មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ឱ្យដឹងថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានស្នើដល់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លុបចោលសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដែលបានផ្តន្ទាទោស លោក ជា ចាន់ថា ថ្នាក់ដឹកនាំតំបន់នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ខេត្តស្វាយរៀង ឱ្យជាប់ពន្ធនាគារ។
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចផ្តន្ទាទោស លោក ជា ចាន់ថា ដាក់ពន្ធនាគាររយៈពេល ១៨ខែ ពីបទ ឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌ។ លោក ជា ចាន់ថា ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ចាប់ខ្លួន និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលលោកចុះទៅផ្សព្វផ្សាយព័ត៌មានពីប័ណ្ណ ប.ស.ស ដល់អាជីវករ។
ក្រោយការប្រកាសសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង លោក ជា ចាន់ថា បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងខេត្ត ហើយសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គាត់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានតាមដានរឿងនេះ បានឱ្យដឹងថា ក្នុងអំឡុងពេលសវនាការនាព្រឹកនេះ អគ្គព្រះរាជអាជ្ញា បានស្នើសុំដល់ប្រធានចៅក្រមជំនុំជម្រះ លុបចោលសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដែលផ្តន្ទាទោស លោក ជា ចាន់ថា ខណៈលោក ជា ចាន់ថា ក៏បានស្នើទាំងភ្នែកទៅកាន់តុលាការឱ្យទម្លាក់ចោលបទចោទទៅលើរូបគាត់ដែរ។
លោកថា៖ «មួយព្រឹកនេះ គឺជាចំណុចល្អមួយ ដែលខ្ញុំមិនដែលជួបប្រទះទេ ដោយសារលោកព្រះរាជអាជ្ញា បានស្នើសុំឱ្យលុបសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងចោល ដោយសារសំអាងថា លោក ជា ចាន់ថា គាត់ធ្វើសកម្មភាពតែសមាគមIDEA របស់គាត់ទេ អត់ពាក់ព័ន្ធទៅនឹង បសស នោះទេ។ ទី២ អ្វីដែលជាការចោទប្រកាន់មកគាត់នេះ គឺថា មកដល់ពេលនេះ គឺលោក ជា ចាន់ថា អត់មានអ្នកណាប្តឹងគាត់ទេ ប្រជាពលរដ្ឋគាត់អត់ គាត់អត់មានទៅបោកអ្នកណាទេ ការចោទប្រកាន់ គឺជាការភាន់ច្រឡំរបស់សាលាដំបូងខេត្តស្វាយរៀង ដូច្នេះខាងព្រះរាជអាជ្ញា គាត់ស្នើសុំឱ្យលុបចោលនូវសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង»។
ក្នុងនាមសង្គមស៊ីវិល លោក យី សុខសាន្ត សង្ឃឹមថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងពិចារណាទៅលើការស្នើរបស់អគ្គព្រះរាជអាជ្ញា ក៏ដូចជាការស្នើរបស់មេធាវីការពារសិទ្ធិឱ្យ លោក ជា ចាន់ថា ដោយសារតែសកម្មភាពរបស់ លោក ជា ចាន់ថា ក៏ដូចជាសមាគមIDEA ធ្វើឡើងដើម្បីជួយដល់ពលរដ្ឋក្នុងសង្គម។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញសវនាការនេះ ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានទេនៅរសៀលថ្ងៃអង្គារនេះ។
យ៉ាងណា បើតាមលោក យី សុខសាន្ត ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកាលើសំណុំរឿងនេះ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
អំឡុងពេលសវនាការនេះដែរ ថ្នាក់ដឹកនាំ និងសមាជិកសមាគម IDEA និងក្រុមសង្គមស៊ីវិល ប្រមាណជាង ៤០នាក់ ក៏បានប្រមូលផ្តុំគ្នា នៅមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដោយនាំគ្នាលើកបដា ស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែង លោក ចាន់ថា ឱ្យមានសេរីភាពវិញ។
កាលពីម្សិលមិញ សហគមន៍មូលដ្ឋាន យុវជន សមាគម សហជីព និងអង្គការសង្គមស៊ីវិលចំនួន ៥២ស្ថាប័ន ក៏បានអំពាវនាវជាថ្មីម្តងទៀត ស្នើសុំឱ្យទម្លាក់ចោលបទចោទ និងដោះលែងរូបលោកផងដែរ។
សេចក្តីថ្លែងការណ៍ពីក្រុមសង្គមស៊ីវិល បានលើកឡើងថា អំឡុងពេល លោក ចាន់ថា ជាប់ពន្ធនាគារនោះ គឺលោកមានជំងឺប្រចាំកាយផង និងស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់លោកមានភាពលំបាកយ៉ាប់យ៉ឺន ដោយមានភរិយាតែម្នាក់ឯងរ៉ាប់រងមើលថែកូនស្រីលោកអាយុពីរឆ្នាំ និងប្រកបរបរចិញ្ចឹមជីវិត។
សេចក្តីថ្លែងការណ៍រួម បានចាត់ទុកការចាប់ និងការឃុំខ្លួន លោក ជា ចាន់ថា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕









