ពលរដ្ឋរស់នៅស្រុកព្រៃនប់ជាង៦០០គ្រួសារ ដែលរងផលប៉ះពាល់ផ្ទាល់ពីក្រុមហ៊ុនចិនកែច្នៃស្បែកគោ Kubon (Cambodia) Biotechnology Co., Ltd ពីការបញ្ចេញសារធាតុពុលនោះ បានអះអាងផ្ទុយពីរបាយការណ៍ប្រចាំឆមាសទី១របស់ក្រសួងបរិស្ថាន ដែលថាបានចាត់វិធានការលើក្រុមហ៊ុននេះ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១របស់ក្រសួងបរិស្ថាន ចេញផ្សាយថ្ងៃទី១០ ខែកក្កដានេះ បានឱ្យដឹងថា ៦ខែកន្លងទៅនេះ ក្រសួងមានចំណាត់លើក្រុមហ៊ុន និងរោងចក្រ ដែលបានបំពុលបរិស្ថាន យ៉ាងហោចណាស់មាន៣០ករណី ក្នុងនោះមានទាំងក្រុមហ៊ុនចិន កែច្នៃស្បែកគោ Kubon (Cambodia) Biotechnology Co., Ltd ផងដែរ។
ក្រសួងបញ្ជាក់ថា ខ្លួនបានចាត់វិធានការច្បាប់ មិនលើកលែង ដោយបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែចំនួន ២៤ទីតាំង ក្នុងនោះមាន លិខិតផ្អាកដំណើរការក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តែផ្ទុយពីនេះ ពលរដ្ឋម្នាក់នៅស្រុកព្រៃនប់ លោក ចន ភាព រស់នៅក្បែរទីតាំងរោងចក្រនោះផ្ទាល់ បានអះអាងប្រាប់ VOD នៅថ្ងៃទី១០ ខែកក្កដានេះថា រោងចក្រចិនកែច្នៃស្បែកគោ នៅតែបន្តបង្ហូរជាតិពុល បង្កការប៉ះពាល់ដល់ពួកគេជាង ៦០០គ្រួសារ និងបរិស្ថានដដែល មិនថមថយនោះទេ។
លោកថា៖ «រោងចក្រនៅថ្ងៃទី១០នេះ នៅតែបង្ហូរសារធាតុពុលដដែលៗ អត់មានរាថយទេ មានតែដូចមុនដដែល ខ្ញុំដូចអត់មានភាពជឿជាក់ទេ ព្រោះក្រសួងចុះមកដដែលៗ បីបួនប្រាំដងហើយ ខ្ញុំក៏ធ្លាប់ប្ដឹងរោងចក្រហ្នឹងប៉ុន្មានសារ ប្ដឹងមិនដែលឈ្នះគេផង ទៅប្ដឹងដល់សាលាស្រុកអីដែរ ដូចអត់មានប្រសិទ្ធភាពអីសោះថ្ងៃមុនអត់មានដោះស្រាយអីទេ មកយកតែរបាយការណ៍ផលប៉ះពាល់ទៅវិញបាត់ស្ងាត់ឈឹង»។
ពលរដ្ឋម្នាក់ទៀត លោក លិន ស៊ឺ ជាប្រជានេសាទនៅស្រុកព្រៃនប់ ក៏លើកឡើងមិនខុសគ្នាដែរ បានប្រាប់ VOD ថា សកម្មភាពបង្ហូរសារធាតុពុលពីខាងរោងចក្រនៅតែបន្ត និងដំណើរការធម្មតា គ្មានការបិទ ឬផ្អាកនោះឡើយ ខណៈធ្វើឱ្យពលរដ្ឋតំបន់នោះជួបវិបត្តិជីវភាព និងប៉ះពាល់សុខភាព កាន់តែធ្ងន់ធ្ងរ។
លោកថា៖ «ស្បែកគោនៅអណ្ដែតពេញហ្នឹង ខ្មៅពេញហ្នឹង ត្រីងាប់អស់ហើយ បើចូលឧបករណ៍ដាក់រកត្រីក៏យកទៅធ្វើអីអត់កើតដែរ ហើយវាស្អុយខ្លាំង រម៉ាស់ដៃជើង ប៉ះពាល់សុខភាពខ្លាំង វាស្អុយខ្លាចតែមហារីកហើយរករាល់ថ្ងៃរកមួយថ្ងៃបាន ១ម៉ឺន២ម៉ឺនរៀលហ្នឹង ពីមុនរកបាន៥ម៉ឺន៦ម៉ឺន ជួន១០ម៉ឺន ដល់ឡូវអត់រួចសាំងផងមួយថ្ងៃរកតែ១ម៉ឺន២ម៉ឺនរៀល ឲ្យកូនរៀនមិនចង់បានផង ហើយគ្រឿងត្រីបង្គាបានមកគេមិនចង់ទិញហូបទេ ខ្លាចហូបទៅកើតមហារីក»។
បន្ថែមពីនេះ លោកក៏បានបង្ហាញការអស់ជំនឿលើមន្ត្រីក្រសួងពាក់ព័ន្ធ ជុំវិញវិធានការច្បាប់នេះ។
លោកថា៖ «ប្រជាពលរដ្ឋលែងចង់ជឿ លែងចង់ទុកចិត្តអស់ហើយ ព្រោះអភិបាលខេត្តមិនដែលចុះមកមើលទេ ហើយខាងបរិស្ថានដែលគាត់ត្រូវបម្រើប្រយោជន៍ពលរដ្ឋ គ្មានជួយដល់ពលរដ្ឋទេ កន្លងមកហៅពលរដ្ឋផ្ដិតមេដៃដោះស្រាយតែសកម្មភាពក្រុមហ៊ុននៅដដែល»។
យ៉ាងណា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ សុំឱ្យវីអូឌីជួយផ្សព្វផ្សាយពីទុក្ខកង្វល់របស់ពួកគាត់ ដែលរងការគំរាមកំហែងផ្នែកជីវភាពពីការបង្ហូរជាតិពុលនេះដោយសំអាងថា បញ្ហានេះបានកើតឡើងច្រើនឆ្នាំ ហើយក្រសួងពាក់ព័ន្ធមិនអាចទប់ស្កាត់បាន។
លើសពីនេះ ពួកគេថារោងចក្រចិន កែច្នៃស្បែកគោ យីហោ គូប៊ុន បាយអូថិកណូឡជី ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ បានបង្កផលប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ពួកគេច្រើនឆ្នាំហើយ រួមទាំងមុខរបរចឹញ្ចឹមត្រី។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានថ្លែងប្រាប់VODកាលពីថ្ងៃទី២៦ ខែមិថុនា ថា បញ្ហារាំរ៉ៃរបស់ពលរដ្ឋ បណ្ដាលមកពីកម្សោយនៃការអនុវត្តច្បាប់របស់មន្រ្តីក្នុងជួររដ្ឋាភិបាល។
លោកថា៖ «គួរសោកស្ដាយដែរ ទុកឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារក្រុមហ៊ុនកាលណាប៉ះពាល់ដល់សុខភាពរបស់គាត់ វាឈានដល់ការប៉ះពាល់ជីវភាពគ្រួសាររបស់គាត់ ហើយការអនុវត្តច្បាប់ និងកន្លែងខ្លះមិនទាន់មានប្រសិទ្ធភាពពេញលេញ ជាទូទៅសំឡេងប្រជាពលរដ្ឋ ការបញ្ចេញមតិ ការទាមទារ ហាក់ដូចជាមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ ជាពិសេសអ្នកតំណាងរាស្ត្រត្រូវការចុះទៅពិនិត្យការអនុវត្តច្បាប់ ព្រោះថាកន្លែងខ្លះមានមន្ត្រីខិលខូចប្រព្រឹត្តបទល្មើស ស៊ីសំណូក ធ្វើឲ្យមានផលប៉ះពាល់ ដល់ពលរដ្ឋ ហើយរាជរដ្ឋាភិបាលខ្លួនឯងផ្ទាល់ គួរតែពិនិត្យយកចិត្តទុកដាក់មែនទែន ចំពោះមន្ត្រីអនុវត្តច្បាប់នោះ»។
VOD មិនទាន់អាចសុំការបកស្រាយបន្ថែម ពីម្ចាស់រោងចក្រ គូប៊ុន បាយអូថិកណូឡជី និងអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានទេនៅថ្ងៃនេះ។
ជុំវិញករណីនេះ សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា និយាយថា ការអះអាងផ្សេងគ្នារវាងក្រសួង និងពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់នេះ ជាសំឡេងដ៏សំខាន់មួយដែលរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់។ អ្នកស្រីថា ការយកចិត្តទុកដាក់ ក៏ព្រោះថា សំឡេងពលរដ្ឋជាង៦០០គ្រួសារនោះ មិនមែនជាការកុហក់ ឬបោកប្រាស់ទេ តែជាសំឡេងជនរងគ្រោះផ្ទាល់។
អ្នកស្រីថា៖ «យើងមើលឃើញថា រាល់ថ្ងៃក្រសួងដូចជាមិនសូវយកចិត្តទុកដាក់ ហេតុអីក៏របាយការណ៍ផ្ទុយពីអ្វីដែលបានកើតឡើងជាក់ស្ដែង តើក្រសួងបានចុះទៅមើលព័ត៌មាន តែក្រសួងមិនបានបំពេញតួនាទីខ្លួនឯង ឬមួយក៏ក្រសួងដេកលក់អត់ព្រមក្រោម ហើយក្រសួងហាក់ដូចជាធ្វើមិនដឹងធ្វើមិន ធ្វើជាមើលមិនឃើញទៅលើបញ្ហាដែលប្រជាជនកំពុងតែរងផលប៉ះពាល់»។
លើសពីនេះ អ្នកស្រីថា ការស្វែងរកការពិត ដើម្បីចង់ដឹងថា ភាគីណាជាអ្នកនិយាយភូតកុហក មិនពិបាករកទេសម័យបច្ចេកវិទ្យានេះ ដោយគ្រាន់តែបើកមើលហ្វេសប៊ុកក៏ដឹងដែរ ហើយជំហានបន្ទាប់ចុះទៅដល់កន្លែងកើតហេតុ ពេលនោះនឹងរកឃើញមន្ត្រីខិលខូច ធ្វើរបាយការណ៍ភូតកុហកឃើញហើយ។
អ្នកស្រីថា៖ «គ្រាន់តែបើកហ្វេសប៊ុកមើលមកយើងឃើញហើយថា ប្រជាជនមានប៉ុន្មានគ្រួសារដែលគាត់រងផលប៉ះពាល់ គាត់បានលើកឡើងថាអីដែលយើងមើលឃើញពីរបាយការណ៍ និងហាក់បានបង្ហាញថាក្រសួងគ្មានឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទេ គឺមានតែឆន្ទៈនៅក្នុងការរកលេសគេចវេះពីទំនួលខុសត្រូវដោយខ្លួនឯងត្រូវបំពេញ»។
សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា យល់ថា រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ គួរតែចាត់វិធានការចុះទៅពិនិត្យផ្ទាល់ ថារោងចក្រមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ សារធាតុពុល សារធាតុគីមី បានគ្រប់ជ្រុងជ្រោយ ហើយកាកសំណល់ផ្សេងៗ ចេញពីរោងចក្រ ប៉ះពាល់ដល់ប្រជាពលរដ្ឋបែបណាខ្លះ?
ម៉្យាងវិញទៀត រដ្ឋាភិបាលគួរតែមានការពិន័យ និងដាក់ទោសទៅលើរោងចក្រដែលបំផ្លាញសុខភាព និងធ្វើឲ្យប៉ះពាល់ទៅដល់អាយុជីវិតប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ មិនមែនគប់គិតក្រុមហ៊ុន ហើយមកធ្វើទុក្ខបុកម្នេញទៅលើប្រជាជនខ្លួនឯងនោះទេ។
អ្នកស្រី រដ្ឋា សង្ឃឹមថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវដឹងពីតួនាទីខ្លួន ក្នុងន័យនេះគឺសំដៅជាអ្នកបម្រើប្រយោជន៍ពលរដ្ឋ រកដំណោះស្រាយ និងជាបង្អែករបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្តទៅលើរដ្ឋាភិបាល និងក្រសួង មិនមែនគ្រាន់តែធ្វើរបាយការណ៍ ដើម្បីជាឡេសតែប៉ុណ្ណឹងទេ គឺត្រូវមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ៕









