ស្របពេលនៃការប្រារព្ធខួប១៧ឆ្នាំនៃការដាក់តំបន់ប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដានេះ មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា បានជំរុញឱ្យមានកិច្ចការពារបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។
នៅលើទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ – ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
លោកសរសេរក្នុងសំណេរដើមថា៖ «ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!»។
លោក ហ៊ុន សែន បន្តថា បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត ប៉ុន្តែកម្ពុជាបានប្រឹងប្រែងតស៊ូទប់ទល់ គ្រប់មធ្យោបាយ ទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឱ្យបាត់បង់បាន។
ប្រាសាទព្រះវិហារ មានទីតាំងនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក ជាប់ព្រំដែនថៃ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសរសេរសារអបអរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃចន្ទនេះ ដោយថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។
លោកក៏បានរំលឹកពីសវតានៃការកសាងប្រាសាទព្រះវិហារនោះដែរថា ប្រាសាទនេះ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។
លោកថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។
ក្រៅពីមេដឹកនាំបក្សកាន់អំណាច គេក៏សង្កេតឃើញតាមក្រសួងស្ថាប័ន និងប្រជាពលរដ្ឋមួយចំនួន ក៏បានបង្ហោះសារព្រោងព្រាតដើម្បីអបអរខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះផងដែរ។
គួរំលឹកថា ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីកម្ពុជាបានទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៕









