ប៉ូលិស​ថៃបន្ត​តាមចា​ប់ខ្លួ​ន​ម្ចាស់​អាគារ​ឧស្សាហ​កម្ម​ឆបោក​ឆ្លង​ដែន លោក កុក អាន

ទោះបី​ជា​ លោក កុក អាន បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ថៃ​ហើយ​ក្ដី ក៏​ប៉ូលិស​ស៊ើប​អង្កេត​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ថៃ នៅ​តែប​ន្ត​រក​វិធី​ផ្សេង​ទៀត ដើម្បី​ចាប់​បញ្ជូន​ម្ចាស់​អាណា​ចក្រ​បន​ល្បែង​សញ្ជាតិ​ខ្មែរ​រូប​នេះ​ យក​មក​កាត់​ទោស​នៅតុ​លាការ​ថៃ​ឱ្យ​ទាល់​តែ​បាន។ នេះ​ជា​ការ​ប្ដេជ្ញា​របស់​មេប​ញ្ជា​ការ​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ថៃ លោក ត្រៃរ៉ុង ភាវផាន់។

ថ្លែងនៅក្នុងអង្គសន្និសីទសារព័ត៌មា​ន នៅថ្ងៃ​ទី​១​៣ ខែ​កក្កដា លោក ត្រៃរ៉ុង ភាវផាន់ (Trirong Phiwpaen) បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ ប៉ូលិស​ស៊ើប​អង្កេត​បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ជា​ច្រើន​នាក់ ទាំង​ក្នុង និង​ក្រៅ​ទឹក​ដី​ថៃ ដែល​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិ​ការ​ឆបោក​តាម​អ៊ីនធឺណិត និង​លាង​លុយ​កខ្វក់​ជាមួយ​នឹង​លោក កុក អាន។ មន្រ្តី​ប៉ូលិស​ថៃ​រូប​នេះ​ បន្ត​ថា ក្រុម​ជំនាញ​នឹង​ពង្រីក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ លោក កុក អាន នេះ​បន្ថែម​ទៀត បន្ទាប់​ពី​រក​ឃើញ​ប្រភព​ដែល​បញ្ជាក់​ថា លោក កុក អាន គឺ​ជា​ប្រភព​ថវិកា​ធំ របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​របស់​កម្ពុជា។

ជាមួយគ្នានេះ លោក ត្រៃរ៉ុង ភាវផាន់ បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ករណី​នេះ​ទៅ​កាន់​ប៉ូលិស​អាំង​ទ័រ​ប៉ូល រួច​រាល់​ហើយ ហើយ​ស្ថាប័ន​អន្តរ​ជាតិ​មួយ​នេះ ក៏​បាន​ចេញ​និវេទ​ក្រហម​ដើម្បី​តាម​ចាប់​ខ្លួន លោក កុក អាន ផង​ដែរ។ បច្ចុប្បន្ន រូប​ថត​លោក កុក អាន ត្រូវ​បាន​ប៉ូលីស​ថៃ​ព្រី​ន​បិទ​តាម​ច្រក​ព្រំដែន និង​ស្ថានីយ​ប៉ូលីស​អន្តោ​ប្រវេសន៍ ប្រកាស​ពី​ការ​តាម​ចាប់​ខ្លួន។

ក្រៅពីសំណុំរឿងឧក្រិដ្ឋកម្មឆបោក​តាម​អ៊ីនធឺណិត​របស់ លោក កុក អាន ហើយ​នោះ​ ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​របស់​ថៃ កំពុង​ស៊ើប​អង្កេត​ករណី​ធ្វើ​ឱ្យ​បែក​ធ្លាយ​សំឡេង​សន្ទនា​របស់​លោក​ស្រី ផែថងថាន និង​លោក ហ៊ុន សែន មួយ​ផ្សេង​ទៀត ហើយ​ដែល​ករណី​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អយ្យការ ដើម្បី​ស៊ើប​អង្កេត នៅ​សប្តាហ៍​ក្រោយ​នេះ។

កាលពីថ្ងៃទី៨ ខែកក្កដា ប៉ូលិសថៃ បាន​​ឆ្មក់​ចូល​ឆែក​ឆេរ​ទីតាំង​ផ្ទះ ១៩​កន្លែង ដែល​ជាក​ម្ម​សិទ្ធិ​របស់​លោក កុក អាន ក្នុង​ខេត្ត​សាមុត​ប្រាកាន និង​ឈុន​បុរី ក្បែរ​ទីក្រុង​បាង​កក ប្រទេស​ថៃ ដោយ​បាន​ធ្វើការ​រឹប​អូស​ឡាន​ទំនើប​ជា​ច្រើន​គ្រឿង និង​លុយ​ជាង ៨៣​ម៉ឺន​ដុល្លារ​អាមេរិក។ តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ឧកញ៉ា​សញ្ជាតិ​ខ្មែរ​រូប​នេះ​ថា ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឆបោក​ពលរដ្ឋ​ថៃ ក្នុង​រូប​ភាព​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ីន​ធឺណិត លាង​លុយ​កខ្វក់ និង​ចាប់​ជំរិត ដែល​បាន​ប្រព្រឹត្តិ​នៅ​ក្នុង​ទីតាំង​នៅ​ក្នុង​កាស៊ីណូ​របស់​លោក ឈ្មោះ Golden Crown Casino ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា។

យ៉ាងណាក៏ដោយ ក្នុងពេលប៉ូលិសថៃចុះប្រតិបត្តិការឆែកឆេរ​នេះ លោក កុក អាន និង​កូន​ស្រី​ម្នាក់ ដែល​មាន​សញ្ជាតិ​ថៃ មិន​បាន​ស្ថិត​នៅ​ទីតាំង​ទាំង​អស់​នោះទេ​ ដោយ​ពួក​គេ​បាន​ចេញ​ពី​ប្រទេស​ថៃ តាំង​ពី​កម្ពុជា​ និង​ថៃ មាន​ជម្លោះរឿ​ង​ព្រំដែន​នៅ​តំបន់​មុំ​បី​មក​​ម្ល៉េះ។ តែយ៉ា​ណា​ ប៉ូលិស​ថៃបា​ន​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​ភាគ​ច្រើន​ជាជ​ន​ជាតិ​ចិន បាន​ជា​ច្រើន​នាក់ ដែល​ពួក​គេ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ជា​មេក្លោង​ឧក្រិដ្ឋជ​ន​ឆបោក​តាម​អ៊ីនធឺណិត ដែល​ស្និទ្ធ​នឹង​លោក កុក អាន។

កាសែតថៃរាយការណ៍ថា ប្រតិបត្តិការឆែកឆេរ​នេះ គឺ​ជា​ប​ញ្ជា​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក​ស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅ​មុន​លោក​ស្រី​ត្រូវ​តុលាការ​ព្យួរ​តំណែង ដោយ​សារ​ការ​បែក​ធ្លាយ​សំឡេង​សន្ទនា​តាម​ទូរ​ស័ព្ទ រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ លោក ហ៊ុន សែន។ នៅ​មុន​តុលាការ​ព្យួរ​តំណែង លោក​ស្រីបា​ន​ឆ្លៀត​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ សហការ​គ្នា​ជាមួ​យតុ​លាការ​ព្រហ្មទណ្ឌ​ថៃ រៀប​ចំ​ដីកា ដើម្បី​ចុះ​ឆែក​ឆេរ​ទីតាំង​ដែល​ជា​កម្ម​សិទ្ធិ​របស់​លោក កុក អាន នៅ​លើ​ទឹក​ដី​ថៃ។

អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់ វីអូឌី នៅថ្ងៃទី១៤ ខែ​កក្កដា​ថា ករណី​ស្វែង​រក​ចាប់​ខ្លួន​លោក កុក អាន របស់​អា​ជ្ញាធរ​ថៃ​នេះ គឺ​ជា​ការអ​នុវត្ត​ច្បាប់ ដោយ​បង្កប់​នូវ​គំនុំ​នយោ​បាយ​ ដោយ​លោក​បញ្ជាក់​ថា ប្រសិន​បើ​លោក ថាក់​ស៊ីន មិន​បែក​បាក់​ជាមួយ​ លោក ហ៊ុន សែន នោះ​ទេ ប៉ូលិស​ថៃ នឹង​មិន​អាច​ចេញ​ដីកា​ចាប់​ខ្លួន លោក កុក អាន ឡើយ ព្រោះ​លោក កុក អាន ត្រូវ​បាន​ការ​ពារ​ដោយ​លោក ហ៊ុន សែន ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ លោក ថាក់​ស៊ីន ជា​យូរ​មក​ហើយ។

លោក អ៊ុំ សំអាន ថ្លែង​ថា​៖ «ដើម្បី​ដោះស្រា​យ​បញ្ហា​នេះ ជា​ជាង​ការ​ប្រកែក រដ្ឋាភិបា​​លក​ម្ពុជា​ត្រូ​វ​បើ​ក​ការ​ស៊ើ​ប​អង្កេ​ត​បញ្ហា​រឿង​នេះ ដោយ​សហការ​ជាមួយ​ប៉ូលិស​អន្តរ​ជាតិ ហើយ​តុលាការ​កម្ពុជា ត្រូវ​ដំ​ណើរ​​ការ​​រឿង​​នេះ​​ដោយ​ឯករាជ្យ នោះ​ទើប​ទទួល​បាន​ទំនុក​ចិត្ត​ពី​សហគម​ន៍​អន្តរ​ជាតិ»

ជុំវិញការចោទប្រកាន់របស់តុលាការថៃនេះ​ដែរ ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​សរ​សេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ដោយ​អះ​អាង​ថា មេ​ឧក្រិដ្ឋ​ជន​ឆបោក​អន​ឡាញ​នៅ​ពាស​ពេញ​ប្រទេស​ថៃ ហើយ​ទីក្រុង​បាង​កក ជា​សំបុក​នៃ​ពួក​ឧក្រិដ្ឋ​ជន​ឆបោក​ខុស​ច្បាប់ និង​លាង​លុយ​កខ្វក់​ទាំង​នោះ។

លោក ហ៊ុន សែន បានអះអាងទៀតថា ក្រុមឧក្រិដ្ឋជនទាំងនេះ បាន​រីក​រាល​ហៀរ​ចេញ​ពី​ថៃ ចូល​មក​កម្ពុជា​ គឺ​ដូច​ទៅ​នឹង​ការ​លើកឡើង​របស់​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ថា ឧក្រិដ្ឋ​ជន​ធំៗ ដែល​ឆបោក​តាម​អន​ឡាញ កំពុង​ស្នាក់​នៅ​អាផាត​មិន​ថ្លៃៗ​រាប់​ពាន់​លាន​បាត នៅ​ទីក្រុង​បាង​កក និង​បាន​ធ្វើ​ដំណើរ​ដោយ​សេរី​ ចេញ​ចូល​ប្រទេស​ក្បែរ​ខាង។

ជាមួយគ្នានេះ មេបក្សកាន់អំណាច លោក ហ៊ុន សែន បានស្នើ​ឱ្យ​អន្តរ​ជាតិ ក៏​ដូច​មេដឹក​នាំ​អាស៊ាន កុំ​ចោទ​ប្រកា​ន់​មក​លើក​ម្ពុជា ថា​ជា​អាណា​ចក្រ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​ទៀត ដោយ​លោក​បាន​អះ​អាង​ថា​ កម្ពុជា គឺ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ថៃ ដែល​លោក​ចោទ​ថា គឺ​ជា​សម្បុក​ធំ​របស់​ក្រុម​ឧក្រិដ្ឋ​ជន។

​ទោះជាបែបនេះក្ដី ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ហាក់​គ្មាន​ភាព​ច្បាស់​លាស់ និង​ប្រាកដ​ប្រជា​នោះ​ឡើយ ដោយ​ម្ដង​លោក​បាន​ទទួល​ស្គាល់​នូវ​បទ​ឧក្រិដ្ឋ​របស់​ លោក កុក អាន ម្ដង​លោក​ថ្លែង​ការ​ពារ​ និង​ចោទ​បញ្ច្រាស​ទៅ​ភាគី​ថៃ​វិញ។

យ៉ាងណាក៏ដោយចុះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័​រវែស (Norway) លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​ចោទ​បញ្ច្រាស​របស់​លោក ហ៊ុន សែន នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ខ្មាស់​គេ​ថែម​ទៀត ព្រោះ​ការ​ចោទ​ប្រកាន់​​របស់​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ មាន​ភាព​គ្នា​ទៅ​នឹង​របាយ​ការណ៍​របស់​អង្គ​ការ​អន្តរ​ជាតិ ដែល​បាន​រក​ឃើញ​ពី​ប្រតិប​ត្តិ​ការ​ឧស្សាហក​ម្ម​ឆបោត​តាមអ៊ី​នធឺណិត ជាល​ក្ខណៈ​ទ្រង់​ទ្រាយ​ធំ នៅ​លើ​ទឹក​ដី​កម្ពុជា និង​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​​ក្រុ​មមេ​ដឹកនាំ​កម្ពុជា​ថែម​ទៀត​ផង។

លោកថា៖ «គេ​មិន​ជឿ​ លោក ហ៊ុន សែន ទេ ព្រោះ​កម្ពុ​ជា​សព្វ​ថ្ងៃត្រូ​វ​បាន​គេ​មើល​ឃើញ​ថា ពោរ​​ពេ​​ញ​​ដោយ​អំពើ​ពុក​រលួយ និង​បក្ខ​ពួក​និយម ហើ​​យមិ​ន​មែន​មា​ន​តែ​លោក កុក អាន ម្នាក់​នោះ​ទេ សូម្បី​​លោក លី យ៉ុង​ផាត់ ក៏ជា​ប់​ពា​​ក់ព័ន្ធ​​ក្នុង​រឿ​​ង​នេះ​​ដែរ ដែល​ថ្មីៗ​នេះ អាមេរិកគេ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ សូម្បី​ក្រុ​ម​ហ៊ុន «ហួយ​វ័ន ផេ» (Huione Pay) របស់​លោក ហ៊ុន តូ ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​ដែរ។ អ៊ីចឹង​ការ​អះ​អាង​របស់​លោក ហ៊ុន សែន ដែល​ចង់​ការ​ពារ​មនុស្ស​របស់​ខ្លួន មិន​មាន​ប្រសិទ្ធ​ភាព​ខា​​ង​ផ្លូ​វ​ច្បាប់​​នោះ​ទេ»

ងាកមកសំណុំរឿងរបស់លោក កុក អាន វិញ ទោះបីជាប៉ូលិសអាំងទ័រ​ប៉ូល បាន​ចេញ​និវេទ​ក្រហម​ឱ្យ​ចាប់​ខ្លួន​លោក កុក អាន ក្ដី ក៏​ដីកា​មួយ​នេះ នឹង​មិន​អាច​ធ្វើ​អ្វី​លោក កុក អាន បាន​នោះ​ទេ ព្រោះ​កន្លង​មក​ ប៉ូលិស​អាំង​ទ័​រ​ប៉ូល ក៏​ធ្លាប់​ចេញ​និវេទ​ក្រហម​ឱ្យ​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខ្មែរ​ពីរ​នាក់ ដែ​ល​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ករណី​ឃាតកម្ម​លើ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិម​យ៉ា នៅ​កណ្ដាល​ទីក្រុង​បាងកក​ផង​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរនេះ ទៅ​ឱ្យ​អាជ្ញាធរ​ថៃ ដំណើរ​ការ​រឿង​ក្ដី​នោះ​ឡើយ។

យ៉ាងណាមិញ ករណីលោក កុក អាន នេះក៏អាចនឹងមិន​ខុស​គ្នា​ដែរ ព្រោះ​លោក កុក អាន នេះ​ហើយ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ដែល​ថៃ​កំណត់​មុខ​សញ្ញា​ថា​ជា​កាបូប​លុយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​មេដឹ​កនាំ​ ក្នុង​រូប​ភាព​ការ​ធ្វើ​អំណោយ​មនុស្ស​ធម៌ និង​បរិច្ចាគ​ជួយ​បក្ស​ជាដើម ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​បក្ស​កាន់​អំណាច គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ចាប់​អ្នក​កាន់​លុយ​ដុំរ​បស់​ខ្លួន ទៅ​ឱ្យ​គូ​ប​ដិបក្ខនោះ​ឡើយ។

ម្យ៉ាងវិញទៀត ក្នុងករណីដែលកម្ពុជា ហ៊ាន​ចាប់បញ្ជូនខ្លួន​លោក កុក អាន ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​មែន​នោះ នឹង​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ដល់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន ព្រោះ​ក្រៅ​ពី​លោក កុក អាន នៅ​មាន​អ្នក​នៅ​​ជុំវិញ​លោក ហ៊ុន សែន ផ្សេងទៀត ត្រូវ​បាន​អង្គការ​អន្តរ​ជាតិ​ រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧក្រិដ្ឋ​កម្ម​ឆបោក​ដូច​គ្នា​ដែរ រួម​​មាន លោក លី យ៉ុងផាត់ ក្មួយ​បង្កើត​ លោក ហ៊ុន សែន ​គឺ​លោក ហ៊ុន តូ និង​នាយ​ទាហានជា​ន់​ខ្ពស់​មួយ​ចំនួន​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ