បើទោះបីជារដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ដែលស្ថិតនៅក្រោមអំណាចគ្រួសារហ៊ុនបានសម្រេចលុបចោលកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់តាំងពីចុងឆ្នាំ២០២៤រួចមកហើយក្តី ក៏រហូតមកដល់ពេលនេះ សកម្មជនសង្គម ក្នុងនោះក៏មានសកម្មជន២៣តុលាផងដែរ ដែលត្រូវបានចាប់ឃុំខ្លួន ដោយសារតែបានធ្វើការរិះគន់លើគម្រោងនេះ នៅតែបន្តជាប់ឃុំនៅឡើយ។
ទាំងនេះបង្កើតជាចម្ងល់ថា តើហេតុអ្វីបានជាគម្រោងCLV ត្រូវលុបចោលហើយ តែបន្តឃុំខ្លួនអ្នករិះគន់?
ផ្តើមចេញពីបញ្ហានេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបន្តសកម្មជន២៣តុលា ដែលការចាប់ខ្លួនពួកគេ ផ្តើមចេញពីការរិះគន់លើកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់(CLV-DTA) ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពួកគេបានជាប់ឃុំពេញមួយឆ្នាំ។
សកម្មជនទាំងនោះ រួមមាន លោក ស៊្រុន ស៊្រន, កញ្ញា ភឹង សោភា, លោក សាន សិទ្ធ ជាដើម ដែលពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី៤ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនដោះលែងតាមការស្នើសុំរបស់មេធាវី ដោយមិនបានបញ្ជាក់ពីមូលហេតុដែលត្រូវបន្តឃុំខ្លួនពួកគេឡើយ។
សកម្មជនទាំងនេះ ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក សឺន ជុំជួន មេធាវីការពារក្តី ឱ្យជនជាប់ចោទបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៤កក្កដាថា៖ «សាលក្រមត្រូវបានប្រកាសក្នុងលក្ខណៈប្រញាប់ប្រញាល ដោយមិនបញ្ជាក់ពីមូលហេតុអ្វីឡើយ ហើយចៅក្រមបានច្រានចោលសំណើរបស់មេធាវី។ យើងសោកស្តាយចំពោះការសម្រេចបន្តឃុំខ្លួននេះ»។
ពួកគេទាំងនេះ និងសកម្មជនជាង១០០នាក់ផ្សេងទៀត ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤មក ដោយសារតែពួកគេបានបញ្ចេញមតិប្រឆាំងនឹងកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍CLV-DTA ដែលការរិះគន់បានផ្តើមពីការព្រួយបារម្ភខ្លាចប្រទេសជិតខាង យកហេតុផលនេះ ដើម្បីលេបត្របាក់ទឹកដីកម្ពុជា ដូចដែលធ្លាប់កើតមានជាហូហែ រួមទាំងទឹកដីកម្ពុជាក្រោម។
រហូតមកដល់ពេលនេះ នៅសល់សកម្មជនជាង ៥០នាក់ទៀត មិនទាន់បានដោះលែងនៅឡើយទេ ក្នុងនោះក៏មានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាផងដែរ ចំណែកក្រៅពីនេះត្រូវបានដោះលែងបន្ទាប់ពីពួកគេបានសុំទោសរដ្ឋាភិបាល។
គេមិនឃើញអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឬក៏មន្ត្រីក្រសួងយុត្តិធម៌ ចេញមកពន្យល់ពីមូលហេតុនៃការបន្តឃុំខ្លួនសកម្មជនសង្គម ដែលត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងតំណាងពិសេសអង្គការសហប្រជាជាតិ ចាត់ទុកថា ជាការចាប់ឃុំខ្លួនតាមទំនើងចិត្តនេះនៅឡើយទេ។
ប៉ុន្តែទាក់ទងនឹងការឃុំខ្លួនជនជាប់ចោទក្នុងរយៈពេលយូរបែបនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលគេដឹងថា ត្រូវបាន លោក ហ៊ុន សែន លើកឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងនេះ ដោយសារតែមានស្នាដៃបង្កើតច្បាប់រំលាយគណបក្សសង្គ្រោះជាតិ បានថ្លែងនាពេលកន្លងមក ពីភាពអយុត្តិធម៌របស់ជនជាប់ចោទ ឬជនរងគ្រោះ ខណៈសំណុំរឿងរបស់ពួកគេត្រូវបានមន្ត្រីតុលាការផ្អឹបទុកចោល។
លោកថា៖ «រឿងក្តីមួយដែលត្រូវការពេលវេលាដោះស្រាយយូរពេក យូររហូតដល់គេភ្លេចរឿងក្តីនោះ មានន័យថា វាស្មើនឹងអយុត្តិធម៌សម្រាប់គេទៅហើយ។ យើងដាក់ពាក្យបណ្តឹងទាមទារមួយ ១០ឆ្នាំក្រោយ ១៥ឆ្នាំក្រោយបានដោះស្រាយចប់? យើងនិយាយពីយុត្តិធម៌ម៉េចកើត? យើងមិនអាចនិយាយពីយុត្តិធម៌ កុំថាឡើយការកាត់ក្តីហ្នឹងវាយុត្តិធម៌ ឬមិនយុត្តិធម៌ គ្រាន់តែយើងទុករឿងក្តីរបស់គេចោលដោយមិនចាត់ការយើងចាត់ទុកថា ជារឿងមួយដែលជាក្តីអស់សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌ឱ្យគេទៅហើយ»។
យ៉ាងណាក្តី ការថ្លែងរបស់រដ្ឋមន្ត្រីយុត្តិធម៌ ដែលកំពុងកាន់តំណែងរូបនេះ ត្រូវបានគេមើលឃើញថា វាគ្រាន់តែជាវោហាសព្ទនិយាយឱ្យតែពីរោះស្តាប់ ដើម្បីបិទបាំងភាពអសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋខ្មែរអ្នកនយោបាយនិងសកម្មជនសង្គមជាច្រើន បានទទួលរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងពីប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន ក្នុងនោះក៏មាន លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលរហូតមកដល់ពេលនេះ សំណុំរឿងក្តីរបស់លោកត្រូវបានផ្អឹបទុកចោលនៅសាលាឧទ្ធរណ៍ ចាប់តាំងពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឱ្យជាប់ឃុំនៅក្នុងផ្ទះ២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិត កាលពីឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ជាបទចោទដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកថា ជារឿងនយោបាយ។
ក្រៅពីនេះ នៅមានសកម្មជននយោបាយ និងសកម្មជនសង្គមសរុបចំនួន ៦៣នាក់ផ្សេងទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ផងដែរ។
សំណុំរឿង CLV-DTA ជាប្រធានបទដ៏ក្តៅគគុក រវាងអ្នកនយោបាយប្រឆាំង និងរដ្ឋាភិបាលគ្រួសារហ៊ុន ដោយអ្នកនយោបាយប្រឆាំង និងប្រជាពលរដ្ឋខ្មែរ ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស បានធ្វើបាតុកម្មនិងធ្វើយុទ្ធនាការតវ៉ាតាមបណ្តាញសង្គមយ៉ាងខ្លាំងក្លា ទាមទារឱ្យលុបកិច្ចព្រមព្រៀងCLV-DTAនេះចេញ។
ក្រុមអ្នកតវ៉ា លើកឡើងថា បើកម្ពុជាបន្តស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់CLV គឺជាគ្រោះថ្នាក់របស់ជាតិ និងបង្កហានិភ័យខ្ពស់ណាស់ដល់អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្រោមឥទ្ធិពលនយោបាយរបស់វៀតណាម ដែលនឹងធ្វើឱ្យទឹកដីកម្ពុជាទាំង ៤ខេត្ត នៅភាគឦសាន្ត មានវាសនាមិនខុសពីកម្ពុជាក្រោមឡើយ ខណៈបច្ចុប្បន្នមានជនជាតិវៀតណាមយ៉ាងច្រើន បានសម្រុកចូលមករស់នៅក្នុងខេត្តទាំង៤នេះរួចជាស្រេចទៅហើយ។
បន្ថែមពីនេះ ការបង្កើតតំបន់អភិវឌ្ឍន៍នេះ រងការរិះគន់ថា នឹងប្រែក្លាយខេត្តទាំង៤របស់កម្ពុជា ទៅជាសហព័ន្ធឥណ្ឌូចិន តាមមហិច្ឆតារបស់ហូ ជីមិញ ដែលវៀតណាម មានផែនការឈ្លានពានទឹកដីកម្ពុជា និងឡាវ។
កម្ពុជា វៀតណាម និងឡាវ បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណក្នុងឆ្នាំ១៩៩៩ ដែលក្នុងគម្រោងនោះក៏មានការផ្តល់ដីកម្ពុជានៅតាមព្រំដែន ទៅឱ្យក្រុមហ៊ុនវៀតណាម ក្រោមហេតុផលអភិវឌ្ឍន៍ផងដែរ។ បើតាមអង្គការលីកាដូ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាមទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៥៥កន្លែង ដែលមានផ្ទៃដីសរុបជាង ៣៦ម៉ឺនហិកតា។
បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងក្លា រដ្ឋាភិបាលគ្រួសារហ៊ុន ក៏បានសម្រេចលុបចោលកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហើយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភារបស់គណបក្សប្រជាជន ក៏បានសម្រេចជាឯកច្ឆន្ទលុបចោលកិច្ចព្រមព្រៀងនេះផងដែរ។
វិលទៅសំណួរខាងដើម បើកិច្ចព្រមព្រៀងCLV ត្រូវបានលុបចោលទៅហើយ ប៉ុន្តែហេតុអ្វីក៏នៅតែបន្តឃុំខ្លួនអ្នករិះគន់គម្រោងនេះទៀត?
នៅក្នុងថ្ងៃ ចាប់ខ្លួនសកម្មជន២៣តុលា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងជាប្រយោលឲ្យផ្តន្ទាទោស ក្នុងកំរិតអតិបរមា ឬកម្រិតខ្ពស់បំផុត ចំពោះអ្នកដែលនិយាយផ្សព្វផ្សាយពីភាពអវិជ្ជមាននៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
លោកថា៖ «ការចោទប្រកាន់នេះ ជាការប្រមាថដែលមិនអាចលើកលែងទោសឱ្យបានទេ ហើយខ្ញុំព្រះករុណាខ្ញុំស្នើដល់តុលាការ ប្រសិនបើកាត់ទោសគួរតែកាត់ទោសដល់អតិបរមា ហើយសូមឱ្យក្រសួងយុត្តិធម៌ និងពន្ធនាគារ សូមកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជីដែលត្រូវបានទទួលការបន្ធូរបន្ថយទោស ឬលើកលែងទោស គឺឱ្យជាប់គុករហូតដល់ផុតកំណត់ ព្រោះនេះគឺជាការសន្សំរឿង ជាការប្រមាថដ៏ធ្ងន់ធ្ងរ»។
ទំនងដោយសារមកពីការថ្លែងរបស់ លោក ហ៊ុន សែន នេះហើយ ទើបស្ថាប័នតុលាការ មិនហ៊ានដោះលែងសកម្មជនដែលបានធ្វើការរិះគន់យ៉ាងខ្លាំង លើកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTAនេះ បើទោះបីជាអង្គហេតុនៃសំណុំរឿងដ៏ចម្រូងចម្រាសនេះ ត្រូវបានលុបចោលរួចហើយក្តី។
ជ្រុងមួយទៀតដែលជាមូលហេតុឃុំខ្លួនក្រុម២៣តុលានេះ គឺ លោកហ៊ុន សែន ត្រូវបានគេមើលឃើញថា មិនបន្ធូរដៃចំពោះប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលហ៊ានបើកកកាយ ចំពោះការឈ្លានពានទឹកដីពីសំណាក់ប្រទេសវៀតណាម ដែលបានលើកបន្តុបរូបលោកឱ្យឡើងកាន់អំណាចអស់រយៈពេលជាង៤០ឆ្នាំមកហើយនោះឡើយ។
អ្នកឃ្លាំមើលសង្គមដែលមិនចំណុះរដ្ឋាភិបាល លើកឡើងថា បើទោះបីជារដ្ឋាភិបាលគ្រួសារហ៊ុន បានបំផុសឱ្យប្រជាពលរដ្ឋខ្មែរ មានគំនិតជាតិនិយមប្រឆាំងនឹងការឈានពានទឹកដី ពីសំណាក់ប្រទេសថៃរហូតដល់មានការដាក់ពាក្យប្តឹងថៃ ទៅតុលាការអន្តរជាតិក្តី ក៏លោក ហ៊ុន សែន នៅតែបន្តតាមធ្វើទុក្ខបុកម្នេញខាំមិនលែងឡើយ ចំពោះអ្នកដែលហ៊ាននិយាយពីការឈ្លានពានទឹកដីពីសំណាក់ប្រទេសវៀតណាម ជាក់ស្តែងដូចករណី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវបានតុលាការរបស់ លោក ហ៊ុន សែន កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣លើក រហូតដល់សម្រេចរឹបអូសយកផ្ទះតែមួយគត់របស់លោកដែលកំពុងរស់នៅទៀតផង។
ជ្រុងមួយនៃបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានបទពិសោធន៍កិច្ចព្រមព្រំដែន លោកអ៊ុំ សំអាន ធ្លាប់ប្រាប់VODនៅថ្ងៃទី៣កក្កដានេះថា មេដឹកនាំកម្ពុជាបច្ចុប្បន្ន ជាប់អន្ទាក់វៀតណាម ពិបាកនឹងដកខ្លួន បើមេដឹកនាំរូបនោះមិនងាកមកបង្រួបបង្រួមជាតិ ហើយតម្កល់ប្រយោជន៍ជាតិជាធំទេនោះ។
លោកថា៖ «នៅឆ្នាំ១៩៨៣ (និង)១៩៨៥ គាត់បានធ្វើសន្ធិសញ្ញាស្តីពីព្រំដែនគោក បានកាត់ដែនគោករបស់ខ្មែរយើង ទៅឱ្យវៀតណាម ហើយដល់ឆ្នាំ២០០៥នេះ គាត់បានធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាដោយគាត់គំរាមស្ដេចចង់ដូររបបពីរបបរាជានិយមទៅជារបបសាធារណរដ្ឋហ្នឹង! សន្ធិសញ្ញាហ្នឹង គឺបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរយើងយ៉ាងច្រើនតាមព្រំដែនទៅឱ្យប្រទេសវៀតណាម។ អ៊ីចឹងហើយបានបោះបង្គោលកន្លងមកហ្នឹង ធ្វើឲ្យប្រជាពលរដ្ឋស្រែកយំបាត់ដីស្រែចម្ការរបស់គាត់នៅតាមព្រំដែន! កាលណាបាត់ដីស្រែចម្ការរបស់ពលរដ្ឋខ្មែរ នឹងបាត់ដីខ្មែរហើយ»។
យ៉ាងណា លោក ហ៊ុន សែន ធ្លាប់ប្រើពេលជាង៥ម៉ោងនៅក្នុងសភា អំឡុងឆ្នាំ២០១២ បកស្រាយបញ្ហានេះ ដោយបញ្ជាក់ថា បញ្ហាកោះត្រល់ បានបាត់បង់តាំងពីសម័យមុនលោក ឡើងកាន់អំណាច ហើយថា ក្រោមការគ្រប់គ្រងរបស់លោក មិនធ្វើឱ្យបាត់ទឹកដីទៅប្រទេសជិតខាងទេ។
លើសពីនេះ ក្រោយប្រកាសប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) លោកបានសរសេរនៅលើហ្វេសប៊ុកបញ្ជាក់ជាថ្មីទៀតថា កម្ពុជាមិនឈ្លានពានទឹកដីប្រទេសជិតខាងទេ តែថា កម្ពុជាក៏មិនឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង សូម្បីតែមួយម៉ីលីម៉ែត្រដែរ។ បើទោះបីគណបក្សប្រឆាំងចង្អុលថា ដីខ្មែរនៅជិតប្រាសាទព្រះវិហារនៅតំបន់វាលឥន្ទ្រីយ និងភ្នំទ្រព្យ រួមទាំងកោះគត់ និងប្រាសាទតាមាន់តូច ជាដើម ថៃកំពុងគ្រប់គ្រងទាំងស្រុងក្តី។
បន្ថែមពីនេះ ការដែល លោក ហ៊ុន សែន បញ្ជាឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ ដើម្បីឈានទៅដកសញ្ជាតិពីកំណើតរបស់ប្រជាពលរដ្ឋខ្មែរ ក៏ទំនងជាធ្វើឡើងដើម្បីផ្គាប់ចិត្តវៀតណាម និងក៏ដើម្បីទប់ស្កាត់ចរន្តប្រឆាំងវៀតណាមផងដែរ។
ខណៈដែលអ្នកនយោបាយប្រឆាំង បានទទូចហើយទទូចទៀត ឱ្យរដ្ឋាភិបាលកម្ពុជាត្រូវដាក់ពាក្យប្តឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិដូចប្តឹងថៃដែរ ពីបទ រំលោភយកទឹកដីកម្ពុជា ដូចជាកោះត្រល់ និងចង្កោមកោះក្រចកសេះជាដើម និងថែមទាំងជំរុញឱ្យរដ្ឋាភិបាលត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីសឱ្យកោះប្រជុំជាបន្ទាន់ ចំពោះការរំលោភបូរណភាពទឹកដីកម្ពុជាពីថៃ និងវៀតណាម ដែលក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភព លោក World Justice Project ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាង ពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គម ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម១៤២ប្រទេស ដោយកម្ពុជានាំមុខតែប្រទេសវេណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។
World Justice Project បញ្ជាក់ឲ្យដឹងថា មូលហេតុដែលកម្ពុជានៅមានចំណាត់ថ្នាក់ទាបលើប្រព័ន្ធយុត្តិធម៌ គឺមកពីរដ្ឋាភិបាលគ្រួសារហ៊ុននៅតែប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ជាពិសេសសំណុំរឿងក្តីធំៗទាក់ទងនឹងនយោបាយ។ ទាំងអស់នេះ បងប្អូនអាចឆ្លើយដោយខ្លួនឯងបានថា តើហេតុអ្វីតុលាការនៅបន្តឃុំខ្លួនសកម្មជន២៣តុលាពាក់ព័ន្ធគម្រោង(CLV)៕









