របាំង​ពន្ធ​៣៦​ភាគ​រយ​ពី​អាមេរិក​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​ពី​ហានិភ័យ​កម្ពុជា​បើ​មិន​កែ​ទម្រង់

វិធានដាក់​របាំង​ពន្ធ​៣៦​ភាគរយ របស់​អាមេរិក ចំពេល​កម្ពុជា កំពុង​ចាក់​ស្រេះ​ដោយ​អំពើ​ពុក​រលួយ​ការ​រក​ឃើញ​ពី​ការ​ប្រទាក់​ក្រឡា​គ្នា​នៃ​បណ្តេញ​ឧក្រិដ្ឋ​ឆ្លង​ដែន​ជាដើម​នោះ ក្លាយ​ជា​ក្តី​បារម្ភ​ពី​ហានិ​ភ័យ​កម្ពុជា​ បើមេ​ដឹក​នាំ​គ្រួសារ​ហ៊ុន មិន​វិល​ទៅ​រក​ផ្លូវ​ត្រូវ កែ​ប្រព័ន្ធ​តុលាការ និង​ស្តារ​ប្រជា​ធិប​តេយ្យ​ទេ​នោះ។

តាម​សេចក្តីរាយកា​រណ៍​នានា នៅថ្ងៃ​ទី​៨​ខែ​កក្កដា​នេះ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​កំណត់​​អត្រា​ពន្ធ​ពាណិជ្ជ​កម្ម​ (trade tariffs) ចំនួន​ ៣៦%​ លើ​ទំនិញ​កម្ពុជា ​ដែ​ល​នាំ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​នៅថ្ងៃ​ទី​៨ ខែ​កក្កដា​នេះ​​ថា ការ​កំណត់​ពន្ធ​៣៦​ភាគរយ របស់​អាមេរិក​នេះ ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​សម្រាប់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។លោក​ថា គ្រោះ​ថ្នាក់​នៅ​​ត្រង់​ថា អ្នក​វិនិយោគិ​នធំ​ៗ​មួយ​ចំនួន​នឹង​បោះ​បង់​កម្ពុជា ទៅ​ប្រទេស​ណា​ដែល​មាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​ខ្ពស់​ពី​អាមេរិក ដូច​ជា​ ប្រទេស​វៀត​ណាម ម៉ាឡេ​ស៊ី និង​ជប៉ុន​ជាដើម។

លោកថា ហេតុនេះនឹងធ្វើឱ្យកម្មករ-កម្មការីខ្មែរ​រាប់​ម៉ឺ​​ន​នាក់ នឹង​ប្រឈម​អត់​ការ​ងារ​ធ្វើ ខណៈ​កម្មករ​ខ្មែរ​ភាគ​ច្រើន​កំពុង​សម្រុក​មក​ពី​ថៃ​វិញ ក្រោយ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ពួក​គេ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

លោកថា៖ «ជាហានិភ័យសម្រាប់កម្ពុជា នៅពេល​សហរដ្ឋ​អាមេរិក​យក​ពន្ធ​រហូត​ដល់​៣៦​% គឺ​វា​ប៉ះ​ពាល់​ទៅ​ដល់​រោង​ចក្រ​នៅ​កម្ពុជា អាច​នឹង​បិទ​ទ្វារ​រោង​ចក្រ​បន្ថែម​ទៀត នៅ​កម្ពុជា គេ​រើ​ទៅ​រក​ស៊ី​នៅ​ប្រទេស​វៀត​ណាម​ដែល​យក​ពន្ធ​តិច​ជាង​កម្ពុជា​ នៅ​ពេល​នាំ​ទំនិញ​មក​អាមេរិក អ៊ីចឹង​នៅ​ពេល​ដែល​រោង​ចក្រ​មួយ​ចំនួន​ហ្នឹង​បិទ​ទ្វារ វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​កម្មក​រ​អត់​ការ​ងារ​ធ្វើ​ ហើយ​កាល​ណាក​ម្មករ​អត់​ការ​ងារ​ធ្វើ​ហើយ​នឹង​ប៉ះ​ពាល់​ទៅ​ដល់​សេដ្ឋ​កិច្ច​គ្រួសារ សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ​ផង​ដែរ»។

លើសពីនេះ លោកថា បញ្ហានេះ រដ្ឋាភិបាល​កម្ពុជា គួរ​តែប្រញាប់​ស្តារ​ប្រជា​ធិប​តេយ្យ ដោះ​លែង​អ្នក​ទោស​នយោ​បាយ រៀប​ចំ​បោះ​ឆ្នោត​ដោ​យ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ដើម្បី​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​ទូទៅ GSP ពី​សហរដ្ឋ​អាមេរិក និង​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ EBA ២០%​ ពី​សហភាព​អឺរ៉ុប​មក​វិញ។

ប្រហែលគ្នានេះដែរ សកម្មជនខ្មែរនៅទីក្រុងឡង់​ប៉ិច សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត ហាក់​ស្តី​បន្ទោស​ថា នេះ​ជា​បាប​កម្ម​មេដឹកនាំ​គ្រួសារ​ហ៊ុន ដែល​មិន​ស្មោះ​ត្រង់​ជាមួយ​អាមេ​រិក ចង់​ឳប​ជើង​ចិន​គប់​គិត​គ្នា ប្រើ​ស្លាក​យីហោ​​ផលិត​​នៅ​កម្ពុជា ដើម្បី​នាំ​យក​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក។

លោកបន្តថា ពន្ធ៣៦%របស់អា​មេរិក​មក​លើ​កម្ពុជា​នេះ គ្រប់​យ៉ាង​ជា​កំហុស​មេដឹកនាំ​គ្រួសារ​ហ៊ុន ដែល​ក្អេង​ក្អាង​​ជា​មួយ​អាមេរិក​បន្ត​ឳប​ជើង​ចិន មិន​ព្រម​ស្តារ​ប្រជាធិប​តេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ជាដើម។

លោកសង្កត់ធ្ងន់ថា រនាំងព​ន្ធគយ៣៦%​របស់​អាមេរិក​នេះ នឹ​ងក្លា​យ​ជា​­ឧបសគ្គ​ធំ​សម្រាប់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា គឺ​កម្ពុជា​នឹង​រង​ការ​បាត់​បង់​អ្នក​វិនិ​យោគ ព្រោះ​ពួក​គេ​មិន​បន្ត​រ​កស៊ី​ជាមួយ​ប្រទេស​មាន​ពន្ធ​ខ្ពស់ទេ។

លោក​ថា៖ «ឥឡូវយើងមើល នៅពេល​ដែល​គេ​យ​ក​ពន្ធ​យើង​៣៦% តើ​កម្មករ​រោង​ចក្រ​យើង​ប៉ុន្មាន​ដែល​នឹង​រង​ផល​ប៉ះ​ពាល់​ ទីផ្សារ​អឺរ៉ុប​មួយមិន​អាច​ទប់​ទល់​នឹង​យក​ទំនិញ​របស់​ខ្មែរ​យើង​យក​ទៅ​ផ្គត់​ផ្គង់​អស់​ទេ ព្រោះ​ទីផ្សារ​អឺរ៉ុប​គឺ​មួយ​ភាគ​បី​នៃ​ទីផ្សារ​អាមេរិក​ទេ ព្រោះ​នាំ​​អីវ៉ាន់​ចេញ​ទៅ​អ៊ឺរ៉ុប​បាន​បួន​ពាន់​លាន​ហ្នឹង មក​អាមេរិក​ជាង​ដប់​ពីរ​ពាន់​លាន​ ជិត​ដប់​បី​ពាន់​លាន ដូច្នេះ​នៅពេ​ល​ដែល​បាត់​ទីផ្សារ​នេះ ខ្ញុំ​ថា​ គេ​​អាមេរិក​មិន​បិទ​ទីផ្សារ​ទេ​ ក៏​ប៉ុន្តែ​៣៦​ភាគ​រយ​​យើង​​សាក​គិត​មើល​ទៅ​ថៅកែ​រោង​ចក្រ​ទាំង​អស់​ហ្នឹង ភាគ​ច្រើន​សុទ្ធ​តែ​ថៅកែ​ចិន​ទេ ហើយ​មក​ហ្នឹង​ដោយ​សារ​តែ​ការ​អនុ​គ្រោះ​ពន្ធ​ទេ​ ដែល​បាន​មក​បើក​រោង​ចក្រ​ដែល​មាន​កម្មករ​បាន​ការ​ងារ​បាន​ជិត​មួយ​លាន​នាក់​ ហើយ​ទៅ​អ្នក​ដែល​បាន​ផល​ពី​កម្មករ​អី​ហ្នឹង បាន​រាប់​អាច​ដល់​ ១៣​លាន​​នាក់​ផង ដូច្នេះវាច្រើនណាស់ ចុះ​ឥឡូវ​សាក​គិត​មើល​នៅ​ពេល​ដែល​ពន្ធ​ឡើង​ខ្ពស់​អ៊ីចឹង​ហើយ​គេ​ដូរ​ឬ​លើក​រោង​ចក្រ​និង​ទៅ​វៀត​ណាម ព្រោះ​វៀត​ណាម​គេ​យក​ពន្ធ​តែ​២០% បើ​គេ​ឬ​រោង​ចក្រទៅ​វៀត​ណាម​ក៏​គេចំ​ណេញ​១៦​ភាគ​រយ​ដែរ​មិន​អ៊ី​ចឹង»។

សម្រាប់ លោក មួង ណារ៉េត អះអាងថា​ កម្ពុជា​នៅ​មាន​ឳកាស​បន្ធូរ​បន្ថយ​ពន្ធ​ពី​អាមេរិក បើ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​មាន​ឆន្ទៈ​ស្តារ​ប្រជា​ធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស ដោះ​លែង​អ្នក​ទោស​នយោ​បាយ បើក​លំហ​សេរី​ភាព​បញ្ចេញ​មតិ ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ និង​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹម​ត្រូវ​ជាដើម។

VOD មិនទាន់អាចទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច​កម្ពុជា លោក មាស សុខ​សេន​សាន្ត បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ខណៈ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ សុំ​មិន​ធ្វើអត្ថាធិ​​ប្បាយ។

ប៉ុន្តែលោក មុត ចន្ថា អតីត​ខុទ្ទកាល័យ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​បាន​រំលាយ បាន​បង្ហោះ​ខ្លឹម​សារ​លិខិ​ត​នេះ​នៅ​លើ​ហ្វេស​ប៊ុក​រប​ស់​លោក នៅ​ថ្ងៃ​​ទី៨ ខែ​​កក្កដា​នេះ។

បើតាមលិខិត​របស់​​លោក Donald Trump ការ​កំណត់​ពន្ធ​៣៦ភា​គរយ​នេះ មូល​ហេតុ​ចម្បង​មួយ​គឺ ដោយ​សារ​កន្លង​ទៅ ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា ខ្វះភា​ព​ស្មោះ​ត្រង់ ពាក់​ព័ន្ធ​នឹង​ការ​បង្ហូរ​ទំនិញ​ពី​ចិន​ ដើម្បី​គេច​ផុត​ពី​រនាំង​ពន្ធ​អាមេរិក។

ប្រធានាធិបតី​ លោក Donald Trump បាន​ផ្ញើលិខិតចុះ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ ​ឆ្នាំ​២០២៥​ ទៅ​នាយក​រដ្ឋ​មន្រ្តីក​ម្ពុជា លោក ហ៊ុន ម៉ាណែត ដោយ​ប្រាប់​ថា អាមេរិក​បាន​កំណត់​អត្រា​ពន្ធ​ពាណិជ្ជ​កម្ម​ (trade tariffs) ចំនួន​ ៣៦%​ លើទំ​និញ​កម្ពុជា​​ដែល​នាំចូ​ល​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

​ក្នុងលិខិតនោះ ទំនិញ​ទាំង​ឡាយ​ណា ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​ប្រទេសក​ម្ពុជា​ ម​ក​កាន់​សហរដ្ឋ​អាមេរិក​ ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​ខ្ពស់​ (សំដៅ​ចំពោះទំ​និញ​របស់​បរទេស​ដែល​លួច​កេង​ចំណេញ​ពន្ធ​របស់​កម្ពុជា)​ នឹង​ត្រូវ​រង​នូវ​ការ​បង់​ពន្ធ​ខ្ពស់​ជាង​នេះ។

លើសពីនេះ «ពន្ធពាណិជ្ជ​កម្ម​ចាំបាច់​ត្រូវ​តែ​កែតម្រូវ​ចំពោះ​ពន្ធ​ពាណិជ្ជកម្ម​ និង​មិន​មែន​ពន្ធ​ពាណិជ្ជ​កម្ម,​ គោល​នយោ​បាយ​ និង​រនាំង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជា​ច្រើន​ឆ្នាំ​មក​នេះ​ បង្ក​ឱ្យ​មាន​ឱន​ភាព​ពាណិជ្ជ​មិន​ស្ថិត​ស្ថេរ​ចំពោះ​សហរដ្ឋ​អាមេរិក»។

លោកប្រធានាធិបតី បាន​សង្កត់​ធ្ងន់​ថា​ «ឱន​ភាព​ពាណិជ្ជកម្ម​នេះ​ ​គឺ​ជា​ការ​គំរាម​កំហែង​ចម្បង​មួយ​ចំពោះ​សេដ្ឋ​កិច្ច​ ជា​ពិសេស​សន្តិសុ​ខ​ជាតិ​របស់​សហរ​ដ្ឋអាមេរិក»។

ប្រភពបន្តទៀតថា នៅចុងបញ្ចប់នៃ​លិខិតនេះ​ លោកប្រធានាធិបតី​ Donald J. Trump បាន​ព្រមាន​ថា​ «លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា នឹង​មិន​ត្រូវ​ខឹង អន់​ចិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើយ»។

ដោយឡែក អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​​​​​​នៃ​អង្គការ​​ស​ង់​​ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​​VO​D​​​ថា បើ​ពិនិត្យ​មើល​កម្រិត​ពន្ធ​៣៦​ភាគរយ ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ដែល​ផលិត​ក្នុង​ការ​នាំចេ​ញ វិស័យ​កាត់​ដេរ​ ដេរ​ស្បែក​ជើង និង​ផលិត​ធ្វើដំណើរ​នៅ​ក្នុង​អាស៊ាន កម្ពុជា​អាច​ប្រឈម​នឹង​កត្តា​ប្រគួត​ប្រជែង​ទីផ្សារ​ក្នុង​ការ​នាំ​ចេញ​ទៅ​អាមេរិក។

លោកបន្តថា របាំងពន្ធ៣៦%នេះ វា​នឹង​ប៉ះពាល់​ដល់​កំណើន​នៃ​ការ​នាំ​ចេញ និង​កំណើន​សេដ្ឋកិ​ច្ច​របស់​កម្ពុជា​នៅ​ក្នុង​អំទ្បុង​ពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​វៀត​ណាម​អាច​នឹងទ​ទួល​បាន​លក្ខខណ្ឌ​ប្រសើរ​ជាង​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេង​​ទៀត​នៅ​ក្នុង​អាស៊ាន ទាំង​កត្តា​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់។

លោកសង្កត់ធ្ងន់ដែរថា នៅក្នុងស្ថានភាពនេះ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​នៅ​ទីផ្សារ​អាមេរិក អាច​ពិចារណា​លើ​ការ​ដាក់​បញ្ជា​ទិញ ក្នុង​ខ្សែ​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀត​ណាម ដោយ​សារ​ភាពអំណោយ​ផល​នេះ។

លោកថា៖ «វាជាក្ដីបារម្ភសម្រាប់​អន្តរ​កាល​នាពេ​ល​បច្ចុប្បន្ន​នេះ ហើយ​វា​នឹង​អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​នាំ​ចេញ​នៅ​ក្នុង​វិស័យ​នេះ​ ជាពិ​សេស​អ្វីដែ​ល​ជា​ការ​បារម្ភ​ខ្លាំង​បំផុ​តនោះ គឺ​ស្ថិរភាព​ការ​ងារ​របស់​កម្មករ​និយោជិត​ជាង​មួយ​លាន​នាក់​ណាស់ បើ​យើង​ពិនិត្យ​មើល​អំពី​កម្រិត​នៃ​ការ​យក​ពន្ធ​៣៦% ក្នុង​ការ​ដែល​យើង​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​​ដែល​ផលិត​ក្នុង​ការ​នាំ​ចេញ​វិស័យ​កាត់​ដេរ​ស្បែក​ជើង និង​ផលិ​ត​ផល​ធ្វើ​ដំណើរ​នៅ​ក្នុង​អាស៊ាន​យើង​ អាច​និយាយ​បាន​ថា កម្ពុជា​យើង​អាច​ប្រឈម​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ហើយ​បញ្ហា​នេះ វា​ប្រាកដ​ណាស់​ វា​នឹង​ជះ​ឥទ្ធិ​ពល​ប៉ះ​ពាល់​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ ជាពិសេស​គឺ​ការ​នាំ​ចេញ​ ហើយ​និង​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំរ​បស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​កំឡុង​ពេល​ដ៏​ខ្លី​ខាង​មុខ»។

លើសពីនេះ ប្រធានសភាពាណិជ្ជកម្ម​​សហរដ្ឋអាមេរិ​ក​ប្រចាំ​​​​​កម្ពុជា លោក ខេស៊ី បល​​នែត (Casey Barnett) និយាយ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា​នេះ​​ថា កម្ពុជា​​មា​ន​​ការ​កាត់​​បន្ថ​យ​​អត្រា​​ពន្ធ​​ច្រើន​ជាង​​គេ​ក្នុង​​ចំណោម​​ប្រទេស​​ទាំង​១៤។ ភាព​ប្រសើរ​ឡើង​របស់​កម្ពុជា គឺ​ដោយ​សារ​ការ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​តំណាង​ពាណិជ្ជក​ម្ម​សហរដ្ឋ​អាមេរិក។

លោកបន្តថា បច្ចុប្បន្ន ​កម្ពុជា​ខិត​ជិត​ដៃគូ​ប្រកួតប្រជែង​សំខាន់​​របស់​​ខ្លួន គឺ​​បង់​ក្លាដែស និង​​ឥណ្ឌូ​នេស៊ី។ ប៉ុន្តែ​​កម្ពុជា​​នៅ​ពី​ក្រោយ​ប្រទេស​​វៀតណាម​​ដែល​​មាន​អត្រា ២០%។ វៀត​ណាម​​បាន​​ផ្តល់​សិទ្ធិ​​ចូល​​ទីផ្សារ​​វៀត​ណាម​​ដោយ​​គ្មាន​​ពន្ធ​​ដល់​​អាមេរិក។

លោកបន្តទៀតថា រោងចក្រមួយចំនួន​នៅកម្ពុជា ឥឡូ​វនេះ​កំ​ពុង​សម្លឹង​មើល​ប្រទេស​ក្រៅ​អាស៊ី ដូច​ជា អេហ្ស៊ីប ដែល​មាន​តម្លៃ​ពលកម្ម​ទាប ប៉ុន្តែ​មាន​តែ​ពន្ធ​អាមេរិក ១០% ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ