រដ្ឋាភិបាលបារម្ភ​ខ្លាច​ក្រុម​ហ៊ុន​ដក​ខ្លួន​ពី​កម្ពុជា​ក្រោម​របាំង​ពន្ធ​បដិការ​របស់​អាមេរិក

រដ្ឋាភិបាល​កម្ពុជា ហាក់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​ដក​ខ្លួន​របស់​ភាគី​រោង​ចក្រ ជុំវិញ​អត្រា​ពន្ធ​បដិការ​របស់​ ស​ហរដ្ឋ​អាមេរិក ដោយ​អំពាវ​នាវ​ឱ្យ​មានការ​​ជំនឿលើ​រដ្ឋាភិបាល​ពី​លទ្ធ​ភាព​ចរចា ដើម្បី​ទម្លាក់​ពន្ធ​បន្ថែម​ទៀត ដោយ​ចា​​ត់​​ទុក​ថា​​​អត្រា​​ពន្ធ​៣៦%​ដែល​អាមេរិក​ដាក់​នេះ ជា​ជោគ​ជ័យ​ជំហាន​ទី​១​របស់​កម្ពុជា។

ការសំអាងនេះ ក្រោយ​ពី​ក្រុម​អ្នក​ឃ្លាំមើល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា វិស័យ​កាត់​ដេរ​អាច​នឹង​រង​គ្រោះ​មុន​គេ ក្រោ​​យ​ពី​សហរដ្ឋ​អាមេរិក​កំណត់​អត្រា​ពន្ធ​៣៦​ភាគ​រយ សម្រាប់​ទំនិញ​នាំចូល​ទៅ​ទីផ្សារ​អាមេរិក ដែល​​វិធាន​នេះ​នឹង​មាន​ប្រសិទ្ធ​​ភាព​​ចាប់​ពី​ខែ​សីហា​ទៅ។

លោក ស៊ុន ចាន់​ថុល អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​មួយ​ នៅ​រាជធានី​​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា​នេះ​ថា អត្រា​ពន្ធ​គយ​បដិការ ៣៦​ភាគរយ ជា​ជោគ​ជ័យ ជំហាន​ដំបូង​របស់​កម្ពុជា។

លោកថា​៖«ចឹងបានយើងខ្ញុំថា យើង​ទទួល​បាន​ជោគ​ជ័យ​ណាស់​ ជោគ​ជ័យ​ក្នុង​ការ​ចរចា​ ខ្ញុំ​សូម​យក​ឱកាស​​នេះ​ដែរ ដើម្បី​អំពាវ​នាវ​ទៅ​ក្រុម​ហ៊ុន​ដែល​មាន​រោង​ចក្រ​នៅ​កម្ពុជា សូម​ថែរ​ក្សា​ភាព​ស្ងប់​ស្ងៀម​ រាជ​រដ្ឋាភិ​បាល​កម្ពុជា មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង​ ដើម្បី​​ការ​ពារ​និយោជក​ និយោជិត​ និង​ផល​ប្រយោជន៍​រប​ស់​កម្ពុ​ជា​យើង»។

លោកបញ្ជាក់ថា កម្ពុជា​នៅ​មាន​ឱកាស​ចរចា​ជាមួយ​ភាគី​អាមេរិក រហូត​ថ្ងៃ​ទី​១ខែ​សីហា ដើម្បី​ទម្លា​ក់​អត្រា​​ពន្ធ​នេះ​បន្ថែម​ទៀត ដែល​ការណ៍​នេះ​លោក​អំពាវ​នាវ​ឱ្យ​ភាគី​រោង​ចក្រ និង​កម្មករ​ រក្សា​ភាព​ស្ងៀ​មស្ងាត់​​​កុំ​មាន​​ការ​បារម្ភ និង​ត្រូវ​ជឿ​លើ​​សមត្ថភាព​រដ្ឋាភិ​បាល។

លោកថា​៖ «ឱ្យតែឯកភាពជាមួយគាត់៨៣​ភាគ​រយ ១១​ភាគ​រយ ឯក​ភាព​ដែរ ប៉ុន្តែ​ត្រឹម​តែ​រក​នីតិវិ​ធី​ផ្សេង​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​នៅ​សល់​ប្រមាណ​ភាគ​រយ​ គឺ​ឯកភាព ប៉ុន្តែ​ត្រូវ​ការ​ជជែក​ថែម​ទៀត ​ព្រោះយើ​ង​មិន​សូវ​យល់​អ្វី​ដែល​គេ​ចង់​បាន​ យើង​ខ្ញុំ​ត្រូវ​ការ​ពន្យល់​ថែម​ទៀត​ជារួម​៨៣​ភាគរយ​ដែល​យើង​ខ្ញុំ​បាន​ឯក​ភាព​ ដែល​គាត់​ស្នើ​ កុំ​ឲ្យ​យើង​ដោះ​ស្រាយ​ហើយ​ដោះ​ស្រាយ​នេះ ​គឺ​មិន​មែន​តម្រូវ​ចិត្ត​សហរដ្ឋ​អាមេរិក​ទេគឺ​ដោះ​ស្រាយ​ដើម្បី​ផល​ប្រយោជន៍​​ជាតិ​កម្ពុជា»។

ផ្ទុយពីនេះ លោក មុត ចន្ថា មន្ត្រីគណបក្សប្រឆាំង ចាត់ទុក​លទ្ធ​ផល​នេះ​ថា ជា​ការ​បរាជ័យ​រប​ស់​​រដ្ឋាភិ​បា​ល​ដែល​នឹង​បង្ក​ហានិភ័យ​ដល់​វិស័យ​កាត់ដេ​រ​នៅ​កម្ពុជា ដោយ​សារ​តែ​ការបំពានសិទ្ធិមនុស្ស។

លោកនិយាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៩​ខែ​កក្កដា​នេះ​ថា រោង​ចក្រ​កាត់​ដេរ​នឹង​ត្រូវ​ប្រឈម​មុខ​ខ្លាំង​ នៅពេ​ល​អត្រា​ពន្ធ​បដិការ​ ​ឬ​ពនុ្ធ​ពាណិជ្ជ​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​ទី០​១​ ខែសី​ហា​ ខាង​មុខ។ លោក​ថា កម្ពុជា​បរាជ័យ​ក្នុង​ការ​ចរចា​សុំ​បញ្ចុះ​ពន្ធ​ជាមួយ​អាមេរិក​ ដោយ​សារ​តែ​កម្ពុជា​មិន​ឆ្លើយ​តប​ឱន​ភាព​ពាណិជ្ជ​កម្ម​អាមរិក​ជាមួយ​នឹង​កម្ពុជា​ និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។

លោក​គូស​បញ្ជាក់​ថា ផលិត​ផល​រោង​ចក្រ​​កាត់​ដេរ​ និង​សម្ភារ​ធ្វើ​ដំណើ​រ ដូច​ជា ស្បែក​ជើង​ នឹង​ត្រូវ​ធ្លាក់​ចុះយ៉ាង​កំហុក​ ដោយ​សារ​ពុំ​មាន​ការ​បញ្ជា​ទិញ។

ជាងនេះទៀត វិនិយោគិ​ន​ចិន នឹង​ត្រូវ​ផ្អាក​ការ​ផលិត​ ដោយ​សារ​ពន្ធ​នាំ​ចូល​ទៅ​អាមេរិក​ខ្ពស់​ជាង​មុន ចំ​ណែក រោង​ចក្រកា​ត់​ដេរ​មួយ​ចំនួន​​​នៅ​ដំណើរ​ការ ដោយ​សារ​ការ​បញ្ជា​ទិញ​ចាស់។

ជុំវិញ​បញ្ហានេះ លោក​ថា វិបត្តិ​​គ្មា​ន​ការងារ​ធ្វើ​នឹង​កើន​ឡើង​ ខណៈ​ដែល​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នឹង​ត្រូវ​វិល​ត្រឡប់​​ចូល​ប្រទេស​វិញ​ ដោយ​សារ​ជម្លោះ​ព្រំដែន។

វីអូឌី មិនអាចទាក់សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដើម្បី​សុំ​បញ្ជាក់​បញ្ហា​នេះ​​បាន​ទេ នៅថ្ងៃ​ទី​​​៩​​​ខែ​​កក្ក​ដា​នេះ។

អ្នក​​​គ្រប់គ្រង​កម្មវិធី​ការងារ​​​នៃ​អង្គការ​សង់​ត្រាល់ លោក ឃុន ថារ៉ូ និយាយ​​​ថា បើ​ពិនិត្យ​មើល​កម្រិត​ពន្ធ៣៦​ភាគ​រយ ប្រៀប​ធៀប​និង​បណ្តា​ប្រទេស​ដែល​ផលិត​ក្នុង​ការ​នាំចេ​ញ វិស័យ​កាត់​ដេរ ដេរ​ស្បែក​ជើង​ និង​ផលិត​ផលធ្វើដំណើរ​នៅ​ក្នុង​អាស៊ាន កម្ពុជា​អាច​ប្រឈម​នឹង​កត្តាប្រ​គួត​ប្រជែង​ទីផ្សារ​ក្នុង​ការ​នាំ​​ចេញ​ទៅ​អាមេរិក។

លោកបន្តថា របាំង​ពន្ធ​៣៦%​នេះ វា​នឹង​ប៉ះ​ពាល់​ដល់​កំណើននៃ​ការ​នាំ​ចេញ និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ក្នុង​អំទ្បុង​ពេល​ដ៏ខ្លី​ខា​ង​មុខ ខណៈ​វៀត​ណាម​អាច​នឹង​ទទួល​បាន​លក្ខខណ្ឌ​ប្រសើរ​ជាង​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​អាស៊ាន ទាំង​កត្តា​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម ភូមិ​សាស្ត្រ​នយោបាយ​ក្នុងតំបន់។

លោក​សង្កត់​ធ្ងន់​ដែរ​ថា នៅ​ក្នុង​ស្ថាន​ភាព​នេះ ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​នៅ​ទីផ្សារ​អាមេរិក​ អាច​ពិចារណាលើ​ការ​ដាក់​បញ្ជា​ទិញ ក្នុង​ខ្សែ​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀត​ណាម ដោយ​សារ​ភាពអំណោយ​ផល​នេះ។

លោកថា៖« វាជាក្ដីបារម្ភសម្រាប់​អន្តរ​កាល​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​វា​នឹង​អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​នាំ​ចេញ​នៅ​ក្នុង​វិស័យ​នេះ ជាពិសេស​អ្វី​ដែល​ជាកា​រ​បារម្ភ​ខ្លាំង​បំផុត​នោះ គឺ​ស្ថិរ​ភាព​ការ​ងារ​របស់​កម្មករ​និយោជិ​ត​ជាង​មួយ​លាន​នាក់​ណាស់ បើ​យើង​ពិនិត្យ​មើល​អំពី​កម្រិត​នៃ​ការ​យក​ពន្ធ​៣៦%​ ក្នុង​ការ​ដែល​យើង​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ ដែល​ផលិត​ក្នុង​ការ​នាំ​ចេញ​វិស័យ​កាត់​ដេរ​ ស្បែក​​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​ក្នុង​អាស៊ាន យើង​អាច​និយាយ​បាន​ថា កម្ពុជា​យើង​អាច​ប្រឈម​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ហើយ​បញ្ហា​នេះ វា​ប្រាកដ​ណាស់​ វា​នឹ​ង​ជះ​ឥទ្ធិ​ពល​ប៉ះ​ពាល់​ទៅ​ដល់​កំណើន​សេដ្ឋ​កិច្ច​ ជាពិសេ​ស​គឺ​ការ​នាំ​ចេញ​ហើយ​និង​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​កំឡុង​ពេល​ដ៏​ខ្លី​ខាង​មុខ»។

សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា និយាយ​ថា បញ្ហា​នេះ វា​ជា​​កា​រ​​ប្រ​ឈម​ធំ ដែល​រដ្ឋាភិបាល​​ចាំបាច់​ត្រូវ​កែ​លម្អ​ជា​ប្រព័ន្ធ ទាំ​ង​ប្រព័ន្ធ​យុត្តិ​ធម៌ ដើម្បី​បោ​​សសម្អា​ត​ប​ទ​ឧក្រិ​ដ្ឋឆបោក ឱ្យ​មាន​ប្រសិទ្ធ​ភាព រួម​ទាំង​ស្តារ​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ ដែល​ជា​​បំណង​​អន្តរ​ជាតិ នោះ​ទើ​ប​អាច​ស្តារ​ស្ថាន​ភាព​ឡើង​វិញ​បាន។

លោកថា៖ «ទីពីរដែលសំខាន់​ គឺ​កសាង​ប្រព័ន្ធ​យុត្តិធម៌​ ប្រព័ន្ធ​តុលាការ បោស​សម្អាត​បទ​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ ឬ​ហៅ​ថា​អំពើ​លាង​លុយ​ខុស​ច្បាប់​អី​ជា​ដើម ឬ​ហៅ​ថា​អំពើ​ពុក​រលួយ ​គេ​អាច​ជួយ​បរិកាស​ឱ្យ​អ្នក​វិនិយោគិន​​គេ​មក ប្រសិន​បើ​យើង​អត់​កែ​លម្អ​ទេ​ វា​អត់​មាន មាន​សក្ដានុ​ពល​ទាក់​ទាញ​ គេ​​​ពី​មុន​យើង​មាន​GSP ទាក់​ទាញ​ហើយ​មាន​EBAក៏​យើង​អាច​ ថ្ងៃ​អនាគត យើង​ប្រឈម​ព្រោះ​ដំណាក់​កាល​មួយ​ដែល​​កម្ពុជា​យើង​ហាក់​ដូច​ជាមិ​ន​ឆ្លើយ​តប ​ទៅ​នឹង​ការ​លើក​ឡើង​របស់​បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប​ទាំង​ស្រុង​ទេយើង​នៅ​កែ​ប្រែ​អត់​ទាន់​បាន»

លើសពីនេះ ប្រធានសភាពាណិជ្ជកម្ម​​សហរដ្ឋអាមេរិ​ក​ប្រចាំ​​​​​កម្ពុជា លោក ខេស៊ី បល​​​នែត (Casey Barnett) និយាយ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា​នេះ ដោយ​និយាយ​ថា កម្ពុជា​​មា​ន​​ការ​​កាត់​​បន្ថយ​អត្រា​​ពន្ធ​ច្រើន​​ជាង​គេ​ក្នុង​​ចំណោម​ប្រទេស​​ទាំង​១៤។ ភាព​ប្រសើរ​ឡើង​របស់​កម្ពុជា គឺ​ដោយ​សារ​ការ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​តំណាង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិក។

លោកបន្តថា បច្ចុប្បន្ន​​ កម្ពុជា​​ខិ​ត​​ជិ​ត​​ដៃគូ​ប្រកួតប្រជែង​​សំខាន់​​របស់​​ខ្លួន គឺ​​បង់​ក្លាដែស និង​​ឥណ្ឌូ​នេស៊ី។ ប៉ុន្តែ​​កម្ពុជា​នៅ​ពី​ក្រោយ​​ប្រទេស​​វៀតណាម​​ដែល​​មាន​​អត្រា ២០%។ វៀត​ណាម​​បាន​​ផ្តល់​​សិទ្ធិ​​ចូល​​ទីផ្សារ​​វៀត​ណាម​​ដោយ​​គ្មាន​​ពន្ធ​​ដល់​​អាមេរិក។

លោកបន្តទៀតថា រោងចក្រមួយចំនួន​នៅកម្ពុជា ឥឡូវនេះ កំពុង​សម្លឹង​មើល​ប្រទេស​ក្រៅ​អាស៊ី ដូច​ជា អេហ្ស៊ីប ដែល​មាន​តម្លៃ​ពលកម្ម​ទាប ប៉ុន្តែ​មាន​តែ​ពន្ធ​អាមេរិក ១០% ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ