ប្រាក់ប្រមាណជា ១០លានដុល្លារ ត្រូវគេអះអាងថា បានបង្វិលចូលរដ្ឋវិញ ក្រោយពីរកឃើញមានភាពមិនប្រក្រតី នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ក្រោមហេតុផលថា ជាប្រាក់បៀវត្សរ៍ដែលបើកលើសឱ្យទៅមន្ត្រីចូលវិវត្តន៍ ការលុបឈ្មោះ និងបញ្ហាមួយចំនួនទៀត។
នេះបើតាមលិខិតមួយច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ បើតាមប្រភពនោះ ប្រាក់បៀវត្សរ៍ប្រហែល ១០លានដុល្លារ ត្រូវបានបើកលើសទាំងនៅថ្នាក់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
បើតាម ACU មូលហេតុដែលប្រាក់បៀវត្សរ៍ទាំងនោះ ត្រូវបានបើកលើស និងត្រូវបានបង្វែរចូលថវិការដ្ឋវិញ ដោយសារតែពេលបើកប្រាក់បៀវត្សរ៍ពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សរ៍ ការចូលនិវត្តន៍មុនកាលកំណត់ ការលុបឈ្មោះដោយមរណភាព ការបញ្ចប់មុខតំណែង ការលាឈប់ពីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ ការទទួលបានប្រាក់បៀវត្សរ៍រដ្ឋ ២កន្លែងជាដើម។
ការបង្វែរប្រាក់បៀវត្សរ៍ចូលថវិការដ្ឋវិញ មានមូលហេតុមកពីពេលបើកប្រាក់បៀវត្សរ៍ពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សរ៍ ការចូលនិវត្តន៍មុនកាលកំណត់ ការលុបឈ្មោះដោយមរណភាព ការបញ្ចប់មុខតំណែង ការលាឈប់ពីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ ការទទួលប្រាក់បៀវត្សរ៍រដ្ឋពីរកន្លែង។
ជុំវិញបញ្ហានេះ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ នៅតែមានស្ថានភាពអាក្រក់ ដែលទាមទារឱ្យកម្ពុជាដោះស្រាយបញ្ហានេះជាប្រព័ន្ធនិងទ្រង់ទ្រាយធំ៕









