សមាជិករដ្ឋសភាទាំង ១២៥រូប នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការដកសញ្ជាតិខ្មែរពីកំណើត ពីពលរដ្ឋខ្មែរទាំងឡាយណា ដែលត្រូវបានចោទថាបានរួមដៃជាមួយបរទេសមកបំផ្លាញខ្មែរ។
រដ្ឋសភាកម្ពុជា បានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ អង្គរដ្ឋសភា បានពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដោយសំឡេងគាំទ្រ ១២៥ លើ១២៥សំឡេង។
ប្រភពដដែលបន្តថា សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានពីរមាត្រា។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគំាពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទំាងការដកសញ្ជាតិខ្មែរ ត្រូវបានកំណត់ក្នុងច្បាប់»។
បើតាមរដ្ឋសភា ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរដោយគប់គិតជាមួយបរទេស។
ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
សម្រាប់រដ្ឋសភា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ ព្រោះកាលពីសម័យមុន ក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។
ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង ១៥០ នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។
រដ្ឋសភា ក៏បានលើកឡើងពីលិខិតរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ អាចធ្វើទៅបាន ដោយមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ។
តែយ៉ាងណា សម្រាប់ គណបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គម យល់ថា កម្ពុជាមិនមានភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឡើយ ហើយបានចាត់ទុកបំណងស្នើសុំរុះរើមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនេះ ថាជាអំពើប្រហាររដ្ឋធម្មនុញ្ញ និងជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ។
លើសពីនេះ ពួកគេថា ការធ្វើវិសោធនកម្មមាត្រា៣៣នេះ ជាការបំពានរដ្ឋធម្មនុញ្ញកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាតិជាតិទៀតផង ខណៈកម្ពុជា បានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅឆ្នាំ១៩៩២។ ដូច្នេះការធ្វើ និងអនុម័តច្បាប់របស់កម្ពុជា មិនគ្រាន់តែអនុលោមតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺជា«ការរំលោភបំពានលើមាត្រា ១២ វាក្យខ័ណ្ឌទី៤ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦» ដែលកម្ពុជាបានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៩២។
មាត្រា១២ វាក្យខ័ណ្ឌទី៤ ចែងថា «គ្មានជនណាម្នាក់ត្រូវបានដកហូតសិទ្ធិចេញចូលប្រទេសកំណើតខ្លួនតាមទំនើងចិត្តឡើយ» ដូចនេះ ការដកហូតសញ្ជាតិកំណើតនេះ មិនត្រឹមតែរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ស្តីពី សិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវារឹតតែធ្វើឱ្យសង្គមខ្មែរបែកបាក់គ្មានទីបញ្ចប់៕









