសមួយចំនួន កុំយកជំនួយធ្វើជាថ្នូរនឹងការបង្គាប់បញ្ជាមកលើកម្ពុជាឱ្យសោះ ដោយជំនួយបែបនេះ កម្ពុជាមិនត្រូវការឡើយ។
ទោះបីជានៅក្នុងការថ្លែងរបស់លោក ហ៊ុន សែន នេះ មិនបញ្ចេញឈ្មោះប្រទេសណាមួយក្ដី ក៏មតិមហាជនទូទៅយល់ថា លោក ហ៊ុន សែន ចង់សំដៅលើប្រទេសលោកសេរីមួយចំនួន ដែលចង់ឱ្យកម្ពុជា មានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញ ខុសពីប្រទេសកុម្មុយនិស្ត ដែលត្រូវបាន លោក ហ៊ុន សែន រាប់អាចជាប្រទេសមហាមិត្តនោះ តែងតែគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងរាប់អានកម្ពុជាក្នុងន័យហុតទឹក សម្លឹងកាក។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ច្បាប់ដកសញ្ជាតិខ្មែរគួរតែធ្វើឡើងក្នុងគោលដៅដកសញ្ជាតិពីជនបរទេសណាដែលទទួលបានសញ្ជាតិខ្មែរ ហើយធ្វើសកម្មភាពប៉ះពាល់ដល់កិត្តិយសជាតិ។
តែយ៉ាងណា លោកអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ព្រោះការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ពិសេសទៅលើជនជាតិខ្មែរដែលមានសញ្ជាតិតែមួយ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់រូបវន្តបុគ្គល គ្រួសារ សង្គម ជាពិសេសគឺអំណាចរដ្ឋធម្មនុញ្ញ ដោយសារការរុះរើជាច្រើនដង។
លោក សេក សុជាតិ ថែ្លងថា៖ «ដោយសារតែគ្រប់បញ្ហាទាំងអស់ ដែលទាក់ទងនឹងការដកសញ្ជាតិវាធ្វើឱ្យមានផលជះជាអវិជ្ជមានច្រើនទៅដល់សង្គម ទៅដល់ការអនុវត្តច្បាប់ ហើយនឹងប៉ះពាល់ទៅដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយកម្ពុជាគឺតែងតែធ្វើការវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនជាបន្តបន្ទាប់ ដូច្នេះការធ្វើវិសោធនកម្មញឹកញាប់ វាមិនមែនជារឿងល្អទេ»។
ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ដកហូតសញ្ជាតិរបស់លោក ហ៊ុន សែន នេះដែរ អតីតខុទ្ធកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា បានលើកឡើងបែបក្រើនរំឭកថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើ «កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» នៅឆ្នាំ១៩៩២។
កតិកាសញ្ញានេះ គឺជាច្បាប់អន្តរជាតិ ដែលមានឋានានុក្រមច្បាប់ ស្មើនឹងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ដូច្នេះការធ្វើនិងអនុម័តច្បាប់របស់កម្ពុជា មិនគ្រាន់តែអនុលោមតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។
លោកគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញបាន គឺជា«ការរំលោភបំពានលើមាត្រា ១២ វាក្យខ័ណ្ឌទី៤ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦» ដែលកម្ពុជាបានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៩២។
មាត្រា១២ វាក្យខ័ណ្ឌទី៤ ចែងថា «គ្មានជនណាម្នាក់ត្រូវបានដកហូតសិទ្ធិចេញចូលប្រទេសកំណើតខ្លួនតាមទំនើងចិត្តឡើយ» ។
មួយវិញទៀត កម្ពុជាបានក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានសន្យាជាឱឡារិកជាមួយកាតព្វកិច្ចនៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការគោរពនិងប្រតិបត្តិជាសកលនូវសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរបស់មនុស្ស។
ដូចនេះ ការដកហូតសញ្ជាតិកំណើតនេះ មិនត្រឹមតែរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ស្តីពីសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវារឹតតែធ្វើឱ្យសង្គមខ្មែរបែកបាក់ថែមទៀត ហើយថែមទាំងធ្វើឱ្យអង្គព្រះមហាក្សត្រទ្រង់មិនអាចបង្រួបបង្រួមជាតិ ក្នុងព្រះបរមនាមព្រះអង្គជាអ្នកធានា និងជានិមត្តសញ្ញានៃការបង្រួបបង្រួមជាតិ។
ការផ្ទេរហត្ថលេខា ឱ្យអ្នកដទៃចុះហត្ថលេខាជំនួស គឺខុសគ្នាពីការផ្ទេរអំណាច ព្រោះអ្នកផ្ទេរហត្ថលេខានៅតែទទួលខុសត្រូវពីផលលំបាក ដែលកើតចេញពីហត្ថលេខា ត្រូវបានគេប្រើប្រាស់ក្នុងបំណង និងចេតនាអាក្រក់ដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ៕









