យោធាកម្ពុជា និងថៃ បានប៉ះសំដីគ្នាមួយប្រ៉ាវ ក្នុងរយៈពេលខ្លី នៅថ្ងៃទី១៥ ខែកក្កដានេះ នៅទីតាំងភូមិសាស្រ្តប្រាសាទតាមាន់ធំ ខណៈជម្លោះដោយពាក្យសំដីនេះ បានបញ្ចប់ទៅវិញក្រោយពេលទាហានឈុតខ្មៅថៃ ព្យាយាមបណ្តេញពលរដ្ឋខ្មែរ មិនឱ្យអង្គុយសូម្បីស្ថិតនៅបរិវេណទីតាំងប្រាសាទ។
ព័ត៌មានទាក់ទិននឹងការប្រឈមមុខដាក់គ្នានេះ ត្រូវបានគេចែកចាយព្រោងព្រាត នៅលើបណ្តាញសង្គម នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះ ស្តីពីជម្លោះដោយពាក្យសំដី និងរុញច្រានគ្នាទៅវិញទៅមក រវាងយោធាកម្ពុជា និងថៃ។
ផ្អែកលើប្រភពដែលផ្សព្វផ្សាយ នៅថ្ងៃនេះ នៅលើបណ្តាញសង្គម បង្ហាញថា យោធាឈុតខ្មៅថៃ បានចុះមកដេញភ្ញៀវទេសចរ ដែលជាស្រ្តីខ្មែរម្នាក់ កំពុងតែអង្គុយនៅលើថ្ម ស្ថិតនៅខាងក្រោមនៃតួប្រាសាទតាមាន់ធំ។
ពួកយោធាថៃ ចោទប្រកាន់ថា ស្រ្តីខ្មែររូបនេះ បានឡើងលើប្រាសាទរបស់ខ្លួន ដោយគ្មានការអនុញ្ញាត។ រំពេចនោះ គេសង្កេតឃើញ ខាងយោធាកម្ពុជាជាច្រើន អមដោយយោធាថៃផង បានប្រតាយប្រតប់គ្នា និងរុញច្រានគ្នាទៅវិញទៅមកមួយប្រ៉ាវ មុននឹងសភាពការណ៍ស្ងប់ស្ងាត់ទៅវិញ។
ប៉ុន្តែយ៉ាងណា ការប៉ះទង្គិចគ្នាដោយពាក្យសំដីនេះ គេមិនឃើញមានយោធាទាំងសង្ខាង បំពាក់អាវុធជាប់នឹងខ្លួននោះឡើយ។
ដោយឡែក ភាគីថៃព្យាយាមជម្លៀសពលរដ្ឋរបស់ខ្លួនយ៉ាងប្រញាប់ប្រញាល ដែលពួកគេធ្វើដំណើរកំសាន្តឱ្យចេញពីទីតាំងបរិវេណប្រាសាទតាមាន់ធំ ដែលជំរុញឱ្យសភាពការណ៍នៅទីតាំងនោះ មានការជ្រួលច្របល់។
យ៉ាងណា មកដល់ម៉ោងនេះ ស្ថានភាពនៃការប៉ះទង្គិចគ្នានោះ បានស្ងប់ស្ងាត់ទៅវិញ ខណៈយោធាថៃ គេសង្កេតឃើញហាក់មានប្រៀបក្នុងការគ្រប់គ្រង នៅក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ នៅពេលនេះ។
ប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ យោធាកម្ពុជា ដែលឈរជើងនៅនឹងទីតាំងប្រាសាទ ក៏ត្រូវយោធាឈុតខ្មៅថៃ លបវាយដោយដៃម្តងដែរ ប៉ុន្តែក្រោយលបវាយប្រហារមួយរំពេចនោះ ជនបង្កបានរត់ភៀសខ្លួនបាត់ស្រមោលភ្លាមដែរ៕









