នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយចំនួន ក្នុងច្បាប់កាតព្វកិច្ចយោធា និងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ទៅ ដែលករណីនេះនឹងធ្វើឱ្យពលរដ្ឋខ្មែរអាយុចាប់ពី១៨ឆ្នាំ ទៅ៣០ឆ្នាំ ត្រូវជាប់កាពត្វកិច្ចយោធារយៈពេល១៨ខែ ឬ២៤ខែ នៅពេលដែលច្បាប់នោះធ្វើវិសោធនកម្មរួច និងដាក់ឱ្យប្រើប្រាស់។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកបានឱ្យជាគោលការណ៍ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់ចំនួន២ ក្នុងនោះមានច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ និងច្បាប់សោធននិវត្តន៍ដែលបង្កើនអាយុចូលនិវត្តន៍របស់យោធា។
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់កាពត្វកិច្ចយោធា ដែលចេញកាលពីឆ្នាំ២០០៦ ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខនេះ តម្រូវឱ្យមានការកែសម្រួលមាត្រាមួយចំនួន ដូចជា នៅចំណុចដែលពលរដ្ឋត្រូវអនុវត្តកាតព្វកិច្ចយោធា រយៈពេល១៨ខែ ដោយលោកផ្តល់យោបល់ឱ្យកែសម្រួលទៅ ២៤ខែ ឬ២ឆ្នាំវិញ ដោយសារតែពេល ១៨ខែនេះ មានរយៈពេលខ្លីពេកសម្រាប់ការហ្វឺកហ្វឺនអាចធ្វើបានតិចតួច ខណៈនៅមាននីតិវិធីផ្សេងៗទៀត រួមទាំងការចល័តផងដែរ។
ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះ បានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុ១៨ ដល់ ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញកាតព្វកិ្ចចនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។ ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិពីរ ហើយដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធានៅកម្ពុជា។
បើតាម លោក ហ៊ុន ម៉ាណែត ការអនុវត្តច្បាប់នេះ គឺមានសារសំខាន់សម្រាប់កម្ពុជា ក្នុងការបង្កើនបរិមាណសាច់ទ័ព និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ដែលនឹងធ្វើឱ្យកម្ពុជា មិនខ្វះកូនទាហាននៅពេលមានភាពចាំបាច់ និងទៅអនាគត៕









