អស់រយៈពេលជិតបីឆ្នាំមកហើយ ដែលប្រជាពលរដ្ឋនៅក្រុងបាត់ដំបង និងតាមបណ្ដាផ្លូវក្រវាត់ក្រុង លែងបានជិះលើផ្លូវកៅស៊ូរលោងស្អាត ក្រោយរដ្ឋបាលខេត្តបើកការដ្ឋានស្ដារហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូក្រោមដី ដែលពួកគាត់យល់ឃើញថាគ្មានស្តង់ដារ និងមិនស៊ីសង្វាក់គ្នា។
ពលរដ្ឋនៅក្រុងបាត់ដំបង កញ្ញា សា ឌីណា ប្រាប់វីអូឌី នៅថ្ងៃទី១១ ខែកក្កដាថា ជង្ហុកធំៗលើផ្លូវក្នុងក្រុង បានធ្វើឱ្យសាច់ញាតិកញ្ញាជួបគ្រោះថ្នាក់របួសធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់មើលមិនឃើញ។ ក្រៅពីគ្រោះថ្នាក់ កញ្ញាបន្តថា បញ្ហាផ្លូវខូចនេះ បានធ្វើឱ្យភ្ញៀវទេសចរខកចិត្ត លែងចង់ធ្វើដំណើរកម្សាន្ត បណ្ដាលឱ្យក្រុងស៊ីវិល័យមួយនេះ ស្ទើរតែប្រែជាទីក្រុងស្ងប់ស្ងាត់ទៅវិញ។
កញ្ញាថា៖ «ផ្លូវគឺពិបាកធ្វើដំណើរខ្លាំង អ៊ីចឹងវាប៉ះពាល់ដល់មុខមាត់ខេត្ត ហើយក៏ប៉ះពាល់ដល់កិត្តិយស(ខេត្ត)ខ្លះដែរ ដោយសារភ្ញៀវទេសចរមក គឺគេរំពឹងថាផ្លូវហ្នឹងស្អាត និយាយទៅហេដ្ឋារចនាសម្ព័ន្ធស្អាត ក៏ប៉ុន្តែពេលមកគឺពិបាកផ្លូវធ្វើដំណើរ»។
មិនខុសពី កញ្ញា សា ឌីណា ពលរដ្ឋក្នុងក្រុងបាត់ដំបងផ្សេងទៀត ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ បានបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម លើកឡើងពីទុក្ខលំបាកក្នុងពេលធ្វើដំណើរ ពិសេសសិស្សសាលាដែលតែងជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញយ។
ពលរដ្ឋខ្លះ បង្ហោះសារបែបឌឺដងទៅកាន់រដ្ឋបាលខេត្ត ដែលចូលចិត្តផ្សព្វផ្សាយរូបភាពស្អាតៗ នៅតាមសួនសាធារណៈ ពិសេសសួនវិមានឯករាជ្យ ខណៈបើគេចេញពីសួននោះប្រហែល ២០០ម៉ែត្រ គេនឹងឃើញជង្ហុកតូចធំ ដូចរន្ធបាយខុំនៅលើផ្លូវ មានទឹកដក់ភក់ជ្រាំនៅរដូវវស្សា និងមានហុយដីទ្រលោមនៅរដូវប្រាំង។
ពលរដ្ឋមួយរូបទៀត គឺលោក សុង រក្សា លើកឡើងថា បញ្ហាផ្លូវថ្នល់នៅខេត្តបាត់ដំបង បានក្លាយជាដំបៅក្នុងចិត្តសម្រាប់ពលរដ្ឋយូរឆ្នាំមកហើយ ដោយរដ្ឋបាលខេត្តជួសជុលផ្លូវ តែពេលមានពលរដ្ឋរិះគន់ ឬតាមការនឹកឃើញ ខណៈជួសជុលទើបបានមួយខែ ផ្លូវទាំងនោះក៏វិលទៅរកសភាពអួរអាប់វិញ ដែលធ្វើឱ្យខាតបង់ថវិកាជាតិមិនស្ទើរឡើយ។
ពលរដ្ឋរូបនេះ សង្ស័យថា គម្រោងដេញថ្លៃធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត មានបង្កប់អំពើពុករលួយធ្ងន់ធ្ងរ ពិសេសក្រោយ លោក សុខ លូ ឡើងកាន់តំណែងជាអភិបាលខេត្ត ដោយធ្លាប់មានការលេចធ្លាយថាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានធ្លាក់ក្នុងដៃក្មួយរបស់លោក។
លោក សុង រក្សា និយាយថា៖ «លុយក្នុងការអភិវឌ្ឍហ្នឹងមិនខ្វះទេ ទាំងថវិកាជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី និងជំនួយផ្សេងៗទៀត។ ប៉ុន្តែអ្វីដែលសំខាន់ហ្នឹង គឺបច្ចេកទេសនៃការធ្វើផ្លូវម្ដងៗហ្នឹង វាហាក់ដូចជានៅមានកម្រិត ហើយហាក់ដូចជាមានបង្កប់អំពើពុករលួយទៀត។ ដូចផ្លូវនៅក្នុងក្រុងបាត់ដំបងចឹង កាយលូកាយអីរាប់ខែរាប់ឆ្នាំ លិចផ្ទះប្រជាពលរដ្ឋ លិចដល់កហើយ រាល់តែខែ រាល់តែវស្សាអ៊ីចឹង ហើយធ្វើមិនចេះហើយទេ។ ដល់ពេលធ្វើគម្រោងហ្នឹងទុកចោលរាប់ខែអីទៅ នឹកឃើញទៅបានមកធ្វើតទៅ។ ធ្វើអានេះមួយដុប នោះមួយដុប»។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្ដល់កម្ចីទឹកប្រាក់ ជាង៥០លានដុល្លារ ដល់ខេត្តបាត់ដំបង លើគម្រោងស្ដារប្រព័ន្ធលូក្រោមដី និងធ្វើច្រាំងស្ទឹងសង្កែ ដែលបានសិក្សាកាលពី១០ឆ្នាំមុន។ តាមការប៉ាន់ស្មានប៉ែកខាងលិចស្ទឹងសង្កែ អាចបញ្ចប់នៅចុងឆ្នាំ២០២៥ ដោយសារភាពស្មុគស្មាញនៃរចនាសម្ព័ន្ធលូក្រោមដីសល់ពីសម័យអាណានិគមបារាំង។
ភាពយឺតយ៉ាវនៃគម្រោងស្ដារប្រព័ន្ធលូរបស់ ADB បានក្លាយជាលេសរបស់រដ្ឋបាលខេត្ត ប្រៀបបានកន្ទេលធំបន្លំដេក ដែលតែងប្រាប់ពលរដ្ឋថា ទាល់តែបញ្ចប់គម្រោងស្ដារប្រព័ន្ធលូ ទើបអាចស្ថាបនាផ្លូវបាន ខណៈផ្លូវមួយចំនួនដែលរងការខូចខាត គឺមិនស្ថិតក្នុងគម្រោងរបស់ ADB ឡើយ ដូចជាកំណាត់ខាងលិចនៃផ្លូវទាចំរ៉ាត់ ផ្លូវក្បែរសាលាហ្វារពន្លឺសិល្បៈ ផ្លូវសាលាកុលបុត្រ នៅភូមិអូរតាគាំ និងម្ដុំវត្តទួលតាឯកជាដើម។
ក្នុងគម្រោង ADB បានបញ្ជាក់ថានឹងស្ថាបនាផ្លូវឡើងវិញ តែទៅលើកន្លែងណាដែលគេបានគាស់ផ្លូវដាក់លូតែប៉ុណ្ណោះ ដូចជានៅម្ខាងផ្លូវ ឬកណ្ដាលទ្រូងផ្លូវ ចំណែកកន្លែងនៅសេសសល់ គឺជាភារកិច្ចរបស់រដ្ឋបាលខេត្ត។
វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងប្រធានមន្ទីរសាធារណការ លោក ព្រួញ រិទ្ធថា ជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១១ ខែកក្កដា។
តែបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកក្កដា បានបំភ្លឺថា គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅត្រើយខាងកើតស្ទឹង បានអនុវត្តបញ្ចប់១០០ភាគរយហើយ ខណៈគម្រោងខាងលិចស្ទឹង ដែលហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ខេត្តកំពុងអនុវត្តបាន ៧៦ភាគរយ។
គម្រោងនេះ កំពុងដំណើរនៅក្នុងសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងឃុំអូរតាគី ស្រុកថ្មគោល ដែលគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
លិខិតដដែលបន្តថា ក្នុងអំឡុងពេលអនុវត្តគម្រោងបានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ចំនួន ៥២ខ្សែ ក្នុងនោះបានធ្វើការជួសជុលផ្លូវឡើងវិញរួចរាល់ចំនួន ២២ខ្សែ។ រដ្ឋបាលខេត្តបន្ថែមថា នៅក្នុងរដូវវស្សានេះ រដ្ឋបាលខេត្ត បានស្នើឱ្យក្រុមហ៊ុន កៀរកិនបង្ហាប់ និងជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។
យ៉ាងនេះក្ដី ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង សំណូមពរឱ្យរដ្ឋបាលខេត្ត និងមន្ទីរសាធារណការ លះបង់អំពើពុករលួយ ហើយងាកមកផ្ដល់ផ្លូវដែលមានគុណភាពយូរអង្វែង និងរៀបចំក្រុងចំណាស់មួយនេះឡើងវិញឱ្យមានស្តង់ដារ សក្តិសមនឹងតំណែងជាទីក្រុងស្អាត រំដួលបីទង និងជាទីក្រុងវៃឆ្លាតនៅពេលអនាគត៕









