លោក ហ៊ុន សែន រងការចោទ​ថាបា​ន​គំរាម​វ៉ៃ​ខ្នោះ​សមាជិក​​ព្រឹទ្ធ​​សភា​​ពី​បក្ស​ប្រឆាំង

ប្រធានព្រឹទ្ធ​សភា លោក ហ៊ុន សែន ត្រូវ​បាន​គេរា​យ​ការ​ណ៍​ថា បាន​គំរាម​វ៉ៃ​ខ្នោះ សមាជិក​ព្រឹទ្ធ​សភា​កូតា​ពី​គណបក្ស​ប្រឆាំង លោក គង់ មុនីកា និង​លោក សេង ម៉ារ៉ាឌី ជុំវិញ​ការ​បារម្ភ ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ដែល​​រង​ការ​រិះ​គន់។

កាសែត​ក្នុង​ស្រុក​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ថា ការ​គំរាម​នេះ​ធ្វើ​ឡើ​ង​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធ​សភា ស្តីពី​កា​រ​ផ្តល់​យោ​បល់​​​​លើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ នា​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ ដោយ លោក ហ៊ុន សែន បាន​គំរាម​វ៉ៃ​​ខ្នោះ​សមាជិក​ព្រឹ​ទ្ធ​​ស​ភា លោក គង់ មុនីកា និង​លោក សេង ម៉ារ៉ាឌី មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ។

បើ​តាមការចុះផ្សាយ ការដែល លោក ហ៊ុន សែន គំរាម​នេះ សំដៅ​ដល់​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​នេះ​​កន្លង​ទៅ និង​គំរាម​ដក​អភ័យ​ឯក​សិទ្ធិ​ទៀត​ផង។

យ៉ា​ងណា អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ធិរិទ្ធ បាន​បដិសេធ​ថា លោក ហ៊ុន សែន មិន​បាន​និ​យាយ​​​ពីការ​វាយ​ខ្លោះ​ទេ តែ​បាន​និយាយ​ទូទៅ​ចំពោះ​វិធានការ​លើ​អ្នក​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​ទង្វើ​ក្បត់​ជា​​តិ​នេះ។

លោកថា៖ «អ្វីដែលលោកបានលើកឡើងនោះ គឺសំដៅ​ដល់​បុគ្គល​មួយ​ក្រុម​តូច​ដែល​នាំ​គ្នា​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធន​​កម្ម​ធម្មនុញ្ញ ពាក់​ព័ន្ធ​នឹង​ការ​ដក​សញ្ជាតិ ដែល​ពួក​គេ​ខ្លាច​នាំ​គ្នា​វាយ​ប្រហារ​ទៅ​លើ​វិសោធន​កម្ម​នោះ។ ម្លោះ​​ហើយ​សម្តេច​​តេជោ លោក​ចង់​សំដៅ​ថា ប្រសិន​បើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​ក្បត់​ជាតិ អីចឹង​​​វាអត់មា​ន​អី​ត្រូវ​ប៉ះ​ពាល់​ទេ វា​អត់​មាន​​អី​ត្រូវ​ដក​ទេ។ ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិ​ញ បើ​បុគ្គល​ណា ដែល​ក្បត់​នឹង​ប្រ​ទេ​ស​ជាតិ​ខ្លួន​ទៅ​ចូល​ដៃ​ជាមួយ​បរទេស​មក​បំផ្លាញ​ជាតិ​ខ្លួន នោះ​សម​ល្មម​នឹង​ការ​ដក​សញ្ជាតិ​ចេញ​ហើយ ហើយ​​កា​រ​លើក​ឡើង​នោះ​ មិ​នចំ​ពោះ​តែ​ លោក គង់ មុនីកា និង សេង ម៉ារ៉ាឌី អី​ទេ​គឺ​សំដៅ​ទូទៅ ហើយ​មិន​មែន​ជា​ការ​គំរា​មទៀ​ត​សោធ​​​គឺ​ជា​ការ​ពន្យល់។ នរណា​ក៏​ដោយ​ប្រសិន​បើ​ក្បត់​ជាតិ​ខ្លួន​ហើយ បើ​នៅ​ក្នុង​ប្រទេស​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ពេល​ដែល​ច្បាប់​សញ្ជាតិ​​មាន ត្រូវ​ដាក់​ទោស​ពួក​គាត់»។

យ៉ាងណា កាលពីថ្ងៃទី៥ ខែកក្កដា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ស​ម្តែ​ង​​កា​រ​ព្រួយ​បារម្ភ និង​មិន​គាំទ្រ​ចំពោះកា​រ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា។  

លិ​ខិតនោះ បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ យល់​ឃើញ​ថា ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​នេះ គឺ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​ផ្ទុយ​ពី​ស្មារតី​ដើម​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ១​៩៩៣ ក៏​ដូច​ជា​ផ្ទុយ​ពីកា​តព្វ​កិច្ច​ជា​អន្តរ​ជាតិ​ទាំង​ឡាយ ដែល​កម្ពុជា​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន រួម​មាន សេច​ក្តី​ប្រកាស​​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា ស្តីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោ​បាយ ដែល​ធានា​ថា គ្មាន​នរណា​ម្នាក់នឹ​ង​ត្រូវ​ដក​ហូត​សញ្ជាតិ​តាម​អំពើ​ចិត្ត​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ