ប្រធានគណបក្សដើម្បីកម្ពុជា និងសាច់ញាតិរបស់ជនសង្ស័យ ចាត់ទុកការចាប់ខ្លួន អ្នកស្រី អ៊ុក យីម ដោយនគរបាលខេត្តព្រះវិហារថា ជាចេតនាគំរាមកំហែងខាងនយោបាយ ខណៈលោក ហ៊ុន សែន ធ្លាប់អំពាវនាវឱ្យមានសំឡេងរួមគ្នាតែមួយសម្រាប់ជាតិ និងមាតុភូមិ ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយភាគីថៃ។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃទី១៤ ខែកក្កដានេះថា ការប្រើប្រាស់ភាសាដោយព្យាយាមទាញហេតុផលភ្ជាប់ទៅនឹងជម្លោះដីធ្លីនោះ វាគ្រាន់តែជាលេសប៉ុណ្ណោះ របស់សមត្ថកិច្ច និងតុលាការខេត្តព្រះវិហារ។
លោកបន្តថា តាមពិតទៅនេះ គឺជារឿងនយោបាយសុទ្ធសាធ ហើយការចោទប្រកាន់ ដោយព្យាយាមទាញអង្គហេតុ ចូលករណីទំនាស់ដីធ្លីនេះ គឺដើម្បីងាយស្រួលបើកផ្លូវឱ្យតុលាការ ចាត់វិធានការប្រឆាំងលើជនសង្ស័យ ដែលជាភ្នាក់ងារគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល។
លើសពីនេះទៀត ការទាញភ្ជាប់ជនសង្ស័យក្នុងវិវាទដីធ្លីនេះ វាគ្រាន់តែជាហេតុផលដើម្បីងាយស្រួលចាត់ការឱ្យបានសមរម្យជាងហេតុផលផ្សេងទៀតប៉ុណ្ណោះ។
លោកថា៖ «វាជាការគំរាមកំហែងខាងផ្នែកនយោបាយធ្ងន់ធ្ងរណាស់ សម្រាប់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំរបស់គណបក្សដើម្បីកម្ពុជា តាមរយៈប្រព័ន្ធតុលាការហ្នឹង ហើយខ្ញុំនឹងប្រើមធ្យោបាយស្របច្បាប់គ្រប់មធ្យោបាយ ដើម្បីជួយសមាជិកសមាជិការរបស់គណបក្ស ឱ្យមានសេរីភាពឡើងវិញ។ លោក អ៊ុក ម៉ៅ គាត់នៅស្ទឹងត្រែង ត្រូវព្រះរាជអាជ្ញាចោទដែរ»។
ជុំវិញរឿងសំណុំរឿងនេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្រី អ៊ុក យីម និងលោក ហៀ ហាក់ស៊ីង ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួន បន្ទាប់ពីលោក ផេង កុសល ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារ ចេញដីកាឱ្យចូលខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
អ្នកស្រី អ៊ុក យីម និងលោក ហៀ ហាក់ស៊ីង ដែលត្រូវជាម្តាយ និងកូន ត្រូវបានគេដឹងថាគឺជាមន្រ្តីគណបក្សដើម្បីកម្ពុជា។ តាមរយៈលិខិត២ច្បាប់ ដាច់ដោយឡែកពីគ្នា ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទទួលបាននៅថ្ងៃនេះ បង្ហាញថា លោក ហៀ ហាក់ស៊ីង ត្រូវបានតែងតាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាប្រធានគណបក្សដើម្បីកម្ពុជា ប្រចាំខេត្តព្រះវិហារ ខណៈអ្នកស្រី អ៊ុក យីម ដែលត្រូវជាម្តាយរបស់លោក ហៀ ហាក់ស៊ីង ត្រូវបានគណបក្សផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានគណបក្សប្រចាំសង្កាត់ប៉ាលហាល។
ទាក់ទិនករណីនេះ កូនស្រីពៅអ្នកស្រី អ៊ុក យីម ឈ្មោះ សីម ដានិច អះអាងថា បើការឃុំខ្លួនម្តាយរបស់នាង ព្រោះតែមានទំនាស់រឿងដីធ្លី គឺមិនអាចទៅរួចទេ ព្រោះដីលំនៅដ្ឋាននេះ គ្រួសាររបស់គាត់រស់នៅ និងអាស្រ័យផល តាំងពីរូបគេមិនទាន់ចាប់កំណើតមកម៉្លេះ។ ពេលធំដឹងក្តីឡើង ឃើញផ្ទះ និងដីនេះ រួចទៅហើយ។
ប្រភពបន្តថា វាជារឿងអយុត្តិធម៌ ដែលចាប់មនុស្សស្ថិតក្រោមហេតុផលមិនច្បាស់។ ណាមួយ រឿងក្តីនេះ វាប្រាកដណាស់ អាចទាក់ទងករណីនយោបាយច្រើនជាង ព្រោះអស់ពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេរស់នៅដោយសុខសាន្ត ប៉ុន្តែក្រោយពេលគ្រួសាររបស់ខ្លួន ចូលធ្វើនយោបាយ ក៏ត្រូវមានបណ្តឹងមិនសមហេតុផលបែបនេះទៅវិញ។
អ្នកស្រីថា៖ «បើខ្ញុំកើតមកនៅឃុំប៉ាលហាលហ្នឹងម៉ងស្រេច គាត់ពីឆ្នាំណាខ្ញុំអត់ដឹងទេ តែដឹងនៅពេលខ្ញុំកើតមកនៅហ្នឹង។ ខ្ញុំមានតែម្រាមដៃ១០ ស្នើឱ្យប្រធាន និងក្រសួងជួយខ្ញុំផង ទាមទារយុត្តិធម៌ឱ្យម៉ែខ្ញុំផង»។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញរឿងនេះ ពីស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា និងអ្នកនាំពាក្យស្ថាប័នអយ្យការ លោក ថុល គឹមហុង បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
បើទោះជាបែបណា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រះវិហារ ដែលចេញចំថ្ងៃតែមួយនៃការចាប់ខ្លួនអ្នកទាំងពីរ បង្ហាញថា ការអនុវត្តនីតិវិធីនេះ ធ្វើឡើងតាមម្ចាស់ដើមបណ្តឹងឈ្មោះ មួន វើក និងប្រពន្ធឈ្មោះ លាន ប៊ីណា។
បន្ថែមពីលើនេះ ផ្អែកលើការយកចម្លើយ ទាំងម្ចាស់បណ្តឹង សាក្សី និងអាជ្ញាធរ សុទ្ធតែបានផ្តល់សក្ខីកម្មដូចៗគ្នាថា ជនសង្ស័យពិតជាបានចូលទៅកាន់កាប់លើដីរបស់ដើមចោទ ហើយថែមទាំងបានគំរាមកំហែងថានឹងសម្លាប់ដោយប្រើកាំបិតខ្វែវទៅលើម្ចាស់អចលនទ្រព្យទៀតផង។
ជុំវិញរឿងនេះ ប្រធានគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ លើកឡើងថា តាមពិតករណីនេះ វាគឺជាចេតនានយោបាយ ពោលវាមិនមែនអង្គហេតុក្រោមហេតុផលទំនាស់ដីធ្លីនោះទេ។
លោកបន្តថា ករណីនេះ វាហាក់ជារឿងចៃដន្យ ទាំងលោក អ៊ុក ម៉ៅ ដែលត្រូវជាប្អូនបង្កើតរបស់អ្នកស្រី អ៊ុក យីម និងលោក ហៀ ហាក់ស៊ីង ពួកគេសុទ្ធតែត្រូវចាប់ខ្លួន ក្រោយពេលសម្រេចចូលរួមសកម្មភាពជាមួយគណបក្សដើម្បីកម្ពុជា។ ហើយបទចោទ ត្រូវបានគេបង្កើតឡើង ដោយគ្មានហេតុផលសមរម្យពីមួយទៅមួយ។ ការធ្វើដូចនេះ លោកចាត់ទុកថា ប្រយោជន៍ដើម្បីបិទសំឡេងអ្នកជំទាស់។
ចំណែក ឯកូនស្រីអ្នកស្រី អ៊ុក យីម គឺឈ្មោះ សីម ដានិត អះអាងថា រឿងក្តីម្តាយរបស់ខ្លួននេះ មានសាក្សីជាច្រើន បានស្ម័គ្រចិត្តផ្តល់សក្ខីកម្មឱ្យតុលាការថា ករណីនេះមិនមានអំពើហិង្សា និងមានប្រវត្តិជម្លោះដីធ្លី ជាមួយដើមបណ្តឹងនោះឡើយ។ ប៉ុន្តែបញ្ហានេះ ត្រូវបានតុលាការខេត្តព្រះវិហារ ច្រានចោល និងគ្មានការឆ្លើយតបអ្វីទាំងអស់៕









