វិវាទរឿងព្រំដែនរវាងកម្ពុជា-ថៃ ដែលបានរាលដាលទៅដល់វិស័យវប្បធម៌ ការទូត និងសេដ្ឋកិច្ច ពេលនេះកាន់តែជំពាក់ជំពិនហើយ បន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទាញរឿងវិវាទនេះ ធ្លាក់ទៅរឿងជម្លោះផលប្រយោជន៍បុគ្គលមួយបន្ថែមទៀត ខណៈការរុញសំណុំរឿងព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់នោះ រដ្ឋាភិបាលកម្ពុជាប្រកាសឱ្យដឹងត្រឹមការជូនដំណឹងពីបំណឹងប្តឹង។
រីឯការដាក់ពាក្យប្តឹងជាផ្លូវការ ថ្ងៃណាពិតប្រាកដ គិតត្រឹមថ្ងៃទី១១ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា មិនទាន់ប្រកាសនៅឡើយទេ បើទោះបីអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តយល់ព្រម ដើម្បីបើកផ្លូវឱ្យរដ្ឋាភិបាលយកករណីទៅ ICJ ចាប់តាំងពីថ្ងៃទី២ ខែមិថុនា ពោលគឺមានរយៈពេលជាង១ខែទៅនេះក្តី។
ងាកមកមើលវិវាទជាលក្ខណៈបុគ្គលរវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំថៃ គ្រួសារលោកថាក់ស៊ីន វិញ អតីតបងប្អូនធម៌ទាំងពីររូបនេះ បានផ្លោងពាក្យសម្ដីហែកហួរគ្នា ធ្វើឡើងបន្ទាប់ពីប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យាថៃ កាលពីថ្ងៃទី៨ ខែកក្កដា បានឆ្មក់ចូលឆែកឆេរទីតាំងផ្ទះ ១៩កន្លែង ដែលជាកម្មសិទ្ធិរបស់លោក កុក អាន ក្នុងខេត្តសាមុត ប្រាកាន និងឈុនបុរី ក្បែរទីក្រុងបាងកក ប្រទេសថៃ។ ការណ៍នេះ ថៃរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង ៨៣ម៉ឺនដុល្លារអាមេរិក។
តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនឧកញ៉ាសញ្ជាតិខ្មែររូបនេះថា ជាអ្នកនៅពីក្រោយករណីឆបោកពលរដ្ឋថៃ ក្នុងរូបភាពឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត លាងលុយកខ្វក់ និងចាប់ជំរិត ដែលបានប្រព្រឹត្តិនៅក្នុងទីតាំងនៅក្នុងកាស៊ីណូរបស់លោក ឈ្មោះ Golden Crown Casino នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។
ទោះជាបែបនេះក្ដី វិធានការក្រោមការចោទថា ឧកញ៉ា កុក អាន ជាមេបនល្បែងសញ្ជាតិខ្មែរពីសំណាក់អាជ្ញាធរថៃនេះ មិនមែនស្ថិតក្រោមរូបភាពនៃការអនុវត្តច្បាប់ទាំងស្រុងនោះទេ ប៉ុន្តែក៏មានបង្កប់នូវគំនុំនយោបាយផងដែរ។
ជាក់ស្ដែងរឿងឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលពាក់ព័ន្ធនឹង លោក កុក អាន នោះ គ្មាននរណាដឹងច្បាស់ជាងលោក ថាក់ស៊ីន នោះទេ ដោយលោកធ្លាប់លាតត្រដាងរឿងនេះ តាំងពីចុងឆ្នាំ២០២៤ មកម្ល៉េះ គ្រាន់តែកាលនោះលោកមិនបញ្ចេញឈ្មោះ លោក កុក អាន នោះទេ ព្រោះគ្រួសារលោកជាមួយ លោក ហ៊ុន សែន ពេលនោះកំពុងតែល្អូកល្អឺននឹងគ្នា ហើយលោក កុក អាន ត្រូវគេដឹងថា ជាអ្នករកលុយឱ្យគណបក្សប្រជាជនកម្ពុជា។
អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀតនោះ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃទី០៨ ខែកក្កដាថា ការពិតទៅ អ្នកដែលនៅពីក្រោយការបញ្ជាឱ្យឆែកឆេរផ្ទះរបស់ លោក កុក អាន នោះ គឺលោកស្រី ផែថងថាន នេះឯង គឺលោកស្រីបានចេញបញ្ជាតាំងពីមុនលោកស្រី ត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ ពោលគឺនៅក្រោយពេល លោក ហ៊ុន សែន បានធ្វើឱ្យបែកធ្លាយសារសំឡេងសន្ទនាគ្នាជាមួយលោកស្រីតែម្ដង។
នៅក្នុងពេលដ៏ខ្លី ដែលនឹងត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្រ្តីនេះ លោកស្រីបានឆ្លៀតចេញបញ្ជាឱ្យអាជ្ញាធរថៃ សហការគ្នាជាមួយតុលាការរៀបចំដីកា ដើម្បីចុះឆែកឆេរទីតាំងមួយចំនួន ដែលជាផ្នែកមួយនៃយុទ្ធនាការកម្ចាត់អំពើឧក្រិដ្ឋកម្មឆបោកអនឡាញ និងឆ្លងដែន ដែលមានទ្រង់ទ្រាយធំ។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីព្យួរតំណែង លោកស្រី ផែថនថាន បានសច្ចានៅមុខក្រុមសមាជិកបក្ស ក្នុងកិច្ចប្រជុំគណបក្សភឿថៃ កាលពីថ្ងៃទី០៨ ខែកក្កដាថា លោកស្រីនឹងប្រយុទ្ធលុះក្ស័យ ដើម្បីរកយុត្តិធម៌ឱ្យបាន រឿងលោក ហ៊ុន សែន លួចថតសំឡេងសន្ទនាគ្នាជាឯកជន និងធ្វើឱ្យបែកធ្លាយជាសាធារណៈ ដែលធ្វើឱ្យលោកស្រីជួបគ្រោះផ្ទួនៗនោះ។
យ៉ាងណាមិញ បន្ទាប់ពី លោក កុក អាន ត្រូវលោកស្រី ផែថងថាន បានបកអាក្រាតហើយនេះ លោក ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅក្នុងថ្ងៃជាមួយគ្នានោះថា «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង»។
លោកបានលើកឡើងបែបសកគល់វិញថា៖ «លោកពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរថៃ ដែលបានបើកប្រតិបត្តិការជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែក ដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន»។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានចោទត្រឡប់ទៅភាគីថៃវិញថា មានការយឺតយ៉ាវក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅលើទឹកដីរបស់ខ្លួន ដែលបង្កជាបញ្ហាជាច្រើនដល់កម្ពុជា។
ក្នុងនោះ លោក ហ៊ុន សែន បាននិយាយផ្គើនឱ្យ លោក ថាក់ស៊ីន ផងដែរថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្សជិតស្និទ្ធជាមួយលោកនោះ តុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះលោក ថាក់ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយលោក រហូតមានបន្ទប់ដេកនៅផ្ទះរបស់លោក។
ទោះបីជា លោក ហ៊ុន សែន និយាយបែបនេះក្ដី ក៏របាយការណ៍របស់អង្គការអន្តរជាតិនានា បានរកឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោក មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលមានការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុងទម្រង់«ឯងជួយអញ អញជួយឯង»។
ទន្ទឹមគ្នានេះ កន្លងមក មានករណីរកឃើញ និងបង្ក្រាបបានទីតាំងឆបោកតាមអនឡាញ និងចាប់ជំរិតធំៗ ជាច្រើនទីតាំង រហូតដល់បណ្ដាប្រទេសមួយចំនួន ដូចជា ឥណ្ឌូនេស៊ី និងឥណ្ឌា បានចេញបំរាម ហាមមិនឱ្យពលរដ្ឋពួកគេធ្វើដំណើរ ឬរកការងារធ្វើនៅកម្ពុជាឡើយ។
ត្រឡប់មកខាង លោក ថាក់ស៊ីន វិញ ថ្លែងនៅក្នុងកម្មវិធីជួបជុំមួយ កាលពីថ្ងៃទី៩ ខែកក្កដា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយប្រកាសផ្ដាច់ទំនាក់ទំនងជាមួយលោក ហ៊ុន សែន និងចោទថា លោក ហ៊ុន សែន ជាមនុស្សទ្រុស្តមិត្ត គ្មានសច្ចភាព និងរៀបចំល្បិច ដើម្បីធ្វើបាបកូនស្រីលោក។
លោក ថាក់ស៊ីន ថ្លែងទៀតថា លោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា លោក ហ៊ុន សែន ដែលបានរាប់អានគ្នាជាមួយលោកជាង ៣០ឆ្នាំហើយនោះ បានធ្វើរឿងបែបនេះ មកលើគ្រួសារលោកនោះឡើយ។
យ៉ាងណាក៏ដោយចុះ នៅពីក្រោយអាថ៌កំបាំងពីទំនាក់ទំនង ការធ្វើសម្បទាននយោបាយ និងការប្រេះឆាគ្នារបស់គ្រួសារហ៊ុន និង ស៊ីណាវ៉ាត់ នេះគឺមានតែអភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត នោះទេ ដែលដឹងច្បាស់ពីរឿងទាំងនេះ ព្រោះលោកគឺជាអ្នកបកប្រែ និងសម្របសម្រួលប្រចាំត្រកូលមេដឹកនាំទាំងពីរនេះ។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់ វីអូឌី នៅថ្ងៃទី១០ ខែកក្កដាថា ករណីរឿងវិវាទព្រំដែនរបស់កម្ពុជានិងថៃនេះ មិនពិបាកដោះស្រាយនោះទេ ឱ្យតែកម្ពុជាប្រញាប់ដាក់ពាក្យបណ្ដឹងប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ និងលើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានថៃជាប្រទេសហត្ថលេខីបានទទួលស្គាល់ដែនអធិបតេយ្យនោះ ប្ដឹងទៅកាន់ប្រទេសបារាំង ដែលជាប្រទេសសហប្រធាន។
លោក អ៊ុំ សំអាន ថ្លែងថា៖ «យើងដឹងហើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ តម្រូវឱ្យលុបចោលសន្តិសញ្ញានាទស្សវត្សរ៍ទី៨០ ដែល លោក ហ៊ុន សែន ស៊ីញ៉េជាមួយវៀតណាម អ៊ីចឹងហើយបានលោក ហ៊ុន សែន មិនហ៊ានប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១នោះទេ។ បើប្ដឹងទៅខ្លាចសើរើដល់សន្ធិសញ្ញា នាទស្សវត្សរ៍ទី៨០ ដែលគាត់ស៊ីញ៉េជាមួយវៀតណាម ហើយសន្ធិសញ្ញានាទស្សវត្សរ៍ទី៨០ហ្នឹង ត្រូវបានលុបចោលដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
ងាកមករឿងបញ្ហាព្រំដែនវិញ អ្នកឃ្លាំមើលយល់ឃើញថា ទំនាស់បែបឯកជននៃគ្រួសារទាំងពីរនេះ គ្មានប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញបញ្ហានេះបានធ្វើឱ្យវិវាទរឿងព្រំដែន កាន់តែពិបាកដោះស្រាយជាងមុន ដោយសារអ្នកជាតិនិយមនៃប្រទេសទាំងពីរ បានទាញរឿងនេះ ចូលទៅក្នុងបញ្ហាវិវាទព្រំដែន។
ទាក់ទិននឹងបញ្ហានេះ គឺជាអ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ទំនាស់បុគ្គលរបស់គ្រួសារ លោក ហ៊ុន សែន និងគ្រួសារ លោក ថាក់ស៊ីន គឺជាចំណែកមួយ ដែលធ្វើឱ្យការដោះស្រាយវិវាទរឿងព្រំដែនជាប់គាំង ដោយសារតែអំណាចនយោបាយនៅក្នុងប្រទេសថៃ មានតុល្យភាព ដោយក្រុមយោធា និងបក្សប្រឆាំងថៃ សុទ្ធតែមានដែនអំណាចនៅក្នុងរឿងនេះ។
លោក សេង វណ្ណលី បន្តថា បញ្ហាជម្លោះព្រំដែននៃប្រទេសទាំងពីរ អាចដោះស្រាយទៅបាន លុះត្រាតែមេដឹកនាំថ្មីរបស់ថៃ មកពីគណបក្សផ្សេង ក្រៅពីកូតាគណបក្សភឿថៃ របស់លោក ថាក់ស៊ីន ហើយជាបេក្ខជនមិនស្ថិតក្រោមអំណាចក្រុមយោធា និងក្រុមជាតិនិយមអាវលឿង។
លោកថា៖ «ប៉ុន្តែក្នុងករណីមេដឹកនាំថៃ ដែលកើតចេញពីគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត ពេលនេះដែលគេគិតថា នៅពេលរំលាយសភា គណបក្សនេះ នឹងអាចជាប់ឆ្នោតខ្លួនឯងបាន នៅពេលនោះខ្ញុំគិតថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន និងគណបក្សប្រជាជនរបស់ថៃហ្នឹង អាចមានភាពល្អប្រសើរ ដោយសារតែគណបក្សហ្នឹង ជាក្រុមចម្រើននិយម ដោយចង់ឃើញប្រទេសទាំងពីរហ្នឹងស្មើភាពគ្នា ដោយឈរទៅលើមុខមាត់គ្នា ហើយគោលបំណងរបស់បក្សហ្នឹង គឺចង់ឃើញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចជាក្របខ័ណ្ឌពិភពលោកផងដែរ»។
យ៉ាងណាមិញ បើមើលពីជ្រុងម្ខាងទៀត ភាពបែកបាក់គ្នារវាងគ្រួសារត្រកូលហ៊ុន និងត្រកូល ស៊ីណាវ៉ាត់នេះ ក៏មានភាពវិជ្ជមានមួយចំនួនដែរ នោះគឺការហែកកេរ្តិ៍គ្នារបស់អតីតបងប្អូនធម៌ទាំងពីរ អំពីអាថ៌កំបាំងរឿងខុសច្បាប់ ដែលគ្រួសារទាំងពីរបានលាក់បាំង កាលពីនៅផ្អែមល្ហែមជាមួយគ្នាផងដែរ។
ជាក់ស្ដែង បន្ទាប់ពី លោកស្រី ផែថងថាន បានចាត់ការ លោក កុក អាន ដែលជាប្រភពលុយដុំរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ ប៉ូលីសប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ថៃ បានសម្របសម្រួលជាមួយប៉ូលិសអាំទែប៉ូល ដើម្បីស្នើសុំនិវេទន៍ក្រហមចាប់ខ្លួន លោក កុក អាន បញ្ជូនមកជំនុំជម្រះនៅតុលាការព្រហ្មទណ្ឌថៃ ដែលនេះគឺជាឱកាសល្អក្នុងការបោសសម្អាតមេឧក្រិដ្ឋជន ដែលជាមនុស្សនៅក្បែរលោក ហ៊ុន សែន ហើយដែលតុលាការកម្ពុជា គ្មានអំណាចដើម្បីចាត់ការ។
ម្យ៉ាងវិញទៀត ក្រៅតែពី លោក កុក អាន ជនបន្ទាប់អាចជា លោក លី យ៉ុងផាត់ ដែលថៃថាជាស្ដេចកោះកុង និងជាប្រភពលុយដុំម្នាក់ទៀតរបស់ លោក ហ៊ុន សែន ដែលគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដូចលោក កុក អាន ដែរ។ ក្នុងនោះ លោក ថាក់ស៊ីន កាលពីចុងឆ្នាំ២០២៤ បានបង្ហើបដែរថា មានខ្មែរសញ្ជាតិថៃម្នាក់ ជាមេឧក្រិដ្ឋជនឆបោកតាមអនឡាញ ហើយប្រសិនបើលោករកភស្ដុតាងឃើញ លោកនឹងដកសញ្ជាតិថៃ ពីបុគ្គលម្នាក់នោះ។
ទន្ទឹមគ្នានេះ អ្នកតាមដានមើលឃើញថា គ្រួសារមេដឹកនាំប្រទេសទាំងពីរ មានសន្លឹកបៀរធំរៀងខ្លួន ដោយភាគីថៃ មានករណីឃាតកម្ម លោក លិម គិមយ៉ា ខណៈគ្រួសារលោក ហ៊ុន សែន មានករណីបាត់ខ្លួនសកម្មជននយោបាយថៃ គឺលោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ។
ពួកគាត់បារម្ភថា ប្រសិនបើភាគីណាមួយទម្លាយរឿងនេះចេញមក វិវាទព្រំដែននឹងកាន់តែអូសបន្លាយរ៉ាំរ៉ៃ ដោយសារការសងសឹករវាងគ្រួសារទាំងពីរ។
ក៏ប៉ុន្តែ យុទ្ធសាស្ត្របកអាក្រាតគ្នានេះ ក៏នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការចរចារឿងព្រំដែនផងដែរ ប្រសិនបើគ្រួសារទាំងពីរ ដល់ផ្លូវទ័លរៀងខ្លួន ពិសេសជម្រើសនៃការបើកច្រកទ្វារព្រំដែនឱ្យមានភាពប្រក្រតីឡើងវិញ ដើម្បីស្តារទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងស្តារជីវភាពប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ក្រោយភាគីថៃប្រកាសបិទព្រំដែន ជាឯកតោភាគី ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
វិធាននេះ កម្ពុជាឆ្លើយតបវិញ ដោយបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ដែលធ្វើឱ្យពលរដ្ឋខ្មែរ និងថៃ រស់នៅព្រំដែន ត្អូញត្អែរពីបញ្ហាប្រឈមផ្នែកជីវភាព ដោយសារមិនអាចរកប្រាក់ចំណូលបាន៕









