នៅក្រោយព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តារម៉ាតស្ថានីយ៍ប្រេងឥន្ធនៈបូកគោ នៅកណ្តាលរាជធានីភ្នំពេញទាំងព្រឹក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ សំឡេងប្រជាធិបតេយ្យវីអូឌី បានបើកការស៊ើបអង្កេតដោយប្រមូលព័ត៌មានពីប្រភពពាក់ព័ន្ធផ្សេងៗ។
ក្នុងនោះអ្នកសារព័ត៌មានវីអូឌី បានចុះទៅដល់ផ្ទះរបស់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅភូមិទន្លេ ស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយទាំងប្រពន្ធនិងសាច់ញ្ញាតិសុទ្ធតែនិយាយថា មុនថ្ងៃកើតហេតុ១សប្តាហ៍ មានមនុស្សទំនាក់ទំនងឱ្យ អឿត អាង ឡើងមកភ្នំពេញ និងសន្យាថា មានការងារឱ្យធ្វើ ហើយបើធ្វើកិច្ចការបានសម្រេចក្រៅពីទទួលបានប្រាក់ គឺរូបគេនឹងទទួលបានការងារនៅក្នុងក្របខណ្ឌជាយោធាទៀតផង។
ចំពោះស្ថានភាពជីវភាពរបស់ អឿត អាង វិញ កុំថាឡើយដល់មានប្រាក់រហូតដល់ ៣០០០ដុល្លារ ឱ្យលោកបណ្ឌិត កែម ឡី ខ្ចី ហើយជំពាក់មិនទាន់សងដូចនៅក្នុងចម្លើយសារភាពប្រាប់នគរបាល សូម្បីលុយថ្លៃឡានឈ្នួលត្រឹមជាង១ម៉ឺនរៀល ថ្លៃធ្វើដំណើរពីផ្ទះដល់បេនឡានចុងកៅស៊ូក៏ អឿត អាង នៅជំពាក់ដែរ។ នេះបើតាមអ្នកបើករថយន្តឈ្នួលដែលវីអូឌីជួបសម្ភាសន៍ដោយផ្ទាល់។
នៅឯភ្នំពេញឯណេះវិញ មុនថ្ងៃកើតហេតុ សាក្សីជាច្រើន បាននិយាយថា គេសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថមានគ្នាពី៣ទៅ៤នាក់ តែងដាក់តាមសង្កេតសកម្មភាពលោកបណ្ឌិត កែម ឡី ជាប្រចាំ នៅក្បែរផ្ទះជួលរបស់លោកជិតផ្សារបឹងកេងកង។ នៅក្នុងថ្ងៃនៃការបាញ់សម្លាប់ លោក កែម ឡី កម្លាំងប្រដាប់អាវុធទាំងនោះក៏បានដកចេញបាត់អស់។
បន្ថែមពីនេះ អតីតបុគ្គលិកធ្លាប់បម្រើការ នៅក្នុងម៉ាតកាល់តិចស្តុបបូកគោ ធ្លាប់ប្រាប់វីអូឌីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅព្រឹកថ្ងៃមានការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី បុគ្គលិកនៅម៉ាតកាល់តិចបូកគោ ទទួលបានបទបញ្ជាពីថ្នាក់លើមិនឱ្យលក់កាហ្វេទៅឱ្យភ្ញៀវទេ ក្រោមហេតុផលថា ម៉ាស៊ីនឆុងកាហ្វេខូច ហេតុនេះហើយទើបនៅថ្ងៃកើតហេតុ មានសភាពស្ងាត់ខុសពីសពមួយដង។
មួយវិញទៀត នៅពេលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី រួចហើយ នៅពេលឃាតកររត់តម្រង់ទៅទិសខាងកើតស្របតាមបណ្តោយមហាវិថីម៉ៅសេទុង គេសង្កេតឃើញមានមន្ត្រីនគរបាលម្នាក់ បានជិះម៉ូតូយឺតៗប្រកៀកដេញតាមរហូត។
ក្រោយមកទើបគេដឹងថា មន្ត្រីនគរបាលនោះ គឺមានតួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលទន្លេបាសាក់ ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលបានបង្ហាញក្នុងកាំម៉េរ៉ាសុវត្ថិភាព ដែលបានជិះប្រកៀកតាមឃាតករ។ ប៉ុន្តែមន្ត្រីរូបនោះ តែងតែបដិសេធមិនផ្តល់ព័ត៌មានដល់អ្នកកាសែតឡើយ។
ជ្រុងមួយផ្សេងទៀតនៃសំណុំរឿងឃាតកម្មនៅកណ្តាលទីក្រុងភ្នំពេញទាំងកណ្តាលថ្ងៃនេះ លោក សួង នាគព័ន្ធ សកម្មជនសង្គមដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែលោកចូលរួមរៀបចំយុទ្ធនាការរំលឹកខួបនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៩ បានលាតត្រដាងពីការជួបសន្ទនាផ្ទាល់ជាច្រើនលើក ជាមួយ ជួប សម្លាប់ នៅក្នុងពន្ធនាគារព្រៃស កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩។
លោក សួង នាគព័ន្ធ ដែលនៅពេលនេះ បានរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស បានសរសេររៀបរាប់វែងអន្លាយលើបណ្តាញសង្គមរបស់លោក ពីខ្លឹមសារដែលលោកបានជួបជជែកសួរនាំ ជួប សម្លាប់។ ជួបសម្លាប់ បាននិយាយថា គាត់ក្រណាស់ តើគាត់មានលុយឯណាទៅឲ្យ លោក កែម ឡី ខ្ចីនោះ ហើយរឿងលុយទិញកាំភ្លើង ក៏គាត់អត់មានលុយទិញដែរ រឿងនេះគេរៀបចំឲ្យគាត់និយាយទេ។
វាមិនមែនជារឿងពិតនោះទេ រឿងថា លោកកែម ឡី ជំពាក់លុយគាត់នោះ ម្យ៉ាងទៀត គាត់មិនដែលស្គាល់លោក កែម ឡី ទេ ថាតើលោក កែម ឡី ខ្ចីលុយគាត់តាមរបៀបណា? នេះជាការរៀបចំរបស់មន្ត្រីយោធាម្នាក់ដើម្បីឲ្យគាត់ធ្វើបែបនេះ។
ជួប សម្លាប់ បាននិយាយប្រាប់ លោក សួង នាគព័ន្ធ ទៀតថា មុននឹងគាត់មកដល់ភ្នំពេញ មានគេទៅនិយាយជាមួយគាត់ឱ្យគាត់ធ្វើការងារមួយ ដែលអាចឲ្យគាត់នូវលុយ ១០ម៉ឺនដុល្លារ ផ្ទះមួយខ្នង និងឡានមួយគ្រឿងផងដែរ។ គេនិយាយប្រាប់លោកបែបនេះ គឺនៅមុនថ្ងៃសម្លាប់ លោក កែម ឡី មួយអាទិត្យ។
នៅក្នុងខួប៩ឆ្នាំ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈដ្ឋានជាច្រើន នៅតែបន្តទាមទារឱ្យរដ្ឋាភិបាលគ្រួសារហ៊ុនផ្តល់យុត្តិធម៌ដល់សព លោកបណ្ឌិត កែម ឡី ខណៈដែលយុត្តិធម៌សម្រាប់អ្នកវិភាគដ៏ល្បីល្បាញហ៊ានបើកកកាយរឿងអាស្រូវរបស់មេដឹកនាំ នៅក្នុងសង្គមរូបនេះ ត្រូវបានកប់ចោលអស់រយៈពេល៩ឆ្នាំមកហើយ។
ក្នុងនោះ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកច្បាប់ចាស់វស្សា បានសរសេរលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី១០ខែកក្កដាថា ៩ឆ្នាំហើយ នៅតែមិនអាចជឿបានដែលថា បុរសឈ្មោះ អឿត អាង អះអាងថា លោកបណ្ឌិត កែម ឡី ជំពាក់លុយគាត់៣ពាន់ដុល្លារ ខណៈដែលអត់មានព័ត៌មានថា អឿត អាង បានទៅទារលុយនោះម្តងណាផង ស្រាប់តែគាត់ទៅទិញកាំភ្លើងមានតម្លៃជាង៣ពាន់ដុល្លារ ទៅបាញ់សម្លាប់លោកបណ្ឌិត កែម ឡី?
លោកបណ្ឌិត លើកឡើងថា អឿត អាង ជាមនុស្សមានសតិអារម្មណ៍ធម្មតា មិនអាចថា មិនចេះគិតថា កូនបំណុលដែលស្លាប់អត់អាចសងបំណុលបានទេ ហើយខ្លួនឯងជាឃាតកក៏នឹងជាប់ទោសមិនខាននោះទេ។
ចំណែក លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងដែរថា «ថ្ងៃនេះជាគម្រប់ខួប៩ឆ្នាំនៃឃាតកម្មលើ លោកបណ្ឌិត កែម ឡី ប៉ុន្តែយុត្តិធម៌នៅឯជើងមេឃ។
សំណុំរឿងទី២ នៃអ្នកបញ្ជានៅពីក្រោយខ្នង នៅតុលាការស្ងាត់ឈឹងដូចចោរលួចសេះអ៊ីចឹង ដែលធ្វើឱ្យគេសង្ស័យថា អ្នកបញ្ជានៅពីក្រោយខ្នងនៃឃាតកម្មនេះ គឺជាអ្នកមានអំណាចនៅកម្ពុជា។ សូមចាប់ខ្លួនឃាតករពិត និងអ្នកបញ្ជាពីក្រោយខ្នងមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា នៅក្រោយថ្ងៃមានការបាញ់សម្លាប់មួយថ្ងៃ គឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ លោក ហ៊ុន សែន ដែលកាលនោះនៅជានាយករដ្ឋមន្ត្រី បានថ្កោលទោសចំពោះឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដោយចាត់ទុកថា ជាអំពើដ៏ព្រៃផ្សៃ និងឃោរឃៅ។
លោកបានចោទសួរថា តើអ្នកណាទទួលផលចំណេញពីសោកនាដកម្មនេះ? បើចំពោះរដ្ឋាភិបាលរបស់លោក ការស្លាប់នេះ គឺរដ្ឋាភិបាលខាតបង់ ហើយប៉ះពាល់មុខមាត់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក្តី គេនៅចងចាំថា ឃាតកម្មបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោកបណ្ឌិត កែម ឡីបានវិភាគទៅលើរបាយការណ៍ដ៏ស៊ីជម្រៅមួយ របស់អង្គការអន្តរជាតិគ្លូបលវីតនែស ដែលនិយាយយ៉ាងលម្អិតពីអាណាចក្រជំនួញរបស់ក្រុមគ្រួសារត្រកូលហ៊ុន។
របាយការណ៍ដែលផ្អែកទៅលើក្រុមហ៊ុនចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្រុមហ៊ុនធំៗចំនួន១១៤ ដែលកំពុងរកស៊ីនៅគ្រប់វិស័យក្នុងប្រទេសកម្ពុជា គឺសុទ្ធតែមានភាគហ៊ុនរបស់គ្រួសារហ៊ុន។ ទាំងនេះជាចម្ងល់ថា តើអ្នកណាជាឃាតករ និងជាអ្នកនៅពីក្រោយរឿងឃាតកម្មសម្លាប់ លោកបណ្ឌិត កែម ឡី ?
បើតាម លោក ជួប សម្លាប់ អ្នកដែលទៅយកលោកពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ បាននិយាយប្រាប់លោកថា គាត់ឈ្មោះ កង ប៊ុនទូ «ទទួលបញ្ជាពីបង ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ លោក ហ៊ុន សែន។ គាត់ឲ្យខ្ញុំមកយកបង ជួប សម្លាប់ ទៅភ្នំពេញទៅធ្វើការងារដែលបងឯកភាពថាព្រម»។
កាលនោះ លោក កង ប៊ុនទូ បានដឹកលោក ជួប សម្លាប់ មកភ្នំពេញ ដាក់នៅផ្ទះមួយកន្លែង។ យប់ឡើងលោក កង ប៊ុនទូ បានទៅបង្រៀន ជួប សម្លាប់ ឲ្យនិយាយតាមថា បើគេចាប់បានលោកឯងត្រូវនិយាយថា លោក កែម ឡី ជំពាក់លុយមិនសងចំនួន ៣ពាន់ដុល្លារ ព្រោះតែលោក កែម ឡី មិនសងនឹងហើយទើបធ្វើឲ្យលោកឯងខឹង ហើយបានទៅទិញកាំភ្លើងមកសម្លាប់ លោក កែម ឡី។ នេះបើតាម លោក សួង នាគព័ន្ធ។
ប្រភពដដែលបន្តថា លោកកង ប៊ុនទូ បង្រៀន ជួប សម្លាប់ រយៈពេល៣ថ្ងៃ ហើយនៅពេលដែលលោក កង ប៊ុនទូ ទៅសម្លាប់ លោក កែម ឡី ផ្ទាល់ដៃហើយ លោកជួប សម្លាប់ ត្រូវរត់តពី កង ប៊ុនទូ ហើយត្រូវឲ្យប៉ូលីសចាប់ខ្លួន។
បើតាមលោក សួង នាគព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កង ប៊ុនទូ និងលោក ជួប សម្លាប់ បានធ្វើដំណើរទៅបឹងកេងកង។
នៅម៉ោង ៨:00ព្រឹក ពេលទៅដល់ភ្លាម លោក កង ប៊ុនទូ ក៏បានចុះពីឡានព្រូសពណ៌ទឹកសមុទ្រ ហើយក៏ដើរឆ្លងស្តុបបឹងកេងកង រួចក៏ឡើងជិះម៉ូតូធំមួយ។
ជួប សម្លាប់ និយាយថា ម៉ូតូនោះដូចជាម៉ូតូប៉ូលិសអ៊ីចឹង ហើយ លោក កង ប៊ុនទូ បានឡើងជិះឆ្ពោះសំដៅទៅតាមរបងស្ថានទូតវៀតណាម។ មួយម៉ោងក្រោយមក ជួប សម្លាប់ ក៏ឮសំឡេងកាំភ្លើង ហើយក៏ឃើញលោក កង ប៊ុនទូ រត់មករកឡានដែលគាត់កំពុងរងចាំ។ ភ្លាមនោះ ជួប សម្លាប់ ក៏ចុះពីឡានរត់តពី កង ប៊ុនទូ សំដៅទៅឲ្យប៉ូលីសចាប់។
លោក ជួប សម្លាប់ និយាយថា៖ «នៅពេលដែលប៉ូលិសចាប់បានហើយ ប៉ូលីសធ្វើជាសួរនាំខ្ញុំ។ ខ្ញុំនឹកឃើញពាក្យសម្ដី លោកកង ប៊ុនទូ ដែលបានបង្រៀនខ្ញុំឲ្យនិយាយថា លោក កែម ឡី ហ្នឹងជំពាក់លុយមិនព្រមសងទើបខ្ញុំខឹង និងទិញកាំភ្លើងមកសម្លាប់ លោក កែម ឡី ទៅ។ គេមិនឲ្យខ្ញុំនិយាយអ្វីច្រើនទេ នៅពេលដែលតុលាការកាត់ទោសខ្ញុំ អស់មួយជីវិតទើបខ្ញុំដឹងថា ខ្ញុំចាញ់បោកគេហើយ។ គេសន្យាថា នឹងជួយដោះលែងតាមក្រោយ ប៉ុន្តែអ្វីៗដែលគេសន្យានោះ ជាការបោកប្រាស់ខ្ញុំទេ។ ខ្ញុំឈឺចិត្តណាស់មកដល់ក្នុងគុកឆ្មាំគុកឲ្យខ្ញុំជក់គ្រឿងញៀនទៀត ធ្វើឲ្យខ្ញុំស្ទើរឆ្កួតឡប់ទៅហើយ»។ នេះបើតាម លោកសួង នាគព័ន្ធ។
លោក ជួប សម្លាប់ និយាយបន្តថា គាត់មិនអាចរស់នៅបានយូរទេ ទើបគាត់ចង់ប្រាប់ លោក សួង នាគព័ន្ធ ឲ្យបានដឹងរឿងទាំងអស់នេះ។
លោក នាគព័ន្ធ និយាយថា៖ «គាត់បានប្រាប់ខ្ញុំថា គាត់ស្ដាយណាស់ លោក កែម ឡី មិនគួរណាឲ្យគាត់មកសម្ដែងឆាកល្ខោន ជំនួសលោក កង ប៊ុនទូ និង លោក ហ៊ុន ម៉ាណែត នោះទេ»។
នេះជាការនិយាយរបស់លោក ជួប សម្លាប់ ប្រាប់លោក សួង នាគព័ន្ធ នៅក្នុងពន្ធនាគារ កាលពីចុងខែកក្កដា ឆ្នាំ២០១៩។
សម្រាប់ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សង្គ្រោះជាតិ បានធ្វើអត្ថាធិប្បាយនៅពីលើឃ្លីបវីដេអូដែលបែកធ្លាយបង្ហាញពីមន្ត្រីប៉ូលិសម្នាក់ ជិះម៉ូតូយឺតៗតាមពីក្រោយ ជួប សម្លាប់ ដែលរត់ត្រឹកៗថា ជាឆាកល្ខោនក្រុមឃាតករបានរៀបចំ ដើម្បីដោះដូរឃាតករពិត ដែលបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី រួចបង្កើតឃាតករសិប្បនិមិត្ត (ជួប សម្លាប់)។
លោកបង្ហោះលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ថា នេះជាវីដេអូហេតុការណ៍ផ្ទាល់ ពេលឃាតករបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី រួចក៏រត់គេចខ្លួន។ នៅក្នុងវីដីអូឃើញមានបុរសម្នាក់ជិះម៉ូតូធំជិះតាម(ជាម៉ូតូប៉ូលីសជិះតាមការពារឃាតករ) ហើយបំរុងនឹងឱ្យឃាតករឡើងជិះម៉ូតូ តែក្រោយមកឃាតករក៏រត់បន្តរហូតដល់ឡាន PRIUS មួយគ្រឿងបែរជាបាត់១ភ្លែតទៅវិញ។
ដូច្នេះជំហានដំបូងលោកសន្និដ្ឋានថា នៅក្នុងឡានPriusនោះ មានឃាតករសិប្បនិម្មិត្តម្នាក់ទៀត គឺលោក ជួប សម្លាប់ ដែលគេដោះដូរ ហើយឃាតករពិតចូលទៅក្នុងរថយន្តបាត់ទៅហើយ។ ឃាតករសិប្បនិម្មិតនេះ គេរៀបចំឱ្យជាប់គុកតែម្ដង។
បន្ថែមពីនេះ លោក អ៊ុំ សំអាន បានចង្អុលបង្ហាញរូបថតនិងវីដេអូថា ឃាតករសម្លាប់លោកបណ្ឌិត កែម ឡី នៅពេលសម្លាប់លោកបណ្ឌិត គឺពាក់ស្បែកជើងបាតពណ៌ស ប៉ុន្តែពេលប៉ូលីសចាប់បានឃាតករពាក់ស្បែកជើងបាតពណ៌ខ្មៅទៅវិញ។
ម្យ៉ាងទៀត ឃាតករពិតមានមាឌរាងក្រអាញធាត់បន្តិច ហើយរាងទាបបន្តិច រីឯ ជួប សម្លាប់ មានរាងស្តើង ស្គមហើយខ្ពស់ជាងឃាតករពិត។
តាមប្រភពព័ត៌មាននានាដែលប្រមូលបាន វីអូឌី សូមធ្វើការសន្និដ្ឋានជារួមថា ឈ្មោះ អឿត អាង ហៅ ជួបសម្លាប់ គឺជាឃាតករសិប្បនិម្មិត្ត ដែលត្រូវបានគេរៀបចំឡើង ដើម្បីឱ្យទទួលទោសជំនួសជនដៃដល់ពិតប្រាកដ ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយជនដៃដល់ពិតប្រាកដ គឺអាចមានអ្នកមានអំណាចខ្លាំងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ជាអ្នកកាងការពារ ពីព្រោះបើមិនមានអ្នកមានអំណាចដែលមានឥទ្ធពលខ្លាំងកាងការពារ និងបញ្ជាលើអង្គការរដ្ឋបានទេ ម្ល៉េះសមឃាតកពិតប្រាកដនឹងត្រូវនាំខ្លួនមកផ្តន្ទាទោសតាំងពីក្រោយថ្ងៃកើតហេតុមកម្ល៉េះ ខណៈសំណុំរឿងឃាតកម្មនៅកណ្តាលក្រុងភ្នំពេញទាំងកណ្តាលថ្ងៃនេះ មានតម្រុយជាច្រើន សូម្បីតែទីកន្លែងបាញ់សម្លាប់ និងជុំវិញទីកន្លែងកើតហេតុសុទ្ធតែមានកាមេរ៉ាសុវត្ថិភាព៕









