ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថា ស្និទ្ធនឹងគ្រួសារហ៊ុននោះ រងការចោទថា កំពុងប្រើល្បិចចាស់ បោកអតិថិជនថ្មី ធ្វើទីផ្សារលក់ដីក្នុងតម្លៃថោក ដែលការណ៍នេះ ជនរងគ្រោះថា ធ្វើឱ្យពួកគេជួបវិបត្តិបំណុលជាង៣ឆ្នាំ ដោយសារបង់លុយគ្រប់ តែក្រុមហ៊ុនគ្មានផ្ទះឱ្យ។
ការចោទនេះក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្សព្វផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា ពីការប្រមូលលុយយកទៅបញ្ចប់សំណង់ជាប់គាំង តាមរយៈការលក់ដីចុះតម្លៃនៅបុរីឡេងណាវ៉ាត្រា6A ក្នុងទំហំ៩ម៉ែត្រ គុណ១៧ម៉ែត្រ តម្លៃ១៨០០០ដុល្លារ និងអាចបង់រំលស់ផងដែរ។
អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់VODនៅថ្ងៃទី៧ ខែកក្កដានេះថា កាលលោកទិញផ្ទះនៅក្រុមហ៊ុននេះកាលពីជាង៣ឆ្នាំមុន ក៏មានការផ្សព្វផ្សាយលក់ផ្ទះតម្លៃថោកបែបនេះដែរ តែមកដល់បច្ចុប្បន្នក្រុមហ៊ុនគ្មានផ្ទះឱ្យលោកទេ ហើយដីមានសណ្ឋានជាបាតបឹងនៅឡើយ។
លោកថា៖ «ប្រមូលសិនដូចគ្នាអ៊ីចឹង កាលមុនបើផ្ទះខ្ញុំគេប្រមូសិន បើបង់ផ្តាច់ចុះតម្លៃ១ម៉ឺនដុល្លារ កំពង់ស្ពឺ ចឹងមកដល់បច្ចុប្បន្ននេះ ដីមិនទាន់ចាក់ពេញ។ ហើយខាងអ្នកសម្របសម្រួលហ្នឹង គេសន្យាថា ទីតាំងផ្ទះខ្ញុំហ្នឹង៣ខែ គេចាក់ពេញ តែជាក់ស្តែង មិនបានមួយអាទិត្យផង ឡានត្រូវបានដកចេញ សូម្បីមួយឡានក៏អត់មានដែរ»។
ប្រភពបន្តថា លោកចំណាយលុយជិត៤ម៉ឺនដុល្លារទិញដីឡូតិ៍ ព្រមទាំងផ្ទះនៅបុរីឡេង ណាវ៉ាត្រា គម្រោង៦A ក្នុងនោះផ្ទះលោកទិញក្នុងតម្លៃ ២៨៨៨០ដុល្លារជាកម្ចីធនាគារ។
បើតាម លោក រ៉ាវុធ ក្នុងកិច្ចសន្យាទិញលក់ចែងថា បើលើសពេលសាងសង់ក្រុមហ៊ុននឹងសងសំណងវិញ ១០០ដុល្លារក្នុងមួយខែ តែមកទល់ពេលនេះក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យានោះទេ ហើយតែងតែរកលេសពន្យាពេលសង់ផ្ទះឱ្យគាត់រហូតមក។
លោកថា៖ «កាលពីមុនមកជំនាន់យកផ្ទះដូរដី! យកផ្ទះដូរដី កំឡុងពេលហ្នឹងគេ យកឡានមកចាក់ទីតាំងផ្ទះខ្ញុំដែរ បានប្រហែលជាប៉ុន្មានបន្ទាប់ គេផ្សព្វផ្សាយរឿងយកផ្ទះដូរដីហ្នឹង ក៏គេផ្អាកយកឡានហ្នឹងទៅចាក់នៅកន្លែងទីតាំងដូរហ្នឹង។ ប្រើល្បិចកិច្ចកលគ្រប់បែបយ៉ាងទាំងអស់ ដូចថា ពេលខ្លះមេឃអត់ភ្លៀងទេ តែអ្នកសម្របសម្រួលគេនិយាយថា រណ្តៅដីមានទឺក តែពេលអាផ្សព្វផ្សាយដីឡូតិ៍ថ្មីៗនេះ យកឡានទៅចាក់នៅកន្លែងហ្នឹង ហើយអត់ដែលនិយាយថា មេឃភ្លៀង រណ្តៅដីមានទឺក អត់ដែលនិយាយសោះ»។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់លើហ្វេសប៊ុកលោកថា កន្លងទៅ បុរីឡេង ណាវ៉ាត្រា នៅ 6A លក់ផ្ទះបានសរុបជាង ៥ ០០០ផ្ទះ ក្នុងនោះដោះស្រាយបញ្ចប់បានជិត ៤០០០ផ្ទះ។
ទន្ទឹមគ្នានេះ លោកថា ការលក់ដីក្នុងតម្លៃពិសេសនៅពេលនេះ ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់សំណងទាំងស្រុងនៅបុរីឡេងណាវ៉ាត្រា6A ហើយលោកសុំទោសអតិថិជនចាស់ដែលលោកប្រកាសលក់ដីក្នុងតម្លៃនេះ។
ចំពេលជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានបញ្ចេញមតិខកបំណងចំពោះគម្រោងដែលឧកញ៉ារូបនេះលក់ដីខ្យល់ឱ្យពួកគេ និងខ្លះទម្លាយថាខ្លួនទិញផ្ទះរាប់ឆ្នាំហើយនៅមិនទាន់បានផ្ទះ។
ហ្វេសប៊ុកឈ្មោះ Horn Phanit រិះគន់ថា៖ «ទិញផ្ទះបានដីទិញដីបានប្លង់តែដីដឹងនៅណា»។
ហ្វេសប៊ុកឈ្មោះ Ou Chet បញ្ចេញមតិថា៖ «ល្មមនឹងបញ្ចប់ទៅទិញជិត ៥ឆ្នាំហើយ នៅតែមិនទាន់ហើយ មិនដឹងនិយាយថាម៉េចទេ លុយយកអស់ហើយ»។
កន្លងទៅ ក្រុមអតិថិជនក៏ធ្លាប់អះអាងប្រាប់ VOD ដែរថា ក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា បានពន្យាពេលមិនសង់ផ្ទះឱ្យពួកគេ និងបានបង្ខំឱ្យព្រមដោះដូរដី និងផ្ទះ តែត្រូវថែមលុយ៧ពាន់ទៅ១ម៉ឺនដុល្លារ ខណៈអ្នកខ្លះជួបវិបត្តិបំណុលវណ្ឌក ក្រោយខ្ចីលុយធនាគារទិញផ្ទះបង់លុយគ្រប់ជាង៣ឆ្នាំ តែក្រុមហ៊ុនគ្មានផ្ទះឱ្យ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកអាជីវកម្មបុរី ឡេង ណាវ៉ាត្រា ជាគម្រោងបោកប្រាស់ ហើយថា បើក្នុងប្រទេសដែលមានតុលាការឯករាជ្យគេនឹងកាត់ទោសរឹបអូសទ្រព្យមកសងជនរងគ្រោះ មិនមែនទុកឱ្យបន្តធ្វើទីផ្សារបោកពលរដ្ឋបែបនេះនោះទេ។
លោកថា៖ «ដោយសារតែគាត់ប្រើលុយដែលបានពីអតិថិជនហ្នឹង ទៅឲ្យគណបក្សប្រជាជន និងត្រកូលហ៊ុន ពង្រឹងអំណាចហើយមួយទៀតយកលុយហ្នឹង ទៅជួលពួកMMO ដើម្បីមករំខានហ្វេសប៊ុកអ្នកប្រជាធិបតេយ្យ សារព័ត៌មានឯករាជ្យ។ អាហ្នឹងហើយមូលហេតុដែលគាត់ក្ស័យធនដែលគាត់អត់មានលុយ ដើម្បីយកមកសាងសង់ផ្ទះ និងចាក់ដី ដើម្បីប្រគល់ជូនដល់អតិថិជនរបស់គាត់»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែបង្ហាញខ្លួនស្និទ្ធិនឹងគ្រួសារហ៊ុន ជាហេតុធ្វើឱ្យច្បាប់មិនហ៊ានកាត់ទោសឧកញ៉ាល្មើសច្បាប់បាន។
លោកថា៖«អ៊ីចឹងអាចឲ្យប្រជាពលរដ្ឋ ឬក៏អ្នកដែលគេតាមដានអំពីបញ្ហាអយុត្តិធម៌សង្គម ឬក៏បញ្ហានយោបាយហ្នឹងគេឃើញកាន់តែច្បាស់ថា ឧកញ៉ានិងមេដឹកនាំប្រទេសនេះ គឺជាក្រុមតែមួយ គឺជាបក្ខពួកតែមួយ។ ជារឿងដែលឲ្យពួកគាត់ពិបាកក្នុងការទាមទាររកដំណោះស្រាយ និងទាមទាររកយុត្តិធម៌នៅពេលដែលពួកគាត់រងគ្រោះ ដោយសារតែឧកញ៉ាទាំងអស់ហ្នឹង។ ចឹងការទៅខំមិនអីទាំងអស់ហ្នឹង វាគឺជាព័ត៌មានគប្បីនាយករដ្ឋមន្ត្រី ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ធ្វើការស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់ នៅក្នុងបញ្ហារបស់ប្រជាពលរដ្ឋហើយរកដំណោះស្រាយឲ្យឆ្លើយតបជាមួយនឹងការទាមទារ និងការចង់បានរបស់ប្រជាពលរដ្ឋ»។
ឧកញ៉ា ឡេង ណាវ៉ាត្រា ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ ក្រោយមកក្លាយជាម្ចាស់ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប រកស៊ីលើវិស័យអចលនទ្រព្យ សិល្បៈ កសិកម្ម និងវិស័យអប់រំជាដើម។
អតីតពលករកូរ៉េរូបនេះ តែងតែឱ្យលុយរាប់លានដុល្លារដល់រដ្ឋាភិបាលគ្រួសារហ៊ុន ខណៈគម្រោងរកស៊ីវិស័យលក់ផ្ទះរបស់លោកជាប់គាំង ដែលអតិថិជនបង់លុយគ្រប់ចំនួន តែក្រុមហ៊ុន គ្មានផ្ទះឱ្យ។
ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០២៤ ធ្លាប់ចេញការពារថា ភាពយឺតយ៉ាវសង់ផ្ទះនេះ ដោយសារតែក្រុមហ៊ុនកប់ដើមទុនទៅលើដីក្នុងចំនួនច្រើន និងធានាថាក្រុមហ៊ុននេះមិនទាន់ក្ស័យធនទេ។
កាលពីឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានកាត់ដីគម្របព្រៃឈើចំនួន ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីផ្ដល់ជាកម្មសិទ្ធិទៅឱ្យលោក ឡេង ណាវ៉ាត្រា។ ក្រោយមក ក្រុមហ៊ុននេះធ្លាប់បានទទួលសិទ្ធិអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ និងបានកាប់បំផ្លាញព្រៃឈើនៅទីនោះ។
ក្រោយបែកធ្លាយរឿងបំផ្លាញធនធានធម្មជាតិនោះ ពលរដ្ឋទាមទារឱ្យ លោក ហ៊ុន សែន កាត់ទោសម្ចាស់ក្រុមហ៊ុន ដាក់ពន្ធនាគារ ប៉ុន្តែលោក ហ៊ុន សែន ច្រានចោលការទាមទារនេះ។
អ្នកឃ្លាំមើល ព្រមានថា បើគ្មានវិធានច្បាប់លើឧកញ៉ាឆបោក រួមទាំងឧកញ៉ា ឡេង ណាវ៉ាត្រាទេ នោះពលរដ្ឋនឹងរស់នៅរងគ្រោះដោយសារវិបត្តិបំណុល លក់ស្រែ ផ្ទះសម្បែង ការធ្វើចំណាកស្រុក ធ្លាក់ខ្លួនក្រីក្រទៅៗ ដែលវិបត្តិនេះអាចក្លាយជាចលាចលសង្គមផ្ទុះឡើង បើក្រុមជនរងគ្រោះអស់ការអត់ធ្មត់នោះ៕









