វិធាន​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ជា​ក្តី​បារម្ភ​ថា​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ចលាចល​សង្គម

វិធានដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ក្រោម​បទ​បញ្ជា​គ្រួសារ​ហ៊ុន​នោះ ត្រូវ​គេ​មើល​ឃើញ​ថា មិន​មែន​ជា​ជំហាន​ទៅ​រ​ក​ការ​ផ្សះ​ផ្សា​ជាតិ​ទេ តែ​វា​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ចលាចល​សង្គម បើ​មេដឹកនាំ​បក្ស​កាន់​អំណាច​ នៅ​តែ​បិទ​ច្រក​មិន​ឱ្យ​មាន​ការ​ប្រកួត​អំណាច​តាម​គន្លង​ប្រជា​ធិប​តេយ្យ​នោះ។

ក្តីបារម្ភ​នេះ ក្រោយ​​ពី​ ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន ​សែន ដែល​​​គេ​​ដឹង​​ថា​​មាន​​អំណាច​​កំពូល ចង្អុល​​​ឱ្យ​​រុះ​​រើ​​រដ្ឋ​ធម្ម​នុញ្ញ​​មា​ត្រា​៣៣​​នៃ​​​​រដ្ឋ​​ធម្ម​នុញ្ញ ដើម្បី​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ក្រោម​​ហេតុ​ផល​​ថា ដើម្បី​ទប់​​ស្កាត់​អ្នក​​គប់​​គិត​​នឹង​បរទេស​បំផ្លាញ​ខ្មែរ ខណៈពលរដ្ឋកម្មជាច្រើន​លាន​នាក់ ត្រូវ​បាន​គេ​ឃើញ​ថា​ កំពុង​​ជួប​វិបត្តិ​បំណុល រីឯ​មេដឹក​នាំ​​រង​​ការចោ​ទ​ថា​ មេដឹក​នាំ​នៅ​ពី​ក្រោយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នោះ។

តំណាង​រាស្រ្ត​គណបក្ស​​​សង្រ្គោះ​ជាតិ លោក សួន សូរីដា ប្រាប់​VOD​នៅ​ថ្ងៃទី​១០ ខែ​កក្កដា​នេះ​ថា លោកមិន​គាំទ្រ​ដាច់​ខាត​ចំពោះ​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​បែក​បាក់​ជាតិ ប្រហារ​រដ្ឋធម្មនុញ្ញ។

លោកបារម្ភ​ថា បើ​មេដឹកនាំ​កម្ពុជា​នៅ​តែ​រឹង​ទទឹង ប្រកាន់​ជំហរ​ផ្តាច់​ការ​ចង់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​មែន​នោះ ប្រទេស​ជាតិ​អាច​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ឬ​ឈាន​រហូត​ដល់​មាន​ភាព​វឹកវ​រ​ចលាចល​សង្គម។

លោក​សង្កត់​​ធ្ងន់​ថា ការដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​ក្រឹត្យ​ក្រម​មនុស្ស​ជាតិ បំពាន​រដ្ឋ​ធម្ម​នុញ្ញ​ខ្លួន និង​រំលោភ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោ​បាយ។

លោក​ថា៖​ «រឿងកែវិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ដក​សញ្ជាតិ​ពី​ជន​ជាតិ​ខ្មែរ ខ្ញុំ​ថា​ រដ្ឋាភិបាល​គួរ​តែ​ទម្លាក់​ចោល​ទៅ ពី​​ព្រោះ​កាល​ណា​បើ​សិន​ជា​រុញ​បញ្ហា​ទាំង​នោះ ឲ្យ​កាន់​តែ​ទៅ​មុខ​ទៀត​ វា​បង្កើត​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ​ ហើយ​និង​ជួន​កាល​វា​អាច​បង្កើត​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​កម្ពុជា កើន​ឡើង​ទេ​ ហើយ​ខ្ញុំ​គិត​ថា មក​ដល់​ពេល​នេះ​គ្មាន​ពលរដ្ឋ គ្មាន​​ក្រុម​ខ្មែរ​ណា​មួយ​ប្រើ​ប្រាស់​ការ​ប្រកួ​តប្រជែង​ ក្នុង​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ឬ​ប្រដាប់​អាវុធ​ទេ គឺ​មាន​តែ​ការ​ប្រើ​ប្រាស់​នូវ​គោល​ការណ៍​លទ្ធិ​​ប្រជា​ធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត»។

សម្រាប់ លោក សូរីដា យល់ថា ក្នុងកាលៈទេសៈដែល​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​ចាក់​ស្រេះ​ ដូ​ច​ជា បញ្ហា​ព្រំដែន​ជាមួយ​ថៃ ថៃ​បន្ត​រ​ក​លេស​ចោទ​ប្រកាន់​កម្ពុជា​ ជា​ជម្រក​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​វិបត្តិ​ពន្ធ​គយ​អាមេរិក​ ៣៦%​ ផង​នោះ មេដឹកនាំ​កម្ពុជា​គួ​រតែ​បន្ទន់​ឥរិយា​បទ ស្តារ​ប្រជាធិប​តេយ្យ ផ្សះ​ផ្សា​ជាតិ គោរព​សិទ្ធិ​មនុស្ស ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

លោក​ថា៖ «ខ្ញុំគិតថា ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ កំពុង​តែ​ជាប់​ដៃ​ជាមួយ​នឹង​ទំនាស់​ជាមួយ​នឹង​ប្រទេស​ថៃ​ រឿង​ព្រំដែន រឿង​ការ​ដាក់​ទោស​ទណ្ឌ​ពន្ធ​លើ​ពាណិជ្ជ​កម្ម​ ជាមួយ​សហរដ្ឋ​អាមេរិក ៣៦% នេះ រដ្ឋាភិបាល​គួរ​តែ​បង្កើន​​ភាព​គេ​ហៅ​ថា​ផ្សះ​ផ្សា​ជាតិ រវាង​អ្នក​នយោបាយ​ខ្មែរ​ ដើម្បី​ឈាន​ទៅ​រក​ការ​ឯក​ភាព​ជាតិ ហើយ​យើង​គិត​ថា​ប្រសិន​បើ​ខ្មែរ​យើង​មាន​ការ​ផ្សះ​ផ្សា​ជាតិ​ ឯកភាព​ជាតិ ហើយ​នឹង​វិល​មក​ក្នុង​ដំណើរ​ការ​កសាង​នូវ​គោល​ការណ៍​លទ្ធិ​ប្រជាធិ​ប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ខ្ញុំ​គិត​ថា កម្ពុជា​នៅ​ក្នុង​ទំនាស់​ជាមួយ​នឹង​ប្រទេស​ថៃ​ យើង​​អា​ច​ឈ្នះ»។

ប្រហែលគ្នានេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដ​ហុក លោក នី សុខា និយាយ​ថា ការ​ដក​សញ្ជាតិ​ជន​ជាតិ​ខ្មែរ មិន​ឆ្លុះ​បញ្ចាំង​ពី​កា​រ​ផ្សះ​ផ្សា​ជាតិ និង​គោរព​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ​ជាតិ​ និង​អន្តរ​ជាតិ​ទេ។

លោកបារម្ភថា ការដកសញ្ជាតិខ្មែរពីកំណើតនេះ នឹង​ធ្វើ​ឱ្យ​ពលរ​ដ្ឋ​ខ្មែរ​ក្នុង​និង​ក្រៅ​ប្រទេស កើត​កា​រ​មិន​ពេញ​ចិត្ត​ផ្ទុះ​ការ​តវ៉ា​​ទ្រង់​ទ្រាយ​ធំ បង្ក​ភាព​ចលាចល​ដល់​សន្តិ​សុខ សុវត្ថិភាព​របស់​ប្រទេស​ជាតិ​ផង​ដែរ។

លោកយល់ថា ប្រទេសជាតិកំពុងរងការចោទប្រកាន់​ពី​រឿង​ឧក្រិដ្ឋ​ឆបោក​ឆ្លង​ដែន និង​ជម្លោះ​ព្រំ​ដែន ជា​ពិសេស​បញ្ហាព​ន្ធ​គយ​ជាមួយ​អាមេរិក​ផង​នោះ រដ្ឋាភិបាល​កម្ពុជា​គួ​រ​តែ​លុប​ចោល​វិសោធន​កម្ម​មាត្រា៣៣​នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ងាកទៅ​​ដោះ​ស្រាយ​​បញ្ហា​ទាំង​នេះ ដើម្បី​ផល​ប្រយោជន៍​ជាតិ​និង​ប្រជា​រាស្រ្ត​ខ្មែរ​។

លោកថា៖« ខ្ញុំយល់ថា រឿង​ទាំង​អស់​នេះ បើ​សិន​ជាយើ​ង​មាន​ការ​កែ​ប្រែ​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ដក​សញ្ជាតិ វា​​ជា​ហានិភ័យ​ខ្ព​ស់​ណា​ស់​ ពីព្រោះថា​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​នយោបាយ​ អ្នក​នយោបាយ​យើង​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ មិន​​មាន​​ការ​ចុះ​សម្រុង​គ្នា​ វា​អាច​រុញ​ច្រាន​ឲ្យ​ការ​កែ​ច្បាប់ បើក​ផ្លូវ​ឲ្យ​មាន​ការ​ដក​សញ្ជាតិ​នេះ វាបង្ក​លក្ខណៈ​ទៅ​ដ​ល់​ហានិ​ភ័យ សម្រា​ប់​អ្នក​នយោបាយ​មួយ​ចំនួន ពិសេស​គឺ​អ្នក​នយោ​បាយ​ប្រឆាំង​តែ​ម្ដង ដែល​អាច​នឹង​អ្នក​នយោបាយ​ដែល​កាន់​អំណាច​ នឹង​អាច​ប្រើ​ប្រាស់​នៅ​មូល​ដ្ឋាន​នៃ​ការ​កែ​សម្រួល​ ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដក​សញ្ជាតិ​ទៅ​ដល់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង»។

លើសពីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត​និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ នៅ​តែ​ប្រកាន់​ជំហរ មិ​ន​គាំទ្រ​ចំពោះ​ការ​ធ្វើ​វិសោធន​ក​ម្ម​មាត្រា​៣៣ ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នោះ​ទេ។

ការណ៍​នេះ លោក សេក សុជាតិ ទទូច​ឱ្យ​រដ្ឋាភិបាល​និ​ងថ្នា​ក់​ដឹក​នាំ​កម្ពុជា ជាពិសេស​ប្រធាន​ព្រឹទ្ធ​សភា​ លោក ហ៊ុន សែន គួរ​តម្តល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ពិចារណា​​លុ​ប​ចោល​នូវ​ការ​ធ្វើ​វិសោធន​កម្ម​នេះ។

លោកថា៖ «នៅក្នុងករណីដែលយើងមិនព្យាយាម​ដោះ​ស្រាយ​បញ្ហា​ ដោយ​ឈរ​លើ​គោល​ការណ៍​សន្តិ​វិធី​ហើយ​យើង​បែរ​ជា​បង្កើត​បញ្ហា​កាន់​តែ​ស្មុគ​ស្មាញ​ ហើយ​មាន​ភាព​ចាក់​ស្រេះ​ស៊ី​ជម្រៅ​ធ្វើ​ឲ្យ​មាន​ភាព​យ៉ាប់​យ៉ឺន​ អ៊ីចឹង​វា​នឹង​បង្កើត​វិវាទ​ផ្ទៃក្នុ​ង​នយោបាយ​ជាតិ​កាន់​តែ​ធំ ហើយ​នឹង​អាច​បង្កើត​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ ហើយ​និង​មាន​ការ​តវ៉ា​ ប្រសិន​បើ​ក្នុង​ករណី​ដែល​ពួក​គាត់​អស់​ផ្លូវ​ដើរ​ ដូច្នេះ​ក្នុង​ករណី​នេះទិ​ដ្ឋ​ភាពនេះ​ យើង​មិន​គួរ​បង្កើត​បញ្ហា​ នៅ​ពេ​ល​ដែល​យើង​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស ​​ជាមួយ​នឹង​ប្រទេស​ជាប់​ខាង​ ទាក់​ទង​នឹង​បញ្ហា​ដែន​ដី​អធិប​តេយ្យភាព​ជាតិ​ឡើយ»។

ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ដក​ហូត​សញ្ជាតិ​របស់​ ​លោក ហ៊ុន សែន នេះ​​ដែរ អតីត​​ខុទ្ធ​កាល័យ លោក កឹម សុខា គឺ​​លោក មុត ចន្ថា បាន​​លើក​ឡើង​​បែប​​ក្រើន​រំឭក​​ថា ប្រទេស​កម្ពុជា​​បាន​ផ្តល់​​សច្ចា​​ប័​ន​លើ «កតិកា​​សញ្ញា​​អន្ត​រ​ជាតិ​ ស្តី​ពី​សិទ្ធិ​​ពលរដ្ឋ​ និង​សិទ្ធិន​យោ​បាយ​» ​នៅ​ឆ្នាំ​១៩៩២។

កតិកាសញ្ញានេះ​ គឺជាច្បាប់អន្តរជាតិ ដែលមានឋានានុក្រម​ច្បាប់ ស្មើ​នឹង​​រដ្ឋធម្ម​​នុញ្ញ​​កម្ពុជា​ ឆ្នាំ​​១៩៩៣​ ដូច្នេះ​​ការ​ធ្វើ​​និង​​អនុម័ត​​ច្បាប់​​របស់​កម្ពុជា​ មិន​​គ្រាន់​​តែ​​អនុលោម​​តាម​​រដ្ឋ​ធម្ម​​នុញ្ញ​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ត្រូវ​អ​នុលោ​ម​តាម​ច្បាប់​អន្តរ​ជាតិ​ ដែល​ក្នុង​នោះមា​ន​ធម្ម​នុញ្ញ​អង្គ​ការ​​សហ​ប្រជា​​ជាតិ​ អនុ​​សញ្ញា​ និង​​កតិកា​សញ្ញាអន្ត​រ​ជាតិ​ ស្តីពី​​សិទ្ធិ​​មនុស្ស​ដែល​​ប្រទេស​​កម្ពុជា​​បាន​ផ្តល់​​សច្ចា​ប័ន។

លោក​គូស​បញ្ជាក់​ថា ការ​ធ្វើវិសោធនកម្មមាត្រា​៣៣​ នៃ​រដ្ឋធម្មនុញ្ញ​​​បាន​ គឺ​​ជា​​​«ការ​​រំលោភ​​បំពាន​​លើ​មាត្រា​​១២ វាក្យ​​ខ័ណ្ឌ​​ទី៤​ នៃ​​កតិកា​​សញ្ញា​អន្តរ​​ជាតិ​ ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោ​បាយ​ ឆ្នាំ​១៩៦៦​» ដែល​​កម្ពុជា​បាន​ផ្តល់​​សច្ចា​ប័ន​ នៅ​ឆ្នាំ​១៩៩២​។

មាត្រា​១២​ វាក្យ​ខ័ណ្ឌ​ទី៤​ ចែង​ថា​ «គ្មានជនណាម្នាក់​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​​ចេញ​​ចូល​​ប្រទេស​​កំណើត​​ខ្លួន​តា​ម​​ទំនើង​​ចិត្ត​​ឡើយ» ។

​មួយវិញទៀត កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃអង្គការ​សហ​​ប្រជា​ជាតិ​ នៅ​​ថ្ងៃ​ទី​១៤​ ​ខែ​​ធ្នូ​ ឆ្នាំ​១៩៥៥។ ក្នុងនាម​​ជា​សមាជិក​អង្គ​ការសហប្រជា​ជាតិ​ កម្ពុជា​​បាន​​សន្យាជា​​​ឱឡា​​រិក​​ជាមួយ​​កាតព្វ​​កិច្ច​​នៅ​​​ក្រោម​​ធម្ម​​នុញ្ញ​អង្គ​​ការ​សហ​​ប្រជា​​ជាតិ​ ដើម្បី​លើក​​កម្ពស់​ការ​​គោរព​ ​និង​​ប្រតិ​​បត្តិ​​ជា​សកល​​នូវ​​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូល​ដ្ឋាន​របស់​មនុស្ស។

ដូចនេះ ការដកហូតសញ្ជាតិកំណើតនេះ មិនត្រឹមតែ​​រំលោភ​​រដ្ឋ​​ធម្ម​នុញ្ញ​ និង​​ច្បាប់​​អន្តរ​​ជាតិ​ ស្តីពី​សិទ្ធិ​មនុស្ស​​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​វា​រឹត​តែ​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​បែក​បាក់​ថែម​ទៀត​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​អង្គ​ព្រះ​មហាក្សត្រ​ទ្រង់​មិន​អាច​បង្រួប​បង្រួម​ជាតិ​ ក្នុង​ព្រះ​បរមនាម​ព្រះ​អង្គ​ជា​អ្នក​ធានា​ និង​ជា​និមត្ត​សញ្ញា​នៃ​ការ​បង្រួប​បង្រួម​ជាតិ។

បន្ថែមពីនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណ​រ៉ា ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បន្ទាត់​​នយោ​បាយ​​​ដែល​ប្រាស​ចាក​ពីគន្ល​​ង​ប្រជា​ធិប​តេយ្យ គួប​ផ្សំ​នឹង​ការ​បន្សល់​ទុក​បញ្ហា​ចាក់​ស្រែស​ បង្ក​ឱ្យមា​ន​ជន​រង​គ្រោះកាន់​តែ​ច្រើន​ទៅៗ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ដូ​​ច​ពី​​អតីត​កាល ។

លោកថា៖ «បើសិនយើងបង្កើតគោលការណ៍ច្បាប់មួយ​ចំនួន យើង​មិន​បាន​ជួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​សុខ​រម្យ​ណីយ​កម្ម​ទេ វា​ជំរុញ​មាន​ភាព​បែក​បាក់ ភាព​ប្រេះ​ឆា​គ្នា​ទេ សង្គម​យើង​ឈាន​ទៅ​រ​ក​ការ​បញ្ហា​ដូច​ពីអតីត​កាល​យើង​បារម្ភ​ខ្លាំង ព្រោះ​បើ​យើង​ដូរ​មក​គោល​ការណ៍​ប្រជាធិ​បតេ​យ្យ​ បោះ​ឆ្នោត​អ៊ីចឹង​មែន ក៏​ប៉ុន្តែ​អ្វី​ក៏អា​ច​ប្រែ​ប្រួល​បាន​ដែរ ប្រសិន​បើ​សង្គម​នោះ​គេ​អត់​មាន​ស្ថេរភាព​និង​សុខ​ដុម​នីយ​កម្ម អ្នក​នយោ​បាយ​គួ​រ​តែ​គិត​លើ​បញ្ហា​ហ្នឹង​ជា​ចម្បង»។

​ជាការកត់សម្គាល់ រាល់បទបញ្ជា​របស់​ លោក ហ៊ុន សែន គ្មាន​មន្ត្រី​ណា​ហ៊ាន​ជំទាស់​ទេ សូម្បី​តែ​នៅ​ស្ថាប័ន​ជាតិ​កំពូលៗ ដូច​ជា រដ្ឋ​សភា ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ប្រព័ន្ធ​តុលាការ ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ការ​ពារ​ជាតិ​ជាដើម ។

លើសពី​នេះ បើគ្មានអ្វីប្រែប្រួលទេ បទ​បញ្ជា​នេះ នឹង​ត្រូវ​សមាជិក​រដ្ឋាភិបាល​លើក​ដៃ​អនុម័ត​ទាំង​ស្រុង​ ទាំង​គ្មាន​សំឡេង​ជំទាស់​នៅ​ចុង​សប្តាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ