ជនរង​គ្រោះជាង​​១២​ម៉ឺន​នាក់​ត្រូវ​បាន​គេ​ទម្លាយ​ថា​​ជាប់​ពាក់​​ព័ន្ធ​​នឹង​គ្រួសារ​ហ៊ុន

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស លោក សម រង្ស៊ី បាន​ទម្លាយ​ពី​ការ​រក​ឃើញ​ឧក្រិដ្ឋ​កម្ម​ឆបោក​ខ្នាត​អន្តរ​ជាតិ​នៅ​កម្ពុជា ដែល​មាន​ជន​រង​គ្រោះ​ជាង​ ១២​ម៉ឺន​នាក់ រួមទាំង​​កុមារ​​ផង ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដូច​ទាសករ​ប្រព្រឹត្តិ​អំពើ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ ជុំវិញ​ពិភព​លោក​ដើម្បី​យក​លុយ​ចិញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន។

នេះបើ​តាម​ការ​ទម្លាយ​របស់​ លោក សម រង្ស៊ី នៅលើ​ហ្វេស​ប៊ុក​នៅថ្ងៃទី​១១ ខែ​កក្កដា​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ លោក សម រង្ស៊ី ទម្លាយ​ថា មាន​មនុស្ស​ជាង​១២​ម៉ឺន​នាក់ ត្រូវ​បង្ខាំង​ទុក និង​បង្ខំ​ឱ្យ​ធ្វើការ​ដូច​ទាសករ​ ដោយ​គេចា​ក់​សោរ​ជាប់​នៅ​ក្នុង​បរិវេណ​អគារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី សំអាង​លើ​ការ​ស៊ើប​អង្កេត​របស់​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ Amnesty International ដែល​អង្គ​ការ​នេះ​ស្រាវ​ជ្រាវ​រយៈ​ពេល​១៨​ខែ លើ​អ្នក​មាន​ជីវិត​រួច​ពី​ការ​បង្ខាំង​ចំនួន​ ៥៨​នាក់ ក្នុង​នោះ​មាន​កុមារ​៩នាក់​ផង រក​ឃើញ​ថា អាគារ​ដូច​គុក​ចំនួន​ ៥៣​កន្លែង​នៅកម្ពុជា ត្រូវ​គេ​ទុក​ជា​កន្លែង​សម្រាប់​លាក់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ។

ប្រភព​នោះ​ថា ពួកគេរងការធ្វើទារុណកម្ម ឆក់​អគ្គិសនី វាយ​ដំ និង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដូច​ទាសករដើម្បី​បំរើ​ក្រុម​ឧក្រិដ្ឋ​​ជន​ម៉ាហ្វីយ៉ា​ចិន​​ បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ជុំវិញ​ពិភព​លោក។

ជាងនេះទៀ​ត ក្រៅពី​ប្រជាជន​ខ្មែរ ទាសករ​ទាំង​នោះ រួម​មាន ថៃ វៀត​ណាម ឥណ្ឌា ហ្វីលីពីន និង​មក​ពី​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ហើយ​បង្ខាំង​ទុក​នៅ​កម្ពុជា។

បន្ថែម​លើ​នេះ ពួកម៉ាហ្វីយ៉ាទាំ​ង​នោះ​បាន​បើក​កាស៊ីណូ លក់​ដី លក់​អចលន​ទ្រព្យ និង​បើក​ក្រុម​ហ៊ុន​ក្លែង​ក្លាយ​ទូទាំង​ប្រទេស​កម្ពុជា ពិសេស​នៅ​តាម​តំបន់​ជាប់​ព្រំដែន ទាំង​ថៃ​និង​ទាំង​វៀត​ណាម។

លោក សម រង្ស៊ី ថា ក្រុម​ហ៊ុន​ទាំង​នោះ ធ្វើ​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម នៅ​កម្ពុជា​ដោយ​គ្មាន​បញ្ហា​អ្វីឡើយ ដោយ​សារ​តែ​មាន​គ្រួសារ​ហ៊ុន​នៅ​ពីក្រោ​យ​ខ្នង។

លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ក្រុម​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ដែល​ធ្វើ​សកម្មភាព​នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ ពួក​គេ​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ រួច​យក​ទៅ​ចិញ្ចឹម​គ្រួសារ​ហ៊ុន និង​បក្ខ​ពួក។

ហេតុនេះហើ​យ លោក​ថា បាន​ជាអា​ជ្ញាធរ​ថៃ សម្រេច​កម្ទេច​សំបុក​ក្រុម​ម៉ាហ្វីយ៉ា​តាម​ព្រំដែន​កម្ពុជា​ថៃ​បាន​ធ្វើ​ឲ្យ​ លោក ហ៊ុន សែន ខឹង​ថៃ​និង​បាន​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ជម្លោះ​ព្រំដែន​កាន់​តែ​អាក្រក់ ​និ​ងកា​ន់​តែ​ធ្ងន់​ធ្ងរ។

នៅថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី ក៏​បាន​ចេញ​សេច​ក្តីថ្លែង​ការណ៍ ទាម​ទារ​ឲ្យ​តុលាការ​កម្ពុជា​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ លើ​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ។

ការស៊ើបអង្កេត​នេះ ដើម្បី​ធានា​ថា​ប្រព័​ន្ធ​ដឹកនាំរដ្ឋកម្ពុជា​ដើរ​តាម​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ ស្មើ​ភាព​គ្នាចំពោះ​មុខ​ច្បាប់ ជា​ជំនឿ​ចិត្ត​ដល់​ក្រុម​អ្នក​រក​ស៊ី​បរទេស លើ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​ជា​ផល​ចំណេញ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា។

យ៉ាងណា អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដោយចា​ត់​ទុក​ថា ជា​ការ​កេង​ចំណេញ​ផ្នែក​នយោ​បាយ។

លោក​ថា៖ «នេះជារឿងអត់បានការទេ ដែល​ក្រុម​ជ្រុល​និយម​តែង​តែ​ធ្វើ​រឿង ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទេ។អ៊ីចឹង​ហើយ​មិន​មាន​អី​ត្រូវ​ឆ្លើយ​តប​និយាយ​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំង​អស់​ហ្នឹង​ទេ។ វាអត់​មាន​បាន​ការ គ្មា​ន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​ទេ ព្រោះ​ពួក​នេះ​គឺ​ធ្វើ​អី​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​នយោបាយទុ​ច្ចរិត​របស់​ខ្លួន តែប៉ុណ្ណឹង​ គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​ទេ»។

ថ្មីៗនេះ ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា ដែល​គេស្គា​ល់​ថា​ជា​មនុស្ស​ជំនិត​របស់ លោក ហ៊ុន សែន ត្រូវ​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ក្នុង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​ការ​លាង​លុយ​កខ្វក់។

ឧកញ៉ា កុក អាន គឺជាម្ចាស់ក្រុម​ហ៊ុន អានកូ (ANCO GROUP) និង​មាន​កាស៊ីណូ​ជា​​ច្រើនកន្លែង ដូច​ជា នៅ​ក្រុង​ប៉ោយ​ប៉ែត ជ្រៃធំ និង​ក្រុង​បាវិត ជាដើម ដែល​ទីតាំង​ទាំង​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា នៅ​បន្ត​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​មាន​អំពើ​ឆបោក​តាម​អន​ឡាញ​ជាដើម។

ប្រធាន​អង្គការ​ប្រជា​ធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា ជំរុញ​ឱ្យ​មេដឹក​នាំ​កម្ពុជា​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព និ​ងវះ​កាត់​ពួក​ឧក្រិដ្ឋ​ជន​ដែល​ស្និទ្ធ​នឹង​ខ្លួន ដើម្បី​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​នេះ និង​ស្តារ​មុខ​មាត់​ជាតិ។

លោកថា៖ «បើមេដឹកនាំប្រទេសចង់​រួច​ផុត​​អំពី​ការ​ចោទ​ប្រកាន់​ហ្នឹង ទាល់​តែ​កុំ​ការ​ពារ​ពួក​ឧក្រិដ្ឋ​ជន​ទាំង​អស់​ហ្នឹង​ទោះ​បី​អ្នក​ហ្នឹង​មាន​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ធ្វើកា​រ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​ទាំង​អស់​ហ្នឹង ដើម្បី​ធ្វើ​ការ​ផ្តន្ទា​ទោស​ជន​ហ្នឹង​ទៅ​តាម​ច្បាប់​ជាតិ​ ដែល​មាន​ស្រាប់​ផង​ហើយ​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ​ ដើម្បី​ចៀស​ផុត​អំពី​ការ​ចោទ​ប្រកាន់​ការ​លាប​ពណ៌​រិះ​គន់​ពី​សហគម​ន៍​អន្តរ​ជាតិ»។

របាយការណ៍របស់វិទ្យាស្ថាន Humanity Research Consultancy ចេញ​ផ្សាយ​នៅ​ខែឧ​សភា ​ឆ្នាំ​២០២៥ រក​ឃើញ​ថា បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​កម្ពុជា​កាន់​តែ​រីក​ធំ​ឡើង ពិសេស​នៅ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិ​បាល ដែល​មាន​អ្នក​ធ្វើការ​ក្នុង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ជាង​ ១៥​ម៉ឺន​នាក់។

ប្រភពនោះ រកឃើញថា ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា កុក អាន និង​ឧកញ៉ា ទ្រី ភាព ជាដើម​ ដែល​ជួយ​រក​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មា​ន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួយ​ការ​ពារ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ទាំង​នេះ​ដែរ។

បើតាមរបាយការណ៍ដដែល ក្រៅពីការបើកដៃ​ឱ្យ​ឧក្រិដ្ឋ​ជន គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​តួនា​ទី​ជា​អ្នក​ការ​ពារ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​បរទេស នៅ​ក្នុង​ប្រទេស​​កម្ពុជា ជា​ថ្នូរ​បាន​លុយ​ពី​ឧក្រិដ្ឋ​កម្ម​ល្បែង​អន​ឡាញ និង​អំពើ​ឆបោក ក្នុង​​ទំហំ​ទឹក​ប្រាក់​ចន្លោះ​​ពី​ជាង ១២​ពាន់​លាន​ដុល្លារ ទៅ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ