រដ្ឋសភាចាត់ទុកការ​កែរ​ដ្ឋ​ធម្ម​នុញ្ញ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ជា​ឧត្តម​ប្រយោជន៍​ជាតិ

រដ្ឋស​ភា នៅថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់​ជំហរ​ដូច លោក ហ៊ុន សែន ដែរ ដោយ​ថា ការ​រុះ​រើ​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ដក​ស​​ញ្ជា​តិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ជា​ឧត្តម​ប្រយោជន៍​ជាតិ ប្រឆាំង​នឹង​អំពើ​ក្បត់​ជាតិ​ ខណៈ​វិធាន​នេះ រង​ការ​រិះ​គន់​ថា ជា​កា​រ​រំលោ​ភ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​បំបែក​បំបាក់​ជាតិ​តជំនាន់។

ដូចការគ្រោងទុក នៅ​ព្រឹកថ្ងៃច​ន្ទ ទី​៧ ខែ​កក្កដា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បាន​បើក​កិច្ច​ប្រជុំ​​ពិនិត្យ​​សេច​​ក្តី​​​​ស្នើ​​ច្បាប់​​ធម្ម​​នុញ្ញ ​ដើម្បី​​ធ្វើ​វិសោធន​​​កម្ម​មាត្រា​​៣៣​​នៃ​​រដ្ឋ​​ធម្ម​នុញ្ញ ​បើក​​ផ្លូវ​​ឱ្យ​ដក​​សញ្ជាតិ​​ពលរដ្ឋ​ខ្មែរ​​​ពី​កំណើត តាម​ការ​ស្នើ​របស់​រដ្ឋាភិ​បាល និង​បទ​បញ្ញា របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា។

បើតាមសេចក្តីប្រកាស​របស់​រដ្ឋ​សភា ក្រោយកិ​ច្ច​ប្រជុំ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បាន​អនុ​ម័ត​ទទួល​យក​សំណើ របស់​តំណាង​រាស្រ្ត​ហត្ថ​លេខី​ទំាង​ ១២៥​រូប ដែល​ស្មើ​នឹង ១០០% នៃ​តំណាង​រាស្រ្ត​សរុប មក​ពី​ចម្រុះ​គណបក្ស​ទំាង​អស់​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា។

សេចក្តីសម្រេចនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​បន្ថែម​ទៀត របស់​គណៈ​កម្មការ​ជំនាញ​នៅ​ថ្ងៃទី​៨​ ខែ​កក្កដា។ បន្ទាប់​មក​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ពិភា​ក្សា​និ​​ង​អនុម័ត​​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥។

សម្រាប់រដ្ឋសភា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃ​រដ្ឋធម្មនុញ្ញ​នេះ គឺ​ដើម្បី​ធានា​ការ​ពារ​និង​លើក​កម្ពស់​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ ទប់​ស្កាត់​និង​ប្រឆំាង​រាល់​សកម្មភាព​ក្បត់​ជាតិ​ដោយ​បុគ្គល​ ណា ដែល​បាន​គប់គិត​​​ជាមួយ​បរទេស​ ហើយ​មក​បំផ្លាញ​ជាតិ និង​បំផ្លាញ​ពលរដ្ឋ​ខ្លួន​ឯង។

មាត្រា៣​៣ នៃរ​ដ្ឋ​ធម្ម​នុញ្ញ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ចែង​​ថា «ប្រជា​ពលរដ្ឋ​​ខ្មែរ មិន​​អាច​ត្រូវ​បាន​​ដក​​សញ្ជាតិ និរទេស ឬ​ចាប់​បញ្ជូន​​ខ្លួន​​​ទៅ​ឱ្យ​ប្រទេស​​ក្រៅ​ណា​មួយ​ឡើយ លើក​​​លែង​​តែ​​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​​គ្នា​ទៅវិញ​ទៅ​មក។ ពលរដ្ឋខ្មែរដែល​កំពុង​រស់​នៅ​ឯបរទេស ត្រូវ​បាន​រដ្ឋ​គាំ​ពារ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ​ត្រូវ​កំណត់​ក្នុង​ច្បាប់»។

ជុំវិញបញ្ហានេះ គណបក្សប្រឆាំង ចាត់ទុក​បំណង​ស្នើ​សុំ​រុះ​រើ​មាត្រា​៣៣​នៃ​រដ្ឋ​ធម្ម​នុញ្ញ​នេះ ជា​​អំ​ពើ​​ប្រហារ​​រដ្ឋ​​ធម្ម​​នុញ្ញ និង​​​ជា​​ឧក្រិដ្ឋ​កម្ម​​ប្រល័យ​ពូជ​សា​សន៍​​ខ្មែ​រ។

លើសពីនេះ ពួកគេ​បាន​បំពាន​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា និង​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជាតិ​ជាតិ​ទៀត​ផង ក្នុង​​នេះ ពួក​គេ​ពន្យល់​ថាប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​លើ​កតិកា​សញ្ញា​អន្តរ​ជាតិ​ ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោ​បាយ​ ​នៅ​ឆ្នាំ​១៩៩២។ កតិកា​សញ្ញា​នេះ​ ​គឺ​ជា​ច្បាប់​អន្តរ​ជាតិ ដែល​មាន​ឋានានុ​ក្រម​ច្បាប់ ស្មើ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ ឆ្នាំ​១៩៩៣។

​ដូច្នេះ​ការ​ធ្វើ និង​អនុម័ត​ច្បាប់​របស់​កម្ពុជា​ មិ​ន​គ្រាន់​តែ​អនុលោម​តាម​រដ្ឋ​ធម្ម​នុញ្ញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​អ​​នុលោ​ម​តាម​ច្បាប់​អន្តរ​ជាតិ​ ដែល​ក្នុង​នោះ​មាន​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ អនុ​សញ្ញា​ និង​កតិកា​សញ្ញា​អន្ត​​រ​ជាតិ​ ស្តីពី​សិទ្ធិ​មនុស្ស ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន។

ការធ្វើវិសោធនកម្មមាត្រា៣៣​ នៃរដ្ឋធម្មនុញ្ញ​បាន​​ ​គឺ​ជា​​«ការរំលោភ​បំពាន​លើមា​ត្រា ១២ វាក្យ​ខ័ណ្ឌ​ទី៤​ នៃកតិកា​សញ្ញា​អន្តរ​ជាតិ​ ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបា​យ​ ឆ្នាំ​១៩៦៦​» ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​​ នៅ​ឆ្នាំ​១៩៩២​។

មាត្រា​​១២​ វាក្យខ័ណ្ឌទី៤​ ចែងថា​ «គ្មានជនណាម្នាក់​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ចេញ​ចូល​ប្រទេស​កំណើត​ខ្លួន​តាម​ទំនើង​ចិត្ត​ឡើយ»។

​ដូចនេះ ការដកហូតសញ្ជាតិកំណើតនេះ មិនត្រឹមតែរំ​លោភ​រដ្ឋ​ធម្ម​នុញ្ញ​ និ​ងច្បា​ប់​អន្តរជាតិ​ ស្តីពី​ សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​រឹត​តែ​ធ្វើ​ឱ្យស​ង្គម​ខ្មែរ​បែក​បាក់​គ្មាន​ទីប​ញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ