កម្មកររោង​ចក្រមួយ​នៅ​ស្រុក​ជើង​ព្រៃ​ ផ្ទុះ​ការ​តវ៉ា​ក្រោយ​ថៅ​កែ​បញ្ឈប់​ជាង​៨០០​នាក់​ជា​គំហុក

កម្ម​ករ​​រោង​​ចក្រ​​​ស្បែក​​ជើង​​​ឡឺក្រោន​​ស៊ូ​​ជាង​ ៨០០​​នាក់ នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ បាន​​​បន្ត​ប្រមូល​​ផ្តុំ​​​​​គ្នា​​​តវ៉ា នៅ​​មុខ​​​រោង​​​ចក្រ ស្ថិត​​​​​​​នៅ​​ស្រុក​​ជើង​​​ព្រៃ ខេត្ត​​​កំពង់​​​ចាម​ ​ដោយ​ទាមទារឱ្យ​ខាង​រោង​ចក្រ ដោះស្រាយ​វិវាទការងារ ក្រោយពី​ថៅ​កែ​បានបញ្ឈប់ពួកគេ​ដោយ​គ្មានមូល​ហេតុ និង​មិន​បាន​ផ្តល់​​​​អត្ថប្រយោជន៍ និង​សំណង​​​ទៅ​តាម​ច្បាប់ការ​ងារ​​។

អ្នកស្រី សាន វី អាយុ ៤០ឆ្នាំ ​អះអាងជាកម្មការិនី​ផ្នែក​​ដេរ​នៅ​​រោង​ចក្រ​ស្បែកជើងឡឺក្រោន (LeCrown Shoes) បានប្រាប់វីអូឌី នៅ​ថ្ងៃទី​១០ ខែ​កក្កដានេះថា ពួកគាត់បានផ្ទុះការ​​តវ៉ា​​​ចា​ប់​តាំង​ពី​ថ្ងៃទី០៨ ខែ​កក្កដា ដោយ​សារ​តែ​នៅសុខៗ​​ខាងភាគី​​រោង​ចក្រ​​​​​បាន​ហៅ​​កម្ម​ករ​​​-កម្មការិនី​​ទាំង ៨២៨​នាក់ ទៅ​ផ្តិត​​មេដៃ​លាឈប់​​​ពីការងារ ដោយ​​មិនប្រាប់មូលហេតុ និងគ្មានការ​ជូនដំណឹងជាមុន ហើយក៏មិនមានការ​ទូទាត់​សំណងណាមួយ​ដែរ។

អ្នកស្រី​បន្ត​ថា៖ «ដូចថា វាអត់មានដំណោះស្រាយ​​អីដោះ​ស្រាយ​​ជូនកម្មករ គ្រាន់តែ​ហៅ​តំណាង​ៗកម្មករ ចូលដោះស្រាយ​​ជាមួយ​ខាង​ក្រុម​ហ៊ុន​ ខ្ញុំក៏អត់សូវ​ដឹង​ព័ត៌​មាន​អី​ថែម​ដែរ​​ គ្រាន់តែថាបញ្ឈប់​ពួក​ខ្ញុំ​នេះ​​ ភាព​អយុត្តិ​ធម៌​​ពួក​ខ្ញុំ​ក៏​ស្រែក​រក​អ្នកជួយ​ដោះស្រាយ​ ថា​បញ្ឈប់ៗចុះ តែ​ឱ្យ​បាន​​​បង់​ថ្លៃ​​សំណង​​ជូន​​កម្មករ​​អីចឹងទៅ​ ដែលគ្នា​ធ្លាប់​ធ្វើ​យូរ​ឆ្នាំ​ហើយ ដល់​ពេល​ចឹង​ពួក​ខ្ញុំ​វា​​អស់​​សង្ឃឹម ឬក៏​អស់​ទឹក​​ចិត្ត​អីដែរ​ចឹង ដល់ពេល​ធ្វើ​កា​រយូរ​ៗទៅគេបញ្ឈប់​ ដោយអត់ដឹងមូលហេតុ​ច្បាស់​​លាស់ ហើយពួក​​ខ្ញុំក៏​អត់ដឹងថា​ក្រុម​ហ៊ុន​ហ្នឹង​ មាន​ការ​​ងារ​ច្បាស់​លាស់​ឬអត់​ទេ តែ​បើ​សិន​តាម​ភាពជាក់​ស្តែង គឺកំពុង​តែ​ធ្វើ​ការ​​ប្រញាប់​ៗគេ​ហៅទៅ​បញ្ឈប់​»

​បើតាម​អ្នកស្រី​ សាន វី គិត​មកដល់​ព្រឹកថ្ងៃទី​១០ ខែកក្កដានេះ ខាងតំណាង​កម្មករ កំពុងជួប​ចរចា​ជាមួយខាង​​រោង​​ចក្រ​ ក្រោម​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​ ដោយពុំទាន់ដឹង​លទ្ធផល​​យ៉ាងណានៅឡើយ។

ករណីនេះ អ្នកស្រីបានអំពាវនាវ​ដល់ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជួយដោះស្រាយ​ជូនកម្មករ ដោយថា នៅពេល​​ខាង​រោង​ចក្រ​ដែលមានថៅកែជាជនជាតិ​ចិននេះ បញ្ឈប់​កម្មករ​ភ្លាម​ៗបែបនេះ ដោយ​​​មិន​មានការ​ជូនដំណឹង​​ជាមុន និង​ទូទាត់​សំណង​ផ្សេង​ៗទៅតាម​ច្បាប់​កា​រងារ​បែបនេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាពពួកគាត់ជាខ្លាំង។

អ្នកស្រីថា៖ «​​​​​និយាយ​រួម គឺទាមទារ​យុត្តិ​ធម៌ មិនចង់បានឱ្យច្រើន​លើ​សលុប​អីទេ គ្រាន់តែ​ថាគុណជាឆ្នាំ ដែលគ្នា​ខំ​​ធ្វើ​យូរ​ឆ្នាំ ធ្លាប់​កន្លងមក​ពេល​ដែលនិយាយ​ឬប្រជុំ ពេលដែលមាន​បញ្ហា​ខា​ងក្រុមហ៊ុន​បញ្ឈប់​គឺ​ថា ដូចថា គិត​ប្រាក់​ខែ​យើង​គុណ​តាមឆ្នាំ​ចឹង​ទៅ ដល់ពេល​ទង្វើ​ភាពជាក់​ស្តែង គឺអត់បាន​គុណ​ឱ្យ​ទេ»

កម្មការិនីមួយរូបទៀតធ្វើ​ការ​នៅរោង​ចក្រឡឺក្រោនស៊ូ បានឱ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា ខាង​រោង​ចក្រ​បាន​បង្ខំឱ្យ​​កម្មករ​ទាំង​ជាង ៨០០នាក់ ​ផ្តិត​មេដៃដើម្បីបញ្ចប់កិច្ចសន្យាការ​ងារ ដោយ​មិន​បាន​​ជូនដំណឹង​ជាមុននោះទេ ហើយកម្មករ​​ដែលធ្វើការ ១០ឆ្នាំ​មកហើយ​នោះ ក៏ពុំ​បានទទួល​ប្រាក់បំណាច់ឆ្នាំ​​ និង​អត្ថប្រយោជន៍ផ្សេង​ៗ​ទៅតាមច្បាប់ការងារនោះដែរ។

អ្នកស្រីបាន​បន្ត​​ថា៖ «ខ្ញុំនិយាយ​ឱ្យត្រង់ទៅ ខ្ញុំក៏ជំពាក់ ដូចជា ជំពាក់​​ធនាគារអីចឹងទៅ ​ចង់ធ្វើការ​ឱ្យ​គេ តែបើសិន​គេ​បញ្ឈប់​ហើយ ​គេ​ស្បើយ​ការ​ងារ​ គេបញ្ឈប់យើង ក៏បញ្ឈប់ចុះ ខ្ញុំ​មិន​ថា​អីទេ មិន​តូច​ចិត្ត​តូច​ថ្លើម​អីទេ ប៉ុន្តែសូមគិត​លុយ​ឱ្យ​ពេញ​តម្លៃដែល​ខ្ញុំ​​ធ្វើ​​​ កុំឱ្យ​បាត់​លុយថ្លៃ​ធ្វើ​ការ​ខ្ញុំ​ចឹង​​ណា​​»។​

យ៉ាង​ណា កម្មការិនី​រូបនេះ ពុំ​​បាន​ដឹងថា តើកា​របញ្ឈប់ភ្លាមៗពី​សំណាក់រោ​ងចក្រនេះ មានទាក់​ទង​នឹង​​ការ​​កំណត់​​ពន្ធ​គយបដិការ​​​របស់​សហរដ្ឋអាមេរិក ចំពោះ​ការ​នាំទំនិញ​ពីកម្ពុជា ដែល​​​មានអត្រាពន្ធ ៣៦%​ នោះឬយ៉ាងណាទេ បើ​ទោះជាការ​បញ្ឈប់នោះចំថ្ងៃទី​៨ ខែកក្កដា ដែលលោក ដូណាល់ ត្រាំ ផ្ញើលិខិត​ពីការ​កំណត់ពន្ធ​​​ជូន​កម្ពុជា​ក៏ដោយ​​។

​​វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះពីខាង​តំណាង​​រោង​ចក្រ ឡឺក្រោនស៊ូ អ៊ីនដាសស្ទ្រីល និង​អ្នកនាំពាក្យ​ក្រសួ​ងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា បាន​នៅឡើយ​​​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយនេះ ខណៈ​ប្រធាន​​មន្ទីរ​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​​​ខេត្តកំពង់ចាម លោក ចេង ហ៊ាង បដិសេធ​ឆ្លើយ​តប។

តែយ៉ាងណា អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក​ ស៊ុន​ មេសា​ បាន​បញ្ជាក់​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​​​ថ្ងៃ​ទី​៩​ ខែ​កក្កដា​​ថា​ ​ក្រុម​មន្ត្រី​​ជំនាញ​របស់​​​ក្រសួង​ ​បាន​​​​ចុះ​​ដោះ​​​ស្រាយ​​វិវាទ​​នេះ​រយៈពេល ២ថ្ងៃ​ ដោយ​​ឱ្យ​​ភាគី​​កម្ម​ករ​​ និង​​ក្រុម​ហ៊ុន ​​ពិភាក្សា​រក​ដំណោះ​ស្រាយ​​លើ​ករណី​បញ្ឍប់​​កម្ម​ករ​​ទាំង​​ ៨២៨នាក់។​

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ត​ថា ​ក្រសួង​​បាន​​​ប្រើ​​ប្រាស់​​នីតិ​​វិធី​​ច្បាប់​​សម្រាប់​​ដោះ​ស្រាយ​​វិវាទ​ ដែលអាច​​ផ្តល់​​ប្រយោជ​ន៍​​​​​ទាំង​​សង​​ខាង ដោយ​​ក្រសួង​​​​​ពុំ​​បាន​​កាន់​​ជើង​​ភាគី​​ណា​​មួយនោះ​​ឡើ​យ ហើយ​ក្រសួង​ក៏​ប្រកាន់​​ជំហរ​​ថា ​​នឹង​​អនុវត្ត​តាម​​​ច្បាប់ ​ប្រសិ​ន​​បើ​​រក​​ឃើញ​​ថា ​ភាគី​​រោង​​ចក្រ​​បាន​ប្រព្រឹត្ត​ខុស​​​លើ​​​កម្ម​ករ​។

ប្រធានសហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នក​​ស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍ថា យោង​តាម​​ច្បាប់ការ​ងារ នៅ​​ពេល​​​ដែល​ខាង​ភាគីនិយោជក ​​​​​បញ្ឈប់​​​កម្មករភ្លាម​ៗដោយ​​មិន​បាន​ជូន​ដំណឹង​​​ជា​មុន ហើយ​​កម្មក​​​រ​​​​នោះ​មិន​​បាន​​ប្រព្រឹត្ត​នូវ​​​កំហុសឆ្គង​​ណាមួយ​នោះ គឺ​​​​ខាង​​​​​ភាគី​និយោជក​ ​​ត្រូវ​ផ្តល់​នូវ​សំណងមួយចំនួន​​​​ ដូច​​ជា ប្រាក់​​​ខែ​​ចុង​​ក្រោយ ប្រាក់​​បំណាច់​ឆ្នាំ​ដែល​នៅ​សេស​សល់ ថវិកា​​ជូន​ដំណឹង​ជា​មុន ប្រាក់​បំណាច់​អតីត​ភាព​​ការ​ងារ និង​ប្រាក់​សំណង​ជំងឺ​ចិត្តជាដើម។

អ្នកស្រីបន្តថា បើទោះជាក្នុងករណីដែលរកឃើញ​ថា ភាគីកម្មករបានប្រព្រឹត្តិកំហុសក្តី ក៏​​ភាគីនិយោជក ​ត្រូវ​ផ្តល់​​អត្ថ​ប្រយោជន៍​​​​ទៅ​ឲ្យ​កម្មករ​ដូចជា​ ប្រាក់ខែចុងក្រោយ និងប្រាក់បំណាច់​ឆ្នាំ​ជាដើម។

អ្នកស្រីថា៖ «​ប៉ុន្តែ​បើកម្មករ​​អត់បាន​​ធ្វើ​ខុស​​ទេ គឺ​ការ​​បញ្ឈប់​​ហ្នឹង​អត់​​សម​​ហេតុ​​ផល​​ត្រឹម​​ត្រូវ គឺ​​​តម្រូវ​​ឱ្យ​ក្រុ​ម​ហ៊ុន​​ហ្នឹង​​​​ត្រូវ​​ទូទាត់​​អត្ថ​ប្រយោជន៍​​ឱ្យ​​កម្មក​​រ​តាម​​ផ្លូវ​​ច្បាប់ ទី​១ គឺមានលុយប្រាក់ខែដែល​កម្មករ​បាន​ធ្វើ​ការ​បាន​ ទី២គឺ​លុយ​បំណាច់ឆ្នាំរបស់កម្មករ ទី​៣​មានលុយ​ជូនដំណឹង​មុន ​ទី៤មានប្រាក់បំណាត់អតីតភាព​ការ​ងារ​របស់​កម្មករ​ ហើយ​​ទី​៥ហ្នឹង​គឺ​​​មានលុយ​សំណង​​ជំងឺ​ចិត្ត​របស់​កម្មករ​​ហ្នឹង​ឯង ​ចឹងបើ​ក្រុម​ហ៊ុន​អត់​បង់​ឱ្យ​កម្មករ​ បញ្ឈប់​កម្មក​រអត់​ត្រឹម​ត្រូវ​ហើយ​អត់​បាន​​បង់​​ត្រឹម​ត្រូវ​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ហ្នឹង អាហ្នឹង​​ខុស​ហើយ វាអត់​ត្រឹម​ត្រូវ​ទេ»។​​

គួរបញ្ជាក់ដែរ​ថា ​កាលពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​​​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​កំណត់​​អត្រា​ពន្ធ​​ពាណិជ្ជ​កម្ម​ (trade tariffs) ចំនួន​ ៣៦%​ លើ​ទំនិញ​​កម្ពុជា ​ដែ​ល​នាំ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ការ​​កំណត់​អត្រា​ពន្ធថ្មីនេះ អ្នកនយោបាយ​នៅ​ក្រៅប្រទេស និង​សង្គមស៊ីវិល​មួយចំនួន ដាក់ក្តីបារម្ភពីការ​ប៉ះពាល់ធ្ងន់ធ្ងរ​​សម្រាប់​វិស័យ​កាត់ដេរ​​នៅ​កម្ពុជា។ ផល​ប៉ះពាល់នោះ​ នៅ​​​​​ត្រង់​​ថា អ្នក​​វិនិយោ​គិ​​ន​ធំ​​ៗ​មួយ​ចំនួន​​នឹង​​បោះ​​​បង់​​កម្ពុជា ទៅ​​ប្រទេស​​ណា​​ដែល​​មាន​ការ​​បន្ធូរ​​បន្ថយ​​ពន្ធ​​ខ្ពស់​​​ពី​​អាមេរិក ដូច​ជា​ ប្រទេស​វៀត​ណាម ម៉ាឡេ​ស៊ី និង​ជប៉ុន​ជាដើម ហើយ​ករណីនេះ នឹង​​ធ្វើឱ្យ​កម្មករ​-កម្មការី​ខ្មែរ​​រាប់​​ម៉ឺ​​ន​​នាក់ ​ប្រឈម​អត់​ការ​ងារ​ធ្វើ ខណៈ​កម្មករ​ខ្មែរ​ភាគ​ច្រើន​កំពុង​សម្រុក​​​​​​​មក​​ពី​ថៃ​វិញ ក្រោយ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ពួក​គេ​ត្រឡប់​មក​​ប្រទេស​កំណើត​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ